ក្រុម​បុរាណ​វិទូ​បាន​​រកឃើញ​បណ្ដាញ​សង្គម «បុព្វបុរស» ដែល​មាន​អាយុកាល ៥០,០០០ ឆ្នាំ របស់ Facebook, TikTok នៅ ទ្វីបអាហ្វ្រិក

ទំនងជា​តាំងពី​រាប់ម៉ឺន​ឆ្នាំមុន ប្រជាជន​នៅ អាហ្វ្រិក បាន​បង្កើត​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដោយ​មិនបាច់​មាន Facebook, Twitter, TikTok ឬ​ថ្នាល​ទំនាក់ទំនង​ទំនើប​ណា​ទាំងអស់។ ទំព័រ Sputniknews បានឱ្យដឹងថា ក្រុម​បុរាណ​វិទូ ប្រកាសថា បាន​រកឃើញ​អ្វីមួយ​ដែល​ពួកគេ​ហៅថា «បណ្ដាញ​សង្គម​ដែលមាន​អាយុកាល​ចំណាស់​ជាងគេ​ក្នុង​ពិភពលោក» ដែល​បានធ្វើ​សកម្មភាព​រាប់ពាន់​គីឡូម៉ែត្រ លាតសន្ធឹង​ចន្លោះ​ពី​ភាគខាងត្បូង ទៅ​ភាគ​ខាងកើត​នៃ​ទ្វីបអាហ្វរិក។ បណ្ដាញ​ទំនាក់ទំនង​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួញដូរ​គ្រាប់​ដែល​ធ្វើ​អំពី​សម្បក​ស៊ុត​របស់​សត្វ​អូទ្រីស (OES)។

ក្រុម​អ្នកស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ Max Planck (អាល្លឺម៉ង់) បានធ្វើការ​ស្រាវជ្រាវរ​យៈ​ពេល ១ ទសវត្សរ៍​អំពី​គ្រាប់ OES បុរាណ ជាង ១,៥០០ គ្រាប់ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ចំនួន ៣០ របស់ ទ្វីបអាហ្វ្រិក។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទំព័រ​ទស្សនាវដ្ដី Nature កាលពីពេលថ្មីៗនេះ បាន​បង្ហាញថា ក្រុមមនុស្ស​ដែល​បាន​បង្កើត​គ្រាប់ OES កាលពី ៥០,០០០ ឆ្នាំមុន បាន​ជួញដូរ​វា​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ដូច្នេះ បាន​ជួយ​ដល់​គ្រប់គ្នា​​ចែក​រំលែក​​ព័ត៌មាន​ដែលមាន​លក្ខណៈ​ជា​និមិត្តរូប ក៏ដូចជា​ដើម្បី​ស្ដារ​ទំនាក់ទំនង​នៃ​សម្ព័ន្ធភាព​របស់​ពួកគេ​កាលពី​យុគសម័យ​នោះ។

Jennifer Miller ដែលជា​អ្នកស្រាវជ្រាវ​មួយរូប​ប្រចាំ Max Planck និយាយថា គ្រាប់​ដែល​ធ្វើ​អំពី​សម្បក​ស៊ុត​នេះ​គឺជា​វត្ថុ​ដែល​ផ្ទុក​រឿងរ៉ាវ​កាលពី​អតីតកាល​របស់​មនុស្ស។ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់មាន​ភ័ស្ដុតាង​ផ្នែក​វប្បធម៌​ណាមួយ​បញ្ជាក់​អំពី​ប្រការនេះ​នៅឡើយ។

អ្នកស្រាវជ្រាវ Jennifer Miller បាន​ឱ្យដឹងថា «ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ នៅពេល​​បានដឹង​អំពី​មនុស្ស​ដែល​រស់នៅ​កាលពី ៤០,០០០ ទៅ ៥០,០០០ ឆ្នាំមុន បែរ​ជាមាន​បណ្ដាញ​សង្គម​មួយ​ប្រភេទ​ដែល​លាតសន្ធឹង​យ៉ាង​ឆ្ងាយ​ដូច្នេះ»។

Yimming Wang ដែលជា​អ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ Max Planck ដែរនោះ ក៏បាន​ឱ្យដឹងថា «ក្នុង​រយៈពេល ៥០,០០០ ឆ្នាំ (នៃ​ប្រវត្តិសាស្ត្រ) ដែល​យើង​បាន​ស្រាវជ្រាវ នេះ​គឺជា​អំឡុងពេល​តែមួយគត់​ដែល​បណ្ដា​គ្រាប់​មាន​លក្ខណៈ​ដូចគ្នា»។

លោក Yimming Wang កំពុងនិយាយ​អំពី​ការរកឃើញ​ដែល​បង្ហាញ​អំពី​វត្តមាន​របស់​បណ្ដាញ​សង្គម​បុរាណ​មួយ​ដែល​លាន​សន្ធឹង​ជាង ៣,០០០ គីឡូម៉ែត្រ និង​ភ្ជាប់​ទំនាក់ទំនង​រវាង​តំបន់​ទាំងពីរ​របស់ ទ្វីបអាហ្វ្រិក ជាទី​ដែល​ប្រើប្រាស់​គ្រាប់ OES ស្ទើរតែ​ដូចគ្នា​ទាំងស្រុង។

ប៉ុន្តែ សំណាង​មិនល្អ យោងតាម​អ្នកស្រាវជ្រាវ បណ្ដាញ​សង្គម​នេះ​ចុងក្រោយ​ក៏បាន​បាត់បង់​នៅឯ តំបន់​អា​ហ្វ្រិ​ខាងត្បូង កាល​ពី ៣៣,០០០ ឆ្នាំមុន។ ការបាត់បង់​នេះ​អាច​បណ្ដាលមកពី​កត្តា​ប្រែប្រួល​នៃ​អាកាសធាតុ​សកល។

សព្វថ្ងៃ ក្រុម​ប្រជាជន​ដែល​រស់​ដោយ​ពឹង​លើ​ការ​បរបាញ់​សត្វព្រៃ និង​រើស​គ្រាប់​ឈើ នៅ ទ្វីបអាហ្វ្រិក នៅតែ​ពាក់​ខ្សែ.ក​ដែល​ធ្វើ​អំពី​សម្បក​ស៊ុត​អូទ្រីស ប៉ុន្តែ មិនមែន​ក្នុង​បំណង​ផ្លាស់ប្ដូរ​ព័ត៌មាន​នោះទេ៕

Advertisement