ជន្លេន​បុរាណ​ «ដេកលក់» 46,000 ឆ្នាំ​ ពេល​នេះ​បាន​ភ្ញាក់​ដឹង​ខ្លួន​​ឡើងវិញ

(រុស្ស៊ី) – ជន្លេនបុរាណ​មួយ​ប្រភេទ​​បាន​ងើប​ពី​ដំណេក​បន្ទាប់​ពី​ដេក​កក​អស់​រយៈ​ពេល​រាប់​ម៉ឺន​ឆ្នាំ​នៅ​ក្នុងហ្វូស៊ីល​​រូង​កំប្រុក​​​តាំង​ពី​យុគ​សម័យ​ទឹក​កក​ចុង​ក្រោយ​បង្អស់​។

ជន្លេន​ខ្នាត​តូច​មួយ​ប្រភេទ​នៅ​មាន​ជីវិត បន្ទាប់​ពីបាន​​ដេក​ក្នុង​ស្រទាប់​ទឹក​កក​ក្នុង​ដី​ដែលមាន​អាយុ​កាល​​​រាប់​ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី យូរ​ជាង​រាប់​ម៉ឺន​ឆ្នាំ​ បើ​ធៀប​នឹង​ប្រភេទ​ជន្លេន​ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​រស់​ឡើងវិញ​មុននោះ​។ ជន្លេន​នេះ​ស្ថិត​ក្នុង​ប្រភេទ​ Panagrolaimus kolymaensis។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញវាកំពុង​​ដេក​ជារង្វង់​មូល​នៅ​ក្នុងហ្វូស៊ីល​​រូង​របស់​សត្វ​កំប្រុក​​ដែល​យក​ពី​ដី​ដែល​កក​រាប់​ម៉ឺន​ឆ្នាំ​ ក្បែរ​ទន្លេ​ Kolyma នៅ​ភាគ​ឦសាន​នៃ​បូល​ខាង​ជើង​ កាល​ពី​ឆ្នាំ 2002​។

អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​ក៏​ធ្លាប់​បាន​ជួយ​ឱ្យ​ជន្លេន​ដែល​កក​រស់​ឡើង​វិញ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ 2018 ប៉ុន្តែ​មិន​បាន​ដឹង​អំពី​អាយុ​កាល​ និង​ប្រភេទ​របស់​វា​។

«នៅ​ទី​នេះ យើង​បាន​បញ្ជាក់​ថា ​ជន្លេន​រាង​មូល​រស់​នៅ​ក្នុង​ដី ប្រភេទ Panagrolaimus kolymaensis បាន​ផ្អាក​ដំណើរ​ការ​ក្នុង​រយៈ​ពេល 46,000 ឆ្នាំ​នៅ​ក្រោម​ដី​ដែល​កក​រាប់​ម៉ឺនលាន​​ឆ្នាំ​នៅ​ស៊ីបេរី» អ្នក​ស្រាវ​ជ្រាវ​មក​ពី​ប្រទេស​រុស្ស៊ី និង​អាល្លឺម៉ង់ ឱ្យ​ដឹង​ដូច្នេះ​។

រាងកាយ​របស់​សត្វ​ជន្លេន​មូល និង​ខ្លាឃ្មុំ​ទឹក (Tardigrades) អាច​ស្ថិតនៅ​ស្ងៀម​មួយ​កន្លែង​ ដែល​ហៅ​ថា cryptobiosis (ដេកកក) ដើម្បី​ទប់​ទល់​នឹង​ស្ថានភាព​កក ឬ​បាត់​បង់​ជាតិ​ទឹក​ទាំង​ស្រុង​។ ក្នុងករណី​នេះ​ ពួក​វា​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​អុកស៊ីសែន និង​កម្ដៅ​ដែល​កើត​ពី​​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​ពី​អាហារ​ ដល់​ថ្នាក់​មិន​អាច​ត្រូវ​បាន​គេ​ដឹង​។​

ជន្លេន​ខាងលើ​បាន​ដេក​កក​ក្នុង​ដី​តាំង​ពី​ចុង​យុគ​សម័យ​ទឹក​កក​ចុង​ក្រោយ​ (ពី 2.6 លាន​ ដល់ 11,700 ឆ្នាំ​មុន​)​។ បណ្ដា​ប្រភេទ​ជន្លេន​បុរាណ​អាច​រស់​ឡើង​វិញ​ បើ​សិន​ពួក​វា​រួច​ផុត​ពី​ស្រទាប់​ទឹក​កក​ក្រោម​ដី​។

Advertisement