ភ្នំភ្លើង តុង​ហ្គា (Tonga) នៅតែ​បន្ត​ផ្ទុះ​ក​ម្អែ និង​អាច​បង្ក​ការខូចខាត​ក្នុង​រង្វង់​អង្កត់ផ្ចិត ៦០ គីឡូម៉ែត្រ

មជ្ឈមណ្ឌល​ព្រមាន​អំពី​ធូលី​ភ្នំភ្លើង Darwin នៅ Darwin នៃ ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី ១៧ មករា​នេះ​បានប្រកាសថា មានការ​ផ្ទុះ​មួយទៀត​របស់​ភ្នំភ្លើង​នៅ ប្រទេស​តុង​ហ្គា បន្ទាប់ពី​មានការ​ផ្ទុះធំៗចំនួន ២ ករណី កាលពី ២ ថ្ងៃមុន ដែល​បាន​បង្កឱ្យមាន​រលក​យក្ស​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

មជ្ឈមណ្ឌល​ព្រមាន​អំពី​រលក​យក្ស​ប៉ាស៊ីហ្វិក ក៏បាន​ឱ្យដឹងថា រលកធំៗបាន​កើតឡើង​ក្នុង​តំបន់ ហើយ​វា​អាច​បណ្ដាលមកពី​ការផ្ទុះ​មួយចំនួនទៀត​របស់​ភ្នំភ្លើង​នៅ តុង​ហ្គា។ ពុំមាន​ហេតុការណ៍​រញ្ជួយ​ដី​ណាមួយ​ត្រូវបាន​រកឃើញថា បណ្ដាលឱ្យមាន​រលកធំៗទាំង​នោះទេ។

ភ្នំភ្លើង​នៅលើ​កោះ Hunga Ha’apai របស់​ប្រទេស​កោះ តុង​ហ្គា កាលពី​ថ្ងៃទី ១៤ មករា បាន​ផ្ទុះ និង​បញ្ចេញ​ផ្សែង​ធូលី ចំហាយ​ទឹក និង​សារធាតុពុល​ចូលទៅក្នុង​បរិយាកាស។ ភ្នំភ្លើង​ដែល​ស្ថិតនៅ​ចម្ងាយ ៦៥ គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង​នៃ​តំបន់ Nukualofa នេះ បាន​ផ្ទុះ​ក​ម្អែ​ជា​បន្តបន្ទាប់​ចាប់ពី​ព្រឹក​ថ្ងៃ​ដដែល បង្កើតបានជា​ផ្សែង​ធូលី​កម្ពស់​ពី ៥ ទៅ ២០ គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។

ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ភូ​គ​ម្ភ​សាស្ត្រ របស់ តុង​ហ្គា បានឱ្យដឹងថា ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​នេះ​អាច​បង្ក​ការខូចខាត​ក្នុង​រង្វង់​អង្កត់ផ្ចិត ៦០ គីឡូម៉ែត្រ ខ្លាំង​ជាង​ប្រហែល ៧ ដង ធៀប​នឹង​ករណី​ផ្ទុះ​របស់​ភ្នំភ្លើង Hunga Ha’apai កាលពី​ចុងឆ្នាំ ២០២១។

Advertisement