យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវវត្ថុអវកាសក្បែរផែនដីរបស់ណាសា អាចម៍ផ្កាយ 2023 DZ2 នឹងមកក្បែរផែនដីក្នុងគម្លាត 175,000 គីឡូម៉ែត្រ នៅវេលាម៉ោងប្រហែល 3 ថ្ងៃទី 26 មីនា (ម៉ោងនៅកម្ពុជា)។
អាចម៍ផ្កាយ 2023 DZ2 នឹងហោះកាត់មុខផែនដីក្នុងគម្លាតមិនដល់ ½ នៃចម្ងាយមធ្យមពីផែនដីទៅព្រះចន្ទ។ ក្នុងគន្លាតនេះ គ្រប់គ្នាអាចសង្កេតមើលឃើញដោយប្រើប្រាស់កូនតេឡេស្កុប ឬសាម៉ែលគុណភាពខ្ពស់។ បច្ចុប្បន្ន អាចម៍ផ្កាយនេះកំពុងស្ថិតនៅក្នុងតំបន់កញ្ចុំផ្កាយ Cancer ប៉ុន្តែនៅថ្ងៃទី 26 មីនា វានឹងហោះដល់តំបន់កញ្ចុំផ្កាយ Leo, Virgo និង Libra។
ទិន្នន័យពីណាសាបង្ហាញថា 2023 DZ2 មានអង្កត់ផ្ចិតប្រហែលពី 43 ទៅ 97 ម៉ែត្រ ខ្ពស់ជាងបន្តិចបើធៀបនឹងរូបសំណាកសេរីភាព Liberty។ ពេលមកក្បែរផែនដី អាចម៍ផ្កាយនេះនឹងមានល្បឿន 28,000 គីឡូម៉ែត្រ/ម៉ោង លឿនជាងប្រហែល 8 ដង ធៀបនឹងគ្រាប់កាំភ្លើងវែង (rifle)។
2023 DZ2 ចំណាយពេលប្រហែលបីឆ្នាំ ទើបហោះបានមួយជុំព្រះអាទិត្យ។ អាចម៍ផ្កាយដែលត្រូវបានរកឃើញកាលពីថ្ងៃទី 27 កុម្ភៈនេះ ស្ថិតក្នុងចំណោមអាចម៍ផ្កាយជាង 31,000 ដុំដែលត្រូវបានរកឃើញស្ថិតនៅក្បែរផែនដី។
អ្នកវិទ្យាសាស្ត្រគណនាឃើញថា បើសិនជាកើតមានហេតុការណ៍ប៉ះទង្គិចមកលើផែនដី 2023 DZ2 នឹងផ្ទុះនៅលើអាកាស ហើយបំណែកជាច្រើនរបស់វានឹងធ្លាក់មកលើផែនដី។ ការផ្ទុះរបស់ 2023 DZ2 នឹងបង្កើតបានជាថាមពលប្រហាក់ប្រហែលនឹងរំសេវ TNT 5 លានតោន ខ្លាំងជាង 200 ដង បើធៀបនឹងគ្រាប់បែកនុយក្លេអែរដែលអាម៉េរិកបានទម្លាក់ទៅលើទីក្រុង Nagasaki របស់ជប៉ុន កាលពីឆ្នាំ 1945៕