(វីដេអូ)-សំឡេង​ផ្ទុះ​របស់​ភ្នំភ្លើង តុង​ហ្គា (Tonga) លាន់ឮ​ឆ្ងាយ​​​​​ជិត​ ១០,០០០​ គីឡូម៉ែត្រ

សំឡេង​ផ្ទុះ​របស់​ភ្នំភ្លើង​នៅ ប្រទេស​តុង​ហ្គា លាន់ឮ​ដល់ សហរដ្ឋ​អាម៉េរិក ខណៈដែល​រលក​កញ្ឆក់ (Shockwave) របស់​វា ចល័ត​ជុំវិញ​ពិភពលោក និង​ត្រូវបាន​រកឃើញ​នៅ ប្រទេស​អង់គ្លេស។

ស្ថាប័ន​ឧតុនិយម​ជាតិ​របស់ អាម៉េរិក កាលពី​ម្សិលមិញ បានប្រកាសថា ស្ថានីយ​តាមដាន​ភ្នំភ្លើង Alaska បាន​កត់ត្រា​ឮ​សំឡេង​ផ្ទុះ​ពី​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ តុង​ហ្គា កាលពី​ថ្ងៃទី ១៥ មករា។ ចម្ងាយ​ពី​ភ្នំភ្លើង​ដែល​កំពុង​ផ្ទុះ ទៅកាន់​ស្ថានីយ​តាមដាន​ភ្នំភ្លើង Alaska គឺ​ប្រមាណ​ជិត ១០,០០០ គីឡូម៉ែត្រ។ ស្ថាប័ន​ភូគព្ភសាស្ត្រ​អាម៉េរិក ឱ្យដឹងថា ករណី​ផ្ទុះ​ភ្នំភ្លើង​នេះ មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ហេតុការណ៍​រញ្ជួយ​ដី​កម្លាំង ៥.៨ រិច​ទ័​រ។

ស្ថានីយឧតុនិយម Fife នៅ ស្កុ​តឡែ​ន ក៏បាន​ឱ្យដឹងថា ករណី​ផ្ទុះ​ភ្នំភ្លើង​នេះ​ធ្វើឱ្យ​សម្ពាធ​ខ្យល់​កើនឡើង​ខ្ពស់។ «ពិតជា​គួរឱ្យភ្ញាក់ផ្អើល នៅពេល​គិតដល់​កម្លាំង​ដែល​អាច​បង្ក​រលក​កញ្ឆក់​ចល័ត​ជុំវិញ​ពិភពលោក» ស្ថាប័ន​នេះ​បង្ហោះ​សារ​ដូច្នេះ​នៅលើ Twitter កាលពីពេលថ្មីៗនេះ។

ក្រោយ​ការផ្ទុះ​កាលពី​ថ្ងៃទី ១៤ មករា ភ្នំភ្លើង Hunga Tonga-Hunag Ha’apai បន្ត​ផ្ទុះ​កាលពី​ថ្ងៃទី ១៥ មករា ហើយ​ប៉ុន្មាន​នាទី​ក្រោយមក វា​ក៏បាន​បង្ក​ជា​រលក​យក្ស​កម្ពស់​ប្រហែល ១.២ ម៉ែត្រ វាយលុក​រដ្ឋធានី Nuku’alofa របស់ តុង​ហ្គា។

រដ្ឋាភិបាល​តុង​ហ្គា មិនទាន់​បញ្ចេញ​របាយ​ការណ៍​ស្ដីពី​ការខូចខាត​ដោយសារ​ហេតុការណ៍​នេះ​នៅឡើយ ប៉ុន្តែ នៅលើ​បណ្ដាញ​សង្គម គេ​ឃើញថា ទឹកបាន​ឡើង​លិច​ផ្លូវ​ក្បែរ​ឆ្នេរសមុទ្រ ហូរ​ចូល​ផ្ទះសម្បែង និង​បាន​កួច​យក​រថយន្ត​ផងដែរ។ តំបន់​ជាច្រើន​នៅលើ​កោះ Tongatapu របស់ ប្រទេស​តុង​ហ្គា ត្រូវ​ដាច់​ចរន្តអគ្គិសនី ខណៈដែល​ប្រព័ន្ធ​ទំនាក់ទំនង​ក៏​រអាក់រអួល។

បណ្ដា​ប្រទេស​នៅលើ​ឆ្នេរ​ទាំង ២ របស់​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​ព្រមាន​អំពី​រលក​យក្ស ក្នុងនោះ​មាន សហរដ្ឋ​អាម៉េរិក នូ​វែ​ល​សេ​ឡង់ និង កាណាដា​ផងដែរ។ ចំណែក​ស្ថាប័ន​ឧតុនិយម​របស់ ជប៉ុន ក៏បាន​ឱ្យដឹងថា រលក​យក្ស​បាន​មកដល់​ប្រទេស​នេះ​នៅ​យប់​ថ្ងៃទី ១៥ មករា និង​វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី ១៦ មករា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ តុង​ហ្គា។

Advertisement