អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ហ្សែន​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​​មាន​អាយុ​វែង​​​ជាង​បច្ចុប្បន្ន

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នក​ជំនាញ​នៅ​សាកល​វិទ្យាល័យ Rochester បាន​ដាក់បញ្ចូល​ហ្សែន​ពិសេស​មួយ​របស់​កណ្ដុរ​គ្មាន​រោម ទៅ​ក្នុង​កណ្ដុរ​ប្រភេទធម្មតា និង​បាន​រកឃើញ​ថា ហ្សែន​នេះ​បាន​ជួយ​ឱ្យ​ពួក​វា​មាន​សុខភាព​ល្អ និង​រស់​បាន​យូរ​ជាង​ 4.4%។

ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ដ៏អស្ចារ្យមួយ​ ក្រុម​អ្នក​ជំនាញ​របស់​សាកលវិទ្យាល័យ​ Rochester នៅ​នីវយ៉ក បាន​បង្ហាញ​វិធី​សាស្ត្រ​ដាក់​បញ្ចូល​ហ្សែន​រស់​បាន​យូរ​របស់​​សត្វ​កណ្ដុរ​គ្មាន​រោម​ ​(Naked mole-rat) ដែល​មាន​ឈ្មោះ​ក្នុង​វិទ្យា​សាស្ត្រ​ថា Heterocephalus glaber ទៅ​ក្នុង​កណ្ដុរ​ប្រភេទ​ធម្មតា​ដើម្បី​អូស​បន្លាយ​អាយុ​កាល​ និង​កែ​លំអ​សុខភាព​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Nature កាល​ពី​ថ្ងៃទី 23 សីហា​ 2023។

កណ្ដុរ​ខាងលើ​មាន​ឈ្មោះ​ល្បី​ខ្លាំង​ដោយ​សារ​តែ​សមត្ថភាព​ទប់​ទល់​នឹង​ជំងឺ​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​វ័យចំណាស់​ និង​មាន​អាយុ​វែង​ខុស​ធម្មតា​ ពោល​គឺ​វែង​ជាង​ជិត 10 ដង បើ​ធៀប​នឹង​ប្រភេទ​សត្វ​កកេរដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​។ អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​ កាល​ពី​ឆ្នាំ 2020 បាន​រកឃើញ​ហ្សែន​មួយ​ដែល​រួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​វា​រស់​បាន​យូរ​។ ហ្សែន​នេះ​ទទួល​បន្ទុក​ផលិត​អាស៊ីត​ HMW-HA ដែលជា​ម៉ូលេគុល​​ជួយ​បង្កើន​កម្លាំង​របស់​កោសិកា​ក្នុង​ការ​ទប់ទល់​នឹង​​​ភាព​តាន​តឹង និង​រលាក ឆ្លង​រោគ​។

កណ្ដុរ​គ្មាន​រោម​ ​(Naked mole-rat) ដែល​មាន​ឈ្មោះ​ក្នុង​វិទ្យា​សាស្ត្រ​ថា Heterocephalus glaber

កណ្ដុរ​គ្មាន​រោម​នេះមាន​ HMW-HA ច្រើន​ជាង​ប្រហែល​ 10 ដង បើធៀប​នឹង​មនុស្ស ឬ​ប្រភេទកណ្ដុរ​ដទៃ​។ មូលហេតុ​គឺ​ថា ហ្សែន​ (ហ្សែន hyaluronan synthase 2) ដែល​បង្កើត​ម៉ូលេគុល​នេះ នៅ​លើ​កណ្ដុរ​ខាងលើ​ បាន​បង្ហាញ​ភាព​​ខ្លាំង​ក្លា​ជាង​បណ្ដា​សត្វដទៃ​។

ក្នុងការ​ស្រាវជ្រាវថ្មី​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា បណ្ដា​កណ្ដុរ​ដែល​មាន​ហ្សែន​របស់​កណ្ដុរគ្មាន​រោម​ Heterocephalus glaber មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ទប់​ទល់​នឹង​ជំងឺ​មហា​រីក​ស្បែក សុខភាព​ទូទៅ​ត្រូវ​បាន​កែ​លំអ និង​រស់​បាន​យូរ​ជាង 4.4% បើ​ធៀប​នឹង​បណ្ដា​ប្រភេទ​កណ្ដុរ​ធម្មតា​ដែល​កើត​ដំណាល​គ្នា​។

ការ​រកឃើញ​ថ្មី​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​បើក​ផ្លូវ​សម្រាប់​ការ​ស្វែង​រក​វិធី​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​មាន​សុខភាព​ល្អ​ ពន្យារ​ភាព​ក្មេង និង​រស់​បាន​យូរ​ជាង​បច្ចុប្បន្ន នា​ពេល​អនាគត៕

Advertisement