ពលរដ្ឋ​អាមេរិកាំង​22​លាននាក់​ ដាក់​ពាក្យ​សុំ​ជំនួយ​ពីរដ្ឋ​ ព្រោះ​​​បាត់​បង់​ការ​ងារ​​ដោយ​សារ​ COVID-19

22​លាននាក់​ ដាក់​ពាក្យ​សុំ​ជំនួយ​ពីគោល​នយោបាយសម្រាប់​អ្នក​​បាត់​បង់​ការ​ងារ​ នៅ​សហរដ្ឋអាមេរិក

ពាក្យ​សុំ​ឧបត្ថម្ភ​​ពី​កម្ម​វិធី​ជំនួយ​សម្រាប់​អ្នក​បាត់បង់​ការ​ងារ​ បាន​កើន​ឡើង​ដល់​ទៅ​ជាង​22​លាន​ច្បាប់​ក្នុងរយៈ​ពេល​1​​ខែ​កន្លងមក​នេះ​ ខណៈ​ដែល​ COVID-19 កំពុង​បង្ក​ផល​វិបាក​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​។

“ចំនួន​ករណី​បាត់​បង់​ការ​ងារ​ធ្វើ​ក្នុង​អំឡុង​4សប្ដាហ៍​កន្លង​ទៅ​ ពិត​ជា​គួរ​ឱ្យ​ចាប់​ព្រួយ​បារម្ភ ពោល​គឺ​ ការ​ងារ​ទាំង​ឡាយ​ដែល​យើង​មាន​ចាប់​តាំងពិ​ក្រោយ​វិបត្តិ​ហិរញ្ញ​វត្ថុ​​ឆ្នាំ​2007-2008 បាន​បង់​ទាំង​ស្រុង​” James Knightley អ្នក​សេដ្ឋ​សាស្ត្រអន្តរជាតិ​ប្រចាំ​ទី​ក្រុង​ New York សហរដ្ឋ​អាមេរិក​ថ្លែង​បែប​នេះ​។

បច្ចុប្បន្ន មាន​ពលរដ្ឋ​អាមេរិកាំង​​ 22,034​,000​​នាក់​បានដាក់​ពាក្យ​ស្នើ​សុំ​ជំនួយ​ពី​កម្មវិធី​ជំនួយ​សម្រាប់​អ្នក​បាត់​បង់​ការ​ងារ​ រាប់​ចាប់​ពីថ្ងៃទី​21​មីនា ដែល​តួលេខ​នេះ​ស្មើ​នឹង​13.5% នៃ​កម្លាំង​ពលកម្ម​សរុប​ទូទាំង​ប្រទេស​។ Gus Faucher សេដ្ឋ​វិទូ​មក​ពី​រដ្ឋ Pennsylvania បាន​ឱ្យ​ដឹង​ថា “ទីផ្សារ​ពលកម្ម​បាន​ដួល​រលំ។ មាន​លិខិត​ស្នើ​សុំ​ជំនួយ​ឧបត្ថម្ភ​ពី​កម្ម​វិធី​ជំនួយ​សម្រាប់​អ្នក​បាត់បង់​ការ​ងារ បាន​កើន​ដល់​ជាង​22​លាន​ច្បាប់​ ហើយ​នឹង​មាន​ការ​ស្នើ​សុំ​បែប​នេះ​រាប់​លាន​ទៀត​នៅ​សប្ដាហ៍​ក្រោយ​”។

រដ្ឋ​នានា និង​អាជ្ញាធរ​ដែន​ដី​នៅ​មូលដ្ឋាន បាន​ចេញ​បទ​បញ្ជា​ស្នើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​ផ្ទះ​ បើ​សិន​ជា​មិន​មាន​ការ​ចាំបាច់ ដើម្បី​ទប់​ស្កាត់​ COVID-19។ បទបញ្ជា​ទាំង​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​អាមេរិកាំង​ជាង​90%។

តួលេខ​នៃ​ពាក្យ​ស្នើ​សុំ​ជំនួយ​ដែល​ជា​ឯកសារ​សំខាន់​ទាក់​ទិន​នឹង​ខឿន​សេដ្ឋ​កិច្ច កំពុង​ត្រូវ​បាន​គេ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ស្វែង​យល់​ថា​ ​ពេល​ណា​​អត្រា​​នៃ​ការ​កាត់​បន្ថយ​បុគ្គលិក​បាន​ថយ​ចុះ​ ក៏ដូច​ជា​​ ពេល​ណា​ទើប​​ខឿន​សេដ្ឋកិច្ច​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​។

ប្រធានាធិបតី​អាមេរិកាំង​ លោក Donald Trump កាល​ពីថ្ងៃទី​16​មេសា បាន​ប្រកាស​ណែនាំ​ឱ្យ​ដំណើរការ​សេដ្ឋ​កិច្ច​ឡើង​វិញ បន្ទាប់​ពី​សម័យ​កាល​ COVID-19 បាន​បញ្ចប់​។ លោក​ Trump ឱ្យ​ដឹង​ថា អភិបាល​រដ្ឋ​ និង​ទីក្រុងនានានឹង​ទទួល​បាន​សិទ្ធិ​សម្រេច​ក្នុងការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ ដោយ​យោង​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​រដ្ឋ និង​ទី​ក្រុង​នីមួយ​ៗ​។ លោក​ក៏​បាន​ថ្លែង​ថា​នឹង​មាន​បទ​បញ្ជា​មួយ​ បង្ខំ​ឱ្យ​អភិបាល​រដ្ឋ និង​ទីក្រុង​នានា​ ត្រូវ​ធ្វើ​តាម​លោក ក៏ប៉ុន្តែ​ ក្រោយ​មក​ លោក​ក៏​បាន​ថ្លែង​ដក​សម្ដី​នេះ​ត្រឡប់​វិញ​។

ប្រធាន​សភា​ជាន់​ទាប​អាមេរិកាំង លោក​ស្រី Nancy Pelosi បាន​រិះ​គន់​ទៅ​លើ​ការ​ណែនាំ​របស់​លោក​ Trump​ អំពី​ការ​បើក​ដំណើរ​ការ​សេដ្ឋកិច្ច​ឡើង​វិញ​ថា​ជា “ការមិន​ច្បាស់​លាស់ និង​ច្របូក​ច្របល់​”។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ដែន​ដី និង​ប្រទេស​ចំនួន​210​ នៅ​ក្នុង​ពិភពលោក ធ្វើ​ឱ្យ​មនុស្ស​ជាង​2​លាន​នាក់​បាន​ឆ្លង​រោគ និង​បាន​សម្លាប់​មនុស្ស​ជិត​147,000​នាក់​។ នៅ​សហរដ្ឋ​អាមេរិក វីរុស​នេះ​បាន​ឆ្លង​ទៅ​មនុស្ស​ជាង​678,000​នាក់ ហើយ​ក៏បាន​សម្លាប់​អ្នកជំងឺ​ជិត​35,000​នាក់​ផងដែរ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement