រកឃើញ​ភព​ដែល​មាន​កន្ទុយ​ដូច​កញ្ជ្រោង​ដ៏មហិមា មាន​ចម្ងាយ​ជិត​​មួយ​ពាន់​ឆ្នាំ​ពន្លឺ​ពី​ផែនដី

ភព​ខ្នាត​យក្ស​មួយ​ដែល​ស្ថិត​ក្នុង​ប្រភេទ​ភព​ព្រហស្បតិ៍​ក្ដៅ​មាន​កន្ទុយ​ដ៏ចម្លែក ​ត្រូវ​បាន​ស្ថានីយ​សង្កេត​តារា​របស់​សហរដ្ឋ​អាម៉េរិករក​ឃើញ​ ក្នុង​នោះ កន្ទុយ​ចម្បង​​វែង​ជាង​ 53 ដង បើ​ធៀប​នឹង​ប្រវែង​កាំ​របស់​ភព​នោះ​។

ភព​ព្រហស្បតិ៍​ក្ដៅ​គឺជា​ភព​ឧស្ម័ន​ខ្នាត​យក្ស​ដែល​ដូច​ទៅ​នឹង​ភព​ព្រហស្បតិ៍​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ប៉ុន្តែ​ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​ខ្លាំង​ពេក​ ទើប​មាន​កម្ដៅ​ខ្ពស់​ខ្លាំង​។

ភព​ដែល​​មាន​ឈ្មោះ​ថា HAT-P-32b ខាងលើ​នេះ​ កំពុង​តែ​បញ្ចេញ​កន្ទុយ​ឧស្ម័ន​ដ៏​វែង​ទៅ​ក្នុង​ទី​អវកាស​។ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បង្ហាញថា វា​កំពុង​តែ​ «ព្រលាត់​សម្បែក» ខ្លួន​ឯង​។

«អ្វីដែល​យើង​មើល​​ឃើញ​គឺ​កន្ទុយ​អេល្យូមដ៏មហិមា​ដែល​ភ្ជាប់​ទៅ​នឹង​ភព​នេះ វែង​ជាង 53 ដង បើធៀប​នឹង​ប្រវែង​កាំ​របស់​ភព​» អ្នក​វិទ្យា​សាស្ត្រ​របស់​សាកលវិទ្យាល័យ​ California នៅ Santa Cruz ថ្លែង​​​លើទស្សនាវដ្ដី Science Advances ដូច្នេះ​។

យោង​តាម​ Sci-Tech Daily កន្ទុយមួយចំនួន​ផ្សេង​ទៀត​ដែល​តួច​ជាង និង​ស្ដើង​ជាង​កន្ទុយ​ចម្បង​ អាច​ជា​លំហូរ​នៃ​​ឧស្ម័ន​អេល្យូម​ចាស់​ ដែល​ត្រូវ​បាន​បំភាយ​ចេញ​ពី​បរិយាកាស​របស់​ HAT-P-32b​។ ភព​ HAT-P-32b មាន​ចម្ងាយ​ពីផែនដី​ប្រហែល 950 ឆ្នាំ​ពន្លឺ​។

Advertisement