អាម៉េរិក​អំពាវនាវ​ដ​ល់​សមាជិក​តុលាការ ICC អនុវត្ត​ដីកាចាប់ខ្លួន​លោក ពូ​ទីន

រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោក Antony Blinken (ឆ្វេង) និង​លោក​ ពូទីន

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក លោក Antony Blinken បាន​អំពាវនាវ​សូម​ឱ្យ​​គ្រប់​សមាជិក ICC គោរព​តាម​ដីកា​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន។

ក្នុង​សវនាការ​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក​កាលពី​ថ្ងៃទី 22 មីនា តំណាងរាស្ត្រ Lindsey Graham បាន​សួរ​លោក Blinken ថា តើ​វ៉ា​ស៊ី​ង​តោន​នឹង​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី ឬទេ បើសិន​លោក ពូ​ទីន មកកាន់​ទឹកដី​អាម៉េរិក។

«ដូចដែល​អស់លោក​បាន​ដឹង​ហើយ យើង​មិនមែនជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដូច្នេះ​ខ្ញុំ​មិន​ចង់​និយាយ​ដល់​សេណារីយោ​នោះ» លោក Blinken ឆ្លើយ​ដូច្នេះ និង​បន្តថា «ខ្ញុំ​ក៏​មិន​គិតថា លោក ពូ​ទីន មាន​គម្រោង​មកកាន់​សហរដ្ឋ​អាម៉េរិកឆាប់ៗនេះ»។

 

លោក Graham បន្ត​សួរថា លោក Blinken «លើកទឹកចិត្ត​ឱ្យ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​បញ្ជូន​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី ទៅឱ្យ​តុលាការ ឬ​អត់»។ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ក៏​សង្កត់ធ្ងន់ថា «ខ្ញុំ​គិតថា រាល់​សមាជិក ICC សុទ្ធតែ​ត្រូវអនុវត្ត​កាតព្វកិច្ច​របស់ខ្លួន»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងសិទ្ធិកុមាររុស្ស៊ី លោកស្រី Maria Lvova-Belova ជួបពិភាក្សាគ្នាកាលពីថ្ងៃទី 16 កុម្ភៈ

កាលពី​ថ្ងៃទី 17 មីនា 2023 តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belova ក្រោម​បទ​ចោទថា «នាំ​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​រុស្ស៊ី​ដោយ​មិន​ស្របច្បាប់»។ ICC យល់ថា សកម្មភាព​ខាងលើ​របស់​រុស្ស៊ី​ត្រូវបាន​ធ្វើឡើង​បន្ទាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

យោងតាម​ការសម្រេចចិត្ត​របស់ ICC លោក ពូ​ទីន «ទទួលខុសត្រូវ​ដោយផ្ទាល់​នៅពេល​ធ្វើ​សកម្មភាព» ក៏ដូចជា «មិនបាន​គ្រប់គ្រង ឬ​អនុញ្ញាតឱ្យ​ស្ថាប័ន​ស៊ីវិល ឬ​យោធា​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើ​នេះ»៕

Advertisement