(វីដេអូ)-ប្រព័ន្ធ​កំ​ភ្លើង​យន្ត​ស្វ័យប្រវត្ត​របស់ អាម៉េរិក ជះ​គ្រាប់​សំដៅ​រ៉ុក្កែត ដើម្បី​ការពារ​ស្ថានទូត

(អ៊ីរ៉ាក់)-ប្រព័ន្ធ​ការពារ​ដែនអាកាស C-RAM បាន​បាច​គ្រាប់​រាប់មិនអស់​ទៅលើ​អាកាស​របស់ ទីក្រុង​បា​កដាដ (Baghdad) កម្ទិច​រ៉ុក្កែត​ដែល​កំពុង​សំដៅ​មកកាន់ ស្ថានទូត​អាម៉េរិក ប៉ុន្តែ រ៉ុក្កែត​មួយ​គ្រាប់​ទំនងជា​បាន​ទម្លុះ​ខែល​ការពារ​នេះ។

ក្រុមមន្ត្រី​ការពារជាតិ​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី ១៣ មករា ឱ្យដឹងថា ស្ថានទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ រដ្ឋធានី​បា​កដាដ ត្រូវ​រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត យ៉ាងតិច ៣ គ្រាប់ ប៉ុន្តែ យ៉ាងហោចណាស់​មាន​រ៉ុក្កែត ២ គ្រាប់​ត្រូវបាន​កម្ទេច​ដោយ​ប្រព័ន្ធ C-RAM របស់​ស្ថានទូត។

វីដេអូ​នៅលើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា ប្រព័ន្ធ C-RAM បាន​ជះ​គ្រាប់​យ៉ាង​វែង ទៅលើ​អាកាស​នៃ រដ្ឋធានី​របស់ អ៊ីរ៉ាក់ ដើម្បី​ស្កាត់​គ្រាប់​រ៉ុក្កែត ប៉ុន្តែ ការផ្ទុះ​ដ៏​ធំ​មួយ​នៅតែ​បាន​កើតឡើង​នៅលើ​ដី។

កងទ័ព អ៊ីរ៉ាក់ ឱ្យដឹងថា រ៉ុក្កែត​មួយគ្រា​ប់​បាន​ធ្លាក់ចំ​សាលារៀន​មួយកន្លែង​នៅ បា​កដាដ បណ្ដាលឱ្យ​ស្ត្រី​ម្នាក់ និង​ក្មេង​ម្នាក់​រងរបួស ប៉ុន្តែ មិនបាន​បញ្ជាក់ថា អ្នក​ទាំងពីរ​គឺជា​ជនរងគ្រោះ​នៅ​សាលា​ដែល​ត្រូវ​គ្រាប់​រ៉ុក្កែត ឬ​យ៉ាងណា​នោះទេ។

ថ្មី​នេះ បណ្ដា​មូលដ្ឋាន​របស់ សហរដ្ឋ​អាម៉េរិក នៅ អ៊ីរ៉ាក់ ក្នុងនោះ​មាន​ស្ថានទូត​ជាដើម បាន​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត និង​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV)។ សហរដ្ឋ​អាម៉េរិក បាន​ចោទប្រកាន់ថា កងជីវពល​អ៊ីរ៉ាក់ ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​អ៊ីរ៉ាក់ គឺជា​អ្នក​នៅ​ពីក្រោយ​ករណី​វាយប្រហារ​នានា​មកលើ​មូលដ្ឋាន​របស់ អាម៉េរិក នៅ អ៊ីរ៉ាក់៕

Advertisement