
(សហរដ្ឋអាម៉េរិក) – ក្រុមហ៊ុនបច្ចេកវិទ្យា Aska នៅកាលីហ្វរញ៉ាខាងជើង អភិវឌ្ឍរថយន្តកាត់ឧទ្ធម្ភាគចក្រអាចរត់លើផ្លូវគោក ហើយបន្ទាប់មកហោះឡើងដោយគ្រាន់តែចុចគន្លឹះ។
Aska A5 គឺជារថយន្តកាត់ឧទ្ធម្ភាគចក្រគំរូដែលអាចធ្វើឱ្យក្ដីស្រមៃអំពីឡានហោះក្លាយជាការពិត។ ក្រុមហ៊ុន Aska បានចាប់ផ្ដើមអភិវឌ្ឍឡានហោះនេះតាំងពីឆ្នាំ 2018។ ថ្មីៗនេះ ពួកគេសម្រេចបានគំរូដំបូង និងបានសាកល្បងដំណើរការរយៈពេល 10 នាទី។ នេះបើតាម Business Insider ចុះផ្សាយកាលពីថ្ងៃទី 28 សីហា។
Aska A5 ទទួលបានលិខិតអនុញ្ញាតសម្រាប់ការហោះហើរសាកល្បងពីស្ថាប័នគ្រប់គ្រងអាកាសចរណ៍អាម៉េរិក (FAA)។ Aska គឺជាក្រុមហ៊ុនអភិវឌ្ឍឡានហោះទីពីរដែលត្រូវបាន FAA ផ្ដល់លិខិតអនុញ្ញាតក្នុងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុន Alef Aeronautics។


សម្រាប់ A5 ក្រុមហ៊ុន Aska ចង់ធ្វើបដិវត្តលើវិស័យគមនាគមន៍ និងជួយឱ្យអ្នកដំណើរដែលរស់នៅឆ្ងាយពីការិយាល័យ ទទួលបានភាពងាយស្រួលក្នុងការធ្វើដំណើរ។ ឡានហោះនេះអាចហោះក្នុងល្បឿន 240 គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្លាស់ទីបាន 400 គីឡូម៉ែត្រ។ Aska A5 ដំណើរការដោយម៉ូទ័រអគ្គិសនី រួមនឹងម៉ាស៊ីនឧស្ម័ន។

A5 អាចហោះឡើង និងចុះចតត្រង់ដូចទៅនឹងដ្រូន ឬឧទ្ធម្ភាគចក្រ។ ក្រុមហ៊ុនដទៃអភិវឌ្ឍមធ្យោបាយហោះឡើង និងចុះចតត្រង់ ដំណើរការដោយអគ្គិសនី (eVTOL) ប៉ុន្តែ ពួកវាសុទ្ធតែមិនអាចរត់លើផ្លូវគោក។ ចំណែក A5 អាចបត់ស្លាបរបស់វា បង្កើតបានជារាងរថយន្ត អាចធ្វើដំណើរលើផ្លូវគោក។

ក្រុមហ៊ុន Aska កំពុងបន្តការអភិវឌ្ឍឡានហោះនេះ។ គំរូចុងក្រោយនឹងល្អជាងបច្ចុប្បន្ន ហើយអាចដឹកមនុស្សបាន 6 នាក់។ Aska គ្រោងនឹងប្រគល់ A5 ដល់ដៃអតិថិជនចាប់ពីឆ្នាំ 2026។ ពួកគេក៏មានគម្រោងផ្ដល់សេវាដឹកជញ្ជូនដែលមានតម្លៃសមស្របផងដែរ៕
