អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​ប្រាស់​​អំណាច​ខុសច្បាប់

លោក Muhyiddin Yassin ពេល​នៅ​កាន់​តំណែង​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុង​សវនាការ​នៅ​កូ​ឡា​ឡាំ​ពួ លោក Muhyiddin Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំណាច​ហួស​ដែន​កំណត់​ចំនួន​បួន​ករណី និង​ពីរ​ករណី​ទៀត​ទាក់ទិន​នឹង​ការលាង​លុយ។

នា​ថ្ងៃទី 10 មីនា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Muhyiddin Yassin បាន​ចូល​បង្ហាញខ្លួន​នៅ​តុលាការ​មួយ​ក្នុង​រាជធានី​កូ​ឡា​ឡាំ​ពួ ហើយ​លោក​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​អំណាច និង​លាង​លុយ​ខុស​ច្បាប់ ទាក់ទិន​នឹង​បណ្ដា​គម្រោង​ដែល​បាន​អនុវត្ត​ក្នុងពេល​លោក​​កំពុង​កាន់អំណាច។

នៅក្នុង​សវនាការ​នៅ​កូ​ឡា​ឡាំ​ពួ លោក Muhyiddin Yassin ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំណាច​ហួស​ដែន​កំណត់​ចំនួន​បួន​ករណី ទាក់ទិន​នឹង​ប្រា​ក់ជាង 232 លាន​រីង​ហ្គី​ត (51.4 លាន​ដុល្លារ​អាម៉េរិក) និង​ពីរ​ករណី​ទៀត​ដែល​ទាក់ទិន​នឹង​ការលាង​លុយ 195 លាន​រីង​ហ្គី​ត (ជាង 43 លាន​ដុល្លារ​អាម៉េរិក)។

ក៏ប៉ុន្តែ លោក Yassin បាន​ច្រានចោល​ការចោទប្រកាន់ ហើយ​កន្លងមក លោក​ធ្លាប់​​បាន​និយាយថា ការចោទប្រកាន់​ទាំងនេះ​គឺមាន​ចរិត​នយោបាយ។

ទោះជា​យ៉ាងណាក៏ដោយ បើសិន​ត្រូវបាន​ផ្ដន្ទាទោស​ពីបទ​លាង​លុយ លោក Yassin អាច​នឹងត្រូវ​ជាប់ពន្ធ​នាគារ 15 ឆ្នាំ។ ចំណែក​ទោស​ប្រើ​អំណាច​ខុសច្បាប់​វិញ​អាច​ត្រូវ​ជាប់ពន្ធនាគារ 20 ឆ្នាំ។ ទន្ទឹមនឹង​ការជាប់​ពន្ធនាគារ លោក Yassin ក៏​អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់​យ៉ាងច្រើន​ផងដែរ។

លោក Yassin ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី 09 មីនា នៅពេល​លោក​បាន​ទៅ​បង្ហាញខ្លួន​នៅឯ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) ទាក់ទង​នឹង Jana Wibawa ដែលជា​កម្មវិធី​ទប់ទល់​នឹង​បញ្ហា​ក្នុង​​សម័យ​កូ​វីដ។ ប៉ុន្តែ ក្នុង​ថ្ងៃ​ដដែល លោក Yassin ក៏ត្រូវ​បាន​ដោះលែង។

លោក Muhyiddin Yassin គឺជា​មេដឹកនាំ​របស់​បក្ស​សាមគ្គី​ជនជាតិ​ម៉ា​ឡេ​ក្នុងស្រុក (Bersatu)។ លោក​គឺជា​អ្នក​ដែល​ទើប​ត្រូវបាន​ចាប់ខ្លួន​ចុងក្រោយ ទាក់ទិន​នឹង​កម្មវិធី Jana Wibawa។ មុន​នោះ MACC បាន​បង្កក​គណនី​រប​ស់ប​ក្ស Bersatu។

នៅក្នុង​ខែកុម្ភៈ 2023 មេដឹកនាំ​ពីររូប​ផ្សេងទៀត​របស់​បក្ស Bersatu ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ចោទប្រកាន់​ពីបទ​ពុករលួយ ទាក់ទិន​នឹង​គម្រោង​ដែលមាន​ជាប់ពាក់​ព័ន្ធ៕

Advertisement