យុវវ័យ​សិង្ហបុរី ចូលចិត្ត​ជួលរថយន្ត​​ជាជាងទិញ​រថយន្ត

យោង​តាម​ស្ថិតិ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​សិង្ហបុរី សេវា​ចែក​រំលែក​រថយន្ត និង​រថយន្ត​សម្រាប់​ជួល កំពុង​តែ​ «ផ្ទុះ​» ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ ដោយ​សារ​តែ​មូលហេតុ​ច្រើន​យ៉ាង​។

ទំព័រ​ Straits Times ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​សម្រាប់​ជួល​នៅ​ប្រទេស​សិង្ហបុរី បាន​កើន​ 11.3% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំកន្លង​ ដោយ​កើន​ជិត​ដល់ 73,000 គ្រឿង​។

តំណាង​របស់​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល GetGo ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​កំពុងបន្ត​ការ​ពង្រីង​សេវាកម្ម​របស់​ខ្លួន​។ កាល​ពី​ខែ​កុម្ភៈ GetGo ប្រមូល​ទុន​បាន​ 20 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​ក្រុម​រថយន្ត​ឈ្នួល​របស់​ខ្លួន​ ហើយ​បច្ចុប្បន្ន មាន​ជាង 2,100 គ្រឿង​។ ក្រុម​ហ៊ុន​នេះ​បាន​កំណត់គោល​ដៅ​ មាន​រថយន្តអគ្គិសនី​ 10,000 គ្រឿង​នៅ​ត្រឹម​ឆ្នាំ​ 2030​។

ចំណែក​តំណាង​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល​រយៈ​ពេល​យូរ​ Kinto Singapore វិញ បាន​ឱ្យ​ដឹង​ថា សេវា​រថយន្ត​ឈ្នួល​របស់​ពួក​គេកំពុង​កើន​ 20% ជា​រៀង​រាល់​ខែ​ ចាប់​ពី​ឆ្នាំ 2022​។ បច្ចុប្បន្ន តម្លៃ​ជួល​រថយន្ត​ទាប​បំផុត​គឺ​ចាប់​ពី​ 1,600 ដុល្លារ​អាម៉េរិក​ ក្នុង​មួយ​ខែ​។

យោង​តាម PGS Walter Theseira របស់​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សង្គម​សិង្ហបុរី ចំនួន​រថយន្ត​ឈ្នួល​ កន្លង​មក​ធ្លាប់​បាន​ធ្លាក់​ចុះ​នៅក្នុង​អំឡុង​វិបត្តិ​សុខ​ភាព​សាកល ប៉ុន្តែ​ក្រោយ​មក​ក៏​ងើប​ឡើង​វិញយ៉ាង​លឿន​ ដោយ​សារ​កត្តា​ជា​ច្រើន​។

មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​បាន​ជួយ​ជំរុញ​កំណើន​នៃ​រថយន្ត​ឈ្នួល​ឱ្យ​ងើប​ឡើង​វិញ រួម​មាន ការ​ងើប​ឡើងវិញ​នៃ​វ័យ​ទេសចរណ៍​ ក្រោយ​សម័យ​កូវីដ-19​ ពិសេស​គឺភ្ញៀវ​មក​ពី​ប្រទេស​ចិន​។ មូលហេតុ​ទីពីរ​នោះ​គឺ លិខិត​អនុញ្ញាត​សម្រាប់​ការ​​ក្លាយ​ជា​ម្ចាស់រថយន្ត​នៅ​ប្រទេស​សិង្ហបុរី មាន​តម្លៃ​ខ្ពស់​ខ្លាំង​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​មិន​ពេញ​ចិត្ត ប៉ុន្តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​យល់​ថា នេះ​ជា​វិធី​ល្អ​ដើម្បី​ជួយ​ទប់​ទល់​នឹង​ការ​កក​ស្ទះ​ចរាចរណ៍​។

យោង​តាម​ក្រុម​ហ៊ុន GetGo «ការ​ផ្លាស់​ប្ដូរ​គំនិតស្ដី​ពី​ការក្លាយជា​ម្ចាស់​រថយន្ត និង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថិរភាព» របស់​យុវវ័យ​ ​ក៏​រួម​ចំណែក​ជួយ​ឱ្យ​សេវា​កម្ម​ជួល​រថយន្តមាន​ការ​កើន​ឡើង​ខ្ពស់​។

និន្នាការ​ខាងលើ​នេះ​មិន​មែន​កើត​មាន​តែ​នៅក្នុង​ប្រទេស​​សិង្ហបុរីឡើយ។ យោង​តាមសារព័ត៌មាន Washington Post នៅ​សហរដ្ឋអាម៉េរិក យុវវ័យ​ក៏​​កំពុង​មាន​និន្នាការ​ដូច​នៅ​សិង្ហបុរី​។ ក្រៅ​ពី​នេះ​ ក៏​អាច​នៅមាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កំពុង​ «ចូលចិត្តជួលរថយន្ត​ជាង​ទិញ​រថយន្ត»៕

Advertisement