CEO ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​តម្លៃ 32ពាន់​លាន​ដុល្លារ៖ អាយុ 9ឆ្នាំ ស៊ីឈ្នួល​លាងចាន កាត់​ស្មៅ សូម្បីតែ​ចូល​ហាង McDonald’s ក៏​ជា​រឿង​កម្រ

CEO ក្រុមហ៊ុនដឹកជញ្ជូនអាហារតម្លៃ 32ពាន់លានដុល្លារ៖ អាយុ 9ឆ្នាំ ស៊ីឈ្នួលលាងចាន កាត់ស្មៅ សូម្បីតែចូលហាង McDonald’s ក៏ជារឿងកម្រ
CEO របស់ DoorDash លោក Tony Xu

ជាមួយនឹង​ការកំណត់​តម្លៃ​ជាង 30ពាន់​លាន​ដុល្លារ​អាមេរិក​របស់ DoorDash បន្ទាប់ពី IPO មូល​ប​ត្រ​របស់ CEO Tony Xu មានតម្លៃ​ប្រមាណ 1.6ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រោយពី​ការបោះ​ផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ (IPO) ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 9ធ្នូ​កន្លងទៅ សេវាកម្ម​ដឹកជញ្ជូន​អាហារ DoorDash កំពុងតែ​ឆ្ពោះទៅកាន់​គោលដៅ​កំណត់​តម្លៃ​ឡើងដល់ 32ពាន់​លាន​ដុល្លារ​អាមេរិក។ សម្រាប់​នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក លោក Tony Xu វិញ នេះ​គឺជា​ឱកាសល្អ​ដែល​ជួយ​ឱ្យ​លោក​ក្លាយជា​មហាសេដ្ឋី​ក្នុង​វ័យ 36ឆ្នាំ។

យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន បច្ចុប្បន្ន លោក Xu កាន់កាប់​ភាគហ៊ុន​ចំនួន 5% របស់​ក្រុមហ៊ុន​ដែល​លោក​រួម​នឹង​មិត្តភក្ដិ​មួយចំនួន​នៅ​សាកលវិទ្យាល័យ Stanford ជា​អ្នក​បង្កើតឡើង​កាលពី​ឆ្នាំ 2013។ ជាមួយនឹង​ការកំណត់​តម្លៃ​ជាង 30ពាន់​លាន​ដុល្លារ​អាមេរិក​របស់ DoorDash បន្ទាប់ពី IPO មូល​ប​ត្រ​របស់ Tony Xu នឹងមាន​តម្លៃ​ប្រមាណ 1.6ពាន់​លាន​ដុល្លារ​អាមេរិក។

ការ​ក្លាយជា​មហាសេដ្ឋី គឺជា​ជំហាន​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ការរកស៊ី​របស់​លោក Xu។ ឪពុកម្ដាយ​របស់លោក​គឺជា​ជនជាតិ​ចិន ដែល​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំងតែ​ពី​ឆ្នាំ 1989 ដែល​ពេលនោះ Xu មាន​អាយុ​ទើបតែ 5ឆ្នាំ។

គ្រួសារ​របស់ Xu រស់នៅក្នុង​តំបន់ ChamPaign ដែលជា​ទីក្រុង​តូច​មួយ​នៅក្នុង​រដ្ឋ Illinois។ ពេលទៅដល់​ទឹកដី​អាមេរិក ពួកគេ​មាន​ប្រាក់​ក្នុង​ហោប៉ៅ​ត្រឹមតែ​ប៉ុន្មាន​រយ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ពុក​ម្ដាយ​របស់ Xu ធ្វើការ​នៅក្នុង​អាហា​រដ្ឋា​ន​មួយ បើ​ទោះ​កាល​នៅ​ប្រទេស​ចិន ម្ដាយ Xu ជា​វេជ្ជបណ្ឌិត​ក៏ដោយ (អាមេរិក​មិន​ទទួលស្គាល់​សញ្ញាបត្រ​រប​ស់​អ្នកស្រី) ចំណែក​ឪពុក​វិញ ធ្លាប់​បានបញ្ចប់​ការសិក្សា​ផ្នែក​បច្ចេកទេស​អាកាសចរ​ណ៍ និង​គណិតវិទ្យា​អនុវត្ត​ពី​សាកលវិទ្យាល័យ Illinois។ ដើម្បី​មាន​ភាពស្និទ្ធស្នាល​ជាមួយនឹង​សិស្ស​ដទៃ​នៅ​សហរដ្ឋអាមេរិក Xu ត្រូវ​ប្ដូរ​ឈ្មោះ​ពី Xu Xun ទៅជា Tony Xu។

សហស្ថាបនិក​របស់​ DoorDash៖ Tony Xu, Stanley Tang, Evan Moore និង Andy Fang (ពី​ឆ្វេង​ទៅ​ស្ដាំ)

ស្ថានភាព​ហិរញ្ញវត្ថុ​របស់​គ្រួសារ Xu មានការ​លំបាក​ដល់​ថ្នាក់​ត្រូវ​ទទួល​ជំនួយ​ពី​កម្មវិធី​នានា​របស់​រដ្ឋាភិបាល​អាមេរិក។ ការចូលទៅ​ហូប​អាហារ​នៅក្នុង​ហាង McDonald’s ក៏​ជា​ប្រការ​កម្រ​សម្រាប់​គ្រួសារ​នេះ។ ប៉ុន្តែ ពួកគេ​មិនបាន​ចុះចាញ់​ឡើយ ម្ដាយ​របស់ Xu បានធ្វើការ3កន្លែង​ក្នុង1ថ្ងៃ ដើម្បី​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការសិក្សា និង​ទទួល​សញ្ញាបត្រ​ផ្នែក​វេជ្ជសាស្ត្រ​របស់​អាមេរិក និង​បើក​បន្ទប់​ពិនិត្យ​សុខភាព។ បន្ទាប់ពី​ការប្រឹងប្រែង​រយៈពេល 12ឆ្នាំ ចុងក្រោយ អ្នកស្រី​ក៏បាន​ទៅដល់​គោលដៅ និង​បាន​ដំណើរការ​បន្ទប់​ពិនិត្យ​សុខភាព​អស់​រយៈពេល 20ឆ្នាំ។

ដើម្បី​ជួយ​ដល់​គ្រួសារ Xu បាន​ចូលធ្វើការ​ជា​អ្នក​លាងចាន​នៅក្នុង​ហាង​ដែល​ម្ដាយ​របស់ Xu កំពុងធ្វើការ។ អាយុ 9ឆ្នាំ Xu បាន​បង្កើត​សេវាកម្ម​កាត់​ស្មៅ​ទៅតាម​ការណែនាំ​របស់​មិត្តភក្ដិ​ម្នាក់។

«យើង​កាត់​ស្មៅ និង​គិត​ប្រាក់​បន្ថែម សម្រាប់​គ្រួសារ​ណា​ដែល​ចង់​កាត់​ទៅតាម​ម៉ូ​ដែល ឧទាហរណ៍​ដូចជា ស្មៅ​មាន​រាង​ជា​ផ្ទៃក្រឡា​ជាដើម។ ខ្ញុំ​យល់ឃើញថា អ្នកណា​ក៏​អាច​ធ្វើបាន​ច្រើនជាង​អ្វីដែល​ពួកគេ​គិតថា​ខ្លួន​អាចធ្វើ​បាន។ ពេលនោះ ដៃ​របស់ខ្ញុំ​លូក​ស្ទើរ​មិន​ដល់ដៃ​ម៉ាស៊ីន​កាត់​ស្មៅ​ទៀតផង» លោក Xu រៀបរាប់​ដូច្នេះ។

នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ CNBC លោក Xu និយាយថា៖ «DoorDash ប្រៀបដូចជា​ការលើកទឹកចិត្ត​សម្រាប់​មនុស្ស​ដែល​ប្រឹងប្រែង​ប្រែក្លាយ​សុបិន​ឱ្យទៅជា​ការពិត​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ដូច​ម្ដាយ​របស់ខ្ញុំ។ ការធ្វើ IPO កន្លងទៅ ពិតជា​ថ្ងៃ​ដ៏​អស្ចារ្យ​ចំពោះ​ពួកយើង និង​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ពួកយើង​សហការ»។

កន្លងមក ថ្វីបើ​មានការ​លំបាក​ខ្លាំង ប៉ុន្តែ ម្ដាយ​របស់ Xu តែង​ផ្ដល់​អាទិភាព​ដល់​ការសិក្សា​របស់ Xu។ គ្រួសារ​ពួកគេ​សន្សំ​ប្រាក់​ដើម្បី​ទុកឱ្យ Xu បាន​សិក្សា និង​ទទួលបាន​សញ្ញាបត្រ​វិស្វករ​ឧស្សាហកម្ម​របស់​សាកលវិទ្យាល័យ California, Berkeley, និង MBA របស់ Stanford។

ក្នុងពេល​កំពុង​រៀន​នៅឯ​សាកលវិទ្យាល័យ Stanford យុវ​សិស្ស Xu និង​មិត្តភក្ដិ 3នាក់​ទៀត គឺ Stanley Tang, Andy Fang និង Evan Moore បាន​រួមដៃគ្នា​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ។ ពួកគេ​សុទ្ធតែ​ធ្លាប់បាន​ធ្វើការ​នៅ​ជ្រលង Silicon (Silicon Valley) នៃ​រដ្ឋ California ក្នុងនោះ Xu ធ្លាប់​ហាត់​ការ​នៅក្នុង​ក្រុមហ៊ុន Square និង​ធ្វើការ​ក្នុង​វិស័យ​អភិវឌ្ឍ​អាជីវកម្ម​នៅក្នុង​ក្រុមហ៊ុន RedLaser ដែល​បច្ចុប្បន្ន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ eBay។

កាលពី​ឆ្នាំ 2012 អ្នក​ទាំង4ខាងលើ​បាន​ជួបគ្នា​តាមរយៈ​គម្រោង​មួយ​របស់​ថ្នាក់រៀន។ បន្ទាប់មក ពួកគេ​ក៏បាន​សម្រេចចិត្ត​សហការគ្នា​ដើម្បី​បង្កើត​កម្មវិធី (App) មួយ​សម្រាប់​បណ្ដា​ក្រុមហ៊ុន​ខ្នាតតូច។ ឆ្នាំ​ដដែល​នោះ ពួកគេ​បាន​ដំណើរការ​កម្មវិធី​អន​ឡាញ​មួយ​ដែលមាន​ឈ្មោះថា PaloAltoDelivery.com។ ដំណើរ​ដើមទង​បានចាប់ផ្ដើម​នៅពេល​ម្ចាស់​ហាង​ជាច្រើន​នៅក្បែរ Stanford រអ៊ូ​ប្រាប់​ពួកគេ​អំពី​លទ្ធភាព​នៃ​ការឆ្លើយតប​នឹង​ការបញ្ជាទិញ​ពី​អតិថិជន។

ឆ្នាំ 2013 ក្រុមហ៊ុន​របស់​ពួកគេ​បាន​ចូលរួម​កម្មវិធី​បង្កើន​ល្បឿន​ចាប់ផ្ដើម​អាជីវកម្ម​របស់ Y Combinator ហើយក៏​ទទួលបាន​ប្រាក់​វិនិយោគ​ចំនួន 120,000ដុល្លារ​អាមេរិក។ ឆ្នាំ​នោះ Xu និង​សហ​ស្ថាបនិក បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ទៅជា DoorDash និង​ចាប់ផ្ដើម​ជ្រើសរើស​បុគ្គលិក​បន្ថែម ក៏ដូចជា​អ្នក​ប្រគល់​ទំនិញ។

ឆ្នាំ 2014 DoorDash ទទួលបាន​ទុនវិនិយោគ​ចំនួន​ជិត 20លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត។ ក្រុមហ៊ុន​នេះ​គឺជា​អ្នក​ប្រគល់​ទំនិញ​ជា​អាហារ​របស់​ភោជនីយដ្ឋាន​ជាង 1,000កន្លែង​នៅ​តំបន់ Bay Area និង Los Angeles មុនពេល​ពង្រីក​ខ្លួន​ពេញ​ទឹកដី​អាមេរិក។ គិត​មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ប្រមូល​ទុន​បាន​ជាង 2.5ពាន់​លាន​ដុល្លារ​ពី​ក្រុម​អ្នកវិនិយោគធំៗ ដូចជា SoftBank, Sequoia Capital និង​មូលនិធិ​វិនិយោគ​របស់​សិង្ហ​បុរី​ជាដើម។

ក្នុងនាម​ជានា​យក​ប្រតិបត្តិ លោក Xu គឺជា​អ្នកគ្រប់គ្រង​កម្មវិធី (App) ប្រគល់​ទំនិញ​ជា​អាហារ​ដែលមាន​គេ​ស្គាល់​ច្រើន​បំផុត​នៅ​សហរដ្ឋអាមេរិក។ DoorDash បច្ចុប្បន្ន​មាន​បុគ្គលិក​ប្រគល់​ទំនិញ​ជាង 1លាន​នាក់ និង​មាន​អតិថិជន​ចំនួន 18លាន​ស្ថាប័ន។ គិត​មកដល់​ចុងខែ​កញ្ញា ឆ្នាំ 2020 របាយការណ៍​របស់​ក្រុមហ៊ុន​នេះ បង្ហាញថា ក្រុមហ៊ុន​រកចំណូលបាន 1.9ពាន់​លាន​ដុល្លារ​អាមេរិក រួម​នឹង​ខ្ទង់​ខាតបង់​ចំនួន 149លាន​ដុល្លារ ដោយសារ​មិនទាន់មាន​ចំណេញ។ យោងតាម​ឯកសារ ប្រាក់បៀវត្ស​គោល​របស់ Xu នៅក្នុង​ឆ្នាំ 2019 គឺ 300.000ដុល្លារ​អាមេរិក៕

ប្រភព៖ Bloomberg

Advertisement