ចិន​ឈ្នះ​អាម៉េរិក «ក្លាយ​ជា​ទីផ្សារកាហ្វេ​​ប្រេនធំជាង​គេ​លើពិភពលោក»

រូបភាពរបស់ REUTERS/Thomas Peter

ថ្វី​បើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «ប្រទេស​ផឹកតែ» ប៉ុន្តែ បច្ចុប្បន្ន​ ចិន​ បាន​ឈ្នះ អាម៉េរិក ក្នុង​ទីផ្សារ​​កាហ្វេ​ដែល​មាន​យីហោ​ ឬ​ប្រេន ធំជាង​គេ​លើពិភពលោក​។

ព័ត៌មាន​ខាងលើ​នេះ ទើបតែ​ត្រូវ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​ព័ត៌មាន​កាហ្វេ​ World Coffee Portal នា​ពេល​ថ្មី​ៗ​នេះ​។ ក្រុម​ហ៊ុន​ស្រាវជ្រាវ​នេះ​បាន​ឱ្យ​ដឹង​ថា ចំនួន​ហាង​កាហ្វេ​ប្រេន (branded coffee shop) នៅ​ក្នុង​ទីផ្សារ​ចិន​ បាន​កើន​ 58% ក្នុង 12 ខែ​កន្លង ពោល​គឺ 49,691​ ហាង។ ចំណែក​ហាង​កាហ្វេ​ប្រភេទ​នេះ​នៅ​ សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​មាន​តែ​ 40,062 ហាង​។

ហាង​កាហ្វេ​ប្រេនត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ហាង​កាហ្វេ​ដែល​មាន​ឈ្មោះ​ល្បី និង​ជា​កម្មសិទ្ធិ​របស់​បណ្ដា​ក្រុម​ហ៊ុន​ធំៗ។ ចំណុច​ពិសេស​របស់​ហាង​ប្រភេទ​នេះ ​គឺ​ការ​ធ្វើ​ជំនួញ​ទៅ​តាម​បណ្ដាញ មាន​ការ​រចនា​គ្រឿង​សង្ហារិម បញ្ជី​មុខ​ភេសជ្ជៈ​ដូច​គ្នា និង​តែង​តែ​ផ្គត់​ផ្គង់​ផលិត​ផល​ពិសេសប្រចាំ​ប្រេន​។

ការ​កើន​ឡើង​នៃ​ហាង​កាហ្វេ​ប្រេន​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​កន្លង ត្រូវ​បាន​ដឹក​មុខ​ដោយ​ការ​ពង្រីក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស​នៃ​រូបមន្ត​ហាង​ខ្នាត​តូច​ និង​ផ្ដោត​ទៅ​លើ​ការ​ប្រគល់​ទំនិញ​របស់ Luckin Coffee ដែល​ពង្រីក​បាន​ជាង 5,000 ហាង និង Cotti Coffee ពង្រីក​បាន​ជាង 6,000 ហាង​ ក្នុង​ឆ្នាំ 2022​។

បច្ចុប្បន្ន ​ប្រេន​កាហ្វេ​ដែល​ធំជាង​គេ​បង្អស់​នៅ​ប្រទេស​ចិន គឺ​ Luckin Coffee ​ ដោយ​មាន 13,273 ហាង​។ ចំណាត់​ថ្នាក់​ទីពីរ​បាន​ទៅ​លើ Starbucks របស់ ​​អាម៉េរិក ដោយ​មាន 6,806 ហាង​។ ចំណាត់​ថ្នាក់​ទីបីគឺ Luckin Coffee ដែល​មាន 6,061 ហាង​៕

Advertisement