ចានគោម​ក្នុង​រជ្ជកាល​ស្ដេច ឈៀន ឡុង ត្រូវបាន​កំណត់​តម្លៃ​ជាង 20 លាន​ដុល្លារ​អាម៉េរិក

ចានគោម​ដែលមាន​រូប​សត្វ​ត្រចៀកកាំ​ក្នុងសម័យ​អធិរាជ ឈៀន ឡុង របស់​ប្រទេស​ចិន បង្ហាញខ្លួន​នៅក្នុង​ទីផ្សារ​លក់​ដេញថ្លៃ និង​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់​ជាង 25 លាន​ដុល្លារ​អាម៉េរិក។

យោងតាម The Value ស្នាដៃ​សិប្បកម្ម​ដែល​នឹង​ត្រូវបាន​ដាក់លក់​ដេញថ្លៃ​នៅ​ថ្ងៃទី 08 មេសា 2023 ខាងមុខ គឺជា «វត្ថុ​ពិសេស» ក្នុងចំណោម​វត្ថុ​បុរាណ​នៅក្នុង​ឱកាស​ខួប 50 ឆ្នាំ​នៃ​ការបង្កើត​ក្រុមហ៊ុន Sotheby’s Hong Kong។

ក្រោយ​រយៈពេល 17 ឆ្នាំ វត្ថុ​បុរាណ​ដែល​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​លើក​នេះ​ត្រូវបាន​គេ​សង្ឃឹមថានឹង​ក្លាយជា​វត្ថុ​បុរាណ​ចិន​ធ្វើ​ពី​សេ​រ៉ា​មិច​មានតម្លៃ​ថ្លៃ​ជាងគេ។ អ្នកជំនាញ​និយាយថា តម្លៃ​របស់​ចានគោម​នេះ បច្ចុប្បន្ន​ខ្ពស់ជាង 200 លាន​ដុល្លារ​ហុងកុង (ជាង 25 លាន​ដុល្លារ​អាម៉េរិក)។

កាលពី​ឆ្នាំ 2006 ចាន​នេះ​ត្រូវបាន​អ្នកជំនួញ​ម្នាក់​នៅ​ហុងកុង​ទិញ​ក្នុងតម្លៃ 151 លាន​ដុល្លារ​ហុងកុង (19.2 លាន​ដុល្លារ​អាម៉េរិក) និង​ក្លាយជា​វត្ថុ​បុរាណ​ធ្វើ​ពី​សេ​រ៉ា​មិច​សម័យ​រាជវង្ស​ឈី​ង​របស់​ចិន​មានតម្លៃ​ខ្ពស់​ជាងគេ និង​ជា​ស្នាដៃ​សិល្បៈ​ទ្វីបអាស៊ី​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​នាពេលនោះ។ បច្ចុប្បន្ន កំណត់ត្រា​ស្ដីពី​ផលិតផល​សេ​រ៉ា​មិច​ចិន​មានតម្លៃ​ខ្ពស់បំផុត​បាន​ទៅលើ​ថូ​សម័យ​ស្ដេច ឈៀន ឡុង ដោយ​ត្រូវបាន​លក់​ក្នុងតម្លៃ 327 លាន​ដុល្លារ​ហុងកុង (41.6 លាន​ដុល្លារ​អាម៉េរិក) កាលពី​ឆ្នាំ 2021។

អធិរាជ​ ឈៀន ឡុង សោយរាជ្យនៅប្រទេស​ចិនពីឆ្នាំ 1735 ដល់ 1796 ដូច្នេះ​​ចាន​នេះមាន​អាយុ​កាល​ប្រហែល​ពី 226 ឆ្នាំ​ដល់ 287 ឆ្នាំ​។ ចានគោម​សម័យ​ស្ដេច ឈៀន ឡុង មាន​រូប​ផ្កា​អាល​មិន (អាល​ម៉ុង-almond), ផ្ការាំង​រាសី និង​សត្វ​ត្រចៀកកាំ ចំណែក​ម្ខាង​ទៀត​មាន​កំណាព្យ​ពីរ​ឃ្លា។

ចាន ឬ​សម្ភារៈ​សេ​រ៉ា​មិច គឺជា​របស់​ដែល​ធ្វើ​ពី​ដីឥដ្ឋ​កា​អូ​លី​នី​ត (Kaolinite) ដោយ​វា​ត្រូវបាន​គេ​ដុត​ក្នុង​កម្ដៅ​ចាប់ពី 1,200 អង្សា​សេ​ដល់ 1,400 អង្សា​សេ។

Advertisement