ស្ត្រី​ជា​ភរិយា «មាន​សហាយ» ត្រូវ​តុលារ​ពិន័យ វាយ ១០០ រំពាត់ ខណៈ​បុរស​ជាប់​សង្ស័យ​ ទទួល​តែ​ប៉ុន្មាន​​រំពាត់​ប៉ុណ្ណោះ

ស្ត្រី​ដែល​ត្រូវ​ទទួល​ពិន័យ​ ១០០ រំពាត់ កាលពី​ថ្ងៃទី ១៣ មករា ២០២២

(ឥណ្ឌូណេស៊ី)-ស្ត្រី​ម្នាក់​នៅក្នុង​ខេត្ត Aceh ត្រូវ​ទទួល​ទណ្ឌកម្ម​ចំនួន ១០០ រំពាត់ ដោយសារតែ​ល្មើ​សនឹង​ច្បាប់​ឯក​ព័ន្ធ​ភាព​របស់​សាសនា​អ៊ីស្លាម គ្រា​ដែល​បុរស​ដែល​ត្រូវគេ​សង្ស័យថា​ជាស​ហាយ​របស់​នាង ត្រូវបានដាក់​​ពិន័យ​ត្រឹម​តែ ១៥ រំពាត់​។

Ivan Najjar Alavi មេដឹកនាំ​នៃ​អង្គភាព​ស៊ើបអង្កេត​របស់​ស្ថាប័នរដ្ឋ​អាជ្ញា​ក្នុង​តំបន់ Aceh ខាងកើត កាលពី​ថ្ងៃទី ១៣ មករា បានឱ្យដឹងថា ស្ត្រី​ម្នាក់​ដែលមាន​ស្វាមី​រួចហើយ នៅ​មូលដ្ឋាន ត្រូវបាន​ដាក់ទណ្ឌកម្ម​នៅ​ទីសាធារណៈ ចំនួន ១០០ រំពាត់ បន្ទាប់ពី​បាន​សារភាព​កំហុស។

ចំណែក​បុគ្គល​ដែល​ត្រូវបាន​សង្ស័យថា​ជាស​ហាយ​របស់​នាង ដែលជា​ប្រធាន​ស្ថាប័ន​នេសាទ​នៅ​មូលដ្ឋាន និង​ជា​អ្នក​ដែលមាន​ភរិយា​រួចហើយ ត្រូវ​ទទួល​ការពិន័យ​ត្រឹមតែ ១៥ រំពាត់ ដោយសារតែ​បុគ្គល​នេះ​បដិសេធ​ការចោទប្រកាន់។ Ivan Najjar Alavi បញ្ជាក់ថា ចៅក្រម​ពិតជា​មាន «ការពិបាក» ក្នុងការ​កាត់​ទោ​សបុរ​ស​នេះ។

«ក្នុង​សវនាការ បុរស​នេះ​មិនបាន​សារភាព​អ្វី​ទាំងអស់ ហើយ​បាន​បដិសេធ​រាល់​ការចោទប្រកាន់។ ដូច្នេះ ចៅក្រម​មិនអាច​បង្ហាញថា បុរស​នេះ​មាន​កំហុស ឬ​អត់» Ivan Najjar Alavi បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដូច្នេះ។

ជំនួស​ឱ្យ «បទល្មើស​មាន​សហាយ» បុរស​នេះ​ត្រូវបាន​ពិន័យ​ពីបទ «បង្ហាញ​មនោសញ្ចេតនា​ជាមួយ​ស្ត្រី​ដែល​មិនមែនជា​ភរិយា»។ ដំបូង​ឡើយ បុរស​ជាប់ចោទ​ត្រូវបាន​កាត់ទោស វាយ ៣០ រំពាត់ ប៉ុន្តែ ជននេះ​តវ៉ា​បាន​ជោគជ័យ និង​ត្រូវ​បន្ថយ​មក​នៅត្រឹម ១៥ រំពាត់។

ជន​រំលោភច្បាប់​ទាំងពីរ​ខាងលើ ត្រូវបាន​អ្នកស្រុក​ចាប់​បាត់​ភ័ស្ដុតាង​ជា​លើកដំបូង​នៅក្នុង​ចំការ​ដូងប្រេង​មួយកន្លែង​កាលពី​ឆ្នាំ ២០១៨។

Aceh គឺជា​តំបន់​តែមួយគត់​របស់ ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ីស្លាម អនុវត្ត​ច្បាប់ Sharia អនុញ្ញាត​ឱ្យមាន​ការដាក់​ទណ្ឌកម្ម​ដោយ​ការ​វាយ​នឹង​រំពាត់​ជា​សាធារណៈ ចំពោះ​ស្ត្រី​ដែល​ល្មើស «ច្បាប់​ក្បត់​ប្ដី លេងល្បែង​ស៊ីសង ផឹកស្រា និង​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា»៕

Advertisement