យន្តហោះ​ខូច​ម៉ាស៊ីន ពី​ឡុ​ត​ក៏បញ្ជា​ឱ្យ​​ចុះចត​លើ​សមុទ្រ

(បារាំង) – អ្នកបើកបរ​បាន​បញ្ជា​ឱ្យ​យន្តហោះ​ទេសចរណ៍​ចុះចត​លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ បន្ទាប់ពី​ម៉ាស៊ីន​របស់​វា​ខូច ​អ្នក​នៅលើ​យន្តហោះ​ក៏បាន​រួច​ពី​ការស្លាប់។

យន្តហោះធុន​តូច Cessna 177 ចុះចត​លើ​សមុទ្រ​ដែលមាន​ចម្ងាយ​ពី​តំបន់​លំហែកាយ Frejus ខេត្ត Var នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង ប្រហែល 600 ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី 30 កក្កដា។ កម្លាំង​សង្គ្រោះ​ឱ្យដឹងថា ពី​ឡុ​ត​ជ្រើសរើស​ទីតាំង​ចុះចត​លើទឹក ដើម្បី​ចៀសវាង​ឆ្នេរ​ដែល​កំពុងមាន​ទេសចរ​ច្រើន​នៅ​លេង​កម្សាន្ត។

«ដើម្បី​ធ្វើបាន​បែបនេះ អ្នកត្រូវការ​ជំនាញ និង​សំណាង» អ្នកនាំពាក្យ​របស់​កម្លាំង​សង្គ្រោះ​ក្នុង​តំបន់ និយាយ​ដូច្នេះ។

 

បុរស​អ្នកបើកបរ និង​ភ្ញៀវ​ពីរ​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ស្ត្រី ត្រូវបាន​ជួយសង្គ្រោះ​ពី​យន្តហោះ។ ពួកគេ​មិនមាន​របួស ប៉ុន្តែ​បាន​ប៉ះពាល់​អារម្មណ៍។

ចំណែក​យន្តហោះ​វិញ បាន​លិច​ចូល​សមុទ្រ បន្ទាប់ពី​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​យកចេញ បើ​ទោះ​ក្រុម​សង្គ្រោះ​ប្រឹងប្រែង​ជួយ​បណ្ដែត៕

Advertisement