អាជ្ញាធរ​ចិន​កែប្រែ​អណ្ដូងរ៉ែ​ដែក​ទៅជា​ឧទ្យាន​ជាតិ​បៃតង (វីដេអូ)

កាលពី​ថ្ងៃទី 12 មីនា មនុស្ស​ជិត 100 នាក់​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ដាំ​កូនឈើ​នៅក្នុង​ឧទ្យាន​ជាតិ​អណ្ដូងរ៉ែ Huangshi ជាទី​ដែល​ធ្លាប់ជា​អណ្ដូង​កណ្ដាលវាល​ធំជាងគេ​បំផុត​នៅ​អាស៊ី។

ថ្ងៃទី 12 មីនា គឺជា​ទិវា​ដាំ​រុក្ខជាតិ​នៅ​ប្រទេស​ចិន។ នៅ​ទីក្រុង Huangshi នៃ​ខេត្ត Hubei ប្រទេស​ចិន មនុស្ស​ជិត 100 នាក់​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ដាំ​កូនឈើ​នៅក្នុង​ឧទ្យាន​ជាតិ​អណ្ដូងរ៉ែ Huangshi។ ឧទ្យាន​នេះ​ត្រូវបាន​ស្ថាបនា​ក្បែរ​អណ្ដូងរ៉ែ​ដែក​មួយ​ដែលមាន​អាយុកាល​រាប់​សតវត្សរ៍ និង​ត្រូវបាន​គេ​ហៅថា អណ្ដូងរ៉ែ​ដែក Daye។

តំបន់​ខាងលើ​ធ្លាប់ជា​អណ្ដូងរ៉ែ​កណ្ដាលវាល​ធំជាងគេ​ក្នុង​ទ្វីបអាស៊ី។ ក្រោយ​ឆ្នាំ 1958 សំណល់​ថ្ម​ជាង 360 លាន​តោន​ត្រូវបាន​ចាក់​ចូលក្នុង​អណ្ដូងរ៉ែ​នេះ។ បន្ទាប់ពី​សេដ្ឋកិច្ច​បាន​រីកចម្រើន និង​ការទាញយក​រ៉ែ​អស់​រយៈពេល​ច្រើន​ទសវត្សរ៍ Huangshi ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី «ទីក្រុង​អស់​ធនធានធម្មជាតិ» កាលពី​ឆ្នាំ 2009។ ដើម្បី​កែលំអ​បរិស្ថាន អាជ្ញាធរ និង​ប្រជាជន​នៅ​មូលដ្ឋាន​ក៏​ចាប់ផ្ដើម​ដាំ​ដើមឈើ​នៅទីនេះ តាំងពី​ទសវត្សរ៍​ឆ្នាំ 1980។

«ក្រោយពី​បាន​ដាំ​ដើមឈើ​ជាច្រើន​ប្រភេទ យើង​ឃើញថា រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ហៅថា locust សមស្រប​បំផុត ព្រោះ​វា​អាច​សម្រប​ខ្លួន​ជាមួយនឹង​បរិស្ថាន​ក្ដៅ។ ចាប់ពីពេលនោះ​មក យើង​ចាប់ផ្ដើម​សម្រុក​ដាំ​កូនឈើ​ប្រភេទ​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ» Xiao Meng សន្តិសុខ​ប្រចាំ​ឧទ្យាន​ជាតិ Huangshi ឱ្យដឹង​ដូច្នេះ។

ឧទ្យាន​ជាតិ​អណ្ដូងរ៉ែ Huangshi (Huangshi National Mine Park)

បច្ចុប្បន្ន តំបន់​អណ្ដូងរ៉ែ​ត្រូវបាន​កែប្រែ​ឱ្យទៅជា​ឧទ្យាន​វប្បធម៌​បៃតង។ លោក Meng បន្ថែមថា «យើង​បាន​ដាំ​ដើមឈើ​នៅទីនេះ​ជិត 40 ឆ្នាំ​ហើយ។ ឪពុក​ខ្ញុំ​ធ្លាប់ជា​កម្មករ​អណ្ដូងរ៉ែ។ ប៉ុន្តែ តាំងពី​ជំនាន់​របស់គាត់ មនុស្សម្នា​ចាប់ផ្ដើម​ដាំ​រុក្ខជាតិ​នៅទីនេះ៕

Advertisement