អ្នកវិទ្យាសាស្ត្រ​រកឃើញ RNA និង​វីតាមីន B3 លើ​អាចម៍ផ្កាយ​ក្បែរ​ផែនដី

បណ្ដា​ម៉ូលេគុល​សរីរាង្គ​ត្រូវបាន​រកឃើញ​ក្នុង​សំណាក​ដី​ដែល​យក​ពី​អាចម៍ផ្កាយ Ryugu ដោយ​យានអវកាស របស់​ប្រទេស​ជប៉ុន។

ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​សំណាក​ដី​របស់​អាចម៍ផ្កាយ Ryugu ដែល​យាន Hayabusa2 របស់​ទីភ្នាក់ងារ​អវកាស​ជប៉ុន​ប្រមូលបាន និង​រកឃើញ uracil ដែលជា​ឯក​តា​មួយ​ក្នុងចំណោម​ឯក​តា​ព័ត៌មាន​ដែល​បង្កើតបានជា RNA ជា​ម៉ូលេគុល​ផ្ទុក​ការបញ្ជាក់​អំពី​វិធី​កកើត និង​សកម្មភាព​របស់​សត្វមានជីវិត។

ក្រៅពី​របកគំហើញ​ខាងលើ នៅក្នុង​សំណាក​ដដែល​នោះ អ្នកវិទ្យាសាស្ត្រ​ក៏​រកឃើញ​អាស៊ីត nicotinic ឬ​ហៅថា niacin ឬ​វីតាមីន B3 ដែលជា​កត្តា​សំខាន់​ចំពោះ​ការរំលាយ​អាហារ​របស់​សត្វមានជីវិត។

ការរកឃើញ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Yasuhiro Oba នៅ​សាកលវិទ្យាល័យ Hokkaido បានផ្ដល់​ភស្ដុតាង​បន្ថែម​ស្ដីពី​រចនាសម្ព័ន្ធ​ជីវិត​នៅក្នុង​ទី​អវកាស ដែល​ពួកវា​អាច​ជាប់​នៅលើ​អាចម៍ផ្កាយ និង​ធ្លាក់​មកកាន់​ផែនដី។ របកគំហើញ​នេះ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 13 មីនា នៅលើ​ទស្សនាវដ្ដី Nature Communications។

Ryugu គឺជា​អាចម៍ផ្កាយ​ដែល​សម្បូរ​កាបូន និង​មាន​រូបរាង​ស្រដៀង​ត្បូង​ពេជ្រ មាន​ទទឹង​មួយ​គីឡូម៉ែត្រ។ Hayabusa2 គឺជា​បេសកកម្ម​ដំបូង​ដែល​បាន​នាំ​សំណាក់​ដី​ពី​ខាងក្រោម​ស្រទាប​លើ​របស់​អាចម៍ផ្កាយ ត្រលប់​មកកាន់​ផែនដី៕

Advertisement