ទីក្រុងដែលលិចក្រោមទឹកសមុទ្រ Pavlopetri មានអាយុកាលចាស់ជាងគេបំផុតលើពិភពលោក

(ក្រិ​ក) – មូល​ហេតុដែល​បណ្ដាលឱ្យ Pavlopetri ដែលជា​ទីក្រុង​បុរាណ​អាយុ​ប្រហែល 5,000 ឆ្នាំ ត្រូវ​លិច​ក្រោម​ទឹកសមុទ្រ នៅតែ​ជា​រឿង​អាថ៌កំបាំង។

ការរកឃើញ​នានា​របស់បុរាណ​វិទូ មាន​ជាអាទិ៍ ទីក្រុង​វង្វេង​ដាន កំណប់​បុរាណ ឬ​សាកសព​កប៉ាល់​បុរាណ​ជាដើម តែងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ។ Pavlopetri ដែល​ជា​ទីក្រុង​បុរាណ​អាយុ​ប្រហែល 5,000 ឆ្នាំ ត្រូវ​លិច​ក្រោម​ទឹកសមុទ្រ ក៏​ជាទី​ចាប់​​អារម្មណ៍​របស់​អ្នកស្រាវជ្រាវ។ នេះ​បើតាម IFL Science។

Pavlopetri ស្ថិតនៅ​តំបន់ Peloponnesus ភាគខាងត្បូង​ប្រទេស​ក្រិ​ក និង​មាន​អាយុកាល​ប្រហែល 5,000 ឆ្នាំ។ អតីត​ទីក្រុង​នេះ​ត្រូវបាន​រកឃើញ​ដំបូង​ដោយ​អ្នកស្រាវជ្រាវ Folkion Negris កាលពី​ឆ្នាំ 1904។ មកដល់​ឆ្នាំ 1967 បុរាណ​វិទូ Nicholas Flemming មកពី​សាកលវិទ្យាល័យ Southampton បាន​ស្រាវជ្រាវ​លើ​ទីក្រុង​ក្នុង​យុគសម័យ​សំរឹទ្ធ​នេះ​ជាថ្មី។ Flemming អធិប្បាយ​ថា ទីក្រុង​នេះ​ត្រូវ​លិច​ក្រោម​ទឹក​ប្រហែល​ពី 3 ទៅ 4 ម៉ែត្រ។ ឆ្នាំ 1968 Flemming និង​សហការី​ពី​សាកលវិទ្យាល័យ Cambridge ក៏បាន​បន្ត​ស្រាវជ្រាវ​ដាន​ទីក្រុង​លិច​ទឹក​នេះ​ក្នុង​រយៈពេល 6 សប្ដាហ៍។

ក្រុម​របស់ Flemming ឱ្យដឹងថា ទីក្រុង​នេះ​មាន​ទំហំ​ប្រហែល 300 ម៉ែត្រ x 150 ម៉ែត្រ។ ទីក្រុង Pavlopetri មាន​អគារ​ដាច់ដោយឡែក​យ៉ាងតិច 15 អគារ ព្រមទាំង​មាន​ទីលាន, ផ្លូវ​ចំនួន​ប្រាំ, ចេ​តិ​យ​ចំនួន​ពីរ និង​កូន​ផ្នូរខ្មោច​យ៉ាងតិច 37។ អ្នកវិទ្យាសាស្ត្រ​ក៏បាន​រកឃើញថា ទីក្រុង​ក្រោម​ទឹក​នេះ​បន្ត​ពង្រីក​ខ្លួន​ទៅ​ទិស​ខាងត្បូង រហូតដល់​កោះ Pavlopetri ជា​កន្លែង​រក្សា​បំណែក​ជញ្ជាំង​នានា និង​វត្ថុ​បុរាណផ្សេងៗទៀត មានដូចជា វត្ថុ​ធ្វើ​ពី​ដីឥដ្ឋ ដាវ​ធ្វើ​ពី​ថ្ម រូបសំណាក​ធ្វើ​ពី​សំរឹទ្ធ​អាយុកាល​ប្រហែល​ពី​ឆ្នាំ 2800 ដល់ 1180 មុន​គ្រិស្ត​ស​ក​រាជ។ ប៉ុន្តែ អគារ​នានា​របស់​ទីក្រុង​លិច​ទឹក​នេះ ភាគច្រើន​ស្ថិតក្នុង​សម័យ Mycenae ពី​ឆ្នាំ 1650 ដល់ 1180 មុន​គ្រិស្ត​ស​ក​រាជ។

ឆ្នាំ 2009 ក្រុម​អ្នកស្រាវជ្រាវ​របស់​ក្រិ​ក និង​សាកលវិទ្យាល័យ Nottingham បាន​រកឃើញ សំណង់​ទំហំ 9,000 ម៉ែត្រ​កា​រ៉េ​ថែមទៀត។ ពួកគេ​ក៏​រកឃើញ​វត្ថុ​បុរាណ​ជាច្រើន​ផ្សេងទៀត​ដែល​បញ្ជាក់ថា ជនជាតិ Mycenae រស់នៅក្នុង​ទីក្រុង Pavlopetri ហើយ​ទីក្រុង​នេះ​មាន​មនុស្ស​រស់នៅ​ពេញ​មួយ​យុគសម័យ​សំរឹទ្ធ ប្រហែល​ពី​ឆ្នាំ 3000 ដល់​ឆ្នាំ 1100 មុន​គ្រិស្តស​ក​រាជ។ ក្នុង​សម័យនេះ ទីក្រុង Pavlopetri មាន​ប្រជាជន​ប្រហែល​ពី 500 ទៅ 2,000 នាក់។

មូលហេតុ​ដែលនាំឱ្យ​ទីក្រុង Pavlopetri ត្រូវ​លិច​ក្រោម​ទឹកសមុទ្រ មកដល់ពេលនេះ​នៅតែ​ជា​រឿង​អាថ៌កំបាំង​នៅ​ឡើយ។ អ្នកជំនាញ​ខ្លះ​ជឿថា គ្រោះ​រញ្ជួយ​ដី​ដែល​កើតឡើង​ប្រហែល​ក្នុង​ឆ្នាំ 1000 មុន​គ្រិស្តស​ក​រាជ ឬ​ឆ្នាំ 375 មុន​គ្រិស្តស​ក​រាជ បាន​ពន្លិច​ទីក្រុង​នេះ៕

Advertisement