Tag: ថ្ម

  • ទួរប៊ីនខ្យល់​លើសមុទ្រ​ធំបំផុត​លើ​ពិភពលោក​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ការ​ផលិត​អគ្គិសនី

    ទួរប៊ីនខ្យល់​លើសមុទ្រ​ធំបំផុត​លើ​ពិភពលោក​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ការ​ផលិត​អគ្គិសនី

    ប្រព័ន្ធ​កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​លើ​សមុទ្រ​ដែល​មាន​ថាមពល 16 MW និង​​ជា​ផលិត​ផល​ក្នុងស្រុក​របស់​ប្រទេស​ចិន​ ដំណើរ​ការ​នៅ​លើ​សមុទ្រ​ខេត្ត Fujian បង្កើត​បាន​កំណត់ត្រា​ថ្មី​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ក្នុង​មួយ​ថ្ងៃ​ កាល​ពី​ថ្ងៃទី 01 កញ្ញា​ 2023​។

    យោង​តាម​ក្រុម​ហ៊ុនចិន CTGC ​ដែល​​គ្រប់​គ្រង​​​ទួរប៊ីន​ខាងលើ​ ប្រព័ន្ធ​កង្ហារ​លើសមុទ្រ​នេះ​ដំណើរ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ផលិត​អគ្គិសនី​ក្នុងមួយ​ថ្ងៃ​បាន​រហូត​ដល់ 384,000 គីឡូវ៉ាតម៉ោង​ ស្មើ​នឹង​បរិមាណ​អគ្គិសនី​ដែល​​ប្រើ​ប្រាស់​​ក្នុង​មួយ​ថ្ងៃ​របស់​មនុស្ស​ជិត 170,000​ នាក់​។

    សូម​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​បាន​ដំឡើង​កាល​ពី​ចុង​ខែ​មិថុនា 2023 ទួរប៊ីនខ្យល់​ខាងលើ​ត្រូវ​បាន​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​អគ្គិសនី​ និង​ចាប់​ផ្ដើម​ផលិត​អគ្គិសនី​ពី​ថ្ងៃទី 19 កក្កដា​។

    តាម​ផែនការ​ ទួរប៊ីន​ខ្យល់​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ជាង 66 លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ​ ដែលនេះ​គឺ​​គ្រប់​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​របស់​មនុស្ស​នៅ​ក្នុង​ 36,000 គ្រួ​សារ​ដែលក្នុង​មួយ​គ្រួសារ​​មាន​សមាជិក​បី​នាក់​។ ប្រព័ន្ធ​កង្ហារ​ផលិត​អគ្គិសនី​នេះ​មាន​ស្លាប​ចក្រ​ដែល​វិល​ក្នុង​ផ្ទៃ​ក្រឡា​ប្រហែល 50,000 ម៉ែត្រ​ការ៉េ ស្មើ​នឹង​ទីលាន​បាល់​ទាត់​ស្ដង់ដាចំនួន​ 7 បូក​ចូល​គ្នា​។

  • រកឃើញ​ភព​ដែល​មាន​កន្ទុយ​ដូច​កញ្ជ្រោង​ដ៏មហិមា មាន​ចម្ងាយ​ជិត​​មួយ​ពាន់​ឆ្នាំ​ពន្លឺ​ពី​ផែនដី

    រកឃើញ​ភព​ដែល​មាន​កន្ទុយ​ដូច​កញ្ជ្រោង​ដ៏មហិមា មាន​ចម្ងាយ​ជិត​​មួយ​ពាន់​ឆ្នាំ​ពន្លឺ​ពី​ផែនដី

    ភព​ខ្នាត​យក្ស​មួយ​ដែល​ស្ថិត​ក្នុង​ប្រភេទ​ភព​ព្រហស្បតិ៍​ក្ដៅ​មាន​កន្ទុយ​ដ៏ចម្លែក ​ត្រូវ​បាន​ស្ថានីយ​សង្កេត​តារា​របស់​សហរដ្ឋ​អាម៉េរិករក​ឃើញ​ ក្នុង​នោះ កន្ទុយ​ចម្បង​​វែង​ជាង​ 53 ដង បើ​ធៀប​នឹង​ប្រវែង​កាំ​របស់​ភព​នោះ​។

    ភព​ព្រហស្បតិ៍​ក្ដៅ​គឺជា​ភព​ឧស្ម័ន​ខ្នាត​យក្ស​ដែល​ដូច​ទៅ​នឹង​ភព​ព្រហស្បតិ៍​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ប៉ុន្តែ​ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​ខ្លាំង​ពេក​ ទើប​មាន​កម្ដៅ​ខ្ពស់​ខ្លាំង​។

    ភព​ដែល​​មាន​ឈ្មោះ​ថា HAT-P-32b ខាងលើ​នេះ​ កំពុង​តែ​បញ្ចេញ​កន្ទុយ​ឧស្ម័ន​ដ៏​វែង​ទៅ​ក្នុង​ទី​អវកាស​។ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បង្ហាញថា វា​កំពុង​តែ​ «ព្រលាត់​សម្បែក» ខ្លួន​ឯង​។

    «អ្វីដែល​យើង​មើល​​ឃើញ​គឺ​កន្ទុយ​អេល្យូមដ៏មហិមា​ដែល​ភ្ជាប់​ទៅ​នឹង​ភព​នេះ វែង​ជាង 53 ដង បើធៀប​នឹង​ប្រវែង​កាំ​របស់​ភព​» អ្នក​វិទ្យា​សាស្ត្រ​របស់​សាកលវិទ្យាល័យ​ California នៅ Santa Cruz ថ្លែង​​​លើទស្សនាវដ្ដី Science Advances ដូច្នេះ​។

    យោង​តាម​ Sci-Tech Daily កន្ទុយមួយចំនួន​ផ្សេង​ទៀត​ដែល​តួច​ជាង និង​ស្ដើង​ជាង​កន្ទុយ​ចម្បង​ អាច​ជា​លំហូរ​នៃ​​ឧស្ម័ន​អេល្យូម​ចាស់​ ដែល​ត្រូវ​បាន​បំភាយ​ចេញ​ពី​បរិយាកាស​របស់​ HAT-P-32b​។ ភព​ HAT-P-32b មាន​ចម្ងាយ​ពីផែនដី​ប្រហែល 950 ឆ្នាំ​ពន្លឺ​។

  • BYD បង្ហាញ​រថយន្ត​អគ្គិសនី​ថ្មី​តម្លៃ​ជាង​បី​ម៉ឺន​ដុល្លារ​អាម៉េរិក​/គ្រឿង

    BYD បង្ហាញ​រថយន្ត​អគ្គិសនី​ថ្មី​តម្លៃ​ជាង​បី​ម៉ឺន​ដុល្លារ​អាម៉េរិក​/គ្រឿង

    ក្រុម​ហ៊ុន​ចិន​ BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ម៉ូដែល​ថ្មី 2023 ​ដែល​មាន​ឈ្មោះ​ថា Tang តម្លៃ​ជាង​ 34,000 ដុល្លារ​អាម៉េរិក​។

    កាល​ពី​ថ្ងៃទី 31 សីហាកន្លង​ទៅ BYD បាន​បង្ហាញកំណែ​ថ្មី​ឆ្នាំ 2023 នៃ​​រថយន្ត​អគ្គិសនី​ Tang នៅ​ទីផ្សារ​ចិន​។ កំណែ​ថ្មី​របស់​ BYD Tang មាន​ម៉ូដែល​ដែល​មាន​មុខ​ងារ​ និង​តម្លៃ​ផ្សេង​ៗ​គ្នា​សម្រាប់​ជ្រើស​រើស​។ កំណែ​ដែល​អាច​ធ្វើ​ដំណើរ​បាន​ 600 គីឡូម៉ែត្រ​ មាន​តម្លៃ​ 34,300 ដុល្លារ​ ខណៈ​ដែល​កំណែ​ 730 គីឡូម៉ែត្រ​ មាន​តម្លៃ 37,700 ដុល្លារ​ និង​កំណែ​ 635 គីឡូម៉ែត្រ​ មាន​តម្លៃ​ 41,100 ដុល្លារ​អាម៉េរិក​។

    មួយ​ក្នុងចំណោម​ចំណុច​លេច​ធ្លោ​របស់​ BYD Tang 2023 គឺ​តម្លៃ​ថយ​ចុះ​រហូត​ដល់ 13.7% ​បើធៀប​នឹង​ស៊េរី​ឆ្នាំ 2022​ ធ្វើ​ឱ្យ​រថយន្ត​ទាំង​នេះ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​។

    ក្រៅ​ពី​នេះ គ្រប់​ម៉ូដែល​ BYD Tang 2023 សុទ្ធ​តែ​បំពាក់​ឧបករណ៍​បច្ចេក​វិទ្យា​ដែលគាំទ្រ​ដល់​ការ​បញ្ចូល​ថាមពល​រហ័ស អនុញ្ញាត​ឱ្យ​ថ្ម​ដែល​សល់​ 30% លោត​ឡើង​ដល់​ 80% ដោយ​ចំណាយ​ពេល​តែ​ 30 នាទី​។ ម៉ូដែល​ថ្មី​នេះ​មាន​កៅអី​ 6 និង​ 7​។

    កំណែ​ 635 គីឡូម៉ែត្រ​ មាន​សមត្ថភាព​បង្កើន​ល្បឿន​ពី 0 ដល់ 100 គីឡូម៉ែត្រ​/​ម៉ោង ដោយ​ចំណាយ​ពេល​ត្រឹម​តែ​ 4.4 វិនាទី​៕

  • រ៉ូបូត​ឥណ្ឌាចាប់​ផ្ដើម​«ដេកចាំព្រះ​អាទិត្យ» នៅ​លើ​ឋាន​ព្រះ​ចន្ទ

    រ៉ូបូត​ឥណ្ឌាចាប់​ផ្ដើម​«ដេកចាំព្រះ​អាទិត្យ» នៅ​លើ​ឋាន​ព្រះ​ចន្ទ

    អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) ប្រកាស​ថា រ៉ូបូត​ Pragyan សម្រេច​បាន​បេសក​កម្ម​ដើរ​លើ​ដី​ឋាន​ព្រះ​ចន្ទ និង​ប្ដូរ​មក​របប​ដេក​វិញ ក្រោយ​ការ​ចុះ​ចត​បាន​ជិត​ពីរ​សប្ដាហ៍​នៅក្បែរ​​ប៉ូល​ខាង​ត្បូង​។

    បណ្ដា​ឧបករណ៍​នៅ​លើ​រ៉ូបូត​ Pragyan ត្រូវ​បាន​បិទ​ ហើយ​ទិន្នន័យ​ដែល​វា​ប្រមូល​បាន​​ក៏​ត្រូវ​បាន​បញ្ជូន​មក​កាន់​ផែនដី​តាម​រយៈ​ស្ថានីយ​ចុះ​ចត​ Vikram។ តាម​ផែនការ ទាំង​រ៉ូបូត​ Pragyan ទាំង​ស្ថានីយ​ Vikram របស់​បេសកកម្ម Chandrayaan-3 នឹង​ធ្វើសកម្មភាព​ត្រឹម​តែ​មួយ​ថ្ងៃ​នៃ​ឋាន​ព្រះ​ចន្ទ​ ដែល​ស្មើ​នឹង​ 14 ថ្ងៃ​នៅ​លើផែនដី​។ នេះ​បើ​តាម ABC News

    «រ៉ូបូត​សម្រេច​បាន​បេសក​កម្ម​ដែល​បាន​ប្រគល់។ បច្ចុប្បន្ន វា​បាន​ឈប់​ដំណើរ​ការ និង​ស្ថិត​ក្នុង​របប​ដេក​នៅ​ពេល​ពន្លឺ​​ថ្ងៃ​នៅ​ប៉ូល​ខាង​ត្បូង​ត្រូវ​បាន​បិទ» ISRO ប្រកាស​កាល​ពី​ថ្ងៃទី 02 កញ្ញា​ដូច្នេះ​។

    យោង​តាម ISRO ពេល​នេះ ថ្ម​របស់​វា​មាន​ថាមពល​ពេញ​។ ផ្ទាំងសូឡា​ត្រូវ​បាន​បង្វែរ​ទិស​ដើម្បី​ទទួល​យក​ពន្លឺ​នៅពេល​មាន​ថ្ងៃ​រះ​បន្ទាប់​ ដែល​គ្រោង​នឹង​កើត​ឡើង​នៅ​ថ្ងៃទី 22 កញ្ញា 2023​។ ប្រព័ន្ធ​ប្រមូល​រលក​សញ្ញា​បន្ត​ធ្វើ​សកម្មភាព​។ សង្ឃឹម​ថា រ៉ូបូត​អាច​ភ្ញាក់​ដឹង​ខ្លួន​ដោយ​ជោគ​ជ័យ​ដើម្បី​បំពេញ​បេសក​កម្ម​ថ្មី​។

  • រថយន្ត​ដឹក​ទំនិញពាស​ផ្ទាំង​សូឡា​​ធ្វើ​ដំណើរ​​បន្ថែម​បានប្រាំ​ពាន់​គីឡូម៉ែត្រ​

    រថយន្ត​ដឹក​ទំនិញពាស​ផ្ទាំង​សូឡា​​ធ្វើ​ដំណើរ​​បន្ថែម​បានប្រាំ​ពាន់​គីឡូម៉ែត្រ​

    (ស៊ុយអែត) – រថយន្ត​ដឹក​ទំនិញ​ដែល​សាកល្បង​ដំណើរ​ការ​ក្នុង​គម្រោង​ពិសោធន៍​ថ្មី​ ពាស​ផ្ទាំង​សូឡា​ដែល​មាន​ផ្ទៃក្រឡា​រហូត​ដល់​ 100 ម៉ែត្រ​ការ៉េ​ ជួយ​ឱ្យ​រថយន្ត​ធ្វើ​​ដំណើរបន្ថែម​​បាន​ 5,000 គីឡូម៉ែត្រ ​ដោយ​មិន​បាច់​​ឈប់ចាក់សាំង។

    សាកលវិទ្យាល័យ Uppsala សហការ​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ Eksjo Maskin & Truck, Midsummer, Ernsts Express, Dalakraft និង Scania អនុវត្តគម្រោង​ស្រាវ​ជ្រាវ​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ​រថយន្ត​ដឹក​ទំនិញ​ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ។ គម្រោង​នេះ​​ឧបត្ថម្ភ​ដោយ​ស្ថាប័ន​ច្នៃ​ប្រឌិត​ Vinnova របស់​ស៊ុយអែត​។

    យោង​តាម​ទំព័រ​ New Atlas ក្រុម​អ្នក​ជំនាញ​អភិវឌ្ឍ​ផ្ទាំង​សូឡា​ស្រាល​សម្រាប់​​ភ្ជាប់​លើ​រថយន្ត​ ដើម្បី​ទាញ​យក​ថាមពល​ពី​កម្ដៅ​ព្រះ​អាទិត្យ​ ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​ការបំភាយ​ឧស្ម័ន។ល។

    រថយន្ត​ដឹក​ទំនិញ​ខាងលើ​ប្រើ​ប្រាស់​ម៉ាស៊ីន​​កម្លាំង​ 560 សេះ​ និង​មាន​ដង​ខ្លួន​ប្រវែង 18 ម៉ែត្រ​ ក្នុង​នោះ​ផ្ទៃ​ក្រឡា​ខាង​ក្រៅ​ទំហំ 100 ម៉ែត្រ​ការ៉េ​ត្រូវ​បាន​គ្រប​ដោយ​ផ្ទាំង​សូឡា​កម្លាំង​ 13.2 គីឡូវ៉ាត់​ ដែល​អាច​បង្កើត​អគ្គិសនី​បាន​ប្រហែល 8,000 គីឡូវ៉ាត់​ម៉ោង​/​ឆ្នាំ ពេល​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​។ ថ្ម​ផ្ទុក​អគ្គិសនី​របស់​រថយន្ត​នេះ​មាន​កម្លាំង​ 300 គីឡូវ៉ាត់ម៉ោង ក្នុង​នោះ​ 100 គីឡូវ៉ាត់​ម៉ោង​សម្រាប់​ក្បាល​រថយន្ត និង​ 200 គីឡូវ៉ាត់​ម៉ោង​សម្រាប់​ទូសណ្ដោង​។

    បើ​ទោះ​នៅ​ស៊ុយអែត​ខ្វះ​ថាមពល​ព្រះ​អាទិត្យ​​ព្រោះ​តែ​អាកាសធាតុ​ ប៉ុន្តែ​ផ្ទាំង​សូឡា​ដែល​ភ្ជាប់​លើ​រថយន្ត​ដឹក​ទំនិញ​ខាង​លើ​នៅ​តែ​អាច​ទាញ​យក​ថាមពល​​បាន​ច្រើន​ ជួយ​ឱ្យ​​រថយន្ត​ធ្វើ​ដំណើរ​បន្ថែម​បាន​រហូត​ដល់ 5,000 គីឡូម៉ែត្រ​​រៀង​រាល់​ឆ្នាំ​ ដែល​ជួយ​ឱ្យ​រថយន្ត​មិន​បាច់​ឈប់​ដើម្បី​ចាក់សាំង។ ក្រុម​ស្រាវ​ជ្រាវ​សង្ឃឹម​ថា ថាមពល​ព្រះ​អាទិត្យ​ដែល​ប្រមូល​បាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ក្បែរ​​តំបន់​អេក្វាទ័រ​នឹង​ខ្ពស់​ជាង​នេះ​ទ្វេ​ដង​៕

  • យើង​​អាច​ចាប់​ផ្ដើម​កសាង​អាណានិគម​មួយ​លើ​ភព​អង្គារ​ជាមួយ​នឹង​មនុស្ស​​ដ៏​តិចតួច

    យើង​​អាច​ចាប់​ផ្ដើម​កសាង​អាណានិគម​មួយ​លើ​ភព​អង្គារ​ជាមួយ​នឹង​មនុស្ស​​ដ៏​តិចតួច

    យើង​មិន​អាច​ដឹង​បាន​ថា ពេល​ណា​ទើប​រឿង​នេះ​អាច​កើត​ឡើង​​ ប៉ុន្តែ​ការ​បង្កើត​អាណានិគម​មួយ​នៅ​លើភព​អង្គារ​ពិត​ជា​ស្ថិត​ក្នុង​ផែនការ​របស់​មនុស្ស​។ មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាត​ត្បូង​លោក Elon Musk និយាយ​ថា ឆ្នាំ 2029 គឺជា​ដំណាក់​កាល​ឆាប់បំផុត​ ខណៈ​ដែល​សហគមន៍​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា រឿង​នេះ​នឹង​មិន​អាច​កើត​ឡើង​នៅ​មុន​ឆ្នាំ 2050​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​គេ​អាច​ដឹង​​បាន​ថា ត្រូវ​ការ​មនុស្ស​ប៉ុន្មាន​នាក់​ដើម្បី​បង្កើត​ និង​គ្រប់គ្រង​​មូលដ្ឋាន​មួយ​របស់​មនុស្ស​នៅ​លើ​ភព​អង្គារ​។

    ក្នុង​ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពីសាកល​វិទ្យា​ល័យ George Mason យល់​ឃើញ​ថា គេ​ត្រូវ​ការ​មនុស្ស​​យ៉ាង​តិច​ 22 នាក់ ​ដើម្បី​បង្កើត​អាណានិគម​មួយ​នៅ​លើ​ភព​ព្រះ​អង្គារ​។ តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការយល់​ឃើញ និង​ការសិក្សា​​​ស្រាវជ្រាវ​ដទៃដែល​ក្នុង​នោះ​មាន​ខ្លះ​ថា ត្រូវ​ការ​ 110 នាក់ ​ខ្លះ​ថា​ 100 នាក់ ចំណែក​ Elon Musk ថា 8 ម៉ឺន​នាក់។

    Anamaria Berea ប្រធាន​ក្រុម​ស្រាវជ្រាវមក​ពីសាកល​វិទ្យា​ល័យ George Mason បាន​ប្រាប់​ The Register ថា «ក្រុម​មនុស្ស​នានា​គឺជា​បណ្ដា​ប្រព័ន្ធ​ស្មុគ​ស្មាញ​ ក្នុងនោះ​ លទ្ធផល​ពុំ​មែន​ជា​ការ​រួម​ផ្សំ​រវាង​ផ្នែក​ទាំង​ឡាយ​នោះ​ទេ​ ប៉ុន្តែ​គឺជា​ការ​រួម​កម្លាំង​គ្នា​»។ អ្នក​ស្រី Berea និង​សហការី​​និយាយ​ថា ​ការ​គណនា​មុន​ៗ​​មិន​បាន​គិត​ដល់​កត្តា​​សង្គម និង​ផ្លូវ​ចិត្ត​របស់​ក្រុម​មនុស្ស​ថ្មី​ដែល​ទើប​តែ​ចាប់​ផ្ដើម​ដំណើរ​ការ​បង្កើត​អាណានិគម​។ ពួក​គេ​ក៏​និយាយ​ថា ការសិក្សា​​ស្រាវជ្រាវ​មុន​ៗ​មិន​បាន​ពិនិត្យ​ទៅ​លើ​ទំនាក់​ទំង​របស់​បុគ្គល​នៅ​ក្នុង​ទីអវកាស​។

    លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នៃ​ក្រុម​របស់​អ្នកស្រី Anamaria Berea ក៏​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​រីក​រាយ​ គឺជា​អ្នក​​​ដែល​អាច​ជួយ​​ឱ្យ​អាណានិគម​ទទួល​បាន​ជោគ​ជ័យ ខណៈ​​មនុស្ស​​ដែល​ចូល​ចិត្ត​រំខាន និង​មាន​ចរិត​គិត​តែ​ការ​​ប្រកួត​ប្រជែង​ អាច​នឹង​ទទួល​បរាជ័យ​ក្នុងបេសក​កម្ម​អាណានិគម​លើភព​អង្គារ​ ហើយ​អាច​ឆាប់​ស្លាប់​ជាង​សមាជិក​ដទៃ​៕

  • ផ្ទាំង​គំនូរ​បុរាណមាន​​រូបភាពឧបករណ៍​​ទំនើប សង្ស័យ​ថាជាករណី​ «​ដំណើរ​ឆ្លង​ពេល​វេលា​»

    ផ្ទាំង​គំនូរ​បុរាណមាន​​រូបភាពឧបករណ៍​​ទំនើប សង្ស័យ​ថាជាករណី​ «​ដំណើរ​ឆ្លង​ពេល​វេលា​»

    ផ្ទាំង​គំនូរ​បុរាណ​តាំង​ពី​ឆ្នាំ 1882 ថ្មី​ៗ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង និង​ធ្វើ​ឱ្យ​មាន​ការ​លើក​ឡើង​អំពី​រឿង «​ធ្វើ​ដំណើរ​ឆ្លង​ពេល​វេលា»​ បន្ទាប់​ពី​ទិដ្ឋភាព​លំអិត​របស់​វា​ត្រូវ​បាន​គេ​រក​ឃើញ​។

    ទំព័រ Daily Star កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​អំពី​ទ្រឹស្ដី​មួយ​ដ៏​ពិបាក​ឱ្យ​គេ​ជឿ​ ទាក់​ទង​នឹង​ផ្ទាំង​គំនូរ​មួយ​ដែល​បាន​គូរ​កាល​ពី​ឆ្នាំ 1882 ដោយ​វិចិត្រករ​ R. Josey និង James Archer។ ផ្ទាំង​គំនូរ​នេះ​មាន​ឈ្មោះ​ថា​ «The Betrothal» ។

    គំនូរ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជាទិដ្ឋភាព​នៃ​សកម្មភាព​​សន្យា​នឹង​គ្នា​អំពី​គម្រោង​រៀប​ការរបស់​អ្នក​និពន្ធ​​ស្កុតឡែន Robert Burns និង​នារី​ម្នាក់​ឈ្មោះ Mary Campbell នៅ​ក្បែរ​ទន្លេ Ayr នៅ​ភាគ​ខាង​ជើង​ប្រទេស​ស្កុតឡែន​កាល​ពី​​ឆ្នាំ 1786​។

    ក៏ប៉ុន្តែ នៅ​ពេល​ត្រូវ​បាន​ពង្រីក​​ឱ្យ​ធំជាង​មុន​ 10 ដង ផ្ទាំង​គំនូរ​នេះបាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ចំពោះ​មុខ​អំណោយ​អនុស្សាវរីយ៍​​រាង​ចតុកោណ​ដែល​មាន​កែង​មូល​។ បើ​ទោះជា​ពិបាក​ឱ្យ​គេ​ជឿ ប៉ុន្តែ​អ្នក​ខ្លះ​យល់​ថា វត្ថុ​នេះ​មាន​រូប​រាង​ដូច​ទៅ​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​។

    ក្រោយ​ពី​ទ្រីស្ដី​ស្ដីពី​ «ដំណើរ​ឆ្លង​ពេល​វេលា» ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ករណី​នេះ ចំណាប់​អារម្មណ៍​ក៏​ត្រូវ​បាន​ផ្ដោត​ទៅ​លើ​ The Betrothal ។ ក៏ប៉ុន្តែ ដើម្បី​ប្រឆាំង​នឹង​ទ្រីស្ដី «ដំណើរ​ឆ្លង​កាត់​ពេល​វេលា» មនុស្ស​ជា​ច្រើន​​ក៏​បានបក​ស្រាយ​ថា នេះ​គ្រាន់​តែ​ជា​គម្ពីរ​សាសនា​ប៉ុណ្ណោះ​។

    យោង​តាម​ទំនៀមទម្លាប់​បុរាណ​របស់​ជនជាតិ​ស្កុតឡែន នៅ​ពេល​ស្បថ​ស្បែ​ គូស្នេហ៍​នឹង​​បង្ហាញ​ភក្ដីភាព​ និង​ការជឿ​ជាក់​របស់​ខ្លួន​ដោយ​ការ​ជូន​គម្ពីរ​សាសនា​ដល់​​គ្នា​នៅ​ក្បែរ​ទន្លេ​​ដែល​មាន​ទឹក​កំពុង​ហូរ។ ដូច្នេះ រូបភាព​ដែលមាន​រាង​ចតុកោណ​នៅ​ក្នុង​ផ្ទាំង​គំនូរ​បុរាណ​នេះ​ ទំនង​គ្រាន់​តែ​ជា​សៀវ​ភៅ​ដែល​សរសេរ​អំពី​ពាក្យ​សន្យា​ក្នុង​សាសនា​ប៉ុណ្ណោះ មិន​មែន​ជា​​ «ឧបករណ៍​អនាគត» ​អ្វី​នោះឡើយ៕

  • រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​ ល្បឿន​ 240 គីឡូម៉ែត្រ​/ម៉ោង

    រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​ ល្បឿន​ 240 គីឡូម៉ែត្រ​/ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុនបច្ចេកវិទ្យា Aska នៅ​កាលីហ្វរញ៉ា​ខាងជើង អភិវឌ្ឍ​រថយន្ត​កាត់​ឧទ្ធម្ភាគចក្រ​អាច​រត់លើ​ផ្លូវ​គោក​ ហើយ​បន្ទាប់​មក​ហោះឡើង​ដោយ​គ្រាន់​តែ​ចុចគន្លឹះ។

    Aska A5 គឺជា​រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​គំរូ​ដែល​អាច​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​អំពី​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត​។ ក្រុម​ហ៊ុន Aska បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​ឡាន​ហោះ​នេះ​តាំង​ពី​ឆ្នាំ 2018​។ ថ្មី​ៗ​នេះ ពួក​គេ​សម្រេច​បាន​គំរូ​ដំបូង​ និង​បាន​សាកល្បង​ដំណើរ​ការ​រយៈ​ពេល ​10 ​នាទី។ នេះ​បើ​តាម Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 28 សីហា​។

    Aska A5 ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​ការ​ហោះ​ហើរ​សាកល្បង​​ពី​ស្ថាប័ន​គ្រប់​គ្រង​អាកាសចរណ៍​អាម៉េរិក (FAA)។ Aska គឺជា​ក្រុម​ហ៊ុន​អភិវឌ្ឍ​ឡានហោះ​ទីពីរ​ដែលត្រូវ​បាន​ FAA ផ្ដល់​លិខិត​អនុញ្ញាត​ក្នុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​ក្រុម​ហ៊ុន Alef Aeronautics។

    សម្រាប់​ A5 ក្រុម​ហ៊ុន Aska ចង់​ធ្វើ​បដិវត្តលើ​វិស័យ​គមនាគមន៍​ និង​ជួយ​ឱ្យ​អ្នក​ដំណើរ​ដែល​រស់​នៅ​ឆ្ងាយពី​ការិយាល័យ ទទួល​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​។ ឡាន​ហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន 240 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ផ្លាស់​ទី​បាន 400 គីឡូម៉ែត្រ​។ Aska A5 ​ដំណើរ​ការ​ដោយ​ម៉ូទ័រអគ្គិសនី រួម​នឹង​ម៉ាស៊ីន​ឧស្ម័ន​។

    A5 អាច​ហោះ​ឡើង និង​ចុះចត​ត្រង់​ដូច​ទៅ​នឹង​ដ្រូន ឬ​ឧទ្ធម្ភាគ​ចក្រ​។ ក្រុម​ហ៊ុន​ដទៃ​អភិវឌ្ឍ​មធ្យោបាយ​ហោះ​ឡើង និង​ចុះ​ចត​ត្រង់ ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ប៉ុន្តែ ពួកវា​សុទ្ធ​តែ​មិន​អាច​រត់​លើ​ផ្លូវ​គោក។ ចំណែក A5 អាច​បត់​ស្លាប​របស់​វា​ បង្កើត​បាន​ជា​រាង​រថយន្ត​ អាច​ធ្វើដំណើរ​លើ​ផ្លូវ​គោក​។

    ក្រុម​ហ៊ុន Aska កំពុង​បន្តការ​​អភិវឌ្ឍ​ឡាន​ហោះ​នេះ​។ គំរូ​ចុង​ក្រោយ​នឹង​ល្អ​ជាង​បច្ចុប្បន្ន ហើយ​​អាច​ដឹក​មនុស្ស​បាន​ 6 នាក់​។ Aska គ្រោង​នឹង​ប្រគល់​ A5 ដល់​ដៃ​អតិថិជន​ចាប់​ពី​ឆ្នាំ 2026​។ ពួក​គេ​ក៏មាន​គម្រោង​ផ្ដល់​សេវា​​ដឹក​ជញ្ជូន​ដែល​មាន​តម្លៃ​សម​ស្រប​ផងដែរ៕

  • អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ហ្សែន​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​​មាន​អាយុ​វែង​​​ជាង​បច្ចុប្បន្ន

    អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ហ្សែន​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​​មាន​អាយុ​វែង​​​ជាង​បច្ចុប្បន្ន

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នក​ជំនាញ​នៅ​សាកល​វិទ្យាល័យ Rochester បាន​ដាក់បញ្ចូល​ហ្សែន​ពិសេស​មួយ​របស់​កណ្ដុរ​គ្មាន​រោម ទៅ​ក្នុង​កណ្ដុរ​ប្រភេទធម្មតា និង​បាន​រកឃើញ​ថា ហ្សែន​នេះ​បាន​ជួយ​ឱ្យ​ពួក​វា​មាន​សុខភាព​ល្អ និង​រស់​បាន​យូរ​ជាង​ 4.4%។

    ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ដ៏អស្ចារ្យមួយ​ ក្រុម​អ្នក​ជំនាញ​របស់​សាកលវិទ្យាល័យ​ Rochester នៅ​នីវយ៉ក បាន​បង្ហាញ​វិធី​សាស្ត្រ​ដាក់​បញ្ចូល​ហ្សែន​រស់​បាន​យូរ​របស់​​សត្វ​កណ្ដុរ​គ្មាន​រោម​ ​(Naked mole-rat) ដែល​មាន​ឈ្មោះ​ក្នុង​វិទ្យា​សាស្ត្រ​ថា Heterocephalus glaber ទៅ​ក្នុង​កណ្ដុរ​ប្រភេទ​ធម្មតា​ដើម្បី​អូស​បន្លាយ​អាយុ​កាល​ និង​កែ​លំអ​សុខភាព​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Nature កាល​ពី​ថ្ងៃទី 23 សីហា​ 2023។

    កណ្ដុរ​ខាងលើ​មាន​ឈ្មោះ​ល្បី​ខ្លាំង​ដោយ​សារ​តែ​សមត្ថភាព​ទប់​ទល់​នឹង​ជំងឺ​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​វ័យចំណាស់​ និង​មាន​អាយុ​វែង​ខុស​ធម្មតា​ ពោល​គឺ​វែង​ជាង​ជិត 10 ដង បើ​ធៀប​នឹង​ប្រភេទ​សត្វ​កកេរដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​។ អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​ កាល​ពី​ឆ្នាំ 2020 បាន​រកឃើញ​ហ្សែន​មួយ​ដែល​រួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​វា​រស់​បាន​យូរ​។ ហ្សែន​នេះ​ទទួល​បន្ទុក​ផលិត​អាស៊ីត​ HMW-HA ដែលជា​ម៉ូលេគុល​​ជួយ​បង្កើន​កម្លាំង​របស់​កោសិកា​ក្នុង​ការ​ទប់ទល់​នឹង​​​ភាព​តាន​តឹង និង​រលាក ឆ្លង​រោគ​។

    កណ្ដុរ​គ្មាន​រោម​ ​(Naked mole-rat) ដែល​មាន​ឈ្មោះ​ក្នុង​វិទ្យា​សាស្ត្រ​ថា Heterocephalus glaber

    កណ្ដុរ​គ្មាន​រោម​នេះមាន​ HMW-HA ច្រើន​ជាង​ប្រហែល​ 10 ដង បើធៀប​នឹង​មនុស្ស ឬ​ប្រភេទកណ្ដុរ​ដទៃ​។ មូលហេតុ​គឺ​ថា ហ្សែន​ (ហ្សែន hyaluronan synthase 2) ដែល​បង្កើត​ម៉ូលេគុល​នេះ នៅ​លើ​កណ្ដុរ​ខាងលើ​ បាន​បង្ហាញ​ភាព​​ខ្លាំង​ក្លា​ជាង​បណ្ដា​សត្វដទៃ​។

    ក្នុងការ​ស្រាវជ្រាវថ្មី​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា បណ្ដា​កណ្ដុរ​ដែល​មាន​ហ្សែន​របស់​កណ្ដុរគ្មាន​រោម​ Heterocephalus glaber មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ទប់​ទល់​នឹង​ជំងឺ​មហា​រីក​ស្បែក សុខភាព​ទូទៅ​ត្រូវ​បាន​កែ​លំអ និង​រស់​បាន​យូរ​ជាង 4.4% បើ​ធៀប​នឹង​បណ្ដា​ប្រភេទ​កណ្ដុរ​ធម្មតា​ដែល​កើត​ដំណាល​គ្នា​។

    ការ​រកឃើញ​ថ្មី​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​បើក​ផ្លូវ​សម្រាប់​ការ​ស្វែង​រក​វិធី​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​មាន​សុខភាព​ល្អ​ ពន្យារ​ភាព​ក្មេង និង​រស់​បាន​យូរ​ជាង​បច្ចុប្បន្ន នា​ពេល​អនាគត៕

  • ជប៉ុន​បាញ់​បញ្ជូន​​យានទៅ​​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ឆាប់ៗនេះ

    ជប៉ុន​បាញ់​បញ្ជូន​​យានទៅ​​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ឆាប់ៗនេះ

    ទីភ្នាក់​ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន​បាន​ឱ្យ​ដឹង​ថា ការ​បាញ់​បញ្ជូន​យាន​អវកាស​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី 28 សីហា​ 2023 យឺតជាង​​មួយ​ថ្ងៃ​បើ​ធៀប​នឹង​កាលបរិច្ឆេទ​ដំបូង​ ដោយ​សារ​តែ​អាកាសធាតុ​មិន​អំណោយ​ផល​។

    តាម​ផែនការ រ៉ុក្កែត​ H2-A នឹង​នាំ​យក​ស្ថានីយ​ចុះ​ចត​ឆ្លាត​វៃ​ស្រាវជ្រាវ​ព្រះ​ចន្ទ​ (SLIM) និង​ផ្កាយរណប​ X-Ray Imaging and Spectroscopy Mission (SRISM) ឡើង​ទៅ​កាន់​ទី​អវកាស ដោយ​ត្រូវ​បាញ់​បង្ហោះ​ពី​ Tanegashima នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន​ ក្នុង​​ថ្ងៃទី 28 សីហា​។ ​ស្ថានីយ​​ SLIM គ្រោង​នឹង​​​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ 4 ឬ​ 6 ខែ​ទៀត​។ ចំណែក​ផ្កាយ​រណប​ XRISM ដែល​ជំនាញ​ខាង​ថត​រូប​កាំរស្មី X និង​សហការ​ផលិត​ដោយ​ទីភ្នាក់​ងារ​អវកាស​ជប៉ុន​ចាសា (JAXA), ណាសា​របស់​អាម៉េរិក និង​អ៊ីសា​របស់​អឺរ៉ុប​ នឹង​ដើរ​តួ​ជា​អ្នក​ស្រាវ​ជ្រាវ​លើ​ការ​វិវត្ត​របស់​ចក្រវាល​។

    កម្មវិធី​អវកាស​របស់​ជប៉ុន​គឺជា​មួយ​ក្នុង​ចំណោម​កម្មវិធី​អវកាស​ធំជាង​គេ​លើ​ពិភពលោក​ ប៉ុន្តែ​ការ​ប្រឹង​ប្រែងដំបូង​ក្នុងការ​​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​កាល​ពី​ខែ​វិច្ឆិកា 2022 បាន​បរាជ័យ​។ ក្ដី​សង្ឃឹម​របស់​ចាសា​ នា​បច្ចុប្បន្ន​ គឺការ​ផ្ដោត​ទៅ​លើ SLIM។ ស្ថានីយ​ចុះចត​ថ្មី​នេះ​ តូច ​ស្រាល​ជាង​មុន និង​មាន​កម្ពស់​ 2.4​ ម៉ែត្រ បណ្ដោយ​ 1.7 ម៉ែត្រ ទទឹង​ 2.7 ម៉ែត្រ និង​ទម្ងន់​ប្រហែល 700 គីឡូក្រាម​។

    ស្ថានីយចុះចតឆ្លាតវៃស្រាវជ្រាវព្រះចន្ទ (SLIM)

    ស្ថានីយ​ចុះ​ចត SLIM ដែល​មាន​រ៉ូបូត​ស្វ័យប្រវត្ត​មួយ​គ្រឿង​មាន​ទំហំ​ប៉ុន​បាត​ដៃ និង​អាច​ផ្លាស់​ប្ដូរ​រូប​រាង​ នឹង​​មាន​តួនាទី​ស្វែង​យល់​អំពី​ដំណើរ​ការ​កកើត​របស់​ព្រះ​ចន្ទ​។

    កាលពី​ខែ​វិច្ឆិកា 2022 ជប៉ុន​បាន​ប្រឹង​ប្រែង​បញ្ជូន​យាន​ Omotenashi ដែល​ហោះ​ជាមួយ​នឹង​យាន​ Artemis 1 របស់​ណាសា​ ដើម្បី​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ ប៉ុន្តែ​បាន​ដាច់​ទំនាក់​ទំនង​ និង​បរាជ័យ​។ កាល​ពី​ខែមេសា 2023 ក្រុម​ហ៊ុន​ជប៉ុន​ Ispace ក៏​បាន​បរាជ័យ​ក្នុង​មហិច្ឆតា​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯកជន​ដំបូង​គេ​​ដែល​នាំ​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​​ផងដែរ​។

    មូលហេតុ​នៃ​ការ​បរាជ័យ​ក្នុង​បេសក​កម្ម​អវកាស​របស់​ជប៉ុន​នា​ពេល​កន្លង​ត្រូវ​បាន​គេ​ជឿ​ថា កើត​ឡើង​ដោយ​សារ​បញ្ហា​រ៉ុក្កែត​ ក្នុង​នោះ​មាន​ជា​អាទិ៍ រ៉ុក្កែត Epsilon បរាជ័យ​កាល​ពី​ខែ​តុលា 2022 និង​ រ៉ុក្កែត H3 បរាជ័យ​​កាល​ពី​ខែ​មីនា 2023។ ការ​សាកល្បង​រ៉ុក្កែត​ Epsilon S កាល​ពី​ខែ​កន្លង​ ក៏​បាន​បញ្ចប់​ដោយ​ហេតុ​ការណ៍​ផ្ទុះ​ បន្ទាប់​ពី​ការ​បញ្ឆេះ​ម៉ាស៊ីន​បាន​ 50​ វិនាទី​៕