យើង​​អាច​ចាប់​ផ្ដើម​កសាង​អាណានិគម​មួយ​លើ​ភព​អង្គារ​ជាមួយ​នឹង​មនុស្ស​​ដ៏​តិចតួច

យើង​មិន​អាច​ដឹង​បាន​ថា ពេល​ណា​ទើប​រឿង​នេះ​អាច​កើត​ឡើង​​ ប៉ុន្តែ​ការ​បង្កើត​អាណានិគម​មួយ​នៅ​លើភព​អង្គារ​ពិត​ជា​ស្ថិត​ក្នុង​ផែនការ​របស់​មនុស្ស​។ មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាត​ត្បូង​លោក Elon Musk និយាយ​ថា ឆ្នាំ 2029 គឺជា​ដំណាក់​កាល​ឆាប់បំផុត​ ខណៈ​ដែល​សហគមន៍​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា រឿង​នេះ​នឹង​មិន​អាច​កើត​ឡើង​នៅ​មុន​ឆ្នាំ 2050​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​គេ​អាច​ដឹង​​បាន​ថា ត្រូវ​ការ​មនុស្ស​ប៉ុន្មាន​នាក់​ដើម្បី​បង្កើត​ និង​គ្រប់គ្រង​​មូលដ្ឋាន​មួយ​របស់​មនុស្ស​នៅ​លើ​ភព​អង្គារ​។

ក្នុង​ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពីសាកល​វិទ្យា​ល័យ George Mason យល់​ឃើញ​ថា គេ​ត្រូវ​ការ​មនុស្ស​​យ៉ាង​តិច​ 22 នាក់ ​ដើម្បី​បង្កើត​អាណានិគម​មួយ​នៅ​លើ​ភព​ព្រះ​អង្គារ​។ តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការយល់​ឃើញ និង​ការសិក្សា​​​ស្រាវជ្រាវ​ដទៃដែល​ក្នុង​នោះ​មាន​ខ្លះ​ថា ត្រូវ​ការ​ 110 នាក់ ​ខ្លះ​ថា​ 100 នាក់ ចំណែក​ Elon Musk ថា 8 ម៉ឺន​នាក់។

Anamaria Berea ប្រធាន​ក្រុម​ស្រាវជ្រាវមក​ពីសាកល​វិទ្យា​ល័យ George Mason បាន​ប្រាប់​ The Register ថា «ក្រុម​មនុស្ស​នានា​គឺជា​បណ្ដា​ប្រព័ន្ធ​ស្មុគ​ស្មាញ​ ក្នុងនោះ​ លទ្ធផល​ពុំ​មែន​ជា​ការ​រួម​ផ្សំ​រវាង​ផ្នែក​ទាំង​ឡាយ​នោះ​ទេ​ ប៉ុន្តែ​គឺជា​ការ​រួម​កម្លាំង​គ្នា​»។ អ្នក​ស្រី Berea និង​សហការី​​និយាយ​ថា ​ការ​គណនា​មុន​ៗ​​មិន​បាន​គិត​ដល់​កត្តា​​សង្គម និង​ផ្លូវ​ចិត្ត​របស់​ក្រុម​មនុស្ស​ថ្មី​ដែល​ទើប​តែ​ចាប់​ផ្ដើម​ដំណើរ​ការ​បង្កើត​អាណានិគម​។ ពួក​គេ​ក៏​និយាយ​ថា ការសិក្សា​​ស្រាវជ្រាវ​មុន​ៗ​មិន​បាន​ពិនិត្យ​ទៅ​លើ​ទំនាក់​ទំង​របស់​បុគ្គល​នៅ​ក្នុង​ទីអវកាស​។

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នៃ​ក្រុម​របស់​អ្នកស្រី Anamaria Berea ក៏​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​រីក​រាយ​ គឺជា​អ្នក​​​ដែល​អាច​ជួយ​​ឱ្យ​អាណានិគម​ទទួល​បាន​ជោគ​ជ័យ ខណៈ​​មនុស្ស​​ដែល​ចូល​ចិត្ត​រំខាន និង​មាន​ចរិត​គិត​តែ​ការ​​ប្រកួត​ប្រជែង​ អាច​នឹង​ទទួល​បរាជ័យ​ក្នុងបេសក​កម្ម​អាណានិគម​លើភព​អង្គារ​ ហើយ​អាច​ឆាប់​ស្លាប់​ជាង​សមាជិក​ដទៃ​៕

Advertisement