ទឹកសមុទ្រ​កើនឡើង​ស្មើនឹង 365 លាន​អាង​ក្នុង​មួយឆ្នាំ

ការវិភាគ​ទិន្នន័យ​ពី​ផ្កាយរណប​របស់​ណា​សា (NASA) បង្ហាញថា នីវ៉ូទឹក​សមុទ្រ​ទូទាំង​សកលលោក​កើន​ជា​មធ្យម 0.27 សង់ទីម៉ែត្រ​ចាប់ពី​ឆ្នាំ 2021 ដល់​ឆ្នាំ 2022។

ទឹកសមុទ្រ​កើន​ជា​មធ្យម​នៅ​ទូទាំង​សកលលោក​ក្នុងដំណាក់កាល​ឆ្នាំ 2021-2022 ស្មើ​​នឹង​ការបន្ថែម​ទឹក​មួយ​លាន​អាង​ស្ដង់ដា​អូឡាំពិក ទៅក្នុង​សមុទ្រ​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 20 មីនា។ នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការកើនឡើង​របស់​នីវ៉ូទឹក​សមុទ្រ​ដែល​អូសបន្លាយ​ពេល​រាប់​ទសវត្សរ៍។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ចាប់ផ្ដើម​តាមដាន​កម្ពស់​ផ្ទៃ​ទឹកសមុទ្រ​ជា​លើកដំបូង​នៅ​ឆ្នាំ 1993 នៅក្នុង​បេសកកម្ម TOPEX/​Poseidon របស់​អាម៉េរិក-បារាំង។ ណា​សាបាន​ឱ្យដឹងថា ចាប់តាំងពី​ពេលនោះ​មក នីវ៉ូទឹក​សមុទ្រ​បាន​កើនឡើង 9.1 សង់ទីម៉ែត្រ។

 

ល្បឿន​នៃ​ការកើនឡើង​របស់​ទឹកសមុទ្រ​ប្រចាំឆ្នាំ​ក៏​កើន​ពី 0.2 សង់ទីម៉ែត្រ/ឆ្នាំ​នៅ​ឆ្នាំ 1993 ឡើងដល់ 0.44 សង់ទីម៉ែត្រ/ឆ្នាំ នៅ​ឆ្នាំ 2022។ តាម​ការ​គណនា​ពី​ផ្កាយរណប ល្បឿន​នេះ​ត្រូវគេ​រំពឹងថា​នឹង​ឡើងដល់ 0.66 សង់ទីម៉ែត្រ/ឆ្នាំ​នៅ​ឆ្នាំ 2050។

កាលពី 30 ឆ្នាំមុន ការ​វាស់កម្ពស់​ផ្ទៃ​ទឹកសមុទ្រ​បានចាប់ផ្ដើម​ដោយ​កម្មវិធី TOPEX/​Poseidon និង​បន្ត​ដោយ​បួន​កម្មវិធី​ទៀត​របស់​ណា​សា ​សហការ​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA), បារាំង (CNES) និងទីភ្នាក់​ងារ​ NOAA របស់​សហរដ្ឋ​អាម៉េរិក។ បេសកកម្ម​ថ្មី​បំផុត​នៅក្នុង​ក្រុម​នេះ​គឺ Sentinel-6/Jason-CS ដែល​រួមមាន​ផ្កាយរណប​ចំនួន​ពីរ​គ្រឿង​ នឹង​​បន្ត​ការ​វាស់​នីវ៉ូទឹក​សមុទ្រ​រហូតដល់​ឆ្នាំ 2030៕

Advertisement