ហេតុអ្វី​បាន​ជា​ចិន​ទិញ​ទុរេន​ពីវៀតណាមច្រើន​ជាង​មុន​ 30 ដង?

ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ទុរេន​របស់​វៀតណាម ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ សម្រេច​បាន​ជាង 451,000 តោន​ កើន​ជាង 30 ដង បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ 2022​។

ទុរេន​គឺជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ការ​នាំ​ចេញរបស់​វិស័យ​បន្លែ​ផ្លែឈើ​វៀតណាម​ នៅ​ក្នុង 11​ ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដោយ​មាន​តម្លៃ​ជាង 2.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ទុរេន​ភាគ​ច្រើន​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​តាមសមាគម​បន្លែ​ផ្លែ​ឈើ​វៀតណាម​ ដែល​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ក្នុង 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចូល​ទុរេន​ជាង 1.3 លាន​តោន​ ដែល​មាន​តម្លៃ​ជិតស្មើ​នឹង​ 6.4 ពាន់​លាន​ដុល្លារ​ ក្នុង​នោះ បរិមាណសរុប​​បាន​កើន​ 88% និង​តម្លៃសរុប​​បាន​កើន​ 81% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។

ប្រទេស​ថៃ គឺជា​ប្រភព​ផ្គត់​ផ្គង់​ទុរេន​ធំបំផុត​របស់​​ប្រទេស​ចិន​ ដោយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​ជិត 904,000 តោន​ ដែល​មាន​តម្លៃ​សរុប​ជាង 4.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​កើន​ 28%​។

វៀតណាម​ គឺជា​អ្នក​ផ្គត់​ផ្គង់​ទុរេន​ធំជាង​គេ​ទីពីរ​របស់​ទីផ្សារ​​ចិន​ ប៉ុន្តែ​ជាប់​លេខ​មួយ​ស្ដី​ពី​កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ ក្នុង 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 បរិមាណ​ទុរេន​ដែល​ វៀតណាម បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​មួយ​នេះ គឺ​​ជាង 451,600 តោន​ ដោយ​កើន​ជាង 30 ដង​ និង​រក​ចំណូល​បាន​ជិត 1.9 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ជាង 31 ដង បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ 2022​។

អ្នក​ផ្គត់​ផ្គង់​ទុរេន​លំដាប់​ទីបី​សម្រាប់​ទីផ្សារ​ចិន​ គឺ​ ហ្វ៊ីលីពីន​ ដោយបាន​នាំ​ចេញទៅ​កាន់​ទីផ្សារ​នេះ​ចំនួន 3,333 តោន​ រក​ចំណូល​បាន​ជិត 12 លាន​ដុល្លារ​។

ឆ្លើយ​តប​នឹង​សំណួរ​ដែល​សួរ​ថា «ហេតុ​អ្វី​ទីផ្សារ​ចិន​ទិញ​ទុរេន​ពី​វៀតណាម​ច្រើន​ជាង​មុន​ឆ្ងាយ​ម្ល៉េះ?» លោក ង្វៀន ឌិញទុង អនុប្រធាន​សមាគម​បន្លែ​ផ្លែ​ឈើ​វៀតណាម បាន​ឱ្យ​ដឹង​ថា កំណើន​នេះ​គឺ​ដោយ​សារ​ប្រទេស​ចិន​ និង​វៀតណាម បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​មួយ​កាល​ពី​ខែ​កក្កដា 2022​។

ការវេចខ្ចប់ទុរេនរបស់វៀតណាម

កិច្ច​ព្រម​ព្រៀង​ខាង​លើ​ដែល​​បាន​ជួយ​ឱ្យ​ការ​នាំ​ចេញ​ទុរេនរបស់​​វៀតណាម​ ទៅ​កាន់​ទីផ្សារ​ចិន​ មាន​កូតា​កាន់​តែ​ធំ គ្រា​ដែល​ចម្ការ​ទុរេន និង​ការ​វេច​ខ្ចប់​ត្រូវ​បាន​ធ្វើ​ទៅ​តាម​ស្ដង់ដា​នៃ​ទីផ្សារ​ចិន​ បាន​រួម​ចំណែក​ធ្វើ​ឱ្យ​បរិមាណ​នាំ​ចេញ​មាន​ការ​កើន​ឡើងខ្ពស់​។

ទន្ទឹម​នឹង​នេះ កត្តា​ទឹក​ដី​ធំទូលាយ ​អាច​ប្រមូល​ផល​​ទុរេន​បាន​ពេញ​មួយ​ឆ្នាំ​ ក៏​ដូច​ជា​កត្តា​​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​ចិន​ជា​ដើម ក៏ជា​មូលហេតុ​ដែល​បាន​ និង​កំពុង​ជួយ​ឱ្យ​ប្រទេស​វៀតណាម មាន​ប្រៀប​ជាង​ប្រទេស​នាំ​ចេញ​ទុរេន​ដទៃ។

ទុរេន​ស្រស់​ដែល​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​ មាន​តម្លៃ​ខ្ពស់ ពោល​គឺ​ចាប់ពី 10 ដុល្លារ​អាម៉េរិក​ក្នុង​មួ​គីឡូក្រាម។ តម្លៃ​នេះ​​ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ប្រហែល​ 6 ដុល្លារ​/គីឡូក្រាម​ នៅ​ក្នុង​ទីផ្សារ​អាស៊ាន​៕

Advertisement