តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​​ចាប់ខ្លួន​លោក ពូ​ទីន តែ​រុស្ស៊ី​បដិសេធ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងសិទ្ធិកុមាររុស្ស៊ី លោកស្រី Maria Lvova-Belova ជួបពិភាក្សាគ្នាកាលពីថ្ងៃទី 16 កុម្ភៈ

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បានចេញ​ដីកាចាប់ខ្លួន​លោក ពូន​ទីន ក្រោម​បទ​ចោទថា​បាន «ផ្លាស់​ទី​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់» ប៉ុន្តែ​រុស្ស៊ី​ប្រកាសថា ដីកា​​នេះ «គ្មាន​ប្រសិទ្ធភាព​ក្នុង​ផ្លូវច្បាប់»។

កាលពី​ថ្ងៃទី 17 មីនា 2023 តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belova ក្រោម​បទ​ចោទថា «នាំ​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​រុស្ស៊ី​ដោយ​មិន​ស្របច្បាប់»។ ICC យល់ថា សកម្មភាព​ខាងលើ​របស់​រុស្ស៊ី​ត្រូវ​បាន​​ធ្វើ​ឡើង​បន្ទាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

យោងតាម​ការសម្រេចចិត្តរបស់ ICC លោក ពូ​ទីន «ទទួលខុសត្រូវ​ដោយផ្ទាល់​នៅពេល​ធ្វើ​សកម្មភាព» ក៏ដូចជា «មិនបាន​គ្រប់គ្រង ឬ​អនុញ្ញាតឱ្យ​ស្ថាប័ន​ស៊ីវិល ឬ​យោធា​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើ​នេះ»។

ជាការ​ឆ្លើយតប​នឹង​ដីកា​​របស់ ICC អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​រុស្ស៊ី Maria Zakharova យល់ថា «តាម​ការយល់ឃើញ​ផ្នែក​ផ្លូវច្បាប់ ការសម្រេចចិត្ត​របស់ ICC មិនមាន​ន័យ​អ្វី​ឡើយ​សម្រាប់​ប្រទេសជាតិ​របស់​យើង»។

«រុស្ស៊ី​មិនមែនជា​ភាគី​ដែល​បាន​ចូលរួម​បទ​ប្បញ្ញា​ត្តិ Rome ស្ដីពី ICC និង​មិនមាន​កាតព្វកិច្ច​ណាមួយ​ដែល​ជាប់ទាក់ទង។ រុស្ស៊ី​មិន​សហការ​ជាមួយ ICC ហើយ​ដីកាចាប់ខ្លួន​ដែល​ស្ថាប័ន​នេះ​ដាក់ចេញ​គឺ​មិនមាន​ប្រសិទ្ធភាព​ក្នុង​ផ្លូវច្បាប់ និង​គ្មាន​តម្លៃ​សម្រាប់​យើងខ្ញុំ» លោកស្រី Zakharova ថ្លែង​ដូច្នេះ។

ដីកា​តុលាការ ICC ត្រូវបាន​ដាក់ចេញ​ក្រោយពី​មានការ​ស៊ើបអង្កេត​​ស្ដី​ពី​​ការចោទប្រកាន់​ដែលថា រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រឆាំង​មនុស្សជាតិ​ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ រុស្ស៊ី​មិន​ទទួលស្គាល់​អំណាច​របស់ ICC ដូច្នេះ​មិនទាន់​ដឹង​ច្បាស់​ថា ស្ថាប័ននេះ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​អនុវត្ត​ដីកា​នេះ​ដោយ​របៀប​ណា​នៅឡើយ។

មុន​នោះ​ ទីក្រុង​កៀវ​ជឿថា កុមារ​អ៊ុយ​ក្រែ​នប្រមាណ​ 345 នាក់​បាន «បាត់​ខ្លួន» ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង និង​បាន​ចោទថា មូស្គូ​​បាន​នាំ​កុមារ​អ៊ុយ​ក្រែ​ន​ជាច្រើន​នាក់​ទៅកាន់​ទឹកដី​រុស្ស៊ី។

អគ្គ​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​ន Andriy Kostin កាលពី​ថ្ងៃទី 17 មីនា​បានប្រកាសថា ដីកា​របស់ ICC គឺជា «ឥរិយាបថ​ជា​​ប្រវត្តិសាស្ត្រ​ចំពោះ​អ៊ុយ​ក្រែ​ន និង​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ​ទាំងមូល»។ ចំណែក Andriy Yermak ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វិញ យល់ថា ការសម្រេច​នេះ «ទើបតែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ»៕

Advertisement