រកឃើញ​ទឹក​នៅលើ​ភព​ដែលមាន​ចម្ងាយ 40 ឆ្នាំ​ពន្លឺ​ពី​ផែនដី

រូបភាព​ស្ដីពី​ភព VHS 1256 b

ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ពិភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​ដែល​ដាក់ឈ្មោះ​ឱ្យ​ថា VHS 1256 b មាន​ថាស​ធូលី​វិល​ជុំវិញ​ក្នុង​បរិយាកាស និង​មាន​ផ្ទុក​ឧស្ម័ន​មេតាន កាបូនឌីអុកស៊ីត និង​ទឹក។

VHS 1256 b ជា​ភព​គោចរ​ជុំវិញ​ផ្កាយ​មួយគូ​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 378.5 ទ្រី​លាន​គីឡូម៉ែត្រ​ទៅ​ទិស​កញ្ចុំ​ផ្កាយ Corvus។ ភព​នេះ​ត្រូវបាន​សង្កេត និង​វិភាគ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Arizona សហរដ្ឋ​អាម៉េរិក ដោយ​ប្រើប្រាស់​តេ​ឡេ​ស្កុប​អវកាស James Webb របស់​ណា​សា។

ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ព្យុះធំៗជាច្រើន​កើតឡើង​ពី​ពពក silicate នៅលើ​ផ្ទៃ​ភព​ដែល​សម្បូរ​ឧស្ម័ន​មេតាន កាបូនឌីអុកស៊ីត (CO2) រួម​នឹង​កាបូន​ម៉ូ​ណូ​ស៊ីត (CO) និង​ទឹក។ របកគំហើញ​នេះ​នឹងត្រូវ​បានប្រកាស​នៅលើ​ទស្សនាវដ្ដី The Astrophysical Journal Letters។ នេះ​បើតាម Newsweek ចុះផ្សាយ​ក្នុង​ថ្ងៃទី 24 មីនា។

 

VHS 1256 b ត្រូវបាន​រកឃើញ​ជា​លើកដំបូង​ដោយ​តេ​ឡេ​ស្កុប Vista នៅ​ប្រទេស​ស៊ី​លី កាលពី​ឆ្នាំ 2015។ VHS 1256 b គឺជា​ភព​ឧស្ម័ន​ខ្នាត​យក្ស ធំ​ជាង​ពី 12 ទៅ 18 ដង ធៀប​នឹង​ភព​ព្រហស្បតិ៍ (Jupiter)។ មួយថ្ងៃ​នៅលើ​ភព​នេះ​មាន​រយៈពេល 22 ម៉ោង។ ពពក silicate (ពពក​ស៊ី​លី​កុន និង​អុកស៊ីសែន) នៅលើ​ភព​នេះ អណ្ដែត​ទៅលើ និង​ច្របាច់​បញ្ចូល​គ្នា​នៅពេល​ថ្ងៃ ពេលដែល​សីតុណ្ហភាព​ខ្ពស់​ខ្លាំង និង​ត្រជាក់​ខ្លាំង។ ពេល​ក្ដៅ​ខ្លាំង ភព​នេះ​នឹងមាន​សីតុណ្ហភាព​ឡើងដល់ 816 អង្សា​សេ។

បើទោះជា​មានទឹក​ក្នុង​បរិយាកាស ភព VHS 1256 b នេះ​មិន​សមស្រប​សម្រាប់​ជីវិត​ឡើយ ព្រោះ​វា​ដូច​ទៅនឹង​ភព​ព្រហស្បតិ៍​ជាជាង​ផែនដី៕

Advertisement