Category: អន្តរជាតិ

  • ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ​លើ​ពិភពលោក

    ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ​លើ​ពិភពលោក

    ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅ​សហរដ្ឋ​អាម៉េរិក បើក​ការហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ និង​​ហោះ​ឆ្លងកាត់​ឈូង​សមុទ្រ Tampa ដោយ​កប៉ាល់​ហោះ​កាលពី​ឆ្នាំ 1913 និង​ដំណើរ​បាន​យ៉ាង​ជោគជ័យ។

    ជិត​មួយ​ទសវត្សរ៍​បន្ទាប់ពី​ជើងហោះហើរ​នាំមុខគេ​របស់​បងប្អូន​ត្រកូល Wright នៅ Kitty Hawk រដ្ឋ Carolina ខាងជើង សេវាកម្ម​ហោះហើរ​ដឹក​អ្នកដំណើរ​ទៅតាម​កាលបរិច្ឆេទ​ដំបូង​គេ​លើ​ពិភពលោក​ក៏​ចាប់ផ្ដើម​កាលពី​ឆ្នាំ 1914 ដោយ​ហោះហើរ​ទៅមក​រវាង St. Petersburg (រដ្ឋ Florida) និង Tampa ដោយ​ឆ្លងកាត់​ឈូង​សមុទ្រ Tampa។

    ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ឈ្មោះថា St. Petersburg-Tampa Airboat Line គឺជា​អ្នកគ្រប់គ្រង​ជើងហោះហើរ​ខាងលើ។ សេវា​កម្មនេះ​មាន​វត្តមាន​ត្រឹមតែ​រយៈពេល​ខ្លី ហើយ​កប៉ាល់​ហោះ​របស់​ក្រុមហ៊ុន​នេះ​ក៏​ដឹក​អ្នកដំណើរ​បានតែ​ម្នាក់​គត់​ក្នុង​មួយ​ជើង។ ក៏ប៉ុន្តែ តម្លៃ​ដែល​ក្រុមហ៊ុន​នេះ​បាន​នាំមក​គឺ​បាន​បើកផ្លូវ​ឱ្យ​មាន​​ជើងហោះហើរ​ពាណិជ្ជកម្ម​បែប​ទំនើប។ នេះ​បើតាម Amusing Planet។

     

    គំនិត​ស្ដីពី​ក្រុមហ៊ុន​អាកាសចរណ៍​បានចាប់ផ្ដើម​ពី​វិស្វករ​អគ្គិសនី Percival Elliot Fansler នៅ Florida ដែល​កាលណោះ​ធ្វើការ​ដូច​ទៅនឹង​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​សម្រាប់​កប៉ាល់​ហោះ។ Fansler ជក់ចិត្ត​ជាមួយនឹង​យន្តហោះ​នៅពេល​សាកល្បង​ប្រណាំងទូក​ល្បឿន​លឿន។ លោក​យល់ថា វិធី​តែមួយគត់​ដើម្បី​បង្កើនល្បឿន​លឿន​ជាង​នេះ​គឺ​ការធ្វើឱ្យ​ទូក​ហោះ​ឡើងលើ​អាកាស។ ឆ្នាំ 1912 ពី​ឡុ​ត Antony H. Jannus បាន​ហោះហើរ​ផ្លូវ​ឆ្ងាយ​ក្នុង​រយៈពេល 40 ថ្ងៃ ពី Omaha ទៅកាន់ New Orleans។

    បន្ទាប់ពី​ជើងហោះហើរ​ប្រវត្តិសាស្ត្រ​ខាងលើ​នេះ Fansler បាន​ទាក់ទង​ទៅនឹង Thomas W. Benoist ម្ចាស់​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ដែល Jannus បើកបរ ដោយ​ប្រាប់ថា ចង់​ទិញ​យន្តហោះ។ ការចរចា​ជាមួយ Benoist ធ្វើឱ្យ Fansler គិតដល់​ការចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​អាកាសចរណ៍​ពាណិជ្ជកម្ម។ Benoist ក៏​ចាប់អារម្មណ៍​លើ​គំនិត​នេះ​ហើយក៏​យល់ព្រម​ផលិត និង​ផ្គត់ផ្គង់​កប៉ាល់​ហោះ​ពីរ​គ្រឿង ខណៈដែល Fansler ចាត់ចែង​ដំណើរការ និង​យុទ្ធសាស្ត្រ​លំអិតសម្រាប់​ទី​ផ្សារ។

    សេវាកម្ម​ហោះហើរ​ដឹក​អ្នកដំណើរ​ចាប់ផ្ដើម​​ដំណើរ​ការ​ពីថ្ងៃ​ទី 01 មករា 1913។ មនុស្ស​ប្រហែល 3,000 នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​កំពង់ផែ​ដើម្បី​ជូន​ដំណើរ​អតីត​អភិបាលក្រុង Abraham C. Pheil ដែលជា​អតិថិជន​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ។ សំបុត្រ​សម្រាប់​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​នេះ​មានតម្លៃ 400 ដុល្លារ​អាម៉េរិក ដែល​បានមកពី​ការដេញថ្លៃ។ ម៉ោង 10 ព្រឹក Jannus បញ្ជា​កប៉ាល់​ហោះ​ហោះ​ឡើង​ពី​កំពង់ផែ និង​ឆ្ពោះទៅកាន់ Tampa។ មិន​ដល់ក​ន្លះ​ម៉ោង​ក្រោយមក កប៉ាល់​ហោះ​ក៏បាន​ចុះចត​លើ​ទន្លេ Hillsborough នៅ Tampa។ ពេលនោះ​មាន​មនុស្ស​ប្រហែល 3,500 នាក់​បាន​រង់ចាំ​ជាស្រេច​ដើម្បី​ទទួល Jannus។ បន្ទាប់ពី​បាន​ជំរាបសួរ​អភិបាលក្រុង Tampa និង​ថតរូប Jannus និង Pheil ក៏បាន​ត្រលប់​ទៅកាន់ St. Petersburg។

    ក្រោយ​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ​នេះ ក្រុមហ៊ុន​អាកា​ចរណ៍ St. Petersburg-Tampa Airboat Line ក៏មាន​ជើងហោះហើរ​ជា​បន្តបន្ទាប់ និង​បើកផ្លូវ​ឱ្យមាន​វត្តមាន​ក្រុម​ហ៊ុន​អាកាសចរណ៍​ជា​ហូរហែ​រហូតដល់​បច្ចុប្បន្ន៕

  • រកឃើញ​ទឹក​នៅលើ​ភព​ដែលមាន​ចម្ងាយ 40 ឆ្នាំ​ពន្លឺ​ពី​ផែនដី

    រកឃើញ​ទឹក​នៅលើ​ភព​ដែលមាន​ចម្ងាយ 40 ឆ្នាំ​ពន្លឺ​ពី​ផែនដី

    ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ពិភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​ដែល​ដាក់ឈ្មោះ​ឱ្យ​ថា VHS 1256 b មាន​ថាស​ធូលី​វិល​ជុំវិញ​ក្នុង​បរិយាកាស និង​មាន​ផ្ទុក​ឧស្ម័ន​មេតាន កាបូនឌីអុកស៊ីត និង​ទឹក។

    VHS 1256 b ជា​ភព​គោចរ​ជុំវិញ​ផ្កាយ​មួយគូ​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 378.5 ទ្រី​លាន​គីឡូម៉ែត្រ​ទៅ​ទិស​កញ្ចុំ​ផ្កាយ Corvus។ ភព​នេះ​ត្រូវបាន​សង្កេត និង​វិភាគ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Arizona សហរដ្ឋ​អាម៉េរិក ដោយ​ប្រើប្រាស់​តេ​ឡេ​ស្កុប​អវកាស James Webb របស់​ណា​សា។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ព្យុះធំៗជាច្រើន​កើតឡើង​ពី​ពពក silicate នៅលើ​ផ្ទៃ​ភព​ដែល​សម្បូរ​ឧស្ម័ន​មេតាន កាបូនឌីអុកស៊ីត (CO2) រួម​នឹង​កាបូន​ម៉ូ​ណូ​ស៊ីត (CO) និង​ទឹក។ របកគំហើញ​នេះ​នឹងត្រូវ​បានប្រកាស​នៅលើ​ទស្សនាវដ្ដី The Astrophysical Journal Letters។ នេះ​បើតាម Newsweek ចុះផ្សាយ​ក្នុង​ថ្ងៃទី 24 មីនា។

     

    VHS 1256 b ត្រូវបាន​រកឃើញ​ជា​លើកដំបូង​ដោយ​តេ​ឡេ​ស្កុប Vista នៅ​ប្រទេស​ស៊ី​លី កាលពី​ឆ្នាំ 2015។ VHS 1256 b គឺជា​ភព​ឧស្ម័ន​ខ្នាត​យក្ស ធំ​ជាង​ពី 12 ទៅ 18 ដង ធៀប​នឹង​ភព​ព្រហស្បតិ៍ (Jupiter)។ មួយថ្ងៃ​នៅលើ​ភព​នេះ​មាន​រយៈពេល 22 ម៉ោង។ ពពក silicate (ពពក​ស៊ី​លី​កុន និង​អុកស៊ីសែន) នៅលើ​ភព​នេះ អណ្ដែត​ទៅលើ និង​ច្របាច់​បញ្ចូល​គ្នា​នៅពេល​ថ្ងៃ ពេលដែល​សីតុណ្ហភាព​ខ្ពស់​ខ្លាំង និង​ត្រជាក់​ខ្លាំង។ ពេល​ក្ដៅ​ខ្លាំង ភព​នេះ​នឹងមាន​សីតុណ្ហភាព​ឡើងដល់ 816 អង្សា​សេ។

    បើទោះជា​មានទឹក​ក្នុង​បរិយាកាស ភព VHS 1256 b នេះ​មិន​សមស្រប​សម្រាប់​ជីវិត​ឡើយ ព្រោះ​វា​ដូច​ទៅនឹង​ភព​ព្រហស្បតិ៍​ជាជាង​ផែនដី៕

  • ស្លូ​វ៉ា​គី​ប្រគល់​យន្តហោះ​ចម្បាំង MiG-29 ឱ្យ​អ៊ុយ​ក្រែ​ន​ដោយ​សុវត្ថិភាព

    ស្លូ​វ៉ា​គី​ប្រគល់​យន្តហោះ​ចម្បាំង MiG-29 ឱ្យ​អ៊ុយ​ក្រែ​ន​ដោយ​សុវត្ថិភាព

    ស្លូ​វ៉ា​គី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង MiG-29 ចំនួន​បួន​គ្រឿង​ដំបូង​ទៅឱ្យ​អ៊ុយ​ក្រែ​ន គ្រា​ដែល 9 គ្រឿង​ទៀត​នឹងត្រូវ​បានប្រគល់​ឱ្យនៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

    «យន្តហោះ​ចម្បាំង GiG-29 ចំនួន​បួន​គ្រឿង​ត្រូវ​បានប្រគល់​ដោយ​សុវត្ថិភាព​ទៅឱ្យ​កម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន។ ខ្ញុំ​សូម​អរគុណ​ចំពោះ​គ្រប់គ្នា​ដែល​បាន​ចូលរួម​ធ្វើ​កិច្ច​ការដែល​ប្រកបដោយ​វិ​ជា​ជីវៈ​ដ៏​អស្ចារ្យ​នេះ» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ស្លូ​វ៉ា​គី Jaroslav Nad កាលពី​ម្សិលមិញ ថ្លែង​ដូច្នេះ។

    យោងតាម​លោក Nad យន្តហោះ​ទាំងនេះ​ត្រូវបាន​ពី​ឡុ​ត​អ៊ុយ​ក្រែ​ន​បើកបរ​ពី​ស្លូ​វ៉ា​គី​ទៅកាន់​អ៊ុយ​ក្រែ​ន ដោយមាន​ការ​អម​ការពារ​ពី​ទ័ពអាកាស​ស្លូ​វ៉ា​គី ទាហាន​អ៊ុយ​ក្រែ​ន និង​ក្រុម​ដទៃទៀត។ «ក្នុងអំឡុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ យន្តហោះ​ដែល​នៅសល់​នឹងត្រូវ​បានប្រគល់» រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Nad បញ្ជាក់​បន្ថែម​។

     

    កាលពី​សប្ដាហ៍​កន្លង ស្លូ​វ៉ា​គី​បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ទី​ពីរ​របស់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ប៉ូឡូញ ដែល​បានផ្ដល់​យន្តហោះ​ចម្បាំង​ដល់​អ៊ុយ​ក្រែ​ន ហើយ​នេះ​គឺជា​អាវុធ​ដែល​ទីក្រុង​កៀវ​ជឿថា មាន​សារ​សំខាន់​ខ្លាំង​សម្រាប់​ការ​​វាយ​រុញច្រាន​កងទ័ព​រុស្ស៊ី។

    យន្តហោះ​ចម្បាំង GiG-29 របស់​ស្លូវ៉ាគី

    ស្លូ​វ៉ា​គី​នឹង​ផ្ដល់​យន្តហោះ​ចម្បាំង​សរុប 13 គ្រឿង​ទៅឱ្យ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន 10 គ្រឿង​អាច​ប្រើ​ការណ៍​បាន និង​បី​គ្រឿង​ទៀត​សម្រាប់​កាប់សាច់​យក​គ្រឿងបន្លាស់។ ទីក្រុង​ប្រា​ទី​ស្លា​វ៉ា​ក៏​នឹង​ផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស KUB ដល់ទី​ក្រុង​កៀវ​ផងដែរ៕

  • អាម៉េរិក​អំពាវនាវ​ដ​ល់​សមាជិក​តុលាការ ICC អនុវត្ត​ដីកាចាប់ខ្លួន​លោក ពូ​ទីន

    អាម៉េរិក​អំពាវនាវ​ដ​ល់​សមាជិក​តុលាការ ICC អនុវត្ត​ដីកាចាប់ខ្លួន​លោក ពូ​ទីន

    រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក លោក Antony Blinken បាន​អំពាវនាវ​សូម​ឱ្យ​​គ្រប់​សមាជិក ICC គោរព​តាម​ដីកា​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន។

    ក្នុង​សវនាការ​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក​កាលពី​ថ្ងៃទី 22 មីនា តំណាងរាស្ត្រ Lindsey Graham បាន​សួរ​លោក Blinken ថា តើ​វ៉ា​ស៊ី​ង​តោន​នឹង​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី ឬទេ បើសិន​លោក ពូ​ទីន មកកាន់​ទឹកដី​អាម៉េរិក។

    «ដូចដែល​អស់លោក​បាន​ដឹង​ហើយ យើង​មិនមែនជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដូច្នេះ​ខ្ញុំ​មិន​ចង់​និយាយ​ដល់​សេណារីយោ​នោះ» លោក Blinken ឆ្លើយ​ដូច្នេះ និង​បន្តថា «ខ្ញុំ​ក៏​មិន​គិតថា លោក ពូ​ទីន មាន​គម្រោង​មកកាន់​សហរដ្ឋ​អាម៉េរិកឆាប់ៗនេះ»។

     

    លោក Graham បន្ត​សួរថា លោក Blinken «លើកទឹកចិត្ត​ឱ្យ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​បញ្ជូន​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី ទៅឱ្យ​តុលាការ ឬ​អត់»។ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ក៏​សង្កត់ធ្ងន់ថា «ខ្ញុំ​គិតថា រាល់​សមាជិក ICC សុទ្ធតែ​ត្រូវអនុវត្ត​កាតព្វកិច្ច​របស់ខ្លួន»។

    ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងសិទ្ធិកុមាររុស្ស៊ី លោកស្រី Maria Lvova-Belova ជួបពិភាក្សាគ្នាកាលពីថ្ងៃទី 16 កុម្ភៈ

    កាលពី​ថ្ងៃទី 17 មីនា 2023 តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belova ក្រោម​បទ​ចោទថា «នាំ​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​រុស្ស៊ី​ដោយ​មិន​ស្របច្បាប់»។ ICC យល់ថា សកម្មភាព​ខាងលើ​របស់​រុស្ស៊ី​ត្រូវបាន​ធ្វើឡើង​បន្ទាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    យោងតាម​ការសម្រេចចិត្ត​របស់ ICC លោក ពូ​ទីន «ទទួលខុសត្រូវ​ដោយផ្ទាល់​នៅពេល​ធ្វើ​សកម្មភាព» ក៏ដូចជា «មិនបាន​គ្រប់គ្រង ឬ​អនុញ្ញាតឱ្យ​ស្ថាប័ន​ស៊ីវិល ឬ​យោធា​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើ​នេះ»៕

  • បាតុភូត «សូរ្យគ្រាស​កូនកាត់» ដ៏​កម្រ​នឹង​កើតឡើងឆាប់ៗនេះ

    បាតុភូត «សូរ្យគ្រាស​កូនកាត់» ដ៏​កម្រ​នឹង​កើតឡើងឆាប់ៗនេះ

    បាតុភូត​សូរ្យគ្រាស​មួយផ្នែក សូរ្យគ្រាស​ពេញលេញ និង​សូរ្យគ្រាស​រាង​ចិញ្ចៀន​ដ៏​កម្រ នឹង​កើតឡើង​ក្នុង​​ថ្ងៃទី 20 មេសា 2023 ​ខាងមុខ។

    នៅ​ថ្ងៃទី 20 មេសា 2023 ប្រជាជន​ដែល​ស្ថិតនៅក្នុង​តំបន់​ភ្លឺ​ក្នុង​វីដេអូ​នេះ អាច​មើលឃើញ​បាតុភូត​សូរ្យគ្រាស​កូនកាត់​ដ៏​កម្រ​កើតមាន អាស្រ័យ​លើ​អាកាសធាតុ។

    បាតុភូត​សូរ្យគ្រាស​កូនកាត់​គឺជា​ព្រឹត្តិការណ៍​ដែល​កើតឡើង​ពី​ការរួម​ផ្សំ​រវាង​បាតុភូត​សូរ្យគ្រាស​មួយផ្នែក សូរ្យគ្រាស​ទាំងស្រុង និង​សូរ្យគ្រាស​រាង​ចិញ្ចៀន។ ក៏ប៉ុន្តែ គ្រប់គ្នា​មិនអាច​មើលឃើញ​បាតុភូត​ទាំងនេះ​ក្នុងពេល​តែមួយ​ឡើង។

     

    សូរ្យគ្រាស​ដែលមាន​រូបរាង​ដូច​ចិញ្ចៀន​កើតឡើង​នៅពេល​ព្រះ​ចន្ទ​គោចរ​ឆ្លងកាត់​តំបន់​ក​ន្លោះ​​ផែនដី និង​ព្រះអាទិត្យ ប៉ុន្តែ​គម្លាត​នេះ​មិន​ជិត​គ្រប់គ្រាន់ ដូច្នេះ​ក៏​មិន​​​បាំង​ព្រះអាទិត្យ​ទាំងស្រុង​បាន ដោយ​បន្សល់ទុក​រង្វង់​មូល​ស្ដើង​នៅលើ​ព្រះអាទិត្យ ដែល​អ្នកវិទ្យាសាស្ត្រ​ហៅថា «រង្វង់​ភ្លើង»។

    ចំណែក​សូរ្យគ្រាស​ពេញលេញ (ទាំង​ស្រុង) ​វិញ កើតឡើង​នៅពេល​ព្រះអាទិត្យ​ទាំងមូល​ត្រូវបាន​បិទបាំង​ដោយ​ព្រះ​ចន្ទ។ សូរ្យគ្រាស​ពេញលេញ​អាច​មើលឃើញ​ពី​តំបន់ Exmouth របស់​អូស្ត្រាលី (1នាទី), ទី​ម័​រ​ខាងកើត (1នាទី និង 14 វិនាទី), Papua ខាងលិច​របស់​ឥណ្ឌូណេស៊ី (1នាទី​និង 9 វិនាទី)។

    បាតុភូត «សូរ្យគ្រាស​កូនកាត់» ដ៏​កម្រ​នឹង​កើតឡើងក្នុង​​ថ្ងៃទី 20 មេសា 2023 ​ខាងមុខ

    បាតុភូត​សូរ្យគ្រាស​នឹង​ប្រែ​ពី​រូបរាង​ចិញ្ចៀន​ទៅជា​សូរ្យគ្រាស​ពេញលេញ ហើយ​វិល​ទៅ​រក​ពីរ​ចំណុច​ជាក់​លាក់ ប៉ុន្តែ​ សុទ្ធ​តែ​ស្ថិត​នៅ​តំបន់​ឆ្ងាយៗ​លើ​សមុទ្រ​។

    សូរ្យគ្រាស​កូនកាត់​គឺជា​ប្រភេទ​សូរ្យគ្រាស​ដែល​កម្រ​នឹង​កើតឡើង ដោយ​វា​បង្ហាញខ្លួន​តែ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ​នៅក្នុង​មួយ​សតវត្សរ៍ និង​ត្រូវបាន​ចាត់ទុកថា​ជា​បាតុភូតធម្មជាតិដ៏​អស្ចារ្យ​បំផុត៕

  • អ្នកវិទ្យាសាស្ត្រ​រកឃើញ RNA និង​វីតាមីន B3 លើ​អាចម៍ផ្កាយ​ក្បែរ​ផែនដី

    អ្នកវិទ្យាសាស្ត្រ​រកឃើញ RNA និង​វីតាមីន B3 លើ​អាចម៍ផ្កាយ​ក្បែរ​ផែនដី

    បណ្ដា​ម៉ូលេគុល​សរីរាង្គ​ត្រូវបាន​រកឃើញ​ក្នុង​សំណាក​ដី​ដែល​យក​ពី​អាចម៍ផ្កាយ Ryugu ដោយ​យានអវកាស របស់​ប្រទេស​ជប៉ុន។

    ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​សំណាក​ដី​របស់​អាចម៍ផ្កាយ Ryugu ដែល​យាន Hayabusa2 របស់​ទីភ្នាក់ងារ​អវកាស​ជប៉ុន​ប្រមូលបាន និង​រកឃើញ uracil ដែលជា​ឯក​តា​មួយ​ក្នុងចំណោម​ឯក​តា​ព័ត៌មាន​ដែល​បង្កើតបានជា RNA ជា​ម៉ូលេគុល​ផ្ទុក​ការបញ្ជាក់​អំពី​វិធី​កកើត និង​សកម្មភាព​របស់​សត្វមានជីវិត។

    ក្រៅពី​របកគំហើញ​ខាងលើ នៅក្នុង​សំណាក​ដដែល​នោះ អ្នកវិទ្យាសាស្ត្រ​ក៏​រកឃើញ​អាស៊ីត nicotinic ឬ​ហៅថា niacin ឬ​វីតាមីន B3 ដែលជា​កត្តា​សំខាន់​ចំពោះ​ការរំលាយ​អាហារ​របស់​សត្វមានជីវិត។

    ការរកឃើញ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Yasuhiro Oba នៅ​សាកលវិទ្យាល័យ Hokkaido បានផ្ដល់​ភស្ដុតាង​បន្ថែម​ស្ដីពី​រចនាសម្ព័ន្ធ​ជីវិត​នៅក្នុង​ទី​អវកាស ដែល​ពួកវា​អាច​ជាប់​នៅលើ​អាចម៍ផ្កាយ និង​ធ្លាក់​មកកាន់​ផែនដី។ របកគំហើញ​នេះ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 13 មីនា នៅលើ​ទស្សនាវដ្ដី Nature Communications។

    Ryugu គឺជា​អាចម៍ផ្កាយ​ដែល​សម្បូរ​កាបូន និង​មាន​រូបរាង​ស្រដៀង​ត្បូង​ពេជ្រ មាន​ទទឹង​មួយ​គីឡូម៉ែត្រ។ Hayabusa2 គឺជា​បេសកកម្ម​ដំបូង​ដែល​បាន​នាំ​សំណាក់​ដី​ពី​ខាងក្រោម​ស្រទាប​លើ​របស់​អាចម៍ផ្កាយ ត្រលប់​មកកាន់​ផែនដី៕

  • រុស្ស៊ី​ថា «ការប៉ះទង្គិច​នុយ​ក្លេ​អែរ​ជិត​មកដល់» ក្រោយ​ពី​​​អង់គ្លេស​គ្រោង​ជញ្ជូន​គ្រាប់​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​ទៅឱ្យ​អ៊ុយ​ក្រែ​ន

    រុស្ស៊ី​ថា «ការប៉ះទង្គិច​នុយ​ក្លេ​អែរ​ជិត​មកដល់» ក្រោយ​ពី​​​អង់គ្លេស​គ្រោង​ជញ្ជូន​គ្រាប់​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​ទៅឱ្យ​អ៊ុយ​ក្រែ​ន

    ក្រុមមន្ត្រី​នៅ​ទីក្រុង​មូ​ស្គូ​បាន​ថ្កោលទោស​អង់គ្លេស ទាក់ទិន​នឹង​រឿង​ជញ្ជូន​គ្រាប់​ទម្លុះ​ដែក​មាន​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​ទៅឱ្យ​អ៊ុយ​ក្រែ​ន និង​ព្រមាន​ថា នឹងធ្វើ​ការឆ្លើយតប​យ៉ាង​សមស្រប។

    រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​អង់គ្លេស Annabel Goldie កាលពី​ថ្ងៃទី 21 មីនា បានឱ្យដឹងថា ក្នុងចំណោម​គ្រាប់កាំភ្លើង​សម្រាប់​រថក្រោះ​យុទ្ធសាស្ត្រ Challenger 2 ដែល​ប្រទេស​នេះ​គ្រោង​នឹង​ដឹក​ទៅឱ្យ​អ៊ុយ​ក្រែ​ន មាន​គ្រាប់​ទម្លុះ​ដែក​ដែលមាន​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ។ យោងតាម Goldie គ្រាប់​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​​ក្នុងការ​កម្ទេច​រថក្រោះ​ទំនើប និង​យាន​ពាស​ដែក។

    ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ក្នុង​ថ្ងៃ​ដដែល​បាន​និយាយថា «បើសិន​រឿងនេះ​កើតឡើង រុស្ស៊ី​នឹង​ឆ្លើយតប​យ៉ាង​សមស្រប ដោយសារ​លោកខាងលិច ជារួម បានចាប់ផ្ដើម​ប្រើប្រាស់​អាវុធ​ដែលមាន​ផ្ទុក​សមាសធាតុ​នុយ​ក្លេ​អែរ»។

     

    ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu វិញ ក៏បាន​ព្រមាន​ថា ការសម្រេចចិត្ត​របស់​អង់គ្លេស ធ្វើឱ្យ​មូ​ស្គូ និង​បស្ចិម​លោក​ខិត​កាន់តែ​ជិត​ករណី «ប៉ះទង្គិច​នុយ​ក្លេ​អែរ។ ពិតណាស់ រុស្ស៊ី​ក៏មាន​របស់​សម្រាប់​តប​ត»។

    ក្រសួងការពារជាតិ​អង់គ្លេស បន្ទាប់មក​ក៏បាន​ចោទ​រុស្ស៊ី​ថា «មាន​ចេតនា​រក​វិធី​ធ្វើឱ្យ​ព័ត៌មាន​ប្រាសចាក​ការពិត»។ អ៊ុយ​រ៉ា​ញូ​ម​ខ្សោយ «មិន​ទាក់ទង​នឹង​អាវុធ និង​ថាមពល​នុយ​ក្លេ​អែរ» ហើយ​វា​គឺជា «សមាសធាតុ​ស្ដង់ដា​មួយ» ដែល​ត្រូវបាន​ប្រទេស​នានា​ប្រើប្រាស់ ក្នុងនោះ​មាន​រុស្ស៊ី​ផងដែរ។

    Challenge 2

    អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​គឺជា​ផលិតផល​សំណល់​ពី​ការ​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូ​ម​ក្នុង​ការផលិត​វត្ថុ​ធាតុ​ថាមពល និង​អាវុធ​នុយ​ក្លេ​អែរ។ វា​មាន​វិទ្យុសកម្ម​ទាប​ជាង​ធៀប​នឹង​លោហធាតុ​នេះ​នៅក្នុង​ធម្មជាតិ ប៉ុន្តែ​បង្ក​ការបារម្ភ​អំពី​ជាតិពុល។ អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្សោយ​តែង​ត្រូវបាន​ផលិត​ជា​គ្រាប់កាំភ្លើង​ទម្លុះ​ដែក ដោយសារ​មាន​ដង់ស៊ីតេ​ខ្ពស់ជាង 70% ធៀប​នឹង​សំណ។

    កាលពី​ខែមករា អង់គ្លេស​ប្រកាសថា នឹង​ផ្ដល់ជំនួយ​ជា​រថក្រោះ​យុទ្ធសាស្ត្រ Challenger 2 ដើម្បីឱ្យ​អ៊ុយ​ក្រែ​ន​អាច «វាយ​រុញច្រាន​កងទ័ព​រុ​ស្ស៊»។ Challenger 2 ត្រូវបាន​បង្កើតឡើង​ដើម្បី​កម្ចាត់​រថក្រោះ​របស់​សត្រូវ។ Challenger 2 ត្រូវបាន​ប្រើប្រាស់​នៅក្នុង​សង្គ្រាម​នៅ​បូ​ស្នី-អ៊ែរ​ហ្សេ​ហ្គោ​វីន, កូ​សូ​វ៉ូ និង​អ៊ីរ៉ាក់៕

  • ទឹកសមុទ្រ​កើនឡើង​ស្មើនឹង 365 លាន​អាង​ក្នុង​មួយឆ្នាំ

    ទឹកសមុទ្រ​កើនឡើង​ស្មើនឹង 365 លាន​អាង​ក្នុង​មួយឆ្នាំ

    ការវិភាគ​ទិន្នន័យ​ពី​ផ្កាយរណប​របស់​ណា​សា (NASA) បង្ហាញថា នីវ៉ូទឹក​សមុទ្រ​ទូទាំង​សកលលោក​កើន​ជា​មធ្យម 0.27 សង់ទីម៉ែត្រ​ចាប់ពី​ឆ្នាំ 2021 ដល់​ឆ្នាំ 2022។

    ទឹកសមុទ្រ​កើន​ជា​មធ្យម​នៅ​ទូទាំង​សកលលោក​ក្នុងដំណាក់កាល​ឆ្នាំ 2021-2022 ស្មើ​​នឹង​ការបន្ថែម​ទឹក​មួយ​លាន​អាង​ស្ដង់ដា​អូឡាំពិក ទៅក្នុង​សមុទ្រ​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 20 មីនា។ នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការកើនឡើង​របស់​នីវ៉ូទឹក​សមុទ្រ​ដែល​អូសបន្លាយ​ពេល​រាប់​ទសវត្សរ៍។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចាប់ផ្ដើម​តាមដាន​កម្ពស់​ផ្ទៃ​ទឹកសមុទ្រ​ជា​លើកដំបូង​នៅ​ឆ្នាំ 1993 នៅក្នុង​បេសកកម្ម TOPEX/​Poseidon របស់​អាម៉េរិក-បារាំង។ ណា​សាបាន​ឱ្យដឹងថា ចាប់តាំងពី​ពេលនោះ​មក នីវ៉ូទឹក​សមុទ្រ​បាន​កើនឡើង 9.1 សង់ទីម៉ែត្រ។

     

    ល្បឿន​នៃ​ការកើនឡើង​របស់​ទឹកសមុទ្រ​ប្រចាំឆ្នាំ​ក៏​កើន​ពី 0.2 សង់ទីម៉ែត្រ/ឆ្នាំ​នៅ​ឆ្នាំ 1993 ឡើងដល់ 0.44 សង់ទីម៉ែត្រ/ឆ្នាំ នៅ​ឆ្នាំ 2022។ តាម​ការ​គណនា​ពី​ផ្កាយរណប ល្បឿន​នេះ​ត្រូវគេ​រំពឹងថា​នឹង​ឡើងដល់ 0.66 សង់ទីម៉ែត្រ/ឆ្នាំ​នៅ​ឆ្នាំ 2050។

    កាលពី 30 ឆ្នាំមុន ការ​វាស់កម្ពស់​ផ្ទៃ​ទឹកសមុទ្រ​បានចាប់ផ្ដើម​ដោយ​កម្មវិធី TOPEX/​Poseidon និង​បន្ត​ដោយ​បួន​កម្មវិធី​ទៀត​របស់​ណា​សា ​សហការ​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA), បារាំង (CNES) និងទីភ្នាក់​ងារ​ NOAA របស់​សហរដ្ឋ​អាម៉េរិក។ បេសកកម្ម​ថ្មី​បំផុត​នៅក្នុង​ក្រុម​នេះ​គឺ Sentinel-6/Jason-CS ដែល​រួមមាន​ផ្កាយរណប​ចំនួន​ពីរ​គ្រឿង​ នឹង​​បន្ត​ការ​វាស់​នីវ៉ូទឹក​សមុទ្រ​រហូតដល់​ឆ្នាំ 2030៕

  • អាចម៍ផ្កាយ​មួយ​ដុំ​មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ជាងគ្រាប់​បែក​ប្រល័យ​លោកនៅ Nagasaki 200 ដង ហោះ​ជិត​ដល់​ផែនដី

    អាចម៍ផ្កាយ​មួយ​ដុំ​មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ជាងគ្រាប់​បែក​ប្រល័យ​លោកនៅ Nagasaki 200 ដង ហោះ​ជិត​ដល់​ផែនដី

    យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វត្ថុ​អវកាស​ក្បែរ​ផែនដី​របស់​ណា​សា អាចម៍ផ្កាយ 2023 DZ2 នឹង​មក​ក្បែរ​ផែនដី​ក្នុង​គ​ម្លា​ត 175,000 គីឡូម៉ែត្រ នៅវេលា​ម៉ោង​ប្រហែល 3 ថ្ងៃទី 26 មីនា (ម៉ោង​នៅ​កម្ពុជា)។

    អាចម៍ផ្កាយ 2023 DZ2 នឹង​ហោះ​កាត់មុខ​ផែនដី​ក្នុង​គ​ម្លា​ត​មិន​ដល់ ½ នៃ​ចម្ងាយ​មធ្យម​ពី​ផែនដី​ទៅ​ព្រះ​ចន្ទ។ ក្នុង​គ​ន្លាត​នេះ គ្រប់គ្នា​អាច​សង្កេត​មើលឃើញ​ដោយ​ប្រើប្រាស់​កូន​តេ​ឡេ​ស្កុប ឬ​សា​ម៉ែ​ល​គុណភាព​ខ្ពស់។ បច្ចុប្បន្ន អាចម៍ផ្កាយ​នេះ​កំពុងស្ថិត​នៅក្នុង​​តំបន់​កញ្ចុំ​ផ្កាយ Cancer ប៉ុន្តែ​នៅ​ថ្ងៃទី 26 មីនា វា​នឹង​ហោះ​ដល់​តំបន់​កញ្ចុំ​ផ្កាយ Leo, Virgo និង Libra។

    ទិន្នន័យ​ពី​ណា​សា​បង្ហាញថា 2023 DZ2 មាន​អង្កត់ផ្ចិត​ប្រហែល​ពី 43 ទៅ 97 ម៉ែត្រ ខ្ពស់ជាង​បន្តិច​បើ​ធៀប​នឹង​រូបសំណាក​សេរីភាព Liberty។ ពេល​មក​ក្បែរ​ផែនដី អាចម៍ផ្កាយ​នេះ​នឹងមាន​ល្បឿន 28,000 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ប្រហែល 8 ដង ធៀប​នឹង​គ្រាប់កាំភ្លើង​វែង (rifle)។

    2023 DZ2 ចំណាយពេល​ប្រហែល​បី​ឆ្នាំ ទើប​ហោះ​បាន​មួយ​ជុំ​ព្រះអាទិត្យ។ អាចម៍ផ្កាយ​ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 27 កុម្ភៈ​នេះ ស្ថិតក្នុង​ចំណោម​អាចម៍ផ្កាយ​ជាង 31,000 ដុំ​ដែល​ត្រូវបាន​រកឃើញ​ស្ថិតនៅ​ក្បែរ​ផែនដី។

    អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា បើសិនជា​កើតមាន​ហេតុការណ៍​ប៉ះទង្គិច​មកលើ​ផែនដី 2023 DZ2 នឹង​ផ្ទុះ​នៅលើ​អាកាស ហើយ​បំណែក​ជាច្រើន​របស់​វា​នឹង​ធ្លាក់​មកលើ​ផែនដី។ ការផ្ទុះ​របស់ 2023 DZ2 នឹង​បង្កើតបានជា​ថាមពល​ប្រហាក់ប្រហែល​នឹង​រំសេវ TNT 5 លាន​តោន ខ្លាំង​ជាង 200 ដង បើ​ធៀប​នឹង​គ្រាប់បែក​នុយ​ក្លេ​អែរ​ដែល​អាម៉េរិក​បាន​ទម្លាក់​ទៅលើ​ទីក្រុង Nagasaki របស់​ជប៉ុន​ កាលពី​ឆ្នាំ 1945៕

  • អាម៉េរិក​ផ្ដល់​ជំ​នួយយោធា​​បន្ថែម 350 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ផ្ដល់​ជំ​នួយយោធា​​បន្ថែម 350 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក​បានប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ 350 លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​រ៉ុក្កែត HIMARS រួម​នឹង​គ្រាប់រំសេវ​ជាច្រើន​ប្រភេទ​ទៀត។

    «រហូត​ដល់​រុស្ស៊ី​បញ្ចប់​ជម្លោះ យើង​នឹង​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​រហូតដល់​ពេលនោះ តាម​ដែល​អាច​ធ្វើបាន» រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក Antony Blinken កាលពី​ថ្ងៃ​ទី 20 មីនា បាន​និយាយ​ដូច្នេះ​នៅពេល​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​សម្រាប់​អ៊ុយ​ក្រែ​ន។ មកដល់ពេលនេះ ជំនួយ​យោធា​សរុប​ដែល​អាម៉េរិក​បានផ្ដល់​ឱ្យ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រុស្ស៊ី​បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ខែកុម្ភៈ 2022 គឺ​ជាង 32 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    កញ្ចប់​ទំ​នួ​យ​ថ្មី​តម្លៃ 350 លាន​ដុល្លារ​នេះ​មាន​ទាំង​រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ HIMARS, គ្រាប់​សម្រាប់​កាំភ្លើង​ធំ​របស់​រថក្រោះ​ M2 Bradley, មី​ស៊ី​ល​ប្រឆាំង​រ៉ា​ដា AMG-88 HARM, អាវុធ​ប្រឆាំង​រថក្រោះ និង​ឧបករណ៍​យោធា​ដទៃទៀត។

     

    កញ្ចប់​ជំនួយ​យោធា​ថ្មី​នេះ​ត្រូវ​បានប្រកាស​នៅក្នុង​គ្រា​ដែល​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​កំពុងស្ថិត​ក្នុង​សភាព​ខ្លាំងក្លា​នៅ​ទីក្រុង Bakhmut នៃ​ខេត្ត Donetsk។ ទីក្រុង Bakhmut ត្រូវបាន​រុស្ស៊ី​គ្រប់គ្រង​ប្រហែល 70% នៃ​ផ្ទៃដី​សរុប នេះ​បើតាម​មេដឹកនាំ​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner។

    M2 Bradley

    បណ្ដា​ប្រទេស​ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន កំពុង​បង្វឹក​ទាហាន​ប្រទេស​នេះ​ឱ្យ​ចេះ​ប្រើ​អាវុធ ឧបករណ៍​បច្ចេកវិទ្យា និង​យុទ្ធសាស្ត្រទំនើបៗ ដើម្បី​ទប់ទល់​នឹង​កងទ័ព​ឈ្លានពាន​របស់​រុស្ស៊ី៕