Category: អន្តរជាតិ

  • អាជ្ញាធរ​ចិន​កែប្រែ​អណ្ដូងរ៉ែ​ដែក​ទៅជា​ឧទ្យាន​ជាតិ​បៃតង (វីដេអូ)

    អាជ្ញាធរ​ចិន​កែប្រែ​អណ្ដូងរ៉ែ​ដែក​ទៅជា​ឧទ្យាន​ជាតិ​បៃតង (វីដេអូ)

    កាលពី​ថ្ងៃទី 12 មីនា មនុស្ស​ជិត 100 នាក់​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ដាំ​កូនឈើ​នៅក្នុង​ឧទ្យាន​ជាតិ​អណ្ដូងរ៉ែ Huangshi ជាទី​ដែល​ធ្លាប់ជា​អណ្ដូង​កណ្ដាលវាល​ធំជាងគេ​បំផុត​នៅ​អាស៊ី។

    ថ្ងៃទី 12 មីនា គឺជា​ទិវា​ដាំ​រុក្ខជាតិ​នៅ​ប្រទេស​ចិន។ នៅ​ទីក្រុង Huangshi នៃ​ខេត្ត Hubei ប្រទេស​ចិន មនុស្ស​ជិត 100 នាក់​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ដាំ​កូនឈើ​នៅក្នុង​ឧទ្យាន​ជាតិ​អណ្ដូងរ៉ែ Huangshi។ ឧទ្យាន​នេះ​ត្រូវបាន​ស្ថាបនា​ក្បែរ​អណ្ដូងរ៉ែ​ដែក​មួយ​ដែលមាន​អាយុកាល​រាប់​សតវត្សរ៍ និង​ត្រូវបាន​គេ​ហៅថា អណ្ដូងរ៉ែ​ដែក Daye។

    តំបន់​ខាងលើ​ធ្លាប់ជា​អណ្ដូងរ៉ែ​កណ្ដាលវាល​ធំជាងគេ​ក្នុង​ទ្វីបអាស៊ី។ ក្រោយ​ឆ្នាំ 1958 សំណល់​ថ្ម​ជាង 360 លាន​តោន​ត្រូវបាន​ចាក់​ចូលក្នុង​អណ្ដូងរ៉ែ​នេះ។ បន្ទាប់ពី​សេដ្ឋកិច្ច​បាន​រីកចម្រើន និង​ការទាញយក​រ៉ែ​អស់​រយៈពេល​ច្រើន​ទសវត្សរ៍ Huangshi ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី «ទីក្រុង​អស់​ធនធានធម្មជាតិ» កាលពី​ឆ្នាំ 2009។ ដើម្បី​កែលំអ​បរិស្ថាន អាជ្ញាធរ និង​ប្រជាជន​នៅ​មូលដ្ឋាន​ក៏​ចាប់ផ្ដើម​ដាំ​ដើមឈើ​នៅទីនេះ តាំងពី​ទសវត្សរ៍​ឆ្នាំ 1980។

    «ក្រោយពី​បាន​ដាំ​ដើមឈើ​ជាច្រើន​ប្រភេទ យើង​ឃើញថា រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ហៅថា locust សមស្រប​បំផុត ព្រោះ​វា​អាច​សម្រប​ខ្លួន​ជាមួយនឹង​បរិស្ថាន​ក្ដៅ។ ចាប់ពីពេលនោះ​មក យើង​ចាប់ផ្ដើម​សម្រុក​ដាំ​កូនឈើ​ប្រភេទ​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ» Xiao Meng សន្តិសុខ​ប្រចាំ​ឧទ្យាន​ជាតិ Huangshi ឱ្យដឹង​ដូច្នេះ។

    ឧទ្យាន​ជាតិ​អណ្ដូងរ៉ែ Huangshi (Huangshi National Mine Park)

    បច្ចុប្បន្ន តំបន់​អណ្ដូងរ៉ែ​ត្រូវបាន​កែប្រែ​ឱ្យទៅជា​ឧទ្យាន​វប្បធម៌​បៃតង។ លោក Meng បន្ថែមថា «យើង​បាន​ដាំ​ដើមឈើ​នៅទីនេះ​ជិត 40 ឆ្នាំ​ហើយ។ ឪពុក​ខ្ញុំ​ធ្លាប់ជា​កម្មករ​អណ្ដូងរ៉ែ។ ប៉ុន្តែ តាំងពី​ជំនាន់​របស់គាត់ មនុស្សម្នា​ចាប់ផ្ដើម​ដាំ​រុក្ខជាតិ​នៅទីនេះ៕

  • ទីក្រុងដែលលិចក្រោមទឹកសមុទ្រ Pavlopetri មានអាយុកាលចាស់ជាងគេបំផុតលើពិភពលោក

    ទីក្រុងដែលលិចក្រោមទឹកសមុទ្រ Pavlopetri មានអាយុកាលចាស់ជាងគេបំផុតលើពិភពលោក

    (ក្រិ​ក) – មូល​ហេតុដែល​បណ្ដាលឱ្យ Pavlopetri ដែលជា​ទីក្រុង​បុរាណ​អាយុ​ប្រហែល 5,000 ឆ្នាំ ត្រូវ​លិច​ក្រោម​ទឹកសមុទ្រ នៅតែ​ជា​រឿង​អាថ៌កំបាំង។

    ការរកឃើញ​នានា​របស់បុរាណ​វិទូ មាន​ជាអាទិ៍ ទីក្រុង​វង្វេង​ដាន កំណប់​បុរាណ ឬ​សាកសព​កប៉ាល់​បុរាណ​ជាដើម តែងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ។ Pavlopetri ដែល​ជា​ទីក្រុង​បុរាណ​អាយុ​ប្រហែល 5,000 ឆ្នាំ ត្រូវ​លិច​ក្រោម​ទឹកសមុទ្រ ក៏​ជាទី​ចាប់​​អារម្មណ៍​របស់​អ្នកស្រាវជ្រាវ។ នេះ​បើតាម IFL Science។

    Pavlopetri ស្ថិតនៅ​តំបន់ Peloponnesus ភាគខាងត្បូង​ប្រទេស​ក្រិ​ក និង​មាន​អាយុកាល​ប្រហែល 5,000 ឆ្នាំ។ អតីត​ទីក្រុង​នេះ​ត្រូវបាន​រកឃើញ​ដំបូង​ដោយ​អ្នកស្រាវជ្រាវ Folkion Negris កាលពី​ឆ្នាំ 1904។ មកដល់​ឆ្នាំ 1967 បុរាណ​វិទូ Nicholas Flemming មកពី​សាកលវិទ្យាល័យ Southampton បាន​ស្រាវជ្រាវ​លើ​ទីក្រុង​ក្នុង​យុគសម័យ​សំរឹទ្ធ​នេះ​ជាថ្មី។ Flemming អធិប្បាយ​ថា ទីក្រុង​នេះ​ត្រូវ​លិច​ក្រោម​ទឹក​ប្រហែល​ពី 3 ទៅ 4 ម៉ែត្រ។ ឆ្នាំ 1968 Flemming និង​សហការី​ពី​សាកលវិទ្យាល័យ Cambridge ក៏បាន​បន្ត​ស្រាវជ្រាវ​ដាន​ទីក្រុង​លិច​ទឹក​នេះ​ក្នុង​រយៈពេល 6 សប្ដាហ៍។

    ក្រុម​របស់ Flemming ឱ្យដឹងថា ទីក្រុង​នេះ​មាន​ទំហំ​ប្រហែល 300 ម៉ែត្រ x 150 ម៉ែត្រ។ ទីក្រុង Pavlopetri មាន​អគារ​ដាច់ដោយឡែក​យ៉ាងតិច 15 អគារ ព្រមទាំង​មាន​ទីលាន, ផ្លូវ​ចំនួន​ប្រាំ, ចេ​តិ​យ​ចំនួន​ពីរ និង​កូន​ផ្នូរខ្មោច​យ៉ាងតិច 37។ អ្នកវិទ្យាសាស្ត្រ​ក៏បាន​រកឃើញថា ទីក្រុង​ក្រោម​ទឹក​នេះ​បន្ត​ពង្រីក​ខ្លួន​ទៅ​ទិស​ខាងត្បូង រហូតដល់​កោះ Pavlopetri ជា​កន្លែង​រក្សា​បំណែក​ជញ្ជាំង​នានា និង​វត្ថុ​បុរាណផ្សេងៗទៀត មានដូចជា វត្ថុ​ធ្វើ​ពី​ដីឥដ្ឋ ដាវ​ធ្វើ​ពី​ថ្ម រូបសំណាក​ធ្វើ​ពី​សំរឹទ្ធ​អាយុកាល​ប្រហែល​ពី​ឆ្នាំ 2800 ដល់ 1180 មុន​គ្រិស្ត​ស​ក​រាជ។ ប៉ុន្តែ អគារ​នានា​របស់​ទីក្រុង​លិច​ទឹក​នេះ ភាគច្រើន​ស្ថិតក្នុង​សម័យ Mycenae ពី​ឆ្នាំ 1650 ដល់ 1180 មុន​គ្រិស្ត​ស​ក​រាជ។

    ឆ្នាំ 2009 ក្រុម​អ្នកស្រាវជ្រាវ​របស់​ក្រិ​ក និង​សាកលវិទ្យាល័យ Nottingham បាន​រកឃើញ សំណង់​ទំហំ 9,000 ម៉ែត្រ​កា​រ៉េ​ថែមទៀត។ ពួកគេ​ក៏​រកឃើញ​វត្ថុ​បុរាណ​ជាច្រើន​ផ្សេងទៀត​ដែល​បញ្ជាក់ថា ជនជាតិ Mycenae រស់នៅក្នុង​ទីក្រុង Pavlopetri ហើយ​ទីក្រុង​នេះ​មាន​មនុស្ស​រស់នៅ​ពេញ​មួយ​យុគសម័យ​សំរឹទ្ធ ប្រហែល​ពី​ឆ្នាំ 3000 ដល់​ឆ្នាំ 1100 មុន​គ្រិស្តស​ក​រាជ។ ក្នុង​សម័យនេះ ទីក្រុង Pavlopetri មាន​ប្រជាជន​ប្រហែល​ពី 500 ទៅ 2,000 នាក់។

    មូលហេតុ​ដែលនាំឱ្យ​ទីក្រុង Pavlopetri ត្រូវ​លិច​ក្រោម​ទឹកសមុទ្រ មកដល់ពេលនេះ​នៅតែ​ជា​រឿង​អាថ៌កំបាំង​នៅ​ឡើយ។ អ្នកជំនាញ​ខ្លះ​ជឿថា គ្រោះ​រញ្ជួយ​ដី​ដែល​កើតឡើង​ប្រហែល​ក្នុង​ឆ្នាំ 1000 មុន​គ្រិស្តស​ក​រាជ ឬ​ឆ្នាំ 375 មុន​គ្រិស្តស​ក​រាជ បាន​ពន្លិច​ទីក្រុង​នេះ៕

  • រដ្ឋាភិបាល​ឥណ្ឌា​ជំទាស់​រឿង​ទទួលស្គាល់​អាពាហ៍ពិពាហ៍​​របស់​មនុស្ស​ភេទ​ដូចគ្នា

    រដ្ឋាភិបាល​ឥណ្ឌា​ជំទាស់​រឿង​ទទួលស្គាល់​អាពាហ៍ពិពាហ៍​​របស់​មនុស្ស​ភេទ​ដូចគ្នា

    អាជ្ញាធរ​របស់​នាយក​រដ្ឋមន្ត្រី Modi បានដាក់​ឯកសារ​ឡើងទៅ​តុលាការ​កំពូល​របស់​ឥណ្ឌា ដើម្បី​ច្រាល​ចោល​សំណើ​របស់​គូស្នេហ៍​ភេទ​ទី​បី (LGBT) ដែល​ស្នើ​សូម​ឱ្យ​​ទទួលស្គាល់​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ភេទ​ដូចគ្នា។

    ក្រសួងយុត្តិធម៌​ឥណ្ឌា​ជឿថា បើទោះជា​ទំនាក់ទំនង​ក្នុងសង្គម​អាចមាន​រូបភាព​ច្រើនយ៉ាង ប៉ុន្តែ​អាពាហ៍ពិពាហ៍​ដែល​ស្របច្បាប់​គឺ​សម្រាប់​គូស្នេហ៍​មាន​ភេទ​ផ្ទុយគ្នា ហើយ​រដ្ឋ​មាន​ផលប្រយោជន៍​ស្របច្បាប់​នៅក្នុង​ការរក្សា​ប្រការនេះ។

    «ការណ៍​ដែល​មនុស្ស​ភេទ​ដូចគ្នា​រស់នៅក្នុង​នាម​ជា​ភរិយា​ស្វាមី និង​មាន​ទំនាក់ទំនង​ផ្លូវភេទ មិនអាច​ប្រៀបប្រដូច​ទៅនឹង​និយមន័យ​គ្រួសារ​របស់​ឥណ្ឌា ដែល​រួមមាន​ភរិយា ស្វាមី និង​កូន» ឯកសារ​ពី​ក្រសួងយុត្តិធម៌​មាន​ឃ្លា​សរសេរ​ដូច្នេះ។ តុលាការ​មិនអាច​ត្រូវបាន​គេ​ស្នើឱ្យ «ប្ដូរផ្លាស់​គោលនយោបាយ​បង្កើត​ច្បាប់​របស់​ប្រទេសជាតិ​ដែល​បាន​ចាក់ឫស​ជ្រៅ​ទៅក្នុង​បទដ្ឋាន​សាសនា និង​សង្គម»។

    នៅក្នុង​សេចក្ដីសម្រេច​ជា​ប្រវត្តិសាស្ត្រ​មួយ​កាលពី​ឆ្នាំ 2018 តុលាការ​កំពូល​ឥណ្ឌា បាន​កែប្រែ​ច្បាប់​ដែល​​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​គូស្នេហ៍​ភេទ​ដូចគ្នា ដោយ​​បាន​លុបចោល​ការហាម​ប្រាម​ចំពោះ​ទំនាក់ទំនង​ផ្លូវភេទ​របស់​មនុស្ស​ភេទ​ដូចគ្នា​ដែលមាន​តាំងពី​សម័យ​អាណានិគម​។

    នៅក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ​យ៉ាងហោចណាស់​មាន​ញត្តិ​ចំនួន 15 ត្រូវបាន​ដាក់​ឡើងទៅ​តុលាការ​កំពូល​ ដើម្បី​ស្នើ​សូមឱ្យ​ទទួលស្គាល់​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ភេទ​ដូចគ្នា ក្នុង​បំណង​បង្កើតឱ្យមាន​មូលដ្ឋាន​ច្បាប់​​សម្រាប់​ការប្រឈមមុខ​​ជាមួយនឹង​រដ្ឋាភិបាលរ​បស់​នាយករដ្ឋមន្ត្រី Narendra Modi។

    បច្ចុប្បន្ន ទ្វីបអាស៊ី ភាគច្រើន​នៅតែ​ដើរ​យឺត​ជាង​លោកខាងលិច នៅក្នុង​ការទទួលស្គាល់​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ភេទ​ដូចគ្នា។ ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ភេទ​ដូចគ្នា​នៅតែ​ត្រូវបាន​ចាត់ទុកថា​ជា​រឿង​ខុសច្បាប់​នៅក្នុង​ប្រទេស​មួយចំនួន​ទ្វីប​នេះ​ ក្នុង​នោះ​មានជា​អាទិ៍ ប្រទេស​ម៉ាឡេស៊ី និង​ជប៉ុន​ជាដើម។

    នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​តុលាការ​កំពូល​កាលពី​ថ្ងៃទី 12 មីនា 2023 រដ្ឋាភិបាល​ឥណ្ឌា​បាន​អះអាង​ជា​ថ្មី​ថា សេចក្ដីសម្រេច​របស់​តុលាការ​កាលពី​ឆ្នាំ 2018 មិនមែនជា​ការទទួល​ស្គាល់​សិទ្ធិ​ស្របច្បាប់​ជា​មូលដ្ឋាន​ចំពោះ​អាពាហ៍ពិពាហ៍​មនុស្ស​ភេទ​ដូចគ្នា​ទៅតាម​ច្បាប់​របស់​ប្រទេសឥណ្ឌា​ឡើយ ហើយ​ការផ្លាស់ប្ដូរ​ណាមួយ​ទាក់​ទិន​នឹង​រចនាសម្ព័ន្ធ​ច្បាប់​គឺ​សុទ្ធតែ​ត្រូវ​​​អនុម័ត​ដោយ​សភា​ មិនមែន​តុលាការ​នោះទេ៕

  • ក្នុងករណី​រត់​ជាន់គ្នា​ស្លាប់​ជាង 100 នាក់​នៅ​កីឡដ្ឋាន​របស់​ឥណ្ឌូណេស៊ី មន្ត្រី​ពីររូប​ត្រូវ​ជាប់ពន្ធនាគារ​

    ក្នុងករណី​រត់​ជាន់គ្នា​ស្លាប់​ជាង 100 នាក់​នៅ​កីឡដ្ឋាន​របស់​ឥណ្ឌូណេស៊ី មន្ត្រី​ពីររូប​ត្រូវ​ជាប់ពន្ធនាគារ​

    សារព័ត៌មាន Reuters បាន​ផ្សាយ​ថា តុលាការ​នៅ Surabaya ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី 10 មីនា 2023 បាន​កាត់ទោស​ដាក់ពន្ធនាគា​រ​ចំពោះ​មន្ត្រី​គ្រប់គ្រង​បាល់ទាត់​ពីររូប​របស់​ប្រទេស​នេះ ក្រោយពី​បាន​រកឃើញថា​ពួកគេ​ជាប់ទោស​ស្ដីពី​ការធ្វេសប្រហែស បណ្ដាលឱ្យមាន​សោកនាដកម្ម​រត់​ជាន់គ្នា​ស្លាប់​នៅឯ​កីឡដ្ឋាន​ Kanjuruhan ក្នុង​តំបន់ Manlang កាលពី​ខែតុលា 2022 ​ក្នុងអំឡុង​ការប្រកួតបាល់​ទាត់​​រវាង​ក្លឹប Arema និង Persebaya Surabaya។

    ហេតុ​ការណ៍​ដ៏​អាក្រក់​នៅ​ឯ​កីឡដ្ឋាន Kanjuruhan បាន​កើត​ឡើង​នៅ​ពេល​ស្ថានការណ៍​ជ្រួលច្របល់​ក្រោយ​ការប្រកួត ពេល​ដែល​មនុស្ស​ម្នា​​ដណ្ដើម​គ្នា​រត់ បន្ទាប់ពី​ប៉ូលិសបាន​​បាញ់​ផ្សែង​បង្ហូរទឹកភ្នែក​សំដៅ​ហ្វូង​មនុស្ស​​បណ្ដាលឱ្យ​ទស្សនិកជន 135 នាក់​បាត់​បង់ជីវិត និង​ជាច្រើន​នាក់​រងរបួស។

    ចៅក្រម Abu Achmad Shiddqi Hamsya បានឱ្យដឹងថា Abdul Haris (មន្ត្រី​បាល់ទាត់​ដែល​ចាត់ចែង​ការប្រកួត​ខាងលើ) ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​មួយឆ្នាំ​កន្លះ ដោយសារការ «ធ្វេសប្រហែស ធ្វើឱ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់ និង​រងរបួស»។

    Abdul Haris បាន​ចាត់ចែង​ការលក់​សំបុត្រ​ច្រើនជាង​សមត្ថភាព​របស់​កីឡដ្ឋាន បណ្ដាលឱ្យមាន​ហេតុការណ៍​រត់​ជាន់គ្នា។ ចំណែក Suko Sutrisno (បុគ្គលិក​សន្តិសុខ​រប​ស់​ក្លឹប Arema) ត្រូវ​ជាប់ពន្ធនាគារ​មួយឆ្នាំ ដោយ​​​ជាប់ទោស​ពីបទ​ធ្វេសប្រហែស។ ពួកគេ​ក៏ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី ហាម​ចូលរួម​សកម្មភាព​ដែល​ទាក់ទង​នឹង​បាល់ទាត់​ អស់​មួយជីវិត។

    ហេតុ​ការណ៍​ដ៏​អាក្រក់​នៅ​ឯ​កីឡដ្ឋាន Kanjuruhan បាន​កើត​ឡើង​នៅ​ពេល​ស្ថានការណ៍​ជ្រួលច្របល់​ក្រោយ​ការប្រកួត ពេល​ដែល​មនុស្ស​ម្នា​​ដណ្ដើម​គ្នា​រត់ បន្ទាប់ពី​ប៉ូលិសបាន​​បាញ់​ផ្សែង​បង្ហូរទឹកភ្នែក​សំដៅ​ហ្វូង​មនុស្ស​​

    ចំណែក​មន្ត្រីប៉ូលិស​បីនាក់​ផ្សេងទៀត​ដែល​បាន​បាញ់​ផ្សែង​បង្ហូរទឹកភ្នែក​សំដៅលើ​មនុស្សម្នា​ក្នុង​ហេតុការណ៍​ខាងលើ ​ក៏​កំពុង​ត្រូវ​បាន​ពិចារណាលើទោស​កំហុស​ មុន​ពេលចេញ​សាលក្រម​ចុងក្រោយ៕

  • ចានគោម​ក្នុង​រជ្ជកាល​ស្ដេច ឈៀន ឡុង ត្រូវបាន​កំណត់​តម្លៃ​ជាង 20 លាន​ដុល្លារ​អាម៉េរិក

    ចានគោម​ក្នុង​រជ្ជកាល​ស្ដេច ឈៀន ឡុង ត្រូវបាន​កំណត់​តម្លៃ​ជាង 20 លាន​ដុល្លារ​អាម៉េរិក

    ចានគោម​ដែលមាន​រូប​សត្វ​ត្រចៀកកាំ​ក្នុងសម័យ​អធិរាជ ឈៀន ឡុង របស់​ប្រទេស​ចិន បង្ហាញខ្លួន​នៅក្នុង​ទីផ្សារ​លក់​ដេញថ្លៃ និង​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់​ជាង 25 លាន​ដុល្លារ​អាម៉េរិក។

    យោងតាម The Value ស្នាដៃ​សិប្បកម្ម​ដែល​នឹង​ត្រូវបាន​ដាក់លក់​ដេញថ្លៃ​នៅ​ថ្ងៃទី 08 មេសា 2023 ខាងមុខ គឺជា «វត្ថុ​ពិសេស» ក្នុងចំណោម​វត្ថុ​បុរាណ​នៅក្នុង​ឱកាស​ខួប 50 ឆ្នាំ​នៃ​ការបង្កើត​ក្រុមហ៊ុន Sotheby’s Hong Kong។

    ក្រោយ​រយៈពេល 17 ឆ្នាំ វត្ថុ​បុរាណ​ដែល​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​លើក​នេះ​ត្រូវបាន​គេ​សង្ឃឹមថានឹង​ក្លាយជា​វត្ថុ​បុរាណ​ចិន​ធ្វើ​ពី​សេ​រ៉ា​មិច​មានតម្លៃ​ថ្លៃ​ជាងគេ។ អ្នកជំនាញ​និយាយថា តម្លៃ​របស់​ចានគោម​នេះ បច្ចុប្បន្ន​ខ្ពស់ជាង 200 លាន​ដុល្លារ​ហុងកុង (ជាង 25 លាន​ដុល្លារ​អាម៉េរិក)។

    កាលពី​ឆ្នាំ 2006 ចាន​នេះ​ត្រូវបាន​អ្នកជំនួញ​ម្នាក់​នៅ​ហុងកុង​ទិញ​ក្នុងតម្លៃ 151 លាន​ដុល្លារ​ហុងកុង (19.2 លាន​ដុល្លារ​អាម៉េរិក) និង​ក្លាយជា​វត្ថុ​បុរាណ​ធ្វើ​ពី​សេ​រ៉ា​មិច​សម័យ​រាជវង្ស​ឈី​ង​របស់​ចិន​មានតម្លៃ​ខ្ពស់​ជាងគេ និង​ជា​ស្នាដៃ​សិល្បៈ​ទ្វីបអាស៊ី​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​នាពេលនោះ។ បច្ចុប្បន្ន កំណត់ត្រា​ស្ដីពី​ផលិតផល​សេ​រ៉ា​មិច​ចិន​មានតម្លៃ​ខ្ពស់បំផុត​បាន​ទៅលើ​ថូ​សម័យ​ស្ដេច ឈៀន ឡុង ដោយ​ត្រូវបាន​លក់​ក្នុងតម្លៃ 327 លាន​ដុល្លារ​ហុងកុង (41.6 លាន​ដុល្លារ​អាម៉េរិក) កាលពី​ឆ្នាំ 2021។

    អធិរាជ​ ឈៀន ឡុង សោយរាជ្យនៅប្រទេស​ចិនពីឆ្នាំ 1735 ដល់ 1796 ដូច្នេះ​​ចាន​នេះមាន​អាយុ​កាល​ប្រហែល​ពី 226 ឆ្នាំ​ដល់ 287 ឆ្នាំ​។ ចានគោម​សម័យ​ស្ដេច ឈៀន ឡុង មាន​រូប​ផ្កា​អាល​មិន (អាល​ម៉ុង-almond), ផ្ការាំង​រាសី និង​សត្វ​ត្រចៀកកាំ ចំណែក​ម្ខាង​ទៀត​មាន​កំណាព្យ​ពីរ​ឃ្លា។

    ចាន ឬ​សម្ភារៈ​សេ​រ៉ា​មិច គឺជា​របស់​ដែល​ធ្វើ​ពី​ដីឥដ្ឋ​កា​អូ​លី​នី​ត (Kaolinite) ដោយ​វា​ត្រូវបាន​គេ​ដុត​ក្នុង​កម្ដៅ​ចាប់ពី 1,200 អង្សា​សេ​ដល់ 1,400 អង្សា​សេ។

  • លី​ទុយ​អា​នី ថា រុស្ស៊ី​អាចធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ «ពីរ​ឆ្នាំ​បន្ថែមទៀត»

    លី​ទុយ​អា​នី ថា រុស្ស៊ី​អាចធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ «ពីរ​ឆ្នាំ​បន្ថែមទៀត»

    ប្រធាន​អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​ក​ង​ទ័ព​ប្រទេស​លី​ទុយ​អា​នី និយាយថា រុស្ស៊ី​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​រក្សា​យុទ្ធនាការ​យោធា​ពិសេស​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​ដូច​បច្ចុប្បន្ន​ចំនួន​ពីរ​ឆ្នាំ​បន្ថែមទៀត។

    «ប្រភពធនធាន​នានា​ដែល​​​រុស្ស៊ី​កំពុងមាន ​គឺ​គ្រប់គ្រាន់​ដើម្បី​អាច​បន្តធ្វើ​សង្គ្រាម​ខ្លាំងក្លា​ដូច​បច្ចុប្បន្ន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត» ប្រធាន​អង្គភាព​ស៊ើប​ការណ៍សម្ងាត់​របស់​កងទ័ព​លី​ទុយ​អា​នី Elegijus Paulavicius ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី 09 មីនា​ដូច្នេះ។ «ពេលវេលា​ដែល​រុស្ស៊ី​អាច​អូសបន្លាយ​សម្រាប់​ការធ្វើ​សង្គ្រាម​នេះ​នឹង​អាស្រ័យ​លើ​ការជួយជ្រោមជ្រែង​ពី​បណ្ដា​ប្រទេស មានដូចជា អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ជាដើម»។

    ក្រុម​ចារកម្ម​របស់លោក​ខាងលិច​កន្លងមក​ធ្លាប់បាន​និយាយថា អ៊ីរ៉ង់ និង​កូរ៉េខាងជើង​កំពុង​ផ្គត់ផ្គង់​អាវុធ​ឱ្យ​រុស្ស៊ី ប៉ុន្តែ​ទីក្រុង​តេ​ហេ​រ៉ង់ និង​ព្យុងយ៉ាង​បាន​ច្រានចោល​ការចោទប្រកាន់​នេះ។

    ទណ្ឌកម្ម​នានា​របស់​ប​ស្ចិ​ម​លោក​មិនទាន់​ជះឥទ្ធិពល​ដល់​ប្រភព​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី​សម្រាប់​យុទ្ធនាការ​យោធា។ រុស្ស៊ី​បាន​ប្រើប្រាស់ «ស្ថាប័ន​អន្តរការី​ជាច្រើន» ដើម្បី​មាន​បច្ចេកវិទ្យា​ដែល​រង​ទណ្ឌកម្ម។ កងទ័ព​រុស្ស៊ី​ក៏​ត្រូវបាន​កែ​សម្រួល​ដើម្បី​អាច​ប្រឈមមុខ​នឹង​លោកខាងលិច​ក្នុង​រយៈពេល​យូរ ព្រមទាំង​ នឹង​បង្កើត​វត្ត​មាននៅ​សមុទ្រ​បាល​ទិច។ នេះ​បើតាម​លោក Paulavicius។

    ក្រុមមន្ត្រី​រុស្ស៊ី​មិនទាន់​មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​ការអះអាង​របស់​លោក Paulavicius ខាងលើ។

    លី​ទុយ​អា​នី​ក៏បាន​ចោទថា ក្រុមចោរ​អ៊ី​ន​ធើ​ណិ​ត​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​រុស្ស៊ី និង​ចិន បាន​ព្យាយាម​ចូល​គ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​នៅក្នុង​ឆ្នាំ 2020។

    លី​ទុយ​អា​នី​មាន​ព្រំដែន​ជាប់​នឹង Kaliningrad ដែលជា​ទឹកដី​ឯនាយសមុទ្រ​របស់​រុស្ស៊ី

    ក្រោយ​ត្រូវ​លី​ទុយ​អា​នី​ចោទប្រកាន់ ប្រទេស​ចិន​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ។ ប៉ុន្តែ ភាគី​រុស្ស៊ី​វិញ ធ្លាប់បាន​ទាត់ចោល​ការអះអាង​នេះ​ជាច្រើនលើក។

    លី​ទុយ​អា​នី​មាន​ព្រំដែន​ជាប់​នឹង Kaliningrad ដែលជា​ទឹកដី​ឯនាយសមុទ្រ​របស់​រុស្ស៊ី ហើយក៏​ជា​កន្លែង​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៃ​កង​នាវាចរ​ណ៍​បាល់​ទិ​ក​របស់​កងទ័ពជើងទឹក​រុស្ស៊ី​ផងដែរ​។ លី​ទុយ​អា​នី​កំពុង​បារម្ភ​ចំពោះ​សន្តិសុខ​ជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ 2022។

    លី​ទុយ​អា​នី​គឺជា​សមាជិក​មួយ​របស់​សហភាព​អឺរ៉ុប​ដែល​រិះគន់​រុស្ស៊ី​ខ្លាំងជាងគេ ខណៈដែល​ទំនាក់ទំនង​រវាង​ប្រទេស​នេះ និង​ចិន​មាន​ភាព​តានតឹង​ចាប់ពី​ឆ្នាំ 2021 បន្ទាប់ពី ទីក្រុង​វីលនីញូស អនុញ្ញាតឱ្យ​ទីក្រុង​តៃប៉ិ​បើក​ការិយាល័យ​តំណាង​ការទូត​លើទឹក​ដី​ខ្លួន៕

  • អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​ប្រាស់​​អំណាច​ខុសច្បាប់

    អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​ប្រាស់​​អំណាច​ខុសច្បាប់

    ក្នុង​សវនាការ​នៅ​កូ​ឡា​ឡាំ​ពួ លោក Muhyiddin Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំណាច​ហួស​ដែន​កំណត់​ចំនួន​បួន​ករណី និង​ពីរ​ករណី​ទៀត​ទាក់ទិន​នឹង​ការលាង​លុយ។

    នា​ថ្ងៃទី 10 មីនា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Muhyiddin Yassin បាន​ចូល​បង្ហាញខ្លួន​នៅ​តុលាការ​មួយ​ក្នុង​រាជធានី​កូ​ឡា​ឡាំ​ពួ ហើយ​លោក​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​អំណាច និង​លាង​លុយ​ខុស​ច្បាប់ ទាក់ទិន​នឹង​បណ្ដា​គម្រោង​ដែល​បាន​អនុវត្ត​ក្នុងពេល​លោក​​កំពុង​កាន់អំណាច។

    នៅក្នុង​សវនាការ​នៅ​កូ​ឡា​ឡាំ​ពួ លោក Muhyiddin Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំណាច​ហួស​ដែន​កំណត់​ចំនួន​បួន​ករណី ទាក់ទិន​នឹង​ប្រា​ក់ជាង 232 លាន​រីង​ហ្គី​ត (51.4 លាន​ដុល្លារ​អាម៉េរិក) និង​ពីរ​ករណី​ទៀត​ដែល​ទាក់ទិន​នឹង​ការលាង​លុយ 195 លាន​រីង​ហ្គី​ត (ជាង 43 លាន​ដុល្លារ​អាម៉េរិក)។

    ក៏ប៉ុន្តែ លោក Yassin បាន​ច្រានចោល​ការចោទប្រកាន់ ហើយ​កន្លងមក លោក​ធ្លាប់​​បាន​និយាយថា ការចោទប្រកាន់​ទាំងនេះ​គឺមាន​ចរិត​នយោបាយ។

    ទោះជា​យ៉ាងណាក៏ដោយ បើសិន​ត្រូវបាន​ផ្ដន្ទាទោស​ពីបទ​លាង​លុយ លោក Yassin អាច​នឹងត្រូវ​ជាប់ពន្ធ​នាគារ 15 ឆ្នាំ។ ចំណែក​ទោស​ប្រើ​អំណាច​ខុសច្បាប់​វិញ​អាច​ត្រូវ​ជាប់ពន្ធនាគារ 20 ឆ្នាំ។ ទន្ទឹមនឹង​ការជាប់​ពន្ធនាគារ លោក Yassin ក៏​អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់​យ៉ាងច្រើន​ផងដែរ។

    លោក Yassin ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី 09 មីនា នៅពេល​លោក​បាន​ទៅ​បង្ហាញខ្លួន​នៅឯ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) ទាក់ទង​នឹង Jana Wibawa ដែលជា​កម្មវិធី​ទប់ទល់​នឹង​បញ្ហា​ក្នុង​​សម័យ​កូ​វីដ។ ប៉ុន្តែ ក្នុង​ថ្ងៃ​ដដែល លោក Yassin ក៏ត្រូវ​បាន​ដោះលែង។

    លោក Muhyiddin Yassin គឺជា​មេដឹកនាំ​របស់​បក្ស​សាមគ្គី​ជនជាតិ​ម៉ា​ឡេ​ក្នុងស្រុក (Bersatu)។ លោក​គឺជា​អ្នក​ដែល​ទើប​ត្រូវបាន​ចាប់ខ្លួន​ចុងក្រោយ ទាក់ទិន​នឹង​កម្មវិធី Jana Wibawa។ មុន​នោះ MACC បាន​បង្កក​គណនី​រប​ស់ប​ក្ស Bersatu។

    នៅក្នុង​ខែកុម្ភៈ 2023 មេដឹកនាំ​ពីររូប​ផ្សេងទៀត​របស់​បក្ស Bersatu ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ចោទប្រកាន់​ពីបទ​ពុករលួយ ទាក់ទិន​នឹង​គម្រោង​ដែលមាន​ជាប់ពាក់​ព័ន្ធ៕

  • ប្រធានាធិបតី​អាម៉េរិក​ដាក់សំណើ​បង្កើន​ថវិកា​ការពារជាតិ​ជាង 880 ពាន់​លាន​ដុល្លារ

    ប្រធានាធិបតី​អាម៉េរិក​ដាក់សំណើ​បង្កើន​ថវិកា​ការពារជាតិ​ជាង 880 ពាន់​លាន​ដុល្លារ

    ប្រធានាធិបតី ចូ បៃ​ដិ​ន សង្កត់ធ្ងន់ថា ថវិកា​នេះ​នឹង​ធានា​ចំពោះ​ការសន្យា​របស់​សហរដ្ឋ​អាម៉េរិក នៅក្នុង​ប្រឈម​នឹង​បញ្ហា​នានា​នៅ​ទូទាំង​សកលលោក និង​រក្សា​សុវត្ថិភាព​សម្រាប់​ទីក្រុង​វ៉ា​ស៊ី​ង​តោន ក៏ដូចជា​ជួយ​ដល់​អ៊ុយ​ក្រែ​ន។

    កាលពី​ថ្ងៃទី 09 មីនា លោក បៃ​ដិ​ន បានប្រកាស​អំពី​សំណើ​ថវិកា​ការពារជាតិ​ប្រហែល 886 ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំសារពើពន្ធ 2024 កើន 3.3% ធៀប​នឹង​ឆ្នាំ 2023 ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​ដែល​សហរដ្ឋ​អាម៉េរិក​កំពុង​ជួបប្រទះ។

    រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន មាន​ផែនការ​ចំណាយ​សរុប 6.88 ទ្រី​លាន​ដុល្លារ កើន 8% ធៀប​នឹង​ឆ្នាំ 2023 សម្រាប់​ឆ្នាំសារពើពន្ធ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 01 តុលា​ខាងមុខ។

    លោក បៃ​ដិ​ន សង្កត់ធ្ងន់ថា «ថវិកា​នេះ​ជួយ​គាំទ្រ​ដល់​ការសន្យា​របស់​យើង​នៅក្នុង​ការប្រឈមមុខ​នឹង​ឧបសគ្គ​សកល និង​រក្សា​សុវត្ថិភាព​សម្រាប់​សហរ​ដ្ឋ​អាម៉េរិក។ វា​គូសវាស​នូវ​ខ្ទង់​វិនិយោគ​សំខាន់​នានា​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន​នៅលើ​ពិភពលោក និង​បន្ត​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន។

    យោងតាម​វ៉ា​ស៊ី​ង​តោន កំណើន​ថវិកា​ការពារជាតិ​ខាងលើ​នឹង​រួមចំណែក​ជំរុញ​សមត្ថភាព​កំញើញ​ទូទៅ​របស់​សហរដ្ឋ​អាម៉េរិក នៅក្នុង​តំបន់​ទាំងឡាយ​លើ​ពិភពលោក៕

  • លោក Kim Jong-un បញ្ជា​ឱ្យ​កងទ័ព​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ជាក់ស្ដែង

    លោក Kim Jong-un បញ្ជា​ឱ្យ​កងទ័ព​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ជាក់ស្ដែង

    មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un បាន​បញ្ជា​ឱ្យ​កងទ័ព​ជំរុញ​ការធ្វើ​សមយុទ្ធ ត្រៀមខ្លួន​សម្រាប់​ស្ថានការណ៍​សង្គ្រាម​ជាក់ស្ដែង ក្នុង​គ្រា​ដែល​លោក​ធ្វើ​ទស្សនកិច្ច​ព្រឹត្តិការណ៍​បាញ់​សាកល្បង​មីស៊ីល​ផ្លោង។

    ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA កាលពី​ម្សិលមិញ​ប្រកាសថា លោក Kim Jong-un បាន​​ធ្វើ​ទស្សនកិច្ច​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​អង្គភាព​ជំនាញ​វាយប្រហារ​មួយ និង​បន្ថែមថា អង្គភាព​នេះ​បាន​បាញ់​កាំជ្រួច​ផ្លោង​ខ្លាំងក្លា​ជាច្រើន​គ្រាប់​ទៅ​កាន់​​គោលដៅ​លើ​សមុទ្រ ព្រមទាំង​បានបង្ហាញ​សមត្ថភាព​ត្រៀមខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រឈម​នឹង​សង្គ្រាម​ជាក់ស្ដែង។

    រូបភាព​ដែល​ត្រូវបាន​ចុះផ្សាយ​បង្ហាញថា លោក Kim Jong-un និង​កូនស្រី​មាន​វត្ត​មាននៅ​មូលដ្ឋានទ័ព ខណៈដែល​យាន​បាញ់​ផ្លោង​មី​ស៊ី​ល​ជាច្រើន​គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​ក្រោម​ការការពារ​របស់រ​ថ​ពាស​ដែក និង​ទាហាន​ថ្នើ​រ​ជើង។ ក្រោយមក មី​ស៊ី​ល​ផ្លោង 6 គ្រាប់​ត្រូវបាន​បាញ់​ចេញ​ដំណាលគ្នា។

    មេដឹកនាំ​របស់​​កូរ៉េខាងជើង​សង្កត់ធ្ងន់ថា «អង្គភាព​ប្រដាប់អាវុធ​ខ្នាត​ធំ​ត្រូវការ​ការធ្វើ​សមយុទ្ធ​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​បំពេញ​សមត្ថភាព​នៃ​ការអនុវត្ត​ភារកិច្ច​យុទ្ធសាស្ត្រ រួម​មាន ការ​កំញើញ​អំពី​សង្គ្រាម និង​ដើម្បី​មាន​ប្រៀប​នៅពេល​ផ្ទុះ​សង្គ្រាម ក៏ដូចជា​ជំរុញ​ការធ្វើ​សមយុទ្ធ​ ​ត្រៀម​សម្រាប់​សង្គ្រាម​ជាក់ស្ដែង»។

    រូបភាព​ដែល​ត្រូវបាន​ចុះផ្សាយ​បង្ហាញថា លោក Kim Jong-un និង​កូនស្រី​មាន​វត្ត​មាននៅ​មូលដ្ឋានទ័ព

    កូរ៉េខាងត្បូង​ឱ្យដឹងថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​ព្រលប់​ថ្ងៃទី 09 មីនា ខណៈដែល​សហរដ្ឋ​អាម៉េរិក បញ្ជាក់ថា ការបាញ់​សាកល្បង​អាវុធ​របស់​កូរ៉េខាងជើងនេះ​ ធ្វើឱ្យមាន​អស្ថិរភាព​ក្នុង​តំបន់។

    ថ្មីៗនេះ ឧបទ្វីប​កូរ៉េ និង​តំបន់​ជុំវិញ​បន្ត​ឡើងក​ម្ដៅ នៅពេល​កូរ៉េខាងត្បូង​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជាមួយ​​សហរដ្ឋ​អាម៉េរិក និង​ជប៉ុន ហើយ​​កូរ៉េខាងជើង​​ក៏​បាញ់​សាកល្បង​មី​ស៊ី​ល និង​អាវុធ​ថ្មីៗ​ជា​បន្ត​បន្ទាប់៕

  • ករណី​ចោរប្លន់ប្រាក់​​ជាង 32 លាន​ដុល្លារ​ក្នុង​ព្រលាន​យន្តហោះ​នៅ​​ស៊ី​លី បាន​សម្លាប់​មនុស្ស​ច្រើន​នាក់

    ករណី​ចោរប្លន់ប្រាក់​​ជាង 32 លាន​ដុល្លារ​ក្នុង​ព្រលាន​យន្តហោះ​នៅ​​ស៊ី​លី បាន​សម្លាប់​មនុស្ស​ច្រើន​នាក់

    កងកម្លាំង​សន្តិសុខ​របស់​ព្រលានយន្តហោះ​នៅ Santiago ប្រយុទ្ធ​គ្នា​ជាមួយនឹង​ក្រុមចោរប្រដាប់​អាវុធ ដើម្បី​រារាំង​សកម្មភាព​ប្លន់​ប្រាក់ 32.5 លាន​ដុល្លារ​នៅលើ​យន្តហោះ បណ្ដាលឱ្យមាន​មនុស្ស​ពីរ​នាក់​បាត់​បង់ជីវិត។

    ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​ពី 10 ទៅ 12 នាក់ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 08 មីនា បាន​បើករថយន្ត​បី​គ្រឿង​សម្រុកចូល​ព្រលានយន្តហោះ​អន្តរជាតិ Arturo Merino Benitez។ ពួកគេ​បាន​ឆ្ពោះទៅកាន់​កន្លែង​លើកដាក់​ទំនិញ ក្នុង​គ្រា​ដែល​បុគ្គលិក​កំពុង​ជញ្ជូន​ប្រាក់ 32.5 លាន​ដុល្លារ​អាម៉េរិក​ចេញពី​យន្តហោះ ដើម្បី​ដាក់​ចូលក្នុង​រថពាសដែក។

    «ទំនិញ​មានតម្លៃ​ខ្ពស់​ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ LATAM ពី Miami ដែល​ការពារ​ដោយ​ក្រុមហ៊ុន​សន្តិសុខ Brinks។ ក្រុមចោរប្លន់​បាន​សម្រុកចូល ប៉ុន្តែ​ត្រូវ​ក្រុម​សន្តិសុខ​បាញ់ប្រហារ​រុញច្រាន​ទៅវិញ» រដ្ឋអាជ្ញា Eduardo Baeza ដែល​ទទួលបន្ទុក​ស៊ើបអង្កេត​រឿងក្ដី​នេះ បាន​ថ្លែង​ដូច្នេះ។

    ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​សន្តិសុខ និង​ក្រុមចោរប្លន់ បាន​បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ ក្នុងនោះ​មាន​ម្នាក់​ជា​សន្តិសុខ និង​ម្នាក់​ជា​ចោរ។ ក្រោយមក ក្រុមចោរ​ក៏បាន​រត់គេច​ខ្លះ និង​ដុត​រថយន្ត​ពីរ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ពួក​គេ​នៅលើ​ផ្លូវ​ល្បឿន​លឿន​ក្បែរ​កន្លែងកើតហេតុ។

    ប្រធានាធិបតី Gabriel Boric បាន​សន្យាថា ស្វែងរក និង​កាត់ទោស​ក្រុមចោរប្លន់​នេះ​ឱ្យបាន។ លោក​ក៏បាន​អះអាងថា នឹង​ផ្ដល់​កម្លាំង​ប៉ូលិស​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ប្រឈមមុខ​នឹង​ក្រុម​ឧក្រិដ្ឋ​ជននេះ។

    កាលពី​ឆ្នាំ 2020 នៅឯ​ព្រលានយន្តហោះ Arturo Merino Benitez ក៏​កើតមាន​ករណី​ប្លន់​ស្រដៀង​គ្នា​នេះ ដែល​ពេលនោះ ចោរ​បាន​ប្លន់​យកប្រាក់ 15 លាន​ដុល្លារ​អាម៉េរិក​ពី​រថយន្ត​ដឹកទំនិញ។ ឆ្នាំ 2014 ព្រលានយន្តហោះ​នេះ​ក៏ត្រូវ​ចោរប្លន់​យកបាន​ប្រា​ក់ជាង 10 លាន​ដុល្លារ៕