ផ្ទាំង​គំនូរ​បុរាណមាន​​រូបភាពឧបករណ៍​​ទំនើប សង្ស័យ​ថាជាករណី​ «​ដំណើរ​ឆ្លង​ពេល​វេលា​»

ផ្ទាំង​គំនូរ​បុរាណ​តាំង​ពី​ឆ្នាំ 1882 ថ្មី​ៗ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង និង​ធ្វើ​ឱ្យ​មាន​ការ​លើក​ឡើង​អំពី​រឿង «​ធ្វើ​ដំណើរ​ឆ្លង​ពេល​វេលា»​ បន្ទាប់​ពី​ទិដ្ឋភាព​លំអិត​របស់​វា​ត្រូវ​បាន​គេ​រក​ឃើញ​។

ទំព័រ Daily Star កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​អំពី​ទ្រឹស្ដី​មួយ​ដ៏​ពិបាក​ឱ្យ​គេ​ជឿ​ ទាក់​ទង​នឹង​ផ្ទាំង​គំនូរ​មួយ​ដែល​បាន​គូរ​កាល​ពី​ឆ្នាំ 1882 ដោយ​វិចិត្រករ​ R. Josey និង James Archer។ ផ្ទាំង​គំនូរ​នេះ​មាន​ឈ្មោះ​ថា​ «The Betrothal» ។

គំនូរ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជាទិដ្ឋភាព​នៃ​សកម្មភាព​​សន្យា​នឹង​គ្នា​អំពី​គម្រោង​រៀប​ការរបស់​អ្នក​និពន្ធ​​ស្កុតឡែន Robert Burns និង​នារី​ម្នាក់​ឈ្មោះ Mary Campbell នៅ​ក្បែរ​ទន្លេ Ayr នៅ​ភាគ​ខាង​ជើង​ប្រទេស​ស្កុតឡែន​កាល​ពី​​ឆ្នាំ 1786​។

ក៏ប៉ុន្តែ នៅ​ពេល​ត្រូវ​បាន​ពង្រីក​​ឱ្យ​ធំជាង​មុន​ 10 ដង ផ្ទាំង​គំនូរ​នេះបាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ចំពោះ​មុខ​អំណោយ​អនុស្សាវរីយ៍​​រាង​ចតុកោណ​ដែល​មាន​កែង​មូល​។ បើ​ទោះជា​ពិបាក​ឱ្យ​គេ​ជឿ ប៉ុន្តែ​អ្នក​ខ្លះ​យល់​ថា វត្ថុ​នេះ​មាន​រូប​រាង​ដូច​ទៅ​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​។

ក្រោយ​ពី​ទ្រីស្ដី​ស្ដីពី​ «ដំណើរ​ឆ្លង​ពេល​វេលា» ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ករណី​នេះ ចំណាប់​អារម្មណ៍​ក៏​ត្រូវ​បាន​ផ្ដោត​ទៅ​លើ​ The Betrothal ។ ក៏ប៉ុន្តែ ដើម្បី​ប្រឆាំង​នឹង​ទ្រីស្ដី «ដំណើរ​ឆ្លង​កាត់​ពេល​វេលា» មនុស្ស​ជា​ច្រើន​​ក៏​បានបក​ស្រាយ​ថា នេះ​គ្រាន់​តែ​ជា​គម្ពីរ​សាសនា​ប៉ុណ្ណោះ​។

យោង​តាម​ទំនៀមទម្លាប់​បុរាណ​របស់​ជនជាតិ​ស្កុតឡែន នៅ​ពេល​ស្បថ​ស្បែ​ គូស្នេហ៍​នឹង​​បង្ហាញ​ភក្ដីភាព​ និង​ការជឿ​ជាក់​របស់​ខ្លួន​ដោយ​ការ​ជូន​គម្ពីរ​សាសនា​ដល់​​គ្នា​នៅ​ក្បែរ​ទន្លេ​​ដែល​មាន​ទឹក​កំពុង​ហូរ។ ដូច្នេះ រូបភាព​ដែលមាន​រាង​ចតុកោណ​នៅ​ក្នុង​ផ្ទាំង​គំនូរ​បុរាណ​នេះ​ ទំនង​គ្រាន់​តែ​ជា​សៀវ​ភៅ​ដែល​សរសេរ​អំពី​ពាក្យ​សន្យា​ក្នុង​សាសនា​ប៉ុណ្ណោះ មិន​មែន​ជា​​ «ឧបករណ៍​អនាគត» ​អ្វី​នោះឡើយ៕

Advertisement