(វីដេអូ)-SpaceX បាញ់​បង្ហោះ​រ៉ុក្កែត​ម្ដង នាំយក​ផ្កាយរណប ១០៥ គ្រឿង ហោះ​ទៅកាន់​គន្លង​គោចរ

ក្រុមហ៊ុន SpaceX កាលពី​ថ្ងៃទី ១៣ មករា បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នូវ​ផ្កាយរណប​ពាណិជ្ជកម្ម​យ៉ាងច្រើន​ទៅកាន់​តារាវិថី ដែល​នេះ​គឺជា​បេសកកម្ម​អវកាស​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ នៅក្នុង​ខែមករា ២០២២។

រ៉ុក្កែត Falcon 9 របស់ SpaceX ដែល​នាំយក​ផ្កាយរណប​សរុប ១០៥ គ្រឿង ទៅកាន់​ទី​អវកាស​នេះ ត្រូវបាន​បាញ់​បង្ហោះ​ឡើង​ពី​ប្រព័ន្ធ​បាញ់​បង្ហោះ​លេខ ៤០ នៅឯ​មូលដ្ឋាន​ទ័ពអាកាស Cape Canaveral ក្នុង​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក កាលពី​ម៉ោង ២២ និង ២៥ នាទី នា​យប់​ថ្ងៃទី ១៣ មករា (ម៉ោង​នៅ កម្ពុជា)។

ក្រោយពេល​ហោះ​ឡើង​បាន ៩ នាទី កំណាត់​រ៉ុក្កែត​រុញច្រាន​ទី១ បាន​ផ្ដាច់ខ្លួន និង​ចុះចត​លើ​ទីលាន​ចុះចត​មួយ​នៅ Cape Canaveral ដែលមាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប​ណ្ណោះ ពី​ទីតាំង​បាញ់​បង្ហោះ ដែល​នេះ​គឺជា​លើក​ទី ១០២ ហើយ ដែល​រ៉ុក្កែត​របស់ SpaceX ចុះចត​បាន​ជោគជ័យ។

នៅក្នុង​ចំណោម​ផ្កាយរណប​នៃ​ជើងហោះហើរ​ខាងលើនេះ មាន​ផ្កាយរណប​មួយចំនួន​ដែលមាន​ទម្ងន់​ធ្ងន់​ជាងគេ មានដូចជា ផ្កាយរណប​របស់ ប្រទេស​អ៊ុយ​ក្រែ​ន Ukraine Sich 2-1 ទម្ងន់ ១៧០ គីឡូក្រាម, ផ្កាយរណប ២ គូ របស់​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ ICEYE (៨៥ គីឡូក្រាម) និង​ក្រុមហ៊ុន​អាម៉េរិក Capella Space (១០០ គីឡូក្រាម)៕

Advertisement