កម្ពុជា វៀតណាម និង​ឡាវ អភិវឌ្ឍរូបមន្ត​ទេសចរណ៍ «មួយ​ដំណើរ​ បី​គោលដៅ»

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត និងនាយករដ្ឋមន្ត្រី​ឡាវ Sonexay Siphandone រួម​នឹង​នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh បាន​ឯកភាព​គ្នា​ក្នុងកិច្ច​សហប្រតិបត្តិការណ៍​អភិវឌ្ឍ​រូបមន្ត​ទេសចរណ៍​ «មួយ​ដំណើរ​ បីគោលដៅ» ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំង​បី​។

កាល​ពី​ថ្ងៃទី 17 ធ្នូ ក្នុង​ឱកាស​ចូល​រួម​សន្និសីទ​កំពូល​ ខួប​ 50 ឆ្នាំ​ នៃ​ទំនាក់ទំនង​អាស៊ាន – ជប៉ុន នៅរាជធានី​តូក្យូ (ប្រទេស​ជប៉ុន) ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​អញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​សមាស​ភាគី​ឡាវ និង​វៀតណាម។

នៅ​ក្នុង​ជំនួប​នេះ មេដឹក​នាំ​របស់​កម្ពុជា វៀតណាម និង​ឡាវ បាន​ឯកភាព​ លើ​ការ​វាយ​តម្លៃ​ដែល​ថា ទំនាក់​ទំនង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី កំពុង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​រីក​ចម្រើន​ក្នុង​វិស័យ​ជា​ច្រើន​។

ទន្ទឹម​នឹង​បញ្ហា​សំខាន់​ៗដទៃ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក៏​ទទួល​បាន​ការ​សាទរ​ពី​សមាសភាគី​វៀតណាម និង​ឡាវ ចំពោះ​សំណើ​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​ទាំង​បីនៅ​កម្ពុជា នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​បី ពិសេស​គឺការ​អភិវឌ្ឍ​រូបមន្ត​ទេសចរណ៍​ «មួយ​ដំណើរ បី​គោលដៅ» (One Journey – Three Destinations/Three Countries One Destination)។

យោងតាម​អ្នក​ជំនាញ កិច្ចសហប្រតិបត្តិការ​នេះនឹង​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​កម្ពុជា​។ ទេសចរ​ម្នាក់មក​ពី​លោក​ខាង​លិច ឬ​គ្រួសារ​ដែល​មាន​ថវិកា​ខ្ទង់ 10,000 ដុល្លារ​អាម៉េរិក នឹង​ពេញ​ចិត្ត​ក្នុង​ការ​ដើរ​ទេសចរណ៍នៅ​​បី​ប្រទេស​ក្នុង​មួយ​ជើង។

Advertisement