ជប៉ុន​បាញ់​បញ្ជូន​​យានទៅ​​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ឆាប់ៗនេះ

រ៉ុក្កែត Epsilon នៅឯមជ្ឈមណ្ឌលអវកាស Uchinoura របស់ជប៉ុន កាលពីឆ្នាំ 2021

ទីភ្នាក់​ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន​បាន​ឱ្យ​ដឹង​ថា ការ​បាញ់​បញ្ជូន​យាន​អវកាស​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី 28 សីហា​ 2023 យឺតជាង​​មួយ​ថ្ងៃ​បើ​ធៀប​នឹង​កាលបរិច្ឆេទ​ដំបូង​ ដោយ​សារ​តែ​អាកាសធាតុ​មិន​អំណោយ​ផល​។

តាម​ផែនការ រ៉ុក្កែត​ H2-A នឹង​នាំ​យក​ស្ថានីយ​ចុះ​ចត​ឆ្លាត​វៃ​ស្រាវជ្រាវ​ព្រះ​ចន្ទ​ (SLIM) និង​ផ្កាយរណប​ X-Ray Imaging and Spectroscopy Mission (SRISM) ឡើង​ទៅ​កាន់​ទី​អវកាស ដោយ​ត្រូវ​បាញ់​បង្ហោះ​ពី​ Tanegashima នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន​ ក្នុង​​ថ្ងៃទី 28 សីហា​។ ​ស្ថានីយ​​ SLIM គ្រោង​នឹង​​​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ 4 ឬ​ 6 ខែ​ទៀត​។ ចំណែក​ផ្កាយ​រណប​ XRISM ដែល​ជំនាញ​ខាង​ថត​រូប​កាំរស្មី X និង​សហការ​ផលិត​ដោយ​ទីភ្នាក់​ងារ​អវកាស​ជប៉ុន​ចាសា (JAXA), ណាសា​របស់​អាម៉េរិក និង​អ៊ីសា​របស់​អឺរ៉ុប​ នឹង​ដើរ​តួ​ជា​អ្នក​ស្រាវ​ជ្រាវ​លើ​ការ​វិវត្ត​របស់​ចក្រវាល​។

កម្មវិធី​អវកាស​របស់​ជប៉ុន​គឺជា​មួយ​ក្នុង​ចំណោម​កម្មវិធី​អវកាស​ធំជាង​គេ​លើ​ពិភពលោក​ ប៉ុន្តែ​ការ​ប្រឹង​ប្រែងដំបូង​ក្នុងការ​​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​កាល​ពី​ខែ​វិច្ឆិកា 2022 បាន​បរាជ័យ​។ ក្ដី​សង្ឃឹម​របស់​ចាសា​ នា​បច្ចុប្បន្ន​ គឺការ​ផ្ដោត​ទៅ​លើ SLIM។ ស្ថានីយ​ចុះចត​ថ្មី​នេះ​ តូច ​ស្រាល​ជាង​មុន និង​មាន​កម្ពស់​ 2.4​ ម៉ែត្រ បណ្ដោយ​ 1.7 ម៉ែត្រ ទទឹង​ 2.7 ម៉ែត្រ និង​ទម្ងន់​ប្រហែល 700 គីឡូក្រាម​។

ស្ថានីយចុះចតឆ្លាតវៃស្រាវជ្រាវព្រះចន្ទ (SLIM)

ស្ថានីយ​ចុះ​ចត SLIM ដែល​មាន​រ៉ូបូត​ស្វ័យប្រវត្ត​មួយ​គ្រឿង​មាន​ទំហំ​ប៉ុន​បាត​ដៃ និង​អាច​ផ្លាស់​ប្ដូរ​រូប​រាង​ នឹង​​មាន​តួនាទី​ស្វែង​យល់​អំពី​ដំណើរ​ការ​កកើត​របស់​ព្រះ​ចន្ទ​។

កាលពី​ខែ​វិច្ឆិកា 2022 ជប៉ុន​បាន​ប្រឹង​ប្រែង​បញ្ជូន​យាន​ Omotenashi ដែល​ហោះ​ជាមួយ​នឹង​យាន​ Artemis 1 របស់​ណាសា​ ដើម្បី​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ ប៉ុន្តែ​បាន​ដាច់​ទំនាក់​ទំនង​ និង​បរាជ័យ​។ កាល​ពី​ខែមេសា 2023 ក្រុម​ហ៊ុន​ជប៉ុន​ Ispace ក៏​បាន​បរាជ័យ​ក្នុង​មហិច្ឆតា​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯកជន​ដំបូង​គេ​​ដែល​នាំ​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​​ផងដែរ​។

មូលហេតុ​នៃ​ការ​បរាជ័យ​ក្នុង​បេសក​កម្ម​អវកាស​របស់​ជប៉ុន​នា​ពេល​កន្លង​ត្រូវ​បាន​គេ​ជឿ​ថា កើត​ឡើង​ដោយ​សារ​បញ្ហា​រ៉ុក្កែត​ ក្នុង​នោះ​មាន​ជា​អាទិ៍ រ៉ុក្កែត Epsilon បរាជ័យ​កាល​ពី​ខែ​តុលា 2022 និង​ រ៉ុក្កែត H3 បរាជ័យ​​កាល​ពី​ខែ​មីនា 2023។ ការ​សាកល្បង​រ៉ុក្កែត​ Epsilon S កាល​ពី​ខែ​កន្លង​ ក៏​បាន​បញ្ចប់​ដោយ​ហេតុ​ការណ៍​ផ្ទុះ​ បន្ទាប់​ពី​ការ​បញ្ឆេះ​ម៉ាស៊ីន​បាន​ 50​ វិនាទី​៕

Advertisement