Category: អន្តរជាតិ

  • ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​ឯ ប្រទេស​តុង​ហ្គោ! ទិដ្ឋភាព​មួយចំនួន នៅមុន និង​​ក្រោយ​​ការ​ផ្ទុះ​ភ្នំភ្លើង

    ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​ឯ ប្រទេស​តុង​ហ្គោ! ទិដ្ឋភាព​មួយចំនួន នៅមុន និង​​ក្រោយ​​ការ​ផ្ទុះ​ភ្នំភ្លើង

    រូបភាព​ដែល​ថត​ពី​ទី​ខ្ពស់​បង្ហាញថា ប្រទេស​តុង​ហ្គោ ត្រូវ​គ្របដណ្ដប់​ដោយ​ធូលី ផេះ ខណៈដែល​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ត្រូវ​ដួលរលំ បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង។

    មជ្ឈមណ្ឌល​ផ្កាយរណប​របស់ អង្គការសហប្រជាជាតិ បញ្ចេញ​រូបថតដំបូងៗ ដែល​ទាក់​ទិ​ង​នឹង​ការខូចខាត​នៅ ប្រទេស​តុង​ហ្គោ ក្រោយពី​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ​ប្រទេស​នេះ ដែល​បាន​បង្កឱ្យមាន​រលក​យក្ស​កាលពី​ចុង​សប្ដាហ៍​កន្លង។ ផ្លូវថ្នល់ រុក្ខជាតិ ផ្ទះសម្បែង​ជាដើម​នៅ​ប្រទេស​នេះ ត្រូវបាន​គ្របដណ្ដប់​ដោយ​ផេះ ធូលី។

    នាយករដ្ឋមន្ត្រី​នៃ ប្រទេស​នូ​វែ​ល​សែ​ឡង់ ដែល​នៅក្បែរ​ខាង បានឱ្យដឹងថា បើទោះជា រដ្ឋធានី Nuku’alofa ត្រូវបាន​គ្របដណ្ដប់​ដោយ​ផេះ និង​ធូលី​យ៉ាង​ក្រាស់ ប៉ុន្តែ ស្ថានការណ៍​នៅទីនេះ​ស្ងប់ស្ងាត់ និង​មាន​ស្ថិរភាព។

    ក្រោយពី​ទទួលរង​ផលប៉ះពាល់​ពី​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង និង​រលក​យក្ស ប្រទេស​តុង​ហ្គោ ហាក់​នៅតែ​មិនទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ពិភព​ខាងក្រៅ ដោយសារ​ដាច់​ខ្សែកាប​អ៊ី​ន​ធើ​ណិ​ត។ រូបភាព​ស្ដីពី​ប្រទេស​នេះ ភាគច្រើន​ត្រូវបាន​ថត​ដោយ​ផ្កាយរណប។

    ក្រសួងការបរទេស និង​ពាណិជ្ជកម្ម នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃទី ១៨ មករា ឱ្យដឹងថា មាន​មនុស្ស ២ នាក់ បាន​បាត់​បង់ជីវិត​នៅក្នុង​គ្រោះធម្មជាតិ នៅ តុង​ហ្គោ ក្នុងនោះ​មាន​ជនរងគ្រោះ​ម្នាក់​ជា ពលរដ្ឋ​អង់គ្លេស។ តុង​ហ្គោ មិនទាន់​ប្រកាស​អំពី​ចំនួន​អ្នករងគ្រោះ​នៅឡើយ។

    ការិយាល័យ​ចាត់ចែង​លើ​បញ្ហា​មនុស្សធម៌​របស់ អង្គការសហប្រជាជាតិ បានឱ្យដឹង​កាលពី​ថ្ងៃទី ១៧ មករា ថា មានការ​ខូចខាត​ច្រើន ពិសេស​គឺ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ជុំវិញ​កោះ​ចម្បង Tongatapu។

  • ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​ក្រុម​នាវា​វាយ​ឡើង​ច្រាំង​របស់ សហរដ្ឋ​អាម៉េរិក ធ្វើ​សមយុទ្ធ​នៅ សមុទ្រ​ចិន​ខាងត្បូង

    ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​ក្រុម​នាវា​វាយ​ឡើង​ច្រាំង​របស់ សហរដ្ឋ​អាម៉េរិក ធ្វើ​សមយុទ្ធ​នៅ សមុទ្រ​ចិន​ខាងត្បូង

    ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carl Vinson និង​ក្រុម​នាវា​វាយ​ឡើង​ច្រាំង Essex កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅលើ សមុទ្រ​ចិន​ខាងត្បូង ដើម្បី​លើកកម្ពស់​សក្ដានុពលរ​បស់ កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក នៅក្នុង​តំបន់​នេះ។

    កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក ទើបតែ​បានប្រកាសថា ក្រុម​ប្រយុទ្ធ​នៃ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carl Vinson និង​ក្រុម​ប្រយុទ្ធ​នៃ​នាវា​វាយ​ឡើង​ច្រាំង Essex ទើបតែ​បានធ្វើ​សមយុទ្ធ​វាយលុក​នៅលើ សមុទ្រ​ចិន​ខាងត្បូង។ សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ២ គ្រឿង បាន​ចូលមក​កាន់​តំបន់ សមុទ្រ​ចិន​ខាត​ត្បូង កាលពី​ថ្ងៃទី ១១ មករា និង​បញ្ចប់​កាលពី​ថ្ងៃទី ១៦ មករា។

    វិញ្ញាសា​នៃ​សមយុទ្ធ​នេះ​រួមមាន ការវាយប្រហារ​ដែនសមុទ្រ​ដោយមាន​ការសម្របសម្រួល ការ​ជ្រៀតចូល​តំបន់​សមុទ្រ​របស់​សត្រូវ ការ​ប្រមាញ់​នាវាមុជទឹក ការផ្គត់ផ្គង់​ប្រេង​លើ​សមុទ្រ និង​ការ​ចល័ត​ជា​ទម្រង់។

    ប្រកាស​របស់ កងទ័ពជើងទឹក​អាម៉េរិក ឱ្យដឹងថា នេះ​គឺជា​សកម្មភាព​ថ្មី​បំផុត​ដើម្បី​លើកកម្ពស់​លទ្ធភាព​នៃ​ការប្រុងប្រៀប និង​ការសហការ​នៃ​កងទ័ពជើងទឹក នៅក្នុង​តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។

    នាវា​ផ្ទុក​យន្តហោះ USS Carl Vinson

    នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carl Vinson និង​នាវា​វាយ​ឡើង​ច្រាំង Essex គឺជា​នាវា​ធំ​បំផុត​ក្នុងចំណោម​នាវាចម្បាំងធំៗជាងគេ​របស់ កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក។

    ក្រុម​នាវា Carl Vinson រួមមាន នាវា​ផ្ទុក​យន្តហោះ USS Carl Vinson, នាវា​ល្បាត​មាន​កាំជ្រួច​នាំ​ផ្លូវ​ដោយ​ប្រព័ន្ធ​កំណត់​ទិស USS Lake Champlain, នាវា​ពិឃាត ៣ គ្រឿង​ដែល​រួមមាន USS Michael Murphy, USS O’Kane និង USS Chafee។ ក្រុម​សហការ​ជាមួយ​នាវា Carl Vinson គឺ​ក្រុម​ហោះហើរ​នៅលើ​នាវា​លេខ២ រួមមាន ៩ ក្រុម ដែលមាន​យន្តហោះ​ចម្បាំង​រាប់សិប​គ្រឿង ក្នុងនោះ​មាន​ទាំង​អង្គភាព​យន្តហោះ​បំបាំងកាយ F-35C ផងដែរ។

    នាវា​​ផ្ទុក​យន្ត​ហោះ​ វាយប្រហារ​ឡើង​ច្រាំង USS Essex

    ក្រុម​ប្រយុទ្ធ Essex រួមមាន នាវា​វាយប្រហារ​ឡើង​ច្រាំង USS Essex ដែលមាន​ផ្ទុក​យន្តហោះ F0-35C និង​ឧទ្ធម្ភាគចក្រ, នាវា​ផែ​វាយ​ឡើង​ច្រាំង USS Pearl Harbor និង​អង្គភាព​វាយ​ឡើង​ច្រាំង​ក្រៅប្រទេស​លេខ ១។

    សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច មានដូចជា អង់គ្លេស បារាំង និង អាល្លឺម៉ង់ ជាដើម ថ្មីៗនេះ​បាន​បង្កើន​វត្តមាន​កង​ទ័ព​របស់ខ្លួន​នៅ សមុទ្រ​ចិន​ខាងត្បូង ក្នុង​គ្រា​ដែល​ភាព​តានតឹង​រវាង ចិនដីគោក និង​បណ្ដា​ប្រទេស​នៅជាប់ សមុទ្រ​ចិន​ខាងត្បូង កំពុង​កើនឡើង​ខ្ពស់ ទាក់ទិន​នឹង​ជម្លោះ​ដណ្ដើម​ដែនទឹក និង​កោះ​ទាំងឡាយ​នៅ​តំបន់​នេះ៕

     

  • អ៊ីស្រាអែល៖ ដូ​ស​ទី ៤ នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ មិនអាច​ទប់ស្កាត់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង!

    អ៊ីស្រាអែល៖ ដូ​ស​ទី ៤ នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ មិនអាច​ទប់ស្កាត់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង!

    ប្រភពព័ត៌មាន​ពី​ទីក្រុង Tel Aviv កាលពី​ថ្ងៃទី ១៧ មករា បាន​ដកស្រង់​លទ្ធផល​បឋម​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បានធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​សុខាភិបាល Shedba របស់ អ៊ីស្រាអែល បង្ហាញថា ដូ​ស​ទី ៤ នៃ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​របស់ អូ​មី​ក្រុង។

    សាស្ត្រាចារ្យ Gili Regev-Yochay ដែលជា​អ្នកជំនាញ​របស់ Shedba បានឱ្យដឹងថា បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​បាន​កើនឡើង​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ។ ប៉ុន្តែ ជាក់ស្ដែង​នៅតែមាន​អ្នក​ឆ្លង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង បើ​ទោះ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ រួចហើយ។ ប្រការនេះ​បង្ហាញថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់​បណ្ដា វ៉ា​រ្យ៉​ង់ ដូចជា ដេ​លតា និង អាល​ហ្វា ប៉ុន្តែ មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​នៅ​ចំពោះមុខ អូ​មី​ក្រុង។

    បញ្ហា​នេះ​ត្រូវបាន​ក្រុមអ្នកវិភាគ​យល់ថា អាច​នាំឱ្យ​មានការ​មន្ទិល​ទាក់ទិន​នឹង​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​របស់ អ៊ីស្រាអែល នៅក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូ​ស​ទី ៤ ដល់​ពលរដ្ឋ​ដែលមាន​វ័យ​លើសពី ៦០ ឆ្នាំ។ ក៏ប៉ុន្តែ លោកស្រី Regev-Yochay យល់ថា ដូ​ស​ទី ៤ នៅតែ​អាច​នាំមក​នូវ​ប្រសិទ្ធភាព​សម្រាប់​ក្រុម​ដែល​ងាយ​រងគ្រោះ។

  • ជាង ៤០ នាក់ បាន​ស្លាប់ ក្នុង​ហេតុ​ការណ៍​​លិច​ទូក​​នៅ​សមុទ្រ​របស់ ម៉ា​រ៉ុ​ក

    ជាង ៤០ នាក់ បាន​ស្លាប់ ក្នុង​ហេតុ​ការណ៍​​លិច​ទូក​​នៅ​សមុទ្រ​របស់ ម៉ា​រ៉ុ​ក

    ជន​ចំណាកស្រុក​ចំនួន ៤៣ នាក់ ក្នុងនោះ​មាន​ទារក ៣ នាក់ និង​ស្ត្រី ១៤ នាក់ បាន​បាត់​បង់ជីវិត នៅពេលដែល​​ទូក​​ដឹក​ពួកគេ​បាន​លិច​នៅឯ​សមុទ្រ Tarfaya ភាគខាងត្បូង​ប្រទេស​ម៉ា​រ៉ុ​ក។

    ប្រភពព័ត៌មាន​ពី អាហ្វ្រិក​ខាងជើង បានឱ្យដឹងថា នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី ១៧ មករា អង្គការក្រៅរដ្ឋាភិបាល Caminando Fronteras របស់ អេ​ស្ប៉ា​ញ ឱ្យដឹងថា ហេតុការណ៍​ដ៏​សន្ធ​ត់​នេះ​កើតឡើង​មួយថ្ងៃ​មុន​នោះ ក្នុងនោះ​ជនរងគ្រោះ​ភាគច្រើន​មកពី​បណ្ដា​ប្រទេស​នៅ​ភាគខាងត្បូង​នៃ​សមុទ្រ​ខ្សាច់ សាហា​រ៉ា របស់ អាហ្វ្រិក។ ក្នុង​ហេតុការណ៍​នេះ មាន​មនុស្ស​ចំនួន ១០ នាក់ ត្រូវបាន​ជួយសង្គ្រោះ។

    ក្រុម​ជន​ចំណាកស្រុក​ខាងលើ ត្រូវបាន​គេ​ជឿថា កំពុង​ស្វែងរក​វិធី​ទៅកាន់​ប្រជុំ​កោះ Canary របស់ អេ​ស្ប៉ា​ញ ដែលមាន​ចម្ងាយ​ពី Tarfaya ប្រហែល ១០០ គីឡូម៉ែត្រ។

    ស្ថិតនៅ​ភាគ​ពាយព្យ​បង្អស់​របស់ ទ្វីបអាហ្វ្រិក ម៉ា​រ៉ុ​ក គឺជា​ប្រទេស​សម្រាប់​ដំណើរ​ឆ្លងដែន​របស់​ព​ល​រដ្ឋ​ចំណាកស្រុក​មកពី​បណ្ដា​ប្រទេស​នៅលើ​ឆ្នេរ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ឬ​តំបន់​មជ្ឈិម​បូ​ពា៍ ដែល​ស្វែងរក​ផ្លូវ​ទៅកាន់ ទ្វីបអឺរ៉ុប។

    យោងតាម​របាយការណ៍​មួយ​ដែល​បានប្រកាស​កាលពី​ដើមខែ​នេះ Caminando Fronteras បានឱ្យដឹងថា ជន​ចំណាកស្រុក​ជាង ៤,០០០ នាក់ បាន​ស្លាប់ ឬ​បាត់​ខ្លួន ក្នុង​ឆ្នាំ ២០២១ នៅពេល​ព្យាយាម​ឆ្លង​សមុទ្រ​ទៅកាន់ ប្រទេស​អេ​ស្ប៉ា​ញ ។ តួលេខ​នេះ​គឺ​ច្រើនជាង​ទ្វេដង ធៀប​នឹង​ឆ្នាំ ២០២០។ ចំណែក​ទិន្នន័យ​ថ្មី​បំផុត​របស់​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២១ មាន​ជន​ចំណាកស្រុក​ខុសច្បាប់​ជាង ៣៧៣,០០០ នាក់ ដែល​ភាគច្រើន​មកពី ម៉ា​រ៉ុ​ក បានមក​ដល់ អេ​ស្ប៉ា​ញ ដោយ​ឆ្លងកាត់​ប្រជុំ​កោះ Balearic និង Canary៕

  • ក្រុម​បុរាណ​វិទូ​បាន​​រកឃើញ​បណ្ដាញ​សង្គម «បុព្វបុរស» ដែល​មាន​អាយុកាល ៥០,០០០ ឆ្នាំ របស់ Facebook, TikTok នៅ ទ្វីបអាហ្វ្រិក

    ក្រុម​បុរាណ​វិទូ​បាន​​រកឃើញ​បណ្ដាញ​សង្គម «បុព្វបុរស» ដែល​មាន​អាយុកាល ៥០,០០០ ឆ្នាំ របស់ Facebook, TikTok នៅ ទ្វីបអាហ្វ្រិក

    ទំនងជា​តាំងពី​រាប់ម៉ឺន​ឆ្នាំមុន ប្រជាជន​នៅ អាហ្វ្រិក បាន​បង្កើត​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដោយ​មិនបាច់​មាន Facebook, Twitter, TikTok ឬ​ថ្នាល​ទំនាក់ទំនង​ទំនើប​ណា​ទាំងអស់។ ទំព័រ Sputniknews បានឱ្យដឹងថា ក្រុម​បុរាណ​វិទូ ប្រកាសថា បាន​រកឃើញ​អ្វីមួយ​ដែល​ពួកគេ​ហៅថា «បណ្ដាញ​សង្គម​ដែលមាន​អាយុកាល​ចំណាស់​ជាងគេ​ក្នុង​ពិភពលោក» ដែល​បានធ្វើ​សកម្មភាព​រាប់ពាន់​គីឡូម៉ែត្រ លាតសន្ធឹង​ចន្លោះ​ពី​ភាគខាងត្បូង ទៅ​ភាគ​ខាងកើត​នៃ​ទ្វីបអាហ្វរិក។ បណ្ដាញ​ទំនាក់ទំនង​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួញដូរ​គ្រាប់​ដែល​ធ្វើ​អំពី​សម្បក​ស៊ុត​របស់​សត្វ​អូទ្រីស (OES)។

    ក្រុម​អ្នកស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ Max Planck (អាល្លឺម៉ង់) បានធ្វើការ​ស្រាវជ្រាវរ​យៈ​ពេល ១ ទសវត្សរ៍​អំពី​គ្រាប់ OES បុរាណ ជាង ១,៥០០ គ្រាប់ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ចំនួន ៣០ របស់ ទ្វីបអាហ្វ្រិក។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទំព័រ​ទស្សនាវដ្ដី Nature កាលពីពេលថ្មីៗនេះ បាន​បង្ហាញថា ក្រុមមនុស្ស​ដែល​បាន​បង្កើត​គ្រាប់ OES កាលពី ៥០,០០០ ឆ្នាំមុន បាន​ជួញដូរ​វា​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ដូច្នេះ បាន​ជួយ​ដល់​គ្រប់គ្នា​​ចែក​រំលែក​​ព័ត៌មាន​ដែលមាន​លក្ខណៈ​ជា​និមិត្តរូប ក៏ដូចជា​ដើម្បី​ស្ដារ​ទំនាក់ទំនង​នៃ​សម្ព័ន្ធភាព​របស់​ពួកគេ​កាលពី​យុគសម័យ​នោះ។

    Jennifer Miller ដែលជា​អ្នកស្រាវជ្រាវ​មួយរូប​ប្រចាំ Max Planck និយាយថា គ្រាប់​ដែល​ធ្វើ​អំពី​សម្បក​ស៊ុត​នេះ​គឺជា​វត្ថុ​ដែល​ផ្ទុក​រឿងរ៉ាវ​កាលពី​អតីតកាល​របស់​មនុស្ស។ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់មាន​ភ័ស្ដុតាង​ផ្នែក​វប្បធម៌​ណាមួយ​បញ្ជាក់​អំពី​ប្រការនេះ​នៅឡើយ។

    អ្នកស្រាវជ្រាវ Jennifer Miller បាន​ឱ្យដឹងថា «ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ នៅពេល​​បានដឹង​អំពី​មនុស្ស​ដែល​រស់នៅ​កាលពី ៤០,០០០ ទៅ ៥០,០០០ ឆ្នាំមុន បែរ​ជាមាន​បណ្ដាញ​សង្គម​មួយ​ប្រភេទ​ដែល​លាតសន្ធឹង​យ៉ាង​ឆ្ងាយ​ដូច្នេះ»។

    Yimming Wang ដែលជា​អ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ Max Planck ដែរនោះ ក៏បាន​ឱ្យដឹងថា «ក្នុង​រយៈពេល ៥០,០០០ ឆ្នាំ (នៃ​ប្រវត្តិសាស្ត្រ) ដែល​យើង​បាន​ស្រាវជ្រាវ នេះ​គឺជា​អំឡុងពេល​តែមួយគត់​ដែល​បណ្ដា​គ្រាប់​មាន​លក្ខណៈ​ដូចគ្នា»។

    លោក Yimming Wang កំពុងនិយាយ​អំពី​ការរកឃើញ​ដែល​បង្ហាញ​អំពី​វត្តមាន​របស់​បណ្ដាញ​សង្គម​បុរាណ​មួយ​ដែល​លាន​សន្ធឹង​ជាង ៣,០០០ គីឡូម៉ែត្រ និង​ភ្ជាប់​ទំនាក់ទំនង​រវាង​តំបន់​ទាំងពីរ​របស់ ទ្វីបអាហ្វ្រិក ជាទី​ដែល​ប្រើប្រាស់​គ្រាប់ OES ស្ទើរតែ​ដូចគ្នា​ទាំងស្រុង។

    ប៉ុន្តែ សំណាង​មិនល្អ យោងតាម​អ្នកស្រាវជ្រាវ បណ្ដាញ​សង្គម​នេះ​ចុងក្រោយ​ក៏បាន​បាត់បង់​នៅឯ តំបន់​អា​ហ្វ្រិ​ខាងត្បូង កាល​ពី ៣៣,០០០ ឆ្នាំមុន។ ការបាត់បង់​នេះ​អាច​បណ្ដាលមកពី​កត្តា​ប្រែប្រួល​នៃ​អាកាសធាតុ​សកល។

    សព្វថ្ងៃ ក្រុម​ប្រជាជន​ដែល​រស់​ដោយ​ពឹង​លើ​ការ​បរបាញ់​សត្វព្រៃ និង​រើស​គ្រាប់​ឈើ នៅ ទ្វីបអាហ្វ្រិក នៅតែ​ពាក់​ខ្សែ.ក​ដែល​ធ្វើ​អំពី​សម្បក​ស៊ុត​អូទ្រីស ប៉ុន្តែ មិនមែន​ក្នុង​បំណង​ផ្លាស់ប្ដូរ​ព័ត៌មាន​នោះទេ៕

  • (វីដេអូ)-សំឡេង​ផ្ទុះ​របស់​ភ្នំភ្លើង តុង​ហ្គា (Tonga) លាន់ឮ​ឆ្ងាយ​​​​​ជិត​ ១០,០០០​ គីឡូម៉ែត្រ

    (វីដេអូ)-សំឡេង​ផ្ទុះ​របស់​ភ្នំភ្លើង តុង​ហ្គា (Tonga) លាន់ឮ​ឆ្ងាយ​​​​​ជិត​ ១០,០០០​ គីឡូម៉ែត្រ

    សំឡេង​ផ្ទុះ​របស់​ភ្នំភ្លើង​នៅ ប្រទេស​តុង​ហ្គា លាន់ឮ​ដល់ សហរដ្ឋ​អាម៉េរិក ខណៈដែល​រលក​កញ្ឆក់ (Shockwave) របស់​វា ចល័ត​ជុំវិញ​ពិភពលោក និង​ត្រូវបាន​រកឃើញ​នៅ ប្រទេស​អង់គ្លេស។

    ស្ថាប័ន​ឧតុនិយម​ជាតិ​របស់ អាម៉េរិក កាលពី​ម្សិលមិញ បានប្រកាសថា ស្ថានីយ​តាមដាន​ភ្នំភ្លើង Alaska បាន​កត់ត្រា​ឮ​សំឡេង​ផ្ទុះ​ពី​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ តុង​ហ្គា កាលពី​ថ្ងៃទី ១៥ មករា។ ចម្ងាយ​ពី​ភ្នំភ្លើង​ដែល​កំពុង​ផ្ទុះ ទៅកាន់​ស្ថានីយ​តាមដាន​ភ្នំភ្លើង Alaska គឺ​ប្រមាណ​ជិត ១០,០០០ គីឡូម៉ែត្រ។ ស្ថាប័ន​ភូគព្ភសាស្ត្រ​អាម៉េរិក ឱ្យដឹងថា ករណី​ផ្ទុះ​ភ្នំភ្លើង​នេះ មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ហេតុការណ៍​រញ្ជួយ​ដី​កម្លាំង ៥.៨ រិច​ទ័​រ។

    ស្ថានីយឧតុនិយម Fife នៅ ស្កុ​តឡែ​ន ក៏បាន​ឱ្យដឹងថា ករណី​ផ្ទុះ​ភ្នំភ្លើង​នេះ​ធ្វើឱ្យ​សម្ពាធ​ខ្យល់​កើនឡើង​ខ្ពស់។ «ពិតជា​គួរឱ្យភ្ញាក់ផ្អើល នៅពេល​គិតដល់​កម្លាំង​ដែល​អាច​បង្ក​រលក​កញ្ឆក់​ចល័ត​ជុំវិញ​ពិភពលោក» ស្ថាប័ន​នេះ​បង្ហោះ​សារ​ដូច្នេះ​នៅលើ Twitter កាលពីពេលថ្មីៗនេះ។

    ក្រោយ​ការផ្ទុះ​កាលពី​ថ្ងៃទី ១៤ មករា ភ្នំភ្លើង Hunga Tonga-Hunag Ha’apai បន្ត​ផ្ទុះ​កាលពី​ថ្ងៃទី ១៥ មករា ហើយ​ប៉ុន្មាន​នាទី​ក្រោយមក វា​ក៏បាន​បង្ក​ជា​រលក​យក្ស​កម្ពស់​ប្រហែល ១.២ ម៉ែត្រ វាយលុក​រដ្ឋធានី Nuku’alofa របស់ តុង​ហ្គា។

    រដ្ឋាភិបាល​តុង​ហ្គា មិនទាន់​បញ្ចេញ​របាយ​ការណ៍​ស្ដីពី​ការខូចខាត​ដោយសារ​ហេតុការណ៍​នេះ​នៅឡើយ ប៉ុន្តែ នៅលើ​បណ្ដាញ​សង្គម គេ​ឃើញថា ទឹកបាន​ឡើង​លិច​ផ្លូវ​ក្បែរ​ឆ្នេរសមុទ្រ ហូរ​ចូល​ផ្ទះសម្បែង និង​បាន​កួច​យក​រថយន្ត​ផងដែរ។ តំបន់​ជាច្រើន​នៅលើ​កោះ Tongatapu របស់ ប្រទេស​តុង​ហ្គា ត្រូវ​ដាច់​ចរន្តអគ្គិសនី ខណៈដែល​ប្រព័ន្ធ​ទំនាក់ទំនង​ក៏​រអាក់រអួល។

    បណ្ដា​ប្រទេស​នៅលើ​ឆ្នេរ​ទាំង ២ របស់​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​ព្រមាន​អំពី​រលក​យក្ស ក្នុងនោះ​មាន សហរដ្ឋ​អាម៉េរិក នូ​វែ​ល​សេ​ឡង់ និង កាណាដា​ផងដែរ។ ចំណែក​ស្ថាប័ន​ឧតុនិយម​របស់ ជប៉ុន ក៏បាន​ឱ្យដឹងថា រលក​យក្ស​បាន​មកដល់​ប្រទេស​នេះ​នៅ​យប់​ថ្ងៃទី ១៥ មករា និង​វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី ១៦ មករា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ តុង​ហ្គា។

  • ភ្នំភ្លើង តុង​ហ្គា (Tonga) នៅតែ​បន្ត​ផ្ទុះ​ក​ម្អែ និង​អាច​បង្ក​ការខូចខាត​ក្នុង​រង្វង់​អង្កត់ផ្ចិត ៦០ គីឡូម៉ែត្រ

    ភ្នំភ្លើង តុង​ហ្គា (Tonga) នៅតែ​បន្ត​ផ្ទុះ​ក​ម្អែ និង​អាច​បង្ក​ការខូចខាត​ក្នុង​រង្វង់​អង្កត់ផ្ចិត ៦០ គីឡូម៉ែត្រ

    មជ្ឈមណ្ឌល​ព្រមាន​អំពី​ធូលី​ភ្នំភ្លើង Darwin នៅ Darwin នៃ ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី ១៧ មករា​នេះ​បានប្រកាសថា មានការ​ផ្ទុះ​មួយទៀត​របស់​ភ្នំភ្លើង​នៅ ប្រទេស​តុង​ហ្គា បន្ទាប់ពី​មានការ​ផ្ទុះធំៗចំនួន ២ ករណី កាលពី ២ ថ្ងៃមុន ដែល​បាន​បង្កឱ្យមាន​រលក​យក្ស​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

    មជ្ឈមណ្ឌល​ព្រមាន​អំពី​រលក​យក្ស​ប៉ាស៊ីហ្វិក ក៏បាន​ឱ្យដឹងថា រលកធំៗបាន​កើតឡើង​ក្នុង​តំបន់ ហើយ​វា​អាច​បណ្ដាលមកពី​ការផ្ទុះ​មួយចំនួនទៀត​របស់​ភ្នំភ្លើង​នៅ តុង​ហ្គា។ ពុំមាន​ហេតុការណ៍​រញ្ជួយ​ដី​ណាមួយ​ត្រូវបាន​រកឃើញថា បណ្ដាលឱ្យមាន​រលកធំៗទាំង​នោះទេ។

    ភ្នំភ្លើង​នៅលើ​កោះ Hunga Ha’apai របស់​ប្រទេស​កោះ តុង​ហ្គា កាលពី​ថ្ងៃទី ១៤ មករា បាន​ផ្ទុះ និង​បញ្ចេញ​ផ្សែង​ធូលី ចំហាយ​ទឹក និង​សារធាតុពុល​ចូលទៅក្នុង​បរិយាកាស។ ភ្នំភ្លើង​ដែល​ស្ថិតនៅ​ចម្ងាយ ៦៥ គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង​នៃ​តំបន់ Nukualofa នេះ បាន​ផ្ទុះ​ក​ម្អែ​ជា​បន្តបន្ទាប់​ចាប់ពី​ព្រឹក​ថ្ងៃ​ដដែល បង្កើតបានជា​ផ្សែង​ធូលី​កម្ពស់​ពី ៥ ទៅ ២០ គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។

    ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ភូ​គ​ម្ភ​សាស្ត្រ របស់ តុង​ហ្គា បានឱ្យដឹងថា ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នេះ​អាច​បង្ក​ការខូចខាត​ក្នុង​រង្វង់​អង្កត់ផ្ចិត ៦០ គីឡូម៉ែត្រ ខ្លាំង​ជាង​ប្រហែល ៧ ដង ធៀប​នឹង​ករណី​ផ្ទុះ​របស់​ភ្នំភ្លើង Hunga Ha’apai កាលពី​ចុងឆ្នាំ ២០២១។

  • (វីដេអូ)-SpaceX បាញ់​បង្ហោះ​រ៉ុក្កែត​ម្ដង នាំយក​ផ្កាយរណប ១០៥ គ្រឿង ហោះ​ទៅកាន់​គន្លង​គោចរ

    (វីដេអូ)-SpaceX បាញ់​បង្ហោះ​រ៉ុក្កែត​ម្ដង នាំយក​ផ្កាយរណប ១០៥ គ្រឿង ហោះ​ទៅកាន់​គន្លង​គោចរ

    ក្រុមហ៊ុន SpaceX កាលពី​ថ្ងៃទី ១៣ មករា បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នូវ​ផ្កាយរណប​ពាណិជ្ជកម្ម​យ៉ាងច្រើន​ទៅកាន់​តារាវិថី ដែល​នេះ​គឺជា​បេសកកម្ម​អវកាស​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ នៅក្នុង​ខែមករា ២០២២។

    រ៉ុក្កែត Falcon 9 របស់ SpaceX ដែល​នាំយក​ផ្កាយរណប​សរុប ១០៥ គ្រឿង ទៅកាន់​ទី​អវកាស​នេះ ត្រូវបាន​បាញ់​បង្ហោះ​ឡើង​ពី​ប្រព័ន្ធ​បាញ់​បង្ហោះ​លេខ ៤០ នៅឯ​មូលដ្ឋាន​ទ័ពអាកាស Cape Canaveral ក្នុង​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក កាលពី​ម៉ោង ២២ និង ២៥ នាទី នា​យប់​ថ្ងៃទី ១៣ មករា (ម៉ោង​នៅ កម្ពុជា)។

    ក្រោយពេល​ហោះ​ឡើង​បាន ៩ នាទី កំណាត់​រ៉ុក្កែត​រុញច្រាន​ទី១ បាន​ផ្ដាច់ខ្លួន និង​ចុះចត​លើ​ទីលាន​ចុះចត​មួយ​នៅ Cape Canaveral ដែលមាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប​ណ្ណោះ ពី​ទីតាំង​បាញ់​បង្ហោះ ដែល​នេះ​គឺជា​លើក​ទី ១០២ ហើយ ដែល​រ៉ុក្កែត​របស់ SpaceX ចុះចត​បាន​ជោគជ័យ។

    នៅក្នុង​ចំណោម​ផ្កាយរណប​នៃ​ជើងហោះហើរ​ខាងលើនេះ មាន​ផ្កាយរណប​មួយចំនួន​ដែលមាន​ទម្ងន់​ធ្ងន់​ជាងគេ មានដូចជា ផ្កាយរណប​របស់ ប្រទេស​អ៊ុយ​ក្រែ​ន Ukraine Sich 2-1 ទម្ងន់ ១៧០ គីឡូក្រាម, ផ្កាយរណប ២ គូ របស់​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ ICEYE (៨៥ គីឡូក្រាម) និង​ក្រុមហ៊ុន​អាម៉េរិក Capella Space (១០០ គីឡូក្រាម)៕

  • ស្ត្រី​ជា​ភរិយា «មាន​សហាយ» ត្រូវ​តុលារ​ពិន័យ វាយ ១០០ រំពាត់ ខណៈ​បុរស​ជាប់​សង្ស័យ​ ទទួល​តែ​ប៉ុន្មាន​​រំពាត់​ប៉ុណ្ណោះ

    ស្ត្រី​ជា​ភរិយា «មាន​សហាយ» ត្រូវ​តុលារ​ពិន័យ វាយ ១០០ រំពាត់ ខណៈ​បុរស​ជាប់​សង្ស័យ​ ទទួល​តែ​ប៉ុន្មាន​​រំពាត់​ប៉ុណ្ណោះ

    (ឥណ្ឌូណេស៊ី)-ស្ត្រី​ម្នាក់​នៅក្នុង​ខេត្ត Aceh ត្រូវ​ទទួល​ទណ្ឌកម្ម​ចំនួន ១០០ រំពាត់ ដោយសារតែ​ល្មើ​សនឹង​ច្បាប់​ឯក​ព័ន្ធ​ភាព​របស់​សាសនា​អ៊ីស្លាម គ្រា​ដែល​បុរស​ដែល​ត្រូវគេ​សង្ស័យថា​ជាស​ហាយ​របស់​នាង ត្រូវបានដាក់​​ពិន័យ​ត្រឹម​តែ ១៥ រំពាត់​។

    Ivan Najjar Alavi មេដឹកនាំ​នៃ​អង្គភាព​ស៊ើបអង្កេត​របស់​ស្ថាប័នរដ្ឋ​អាជ្ញា​ក្នុង​តំបន់ Aceh ខាងកើត កាលពី​ថ្ងៃទី ១៣ មករា បានឱ្យដឹងថា ស្ត្រី​ម្នាក់​ដែលមាន​ស្វាមី​រួចហើយ នៅ​មូលដ្ឋាន ត្រូវបាន​ដាក់ទណ្ឌកម្ម​នៅ​ទីសាធារណៈ ចំនួន ១០០ រំពាត់ បន្ទាប់ពី​បាន​សារភាព​កំហុស។

    ចំណែក​បុគ្គល​ដែល​ត្រូវបាន​សង្ស័យថា​ជាស​ហាយ​របស់​នាង ដែលជា​ប្រធាន​ស្ថាប័ន​នេសាទ​នៅ​មូលដ្ឋាន និង​ជា​អ្នក​ដែលមាន​ភរិយា​រួចហើយ ត្រូវ​ទទួល​ការពិន័យ​ត្រឹមតែ ១៥ រំពាត់ ដោយសារតែ​បុគ្គល​នេះ​បដិសេធ​ការចោទប្រកាន់។ Ivan Najjar Alavi បញ្ជាក់ថា ចៅក្រម​ពិតជា​មាន «ការពិបាក» ក្នុងការ​កាត់​ទោ​សបុរ​ស​នេះ។

    «ក្នុង​សវនាការ បុរស​នេះ​មិនបាន​សារភាព​អ្វី​ទាំងអស់ ហើយ​បាន​បដិសេធ​រាល់​ការចោទប្រកាន់។ ដូច្នេះ ចៅក្រម​មិនអាច​បង្ហាញថា បុរស​នេះ​មាន​កំហុស ឬ​អត់» Ivan Najjar Alavi បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដូច្នេះ។

    ជំនួស​ឱ្យ «បទល្មើស​មាន​សហាយ» បុរស​នេះ​ត្រូវបាន​ពិន័យ​ពីបទ «បង្ហាញ​មនោសញ្ចេតនា​ជាមួយ​ស្ត្រី​ដែល​មិនមែនជា​ភរិយា»។ ដំបូង​ឡើយ បុរស​ជាប់ចោទ​ត្រូវបាន​កាត់ទោស វាយ ៣០ រំពាត់ ប៉ុន្តែ ជននេះ​តវ៉ា​បាន​ជោគជ័យ និង​ត្រូវ​បន្ថយ​មក​នៅត្រឹម ១៥ រំពាត់។

    ជន​រំលោភច្បាប់​ទាំងពីរ​ខាងលើ ត្រូវបាន​អ្នកស្រុក​ចាប់​បាត់​ភ័ស្ដុតាង​ជា​លើកដំបូង​នៅក្នុង​ចំការ​ដូងប្រេង​មួយកន្លែង​កាលពី​ឆ្នាំ ២០១៨។

    Aceh គឺជា​តំបន់​តែមួយគត់​របស់ ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ីស្លាម អនុវត្ត​ច្បាប់ Sharia អនុញ្ញាត​ឱ្យមាន​ការដាក់​ទណ្ឌកម្ម​ដោយ​ការ​វាយ​នឹង​រំពាត់​ជា​សាធារណៈ ចំពោះ​ស្ត្រី​ដែល​ល្មើស «ច្បាប់​ក្បត់​ប្ដី លេងល្បែង​ស៊ីសង ផឹកស្រា និង​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា»៕

  • (វីដេអូ)-ប្រព័ន្ធ​កំ​ភ្លើង​យន្ត​ស្វ័យប្រវត្ត​របស់ អាម៉េរិក ជះ​គ្រាប់​សំដៅ​រ៉ុក្កែត ដើម្បី​ការពារ​ស្ថានទូត

    (វីដេអូ)-ប្រព័ន្ធ​កំ​ភ្លើង​យន្ត​ស្វ័យប្រវត្ត​របស់ អាម៉េរិក ជះ​គ្រាប់​សំដៅ​រ៉ុក្កែត ដើម្បី​ការពារ​ស្ថានទូត

    (អ៊ីរ៉ាក់)-ប្រព័ន្ធ​ការពារ​ដែនអាកាស C-RAM បាន​បាច​គ្រាប់​រាប់មិនអស់​ទៅលើ​អាកាស​របស់ ទីក្រុង​បា​កដាដ (Baghdad) កម្ទិច​រ៉ុក្កែត​ដែល​កំពុង​សំដៅ​មកកាន់ ស្ថានទូត​អាម៉េរិក ប៉ុន្តែ រ៉ុក្កែត​មួយ​គ្រាប់​ទំនងជា​បាន​ទម្លុះ​ខែល​ការពារ​នេះ។

    ក្រុមមន្ត្រី​ការពារជាតិ​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី ១៣ មករា ឱ្យដឹងថា ស្ថានទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ រដ្ឋធានី​បា​កដាដ ត្រូវ​រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត យ៉ាងតិច ៣ គ្រាប់ ប៉ុន្តែ យ៉ាងហោចណាស់​មាន​រ៉ុក្កែត ២ គ្រាប់​ត្រូវបាន​កម្ទេច​ដោយ​ប្រព័ន្ធ C-RAM របស់​ស្ថានទូត។

    វីដេអូ​នៅលើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា ប្រព័ន្ធ C-RAM បាន​ជះ​គ្រាប់​យ៉ាង​វែង ទៅលើ​អាកាស​នៃ រដ្ឋធានី​របស់ អ៊ីរ៉ាក់ ដើម្បី​ស្កាត់​គ្រាប់​រ៉ុក្កែត ប៉ុន្តែ ការផ្ទុះ​ដ៏​ធំ​មួយ​នៅតែ​បាន​កើតឡើង​នៅលើ​ដី។

    https://www.youtube.com/watch?v=GoWTvSseyCY

    កងទ័ព អ៊ីរ៉ាក់ ឱ្យដឹងថា រ៉ុក្កែត​មួយគ្រា​ប់​បាន​ធ្លាក់ចំ​សាលារៀន​មួយកន្លែង​នៅ បា​កដាដ បណ្ដាលឱ្យ​ស្ត្រី​ម្នាក់ និង​ក្មេង​ម្នាក់​រងរបួស ប៉ុន្តែ មិនបាន​បញ្ជាក់ថា អ្នក​ទាំងពីរ​គឺជា​ជនរងគ្រោះ​នៅ​សាលា​ដែល​ត្រូវ​គ្រាប់​រ៉ុក្កែត ឬ​យ៉ាងណា​នោះទេ។

    ថ្មី​នេះ បណ្ដា​មូលដ្ឋាន​របស់ សហរដ្ឋ​អាម៉េរិក នៅ អ៊ីរ៉ាក់ ក្នុងនោះ​មាន​ស្ថានទូត​ជាដើម បាន​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត និង​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV)។ សហរដ្ឋ​អាម៉េរិក បាន​ចោទប្រកាន់ថា កងជីវពល​អ៊ីរ៉ាក់ ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​អ៊ីរ៉ាក់ គឺជា​អ្នក​នៅ​ពីក្រោយ​ករណី​វាយប្រហារ​នានា​មកលើ​មូលដ្ឋាន​របស់ អាម៉េរិក នៅ អ៊ីរ៉ាក់៕