រដ្ឋាភិបាល​ឥណ្ឌា​ជំទាស់​រឿង​ទទួលស្គាល់​អាពាហ៍ពិពាហ៍​​របស់​មនុស្ស​ភេទ​ដូចគ្នា

អាជ្ញាធរ​របស់​នាយក​រដ្ឋមន្ត្រី Modi បានដាក់​ឯកសារ​ឡើងទៅ​តុលាការ​កំពូល​របស់​ឥណ្ឌា ដើម្បី​ច្រាល​ចោល​សំណើ​របស់​គូស្នេហ៍​ភេទ​ទី​បី (LGBT) ដែល​ស្នើ​សូម​ឱ្យ​​ទទួលស្គាល់​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ភេទ​ដូចគ្នា។

ក្រសួងយុត្តិធម៌​ឥណ្ឌា​ជឿថា បើទោះជា​ទំនាក់ទំនង​ក្នុងសង្គម​អាចមាន​រូបភាព​ច្រើនយ៉ាង ប៉ុន្តែ​អាពាហ៍ពិពាហ៍​ដែល​ស្របច្បាប់​គឺ​សម្រាប់​គូស្នេហ៍​មាន​ភេទ​ផ្ទុយគ្នា ហើយ​រដ្ឋ​មាន​ផលប្រយោជន៍​ស្របច្បាប់​នៅក្នុង​ការរក្សា​ប្រការនេះ។

«ការណ៍​ដែល​មនុស្ស​ភេទ​ដូចគ្នា​រស់នៅក្នុង​នាម​ជា​ភរិយា​ស្វាមី និង​មាន​ទំនាក់ទំនង​ផ្លូវភេទ មិនអាច​ប្រៀបប្រដូច​ទៅនឹង​និយមន័យ​គ្រួសារ​របស់​ឥណ្ឌា ដែល​រួមមាន​ភរិយា ស្វាមី និង​កូន» ឯកសារ​ពី​ក្រសួងយុត្តិធម៌​មាន​ឃ្លា​សរសេរ​ដូច្នេះ។ តុលាការ​មិនអាច​ត្រូវបាន​គេ​ស្នើឱ្យ «ប្ដូរផ្លាស់​គោលនយោបាយ​បង្កើត​ច្បាប់​របស់​ប្រទេសជាតិ​ដែល​បាន​ចាក់ឫស​ជ្រៅ​ទៅក្នុង​បទដ្ឋាន​សាសនា និង​សង្គម»។

នៅក្នុង​សេចក្ដីសម្រេច​ជា​ប្រវត្តិសាស្ត្រ​មួយ​កាលពី​ឆ្នាំ 2018 តុលាការ​កំពូល​ឥណ្ឌា បាន​កែប្រែ​ច្បាប់​ដែល​​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​គូស្នេហ៍​ភេទ​ដូចគ្នា ដោយ​​បាន​លុបចោល​ការហាម​ប្រាម​ចំពោះ​ទំនាក់ទំនង​ផ្លូវភេទ​របស់​មនុស្ស​ភេទ​ដូចគ្នា​ដែលមាន​តាំងពី​សម័យ​អាណានិគម​។

នៅក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ​យ៉ាងហោចណាស់​មាន​ញត្តិ​ចំនួន 15 ត្រូវបាន​ដាក់​ឡើងទៅ​តុលាការ​កំពូល​ ដើម្បី​ស្នើ​សូមឱ្យ​ទទួលស្គាល់​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ភេទ​ដូចគ្នា ក្នុង​បំណង​បង្កើតឱ្យមាន​មូលដ្ឋាន​ច្បាប់​​សម្រាប់​ការប្រឈមមុខ​​ជាមួយនឹង​រដ្ឋាភិបាលរ​បស់​នាយករដ្ឋមន្ត្រី Narendra Modi។

បច្ចុប្បន្ន ទ្វីបអាស៊ី ភាគច្រើន​នៅតែ​ដើរ​យឺត​ជាង​លោកខាងលិច នៅក្នុង​ការទទួលស្គាល់​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ភេទ​ដូចគ្នា។ ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ភេទ​ដូចគ្នា​នៅតែ​ត្រូវបាន​ចាត់ទុកថា​ជា​រឿង​ខុសច្បាប់​នៅក្នុង​ប្រទេស​មួយចំនួន​ទ្វីប​នេះ​ ក្នុង​នោះ​មានជា​អាទិ៍ ប្រទេស​ម៉ាឡេស៊ី និង​ជប៉ុន​ជាដើម។

នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​តុលាការ​កំពូល​កាលពី​ថ្ងៃទី 12 មីនា 2023 រដ្ឋាភិបាល​ឥណ្ឌា​បាន​អះអាង​ជា​ថ្មី​ថា សេចក្ដីសម្រេច​របស់​តុលាការ​កាលពី​ឆ្នាំ 2018 មិនមែនជា​ការទទួល​ស្គាល់​សិទ្ធិ​ស្របច្បាប់​ជា​មូលដ្ឋាន​ចំពោះ​អាពាហ៍ពិពាហ៍​មនុស្ស​ភេទ​ដូចគ្នា​ទៅតាម​ច្បាប់​របស់​ប្រទេសឥណ្ឌា​ឡើយ ហើយ​ការផ្លាស់ប្ដូរ​ណាមួយ​ទាក់​ទិន​នឹង​រចនាសម្ព័ន្ធ​ច្បាប់​គឺ​សុទ្ធតែ​ត្រូវ​​​អនុម័ត​ដោយ​សភា​ មិនមែន​តុលាការ​នោះទេ៕

Advertisement