ប្រាក់ចំណូល​បាន​ពី​ប្រេង​ឆៅ​របស់ប្រទេស​រុស្ស៊ី ចាប់ផ្ដើម​ថយចុះ

អង្គការ​ថាមពល​អន្ត​រ​ជាតិ និយាយថា ប្រាក់ចំណូល​របស់ ប្រទេស​រុស្ស៊ី ដែល​បាន​ពី​រ៉ែ​ប្រេង​ក្នុង​ខែវិច្ឆិកា បាន​ថយចុះ បើទោះជា​បរិមាណ​ប្រេង​ដែល​បាន​លក់​ចេញ​បាន​កើនឡើង ដែល​នេះ​គឺជា​សញ្ញា​បញ្ជាក់ថា ទណ្ឌកម្ម​របស់លោក​ខាងលិច ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព។

យោងតាម Guardian ដែល​ចុះផ្សាយ​នា​ថ្ងៃនេះ​បានឱ្យដឹងថា អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) គណនា​ឃើញថា រុស្ស៊ី រកបាន​ចំណូល​ប្រហែល 15.8 ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ការលក់​ប្រេង​នៅក្នុង​ខែវិច្ឆិកា 2022 ដែល​នេះ​គឺជា​កម្រិត​ទាប​ទី​ពីរ​ក្នុងឆ្នាំនេះ។

ចំណែក​បរិមាណ​ប្រេង​ឆៅ និង​ផលិតផល​ធ្វើ​ពី​ប្រេង​របស់ រុស្ស៊ី បាន​កើន​ឡើងដល់ 8.1 លាន​ធុង/ថ្ងៃ ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ខែមេសា 2022។

Guardian បានឱ្យដឹងថា នេះ​ទំនងជា​សញ្ញា​បញ្ជាក់ថា ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​លោកខាងលិច​ដែល​ដាក់​ទៅលើ ទីក្រុង​មូ​ស្គូ ក្នុង​បំណង​កាត់បន្ថយ​ប្រាក់ចំណូល​ពី​ការនាំចេញ​ថាមពល​របស់ រុស្ស៊ី ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព។

សហភាព​អឺរ៉ុប (EU) និង G7 កាលពី​ថ្ងៃទី 05 ធ្នូ បាន​ឯកភាពគ្នា​ក្នុងការ​កំណត់​តម្លៃ​ពិតាន​ឱ្យនៅ​ត្រឹម 60 ដុល្លារ​អាម៉េរិក/ធុង ចំពោះ​ប្រេង​ដែល​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​របស់ រុស្ស៊ី គ្រា​ដែល​បស្ចិម​លោក​ចង់​កាត់បន្ថយ​ប្រាក់ចំណូល​របស់ មូ​ស្គូ ផង និង​ចង់​គ្រប់គ្រង​បញ្ហា​អតិផរណា​ក្នុង​វិស័យ​ថាមពល​ផង។ ប្រេង​ដែល​មិនមែនជា​របស់ រុស្ស៊ី កាលពី​ថ្ងៃទី 14 ធ្នូ មានតម្លៃ​ប្រហែល 81 ដុល្លារ​អាម៉េរិក/ធុង៕

Advertisement