ក្រុមរដ្ឋប្រហារនេហ្សេត្រូវអាហ្វ្រិកខាងលិចដាក់ទណ្ឌកម្ម ខណៈស្ថានទូតបារាំងរងការវាយប្រហារ

កាលពី​ថ្ងៃទី 30 កក្កដា បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម និង​គំរាមថា​នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិន​ក្រុម​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​នី​ហ្សេ មិន​ប្រគល់​អំណាច​ត្រលប់មក​ប្រធានាធិបតី Mohammed Bazoum ក្នុង​រង្វង់​មួយ​សប្ដាហ៍ ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​អាជ្ញាធរ​យោធា វាយប្រហារ​លើ​ស្ថានទូត​បារាំង​នៅ​រដ្ឋធានី​នីញ៉ា​ម៉េ។

ក្រុម ECOWAS ដែលមាន 15 ប្រទេស បានធ្វើ​ប្រតិកម្ម​ទៅនឹង​អំពើ​រដ្ឋប្រហារ​លើក​ទី 7 នៅ​តំបន់ Sahel នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ហ្វូងមនុស្ស​នៅ​នីញ៉ា​ម៉េ​របស់​ប្រទេស​នី​ហ្សេ ដុត​ទង់ជាតិ​បារាំង និង​គប់​ដុំថ្ម​លើ​ក្បួន​រថយន្ត​អ្នកការទូត​របស់​បារាំង នាំឱ្យ​ប៉ូលិស​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​ទប់ទល់។

រូបភាព​នានា​បង្ហាញថា ជញ្ជាំង​របស់​ស្ថានទូត​បារាំង​ត្រូវគេ​ដុត ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​លើកដាក់​លើ​រថយន្ត​សង្គ្រោះ នៅពេល​ពួកគេ​រងរបួស។

ឧត្ដមសេនីយ Abdourahamane Tiani

នៅក្នុង​កិច្ចប្រជុំ​កំពូល​បន្ទាន់​មួយ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​ពិភាក្សា​អំពី​រដ្ឋប្រហារ ក្រុម​មេដឹកនាំ​នៃ​សហគមន៍​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បាន​អំពាវនាវ​សូមឱ្យ​ស្ដារ​ធម្មនុញ្ញភាព និង​បាន​ព្រមាន​ថា នឹងមាន​វិធាន​ការតបត បើសិន​ប្រការនេះ​មិន​ត្រូវបាន​អនុវត្ត។

ECOWAS និង​សម្ព័ន្ធភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាហ្វ្រិក​ខាងលិច ដែលមាន​សមាជិក​ចំនួន 8 បានឱ្យដឹងថា ព្រំដែន​របស់​នី​ហ្សេ​នឹងត្រូវ​បិទ​ជាបន្ទាន់ ជើងហោះហើរ​ពាណិជ្ជកម្ម​ត្រូវបាន​ហាមឃាត់ ការដោះដូរ​ហិរញ្ញវត្ថុ​ត្រូវបាន​ផ្អាក ខណៈដែល​ទ្រព្យសម្បត្តិ​ជាតិ​ត្រូវបាន​បង្កក និង​ជំនួយ​នានា​ក៏​ត្រូវបាន​កាត់ផ្ដាច់។

ចំណែក​ក្រុមមន្ត្រី​យោធា​ដែល​ជាប់​ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ នឹង​ត្រូវបាន​ហាមឃាត់​ការដើរ​ហើរ ស្រប​ពេលដែល​ទ្រព្យ​របស់​ពួកគេ​ក៏ត្រូវ​បង្កក។

ផែនទី​របស់​ប្រទេស​នីហ្សេ

អំពើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​នេះ ត្រូវបាន​បណ្ដា​ប្រទេស​ក្បែរ​ខាង និង​ដៃគូ​អន្តរជាតិ ដែលមាន​អាម៉េរិក អង្គការសហប្រជាជាតិ សហភាព​អាហ្វ្រិក សហភាព​អឺរ៉ុប និង​បារាំង​ជាដើម ថ្កោលទោស​យ៉ាងខ្លាំង​ក្លា។ ពួកគេ​សុទ្ធតែ​ប្រកាស​មិន​ទទួលស្គាល់​ក្រុម​មេដឹកនាំ​ថ្មី​នៅ​នី​ហ្សេ ដែល​នាំមុខ​ដោយ​មេ​រដ្ឋប្រហារ ឧត្ដមសេនីយ Abdourahamane Tiani។

ចំណែក​មេបញ្ជាការ​កំពូល​របស់​ក្រុមហ៊ុន​យោធា​ឯកជន​រុស្ស៊ី Wagner លោក Yevgeny Prigozhin បាន​លើក​ជា​សំណើ​ថា ការងារ​ស្ដារ​ស្ថិរភាព​នៅ​នី​ហ្សេ ទុកឱ្យ​ខ្មាន់កាំភ្លើង​របស់លោក​ជា​អ្នកចាត់ចែង៕

Advertisement