Author: សឿន សំណាង

  • មួកសុវត្ថិភាព​បំពាក់​បច្ចេកវិទ្យា​ជួយ​ឱ្យ​ក្រុម​ពន្លត់​អគ្គិភ័យ​មើល​ធ្លុះ​ផ្សែង​

    មួកសុវត្ថិភាព​បំពាក់​បច្ចេកវិទ្យា​ជួយ​ឱ្យ​ក្រុម​ពន្លត់​អគ្គិភ័យ​មើល​ធ្លុះ​ផ្សែង​

    (ស្កុតឡេន)-មួកសុវត្ថិភាព​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៅសាកលវិទ្យា​ល័យ​ Edinburgh បំពាក់​កាំមេរ៉ា រ៉ាដា អង្គញាណ ដែល​ជួយ​ឱ្យ​បុគ្គលិក​ពន្លត់​អគ្គិភ័យ​​រក​ឃើញ​ជនរង​គ្រោះ​ និង​ស្គាល់​បុគ្គលិក​រួម​ក្រុម​បាន​ដោយ​ងាយ​។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ទាំង​នេះ​កំពុង​មួក​សុវត្ថិភាព​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI)។

    មួកសុវត្ថិភាព​ដែល​អភិវឌ្ឍ​ឡើង​ដោយ​​ក្រុម​អ្នក​ស្រាវជ្រាវ​នៅសាកលវិទ្យា​ល័យ​ Edinburgh នេះ​ ជួយ​ឱ្យ​ក្រុម​ពន្លត់​អគ្គិភ័យ​មើល​ធ្លុះ​ផ្សែង​​។ ឧបករណ៍​កាមេរ៉ា រ៉ាដា និង​អង្គញាណ​ដែល​បំពាក់​លើ​មួក​នេះ​ មាន​តួនាទី​ប្រមូល​ទិន្នន័យ​។

    «អ្នក​មើល​ឃើញ​ហើយនេះ មាន​អង្គញាណ​សំខាន់​ចំនួន ២ នៅ​ទីនេះ​» Chris Xiaoxuan Lu សាស្ត្រាចារ្យ​រង​នៅសាកល​វិទ្យា​ល័យ Edinburgh បង្ហាញ​មួក​ពិសេស​។ «មួយ​គឺ​កាមេរ៉ា​ស្កែន​កម្ដៅ ជា​អង្គញាណ​ពិសេស​អាច​មើល​ធ្លុះ​ផ្សែង​ ហើយ​ពួក​វា​​ធ្វើ​ការក្នុង​ប្រវែង​រលក (wavelength) ខុសៗ​គ្នា​។ AI បកស្រាយបង្ហាញ​អំពី​ទិន្នន័យ​ដល់​អ្នក​ប្រើប្រាស់​មួក​ភ្លាម​ៗ​។

    ប្រការ​ខាងលើ​នេះ​ជួយ​ឱ្យ​បុគ្គលិក​ពន្លត់​អគ្គិភ័យ​​រក​ឃើញ​ជនរង​គ្រោះ​ ​ស្គាល់​បុគ្គលិក​រួម​ក្រុម​ និង​កំណត់​ទីតាំង​របស់​ខ្លួននៅ​កន្លែង​កើត​ហេតុ​​បាន​ដោយ​ងាយ​។

    មួក​នេះ​មិន​ត្រឹម​តែ​ផ្ដល់​លទ្ធផល​ព្យាករ​ដល់​បុគ្គលិក​ពន្លត់​អគ្គិភ័យ «ជួរមុខ» នោះ​ទេ តែ​ក៏​បញ្ជូន​ទិន្នន័យ​នេះ​ទៅ​កាន់​ក្រុម​មេបញ្ជាការ​នៅ​ខាង​ក្រៅ​ផងដែរ​។ ក្រោយ​មក មេបញ្ជាការ​អាច​ប្រើប្រាស់​ទិន្នន័យ​ទាំង​នេះ​ដើម្បី​ណែនាំ​សហការ​ប្រកប​ដោយ​ប្រសិទ្ធភាព​សម្រាប់​បុគ្គលិក​ពន្លត់អគ្គិភ័យ​នៅ​ខាងក្នុង​។

    ការ​​​ពិសោធនេះ​មាន​ការ​ចូលរួម​ពី​ក្រុមពន្លត់​អគ្គិភ័យ​មក​ពីនាយកដ្ឋាន​សង្គ្រោះ​ និង​ពន្លត់​អគ្គិភ័យ​ស្កុតឡេន​។ Glynn Macaffer មេបញ្ជាការ​ម្នាក់​មក​ពី នាយកដ្ឋាន​សង្គ្រោះ​ និង​ពន្លត់​អគ្គិភ័យ​ស្កុតឡេន និយាយ​ថា «វា​មិន​ប៉ះពាល់​ដល់​សកម្មភាព​។ ឧបករណ៍​នៅ​លើ​មួក​សុវត្ថិភាព​នេះ​ស្រាល​ខ្លាំង​ណាស់​បើ​ធៀប​នឹង​ប្រភេទ​មួក​ដែល​យើងកំពុង​ប្រើប្រាស់​»៕

  • ប្រទេស​ឡាវ អភិវឌ្ឍ​ថ្នាលបច្ចេកវិទ្យា​សម្រាប់​​ការ​ជួញ​ដូរ​ប្រាក់​ឌីជីថល​ដំបូង​

    ប្រទេស​ឡាវ អភិវឌ្ឍ​ថ្នាលបច្ចេកវិទ្យា​សម្រាប់​​ការ​ជួញ​ដូរ​ប្រាក់​ឌីជីថល​ដំបូង​

    ថ្មី​ៗ​នេះ​ ថ្នាល​បច្ចេកវិទ្យា Bitqik បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​មជ្ឈមណ្ឌល​ជួញដូរ​ប្រាក់​ឌីជីថល​ដំបូង​នៅ​ ប្រទេស​ឡាវ​។

    ប្រាក់​ឌីជីថល​គឺជា​វិស័យ​មួយ​ដែល​ទទួលបាន​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ប្រទេស​នានា និង​អ្នកវិនិយោគ​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​។ ប៉ុន្តែ ប្រទេស​ឡាវ​ មិន​ទាន់​មាន​ថ្នាល​ជួញដូរ​ប្រាក់​ឌីជីថល​ផ្ទាល់​ខ្លួន ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​ប្រាក់​ឌីជីថល​​ជួប​ការ​លំបាក​ នៅ​ពេល​ត្រូវ​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​របស់​បរទេស​។ Simeuang Group បាន​ឆ្លៀត​យក​ឱកាស​នេះ ​​អភិវឌ្ឍ​ថ្នាល Bitqik ដើម្បី​ជួយ​ដល់​សកម្មភាព​ទិញដូរ​ប្រាក់​ឌីជីថល​នៅ​ ប្រទេស​ឡាវ​។

    Bitqik គឺជា​ថ្នាល​បច្ចេកវិទ្យា​​សម្រាប់​ការ​​ទិញដូរ​ប្រាក់​ឌីជីថលតាម​អនឡាញ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ និង​ចុះ​បញ្ជី​ពាណិជ្ជកម្ម​​ពី ធនាគារ​ជាតិ​របស់ ឡាវ​។ ក្រុម​ហ៊ុន​អភិវឌ្ឍ និង​ដំណើរ​ការ​សេវាកម្ម​ Bitqik គឺ Simeuang Group របស់​លោក Ekaphan Phaphithak ដែល​ជា​ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ចម្រុះ (Joint Development Bank-JDB)។

    បច្ចុប្បន្ន Bitqik អាច​ធ្វើ​ការ​ជួញដូរ​ប្រាក់​ឌីជីថល​ ២០ ប្រភេទ​ រួម​មាន BTC, ETH, USDT, BNB, ADA, XRP, BUSD, SOL, DOGE, DOT, TRX, DAI, AVAX, SHIB, MATIX, LTC, NEAR, UNI, ETC និង BCH។ ប៉ុន្តែ Bitqik នៅ​តែ​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ ពិសេស​គឺ​ស្ថានការណ៍​ធ្លាក់​ថ្លៃ​របស់​ប្រាក់​ឌីជីថល​មួយចំនួនធំ ដោយ​សារ​តែ​ រតនាគារ​ជាតិ​អាម៉េរិក (Fed) ដំឡើរ​ការ​ប្រាក់ ខណៈ​ដែល​ប្រាក់​ឌីជីថលភាគ​ច្រើន​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បង្ហាញ​អំពី​តម្លៃ​របស់​ខ្លួន​។

    ដូច្នេះ Bitqik ត្រូវ​តែ​អភិវឌ្ឍ​ប្រព័ន្ធ​អតិថិជន អភិវឌ្ឍ​ប្រព័ន្ធ​ទីផ្សារ​ប្រកប​ដោយ​សមកាលកម្ម​ និង​ទូលំទូលាយ​។ល។ បើ​សិន​ចង់​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ថ្នាល​ជួញ​ដូរ​ប្រាក់​ឌីជីថល​លំដាប់​កំពូល​នៅ ប្រទេស​ឡាវ នាពេល​ខាង​មុខ៕

  • ជនជាតិ​រុស្ស៊ី ២ នាក់ ចែវ​ទូក​​ចូល​ទឹក​ដី​អាម៉េរិក សុំ​សិទ្ធិ​ជ្រកកោន

    ជនជាតិ​រុស្ស៊ី ២ នាក់ ចែវ​ទូក​​ចូល​ទឹក​ដី​អាម៉េរិក សុំ​សិទ្ធិ​ជ្រកកោន

    ជនជាតិ​រុស្ស៊ី ២ នាក់ ចែវ​ទូក​​ចូល​កាន់​កោះ​មួយ​របស់​ រដ្ឋ​ Alaska សហរដ្ឋ​អាម៉េរិក ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេ​សនេះ​។

    «ពលរដ្ឋ​រុស្ស៊ី ២ នាក់ ចូលចត​នៅ​ឆ្នេរសមុទ្រ​មួយ​ ក្បែរតំបន់​ Gambell ភាគ​ខាង​លិច​នៃ​កោះ St. Lawrence របស់​រដ្ឋ Alaska និងស្នើ​​សុំ​សិទ្ធិ​ជ្រកកោន​នៅ សហរដ្ឋ​អាម៉េរិក» តំណាង​រាស្ត្រ​ ២ រូប​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក គឺ​ Lisa Murkowski និង Dan Sullivan ឱ្យ​ដឹង​នៅ​ក្នុង​ប្រកាស​រួម​មួយ​កាល​ពី​ថ្ងៃទី ០៦ តុលា។ ទីតាំង​ដែល​ពលរដ្ឋ​រុស្ស៊ី ចូល​ចត មាន​ចម្ងាយ​ពី​តំបន់​ចុង​បូព៌ា​របស់ រុស្ស៊ី តែប៉ុន្មាន​សិប​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

    អ្នកនាំពាក្យ​មួយ​រូប​របស់ ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង​អាម៉េរិក បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​រុស្ស៊ី ២ នាក់​នេះ​ ចែវ​ទូក​មួយ​គ្រឿង​ មក​កាន់​ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ អត្តសញ្ញាណ​របស់​ពលរដ្ឋ​ទាំង​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​។ «ករណី​របស់​ពួកគេ​កំពុង​ត្រូវ​បាន​ពិនិត្យ​ទៅតាម​ច្បាប់​របស់ សហរដ្ឋ​អាម៉េរិក​» អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ដូច្នេះ។

    តំណាង​រាស្ត្រ​ Sullivan យល់​ថា ករណី​ខាងលើ​បង្ហាញ​ថា «ជនជាតិ​រុស្ស៊ី មិន​ចង់​ចូល​រួម​យុទ្ធនាការ​ធ្វើ​សង្គ្រាម​នៅ អ៊ុយក្រែន​ របស់លោក ពូទីន»។ រុស្ស៊ី មិន​ទាន់​មាន​​ប្រតិកម្មអ្វី​​ទៅ​នឹង​ព័ត៌មាន​នេះ​នៅឡើយ​។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៧ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ០៧ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៦ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៦ ខែ​តុលា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១០ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ កម្ពុជា មាន​ អ្នក​ឆ្លងសរុប ៖ ១៣៧,៩១២ នាក់, អ្នកជាសះស្បើយសរុប​ ៖ ១៣៤,៧៨៦ នាក់ និង​​អ្នកស្លាប់​សរុប​ ៖ ៣,០៥៦ នាក់។

  • នាវាផ្ទុក​យន្តហោះចម្បាំង​អាម៉េរិក ធ្វើ​សមយុទ្ធ​ជាមួយ​ កូរ៉េខាងត្បូង នៅ​ក្បែរ​ កូរ៉េខាងជើង

    នាវាផ្ទុក​យន្តហោះចម្បាំង​អាម៉េរិក ធ្វើ​សមយុទ្ធ​ជាមួយ​ កូរ៉េខាងត្បូង នៅ​ក្បែរ​ កូរ៉េខាងជើង

    សហរដ្ឋ​អាម៉េរិក​-កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​ដោយ​មានការ​ចូលរួម​របស់​នាវា​ផ្ទុក​យន្តហោះចម្បាំង​ Ronald Reagan នៅ​សមុទ្រ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​ការ​បាញ់សាកល្បង​មីស៊ី​ជា​ច្រើន​លើក​របស់ ទីក្រុង​ព្យុងយ៉ាង​ នាពេល​ថ្មី​ៗ​នេះ​។

    ក្រុម​ប្រឹក្សានៃ​សេនាធិការដ្ឋាន​ចម្រុះ​កូរ៉េខាងត្បូង​ (JCS) ថ្ងៃ​នេះ​បាន​ប្រកាស​បើកសមយុទ្ធ​ជើង​ទឹក​រួម​ជាមួយ​ សហរដ្ឋ​អាម៉េរិក​ នៅ​លើ​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​នេះ​។ នាវា​ចម្បាំង​កូរ៉េខាងត្បូង នឹង​អនុវត្ត​ខ្លឹម​សារ​សមយុទ្ធ​ជាមួយ​ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ USS Ronald Reagan របស់ សហរដ្ឋ​អាម៉េរិក​។

    «យើង​នឹង​បន្ត​លើក​កម្ពស់​សមត្ថភាព​ប្រយុទ្ធ​​ និង​ត្រៀម​ជា​ស្រេច​សម្រាប់​​ការ​ប្រយុទ្ធ​ តាម​រយៈ​សមយុទ្ធ​រួម​ជាមួយ​នឹង​ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ USS Ronald Reagan ដើម្បី​ប្រតិកម្ម​នឹង​សកម្មភាព​បង្ក​​ហេតុ​របស់ កូរ៉េខាងជើង​» JCS បាន​ឱ្យដឹង​ដូច្នេះ​។

    ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក និង​ក្រុម​មន្ត្រី​របស់ កូរ៉េខាង​ជើង មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ចំពោះ​ព័ត៌មាន​ខាងលើ។

    ផែនទីបង្ហាញ​អំពី​តំបន់​សមុទ្រ​ជប៉ុន និង​ទឹកដី​ឧបទ្វីប​កូរ៉េ

    កូរ៉េខាងជើង ថ្មីៗ​នេះ បាន​ធ្វើ​ការ​បាញ់​ប្លោង​មីស៊ីល​ជា​បន្តបន្ទាប់​។ ប្រទេស​នេះកាលពី​ព្រឹកម្សិល​មិញ​​​បាន​បាញ់​មីស៊ីល​ប្លោង​ ២ គ្រាប់​ទៅ​កាន់​សមុទ្រ​ខាង​កើត​ ដែល​នេះ​ក៏ជា​ការ​បាញ់​មីស៊ីល​លើក​ទី ៦ របស់​​ទីក្រុង​ព្យុងយ៉ាង​ ក្នុង​រង្វង់ជាង​ ១០ ថ្ងៃ​កន្លង​មក​។ កាលពី​ម្សិលមិញ​ កូរ៉េខាងជើង​ ក៏​បាន​បញ្ជូន​យន្តហោះ​ចម្បាំងជាង ១០ ចូល​ទៅ​ធ្វើ​សមយុទ្ធ​​ក្នុង​​តំបន់​ក្បែរ​ព្រំដែន​ជាមួយ​ កូរ៉េខាង​ត្បូង ផងដែរ​។

    សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង ប៉ុន្មាន​សប្ដាហ៍កន្លង​ទៅ​នេះ បាន​បង្កើន​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា ដើម្បី​កំញើញ​ កូរ៉េខាងជើង​។ ទីក្រុងព្យុងយ៉ាង បាន​ថ្កោលទោស​ថា នេះ​គឺជា​ «ការ​បង្ក​ភាព​តាន​តឹង​នៅ​ ឧបទ្វីប​កូរ៉េ៕

  • United Airlines របស់ សហរដ្ឋ​អាម៉េរិក កំណត់​គោល​ដៅ​ប្រើប្រាស់​យន្ត​ហោះ​អគ្គិសនី​ដើម្បី​បន្ថយ​ការ​បំភាយ​ឧស្ម័ន

    United Airlines របស់ សហរដ្ឋ​អាម៉េរិក កំណត់​គោល​ដៅ​ប្រើប្រាស់​យន្ត​ហោះ​អគ្គិសនី​ដើម្បី​បន្ថយ​ការ​បំភាយ​ឧស្ម័ន

    ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ក្រុមហ៊ុន​ ក្នុង​ការ​កាត់បន្ថយ​ទាំង​ស្រុង​នូវ​ការ​បំភាយ​ឧស្ម័ន​កាបូន​​ឱ្យ​ចុះ​មក​នៅ​ត្រឹម​ ០ ក្នុង​ឆ្នាំ​ ២០៥០ United Airlines របស់ សហរដ្ឋ​អាម៉េរិក កំពុង​រៀប​ផែនការ​ប្រើប្រាស់​យន្តហោះ​អគ្គិសនី​សម្រាប់​ជើង​ហោះ​ហើរ​ក្នុង​តំបន់​ នៅ​ឆ្នាំ​ ២០៣០​។

    យោង​តាម CNBC បណ្ដា​យន្តហោះ​ដែល​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​នេះ​ កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ Heart Aerospace របស់​ ស៊ុយអែត​។ United Airlines បាន​បញ្ជាទិញ​យន្តហោះ​អគ្គិសនី​ ១០០ គ្រឿង​ ពី​ក្រុម​ហ៊ុន​ខាងលើ​ កាល​ពី​ខែ​កក្កដា ២០២១​។ ទន្ទឹម​នឹង​នេះ ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាម៉េរិក​ មួយ​នេះ​ ​ក៏​បាន​វិនិយោគ​ទឹក​ប្រាក់​មួយចំនួន​ទៅក្នុង​ក្រុមហ៊ុន​ Heart Aerospace តាម​រយៈ​មូលនិធិ​បណ្ដាក់​ទុន​របស់​ខ្លួន​​។

    ក្រៅ​ពី​នេះ​ United Airlines ថ្មី​ៗ​នេះ​ក៏​បាន​បង្កើន​ការ​វិនិយោគ​ទៅ​លើ​វិស័យ​អាកាស​ចរណ៍​ដែល​បំភាយ​ឧស្ម័ន​កម្រិត​ទាប​ ក៏ដូចជា​ប្រកាស​អំពី​គម្រោង​ការ​ទិញ​តាក់ស៊ី​ហោះ​ដំណើរ​ការ​ដោយ​អគ្គិសនី​ និង​យន្តហោះ​ដែល​អាច​ហោះ​ឡើងត្រង់​ទៀត​ផង​។

    ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ថែម​ទាំ​ង​មាន​បំណង​ផ្ដោត​​ការ​វិនិយោគ​ទៅ​លើ​បច្ចេក​វិទ្យា​មួយ​ចំនួន​ទៀត រួម​មាន​ម៉ូទ័រ​អគ្គិសនី​ អ៊ីដ្រូសែន និង​បណ្ដា​ក្រុម​ហ៊ុន​ដែល​នៅ​ពី​ក្រោយ​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន​ខ្លាំង​ក្លា​នាបច្ចុប្បន្ន​។

    ប្រធាន​ក្រុមហ៊ុន United Airlines លោក Mike Leskinen នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​សន្និបាត​និម្មិត​ ESG Impact របស់ CNBC កាល​ពីថ្ងៃទី ០៦ តុលា បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​មិន​អាច​បន្ត​ការងារ​​របស់​ខ្លួន​ដូច​មុន​ទៀត​ទេ​ នៅក្នុង​គ្រាដែល​បច្ចេកវិទ្យា​មាន​ការ​រីកចម្រើន​ និង​វិបត្តិ​អាកាសធាតុ​​កំពុង​កើត​ឡើង​។ ដូច្នេះ​ លោក​អះអាង​ថា United Airlines ត្រូវ​តែ​ផ្លាស់ប្ដូរ​វិធី​ដំណើរ​ការ​ និង​ជំនួញ​ តាម​រយៈ​កញ្ចប់​វិនិយោគ​ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​៕

  • លោក​ ចូ បៃដិន ថា «ពិភពលោក​ប្រឈម​នឹង​ហានិភ័យ​នៃថ្ងៃ​ផែនដី​វិនាស​ដោយ​សារ​នុយក្លេអែរ»

    លោក​ ចូ បៃដិន ថា «ពិភពលោក​ប្រឈម​នឹង​ហានិភ័យ​នៃថ្ងៃ​ផែនដី​វិនាស​ដោយ​សារ​នុយក្លេអែរ»

    ប្រធានាធិបតីអាម៉េរិក លោក បៃដិន យល់​ថា ដោយ​សារ​តែ​សង្គ្រាម​នៅ អ៊ុយក្រែន ពិភពលោក​ជា​លើក​ដំបូង​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ​ «ថ្ងៃ​វិនាស​របស់​ផែនដី​ដោយ​សារ​នុយក្លេអែរ» រាប់​ចាប់​ពី​សង្គ្រាម​ត្រជាក់​។

    «យើង​មិន​ធ្លាប់​បាន​ប្រឈម​នឹង​ហានិភ័យ​កើត​មាន​ថ្ងៃ​វិនាស​​រាប់​ចាប់​តាំង​ពី​សម័យ​​រដ្ឋាភិបាល​ Kennedy រួម​នឹង​វិបត្តិ​មីស៊ីល​គុយបា ឆ្នាំ​ ១៩៦២។ នេះ​គឺជា​លើក​ដំបូង​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​ ដែល​ពិភពលោក​បាន​ឃើញ​ការ​គំរាម​កំហែង​ផ្ទាល់​ពី​អាវុធ​នុយក្លេអែរ បើ​សិន​ជា​គ្រប់​យ៉ាង​បន្ត​ទៅ​តាម​ទិស​ដៅ​ដូច​បច្ចុប្បន្ន» ប្រធានាធិបតី​អាម៉េរិក ចូ បៃដិន ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​រៃអង្គាស​ប្រាក់​របស់​ បក្ស​ប្រជាធិបតេយ្យ​ នៅ New York កាល​ពី​ម្សិល​មិញ​។

    លោក​ បៃដិន យល់ថា ប្រធានាធិបតី​រុស្ស៊ី លោក​ វ្ល៉ាឌីមៀ ពូទីន «មិន​និយាយ​លេង​សើច» នៅ​ពេល​ព្រមាន​ថា ត្រៀម​រួច​រាល់​សម្រាប់​ការ​ដាក់​ពង្រាយ​​អាវុធ​នុយក្លេអែរ​នៅ សមរភូមិ​អ៊ុយក្រែន​។

    ពាក្យ​ចចាម​អារ៉ាម​ស្ដីអំពី​សកម្មភាព​នុយក្លេអែរ​របស់ រុស្ស៊ី ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​លោក ពូទីន កាលពី​ថ្ងៃទី ២១ កញ្ញា បាន​ចេញ​បទបញ្ជា​កែន​ទ័ព​មួយ​ផ្នែកជា​លើក​ដំបូង​រាប់​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​ សម្រាប់​ចូល​សមរភូមិ​នៅ អ៊ុយក្រែន​។ លោក​ ពូទីន​ ក៏​បាន​ព្រមាន​លោក​ខាងលិច​ថា រុស្ស៊ី​ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអែរ​ដើម្បី​ការ​ពារ​បូរណភាព​ទឹក​ដី​ ក្នុង​នោះ​មាន​ទាំង​ ៤ ខេត្ត​របស់ អ៊ុយក្រែន ដែល​ រុស្ស៊ី ​ទើប​តែ​បាន​រឹប​អូស​ផងដែរ​៕

  • សហភាព​អឺរ៉ុប បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ទី ៨ ដើម្បី​ប្រឆាំង​នឹង​ រុស្ស៊ី ព្រោះ​តែ​បាន​រឹប​អូស​ទឹកដី​អ៊ុយក្រែន​

    សហភាព​អឺរ៉ុប បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ទី ៨ ដើម្បី​ប្រឆាំង​នឹង​ រុស្ស៊ី ព្រោះ​តែ​បាន​រឹប​អូស​ទឹកដី​អ៊ុយក្រែន​

    កាលពី​ថ្ងៃទី ០៦ តុលា សហភាព​អឺរ៉ុប (EU) បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​បំផុត​សម្រាប់​ រុស្ស៊ី ក្នុង​គ្រាដែល​ មូស្គូ ទើប​តែ​បាន​បង្ហើយ​កិច្ច​ការ​​រឹបអូស​ទឹកដី​ ៤ ខេត្ត​របស់ អ៊ុយក្រែន ដែល​រួម​មាន Donetsk, Kherson, Lugansk និង Zaporizhzhia។

    យោង​តាម​ Reuters នៅ​ក្នុង​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ EU ប្រកាស​រឹត​បន្តឹង​វិធាន​ការ​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ខែ​មេសា ចំពោះ​សេវាកម្ម​ប្រាក់​ឌីជីថល​នៅ រុស្ស៊ី​។ EU នឹង​ហាម​រាល់​កាបូប​លុយអេឡិចត្រូនិច គណនី ឬ​សេវា​កម្ម​ដែល​ទាក់ទង​នឹង​ទ្រព្យ​ជា​ប្រាក់​ឌីជីថល ដោយ​មិន​កំណត់​បរិមាណ​កាបូបលុយ​របស់ រុស្ស៊ី​។

    ក្រោយ​ពី​បណ្ដា​សេវាកម្ម​ទូទាត់​ប្រាក់ ដូចជា Visa និង Mastercard ជា​ដើម បាន​ចាក​ចេញពី រុស្ស៊ី កាល​ពី​ដើម​ឆ្នាំ​នេះ ក៏ដូចជា​ធនាគារ​មួយចំនួន​របស់​ប្រទេស​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល SWIFT គេ​ឃើញថា ប្រភេទ​ប្រាក់​ឌីជីថល​ដូចជា Stablecoin (USDT) ជា​ដើម បាន​ក្លាយ​ជា​វិធី​សាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ជួយ​ឱ្យ​ ជនជាតិ​រុស្ស៊ី ផ្ទេរ​ប្រាក់​ចេញ​ទៅ​បរទេស​។

    បុគ្គល​ជា​ច្រើន​រូប​ និង​ស្ថាប័ន​មួយចំនួន​របស់ រុស្ស៊ី​ ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់ EU

    EU ក៏​បានដាក់​​ការ​កំណត់​លើ​តម្លៃ​ពិតាន​ចំពោះ​ផលិត​ផល​ប្រេង​ឆៅ​របស់ រុស្ស៊ី ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​​ទៅ​កាន់​ប្រទេស​ទីបី​តាម​ផ្លូវ​ទឹក​។ សហភាព​អឺរ៉ុប ក៏​ពង្រីក​ការ​ហាម​នាំចូល​ទំនិញ​របស់​ រុស្ស៊ី មួយ​ចំនួន​ រួម​មាន ទាំង​ផលិត​ផល​ដែក​ថែប​ និង​ផ្អាក​ការ​នាំ​ចេញ​សេវាកម្ម​​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ រួម​នឹង​សេវា​កម្ម​ផ្នែក​ច្បាប់​ទៅ​ឱ្យ​ស្ថាប័ន​ទាំង​ឡាយ​របស់ រុស្ស៊ី​។

    ទន្ទឹមនឹង​នេះ កញ្ចប់​ទណ្ឌកម្ម​ថ្មី​ក៏​សំដៅ​លើ​បុគ្គល​ជា​ច្រើន​រូប​ និង​ស្ថាប័ន​មួយចំនួន​របស់ រុស្ស៊ី​។ ពលរដ្ឋ​ និង​ស្ថាប័ន​រដ្ឋចំនួន ៣៧ របស់ រុស្ស៊ី ក្នុង​នោះ​មាន​ទាំង​ ក្រសួង​ការ​ពារ​ជាតិ​ ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​ខ្មៅ​។ EU ថែម​ទាំង​បាន​ហាម​ពលរដ្ឋ​របស់​ខ្លួន​ដែល​កាន់​តំណែង​នៅ​ក្នុង​ក្រុម​ប្រឹក្សាភិបាល​របស់​អង្គការ​ ស្ថាប័នរដ្ឋ​​មួយចំនួន​របស់​ រុស្ស៊ី​។ ពិសេស​ជាង​នេះ EU ក៏​ប្រកាស​ថា​នឹង​ដាក់ទណ្ឌកម្ម​លើ​តំបន់​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ រុស្ស៊ី រឹប​អូស​ផងដែរ​៕

  • ប្រធានាធិបតី​អ៊ុយក្រែន អំពាវនាវ​ដល់ ណាតូ ឱ្យ​វាយប្រហារ​ទប់​ស្កាត់​លើ​ រុស្ស៊ី

    ប្រធានាធិបតី​អ៊ុយក្រែន អំពាវនាវ​ដល់ ណាតូ ឱ្យ​វាយប្រហារ​ទប់​ស្កាត់​លើ​ រុស្ស៊ី

    លោក​ ហ្សេឡែនស្គី បាន​ស្នើ​ឱ្យ​ អង្គការ​ណាតូ វាយ​ប្រហារ​ទប់​ស្កាត់​ ទីក្រុង​មូស្គូ ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​ ដែល​ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ វិមាន​ក្រឹម​ឡាំង​ ចោទ​ថា ជា​ការ​ព្យាយាម​បញ្ឆេះ​​សង្គ្រាម​លោក​។

    កាលពីថ្ងៃទី ០៦ តុលា នៅ​ក្នុង​សន្និសីទ​​មួយ​ដែល​ត្រូវ​បានប្រារព្ធ​ឡើង​ដោយ​​វិទ្យាស្ថាន Lowy ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​លំដាប់​កំពូល​របស់ អូស្ត្រាលី​ នាយក​ប្រតិបត្តិ​ Michael Fullilove បាន​សួរ​ទៅ​កាន់​ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី​ ថា តើលោក​ជឿថា​ រុស្ស៊ី នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអែរ ដើម្បី​ប្រឆាំង​នឹង អ៊ុយក្រែន ហើយ​លោក​ចង់​ឱ្យ​ ណាតូ ធ្វើ​អ្វី​ទៀត​ ដើម្បី​ទប់ស្កាត់​ ទីក្រុង​ម៉ូស្គូ ប្រើប្រាស់​អាវុធ​នេះ​​។

    «ណាតូ គួរ​តែ​ធ្វើ​អ្វី? នោះ​គឺជា​ការ​លុបបំបាត់​លទ្ធភាព​ រុស្ស៊ី ប្រើប្រាស់​អាវុធ​នុយក្លេអែរ» ប្រធានាធិបតី​អ៊ុយក្រែន​ ឆ្លើយ​ដូច្នេះ​តាម​រយៈ​វីដេអូ។ «ជា​ថ្មី​ម្ដងទៀត ខ្ញុំ​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ដូច​ដែល​បាន​ធ្វើ​នៅ​មុន​ថ្ងៃទី ២៤ កុម្ភៈ យើង​ត្រូវ​តែ​វាយប្រហារ​ទប់​ស្កាត់​ដើម្បី​ឱ្យ​ពួក​គេ​ដឹង​ថា ប្រការ​អ្វី​ខ្លះ​នឹង​កើត​ឡើង​បើ​សិន​ប្រើប្រាស់​អាវុធ​នុយក្លេអែរ»។

    «កុំរង់​ចាំ​ការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអែរ របស់ រុស្ស៊ី​។ ចូរ​ពិនិត្យ​ឡើង​វិញ​អំពី​វិធី​ដាក់​សម្ពាធ​» លោក​ ហ្សេឡែស្គី ថ្លែងដូច្នេះ​។

    អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov យល់ថា មតិ​របស់ ប្រធានាធិបតី​អ៊ុយក្រែន «មិន​ខុស​អ្វី​ទៅ​នឹង​ការ​ព្យាយាម​បញ្ឆេះ​សង្គ្រាម​លោក​ ដែល​នាំ​ឱ្យ​មាន​ផលវិបាក​មិន​អាច​ស្មាន​ដល់»។ វិមានក្រឹម​ឡាំង បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ ពិសេស​គឺ​ សហរដ្ឋ​អាម៉េរិក និង​ អង់គ្លេស​ ឱ្យ​យក​ចិត្ត​ទុកដាក់​លើ​ប្រកាស​របស់​លោក ហ្សេឡែនស្គី និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សម្ដី​របស់​ ប្រធានាធិបតី​អ៊ុយក្រែន​។

    ក្រសួង​ការ​បរទស​រុស្ស៊ី ក៏​បាន​ចោទ​លោក ហ្សេឡែនស្គី ថា ព្យាយាម​បញ្ឆេះ​សង្គ្រាម​នុយក្លេអែរ ដោយ​យល់​ថា ប្រធានាធិបតី​អ៊ុយក្រែន ត្រូវ​បាន​ «បូម​ពេញ​ដោយ​អាវុធ» និង «អាច​កម្ទេច​ពិភពលោក»។

    ការិយាល័យ​របស់​លោក ហ្សេឡែនស្គី ក្រោយ​មក​បាន​បក​ស្រាយ​ថា ប្រធានាធិបតី​អ៊ុយក្រែន មិន​បាន​អំពាវនាវ​ឱ្យ​វាយ​ប្រហារ​ទប់​ស្កាត់​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអែរ ប្រឆាំង​នឹង​ រុស្ស៊ី ឡើយ​។ «ប្រធានាធិបតី​គ្រាន់​តែ​និយាយ​អំពី​អំឡុង​ពេល​មុន​ថ្ងៃ​ ២៤ កុម្ភៈ។ ដែល​ពេល​នោះ ត្រូវ​ការ​ការ​ចាត់វិធានការ​ទប់ស្កាត់​ដើម្បី​រារាំង​ រុស្ស៊ី ធ្វើ​យុទ្ធនាការ​សង្គ្រាម​។ ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ថា ​វិធានការ​តែ​មួយ​គត់​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ពេល​នោះ គឺ​វិធានការ​ដាក់​ទណ្ឌកម្ម​ទប់​ស្កាត់» ជំនួយ​ការ​ផ្នែក​សារព័ត៌មាន​ Serhiy Nikiforov បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Facebook ដូច្នេះ។

    បណ្ដា​ប្រទេស​លោក​ខាង​លិច​យល់​ថា ការ​គំរាម​កំហែង​ផ្នែក​នុយក្លេអែរ បាន​កើន​ឡើង​ចាប់​តាំង​ពី​ថ្ងៃទី ៣០ កញ្ញា នៅ​ពេល ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​រឹប​អូស​ទឹកដី​ ៤ ខេត្តរបស់ អ៊ុយក្រែន​៕

  • យន្តហោះ​ចម្បាំង​កូរ៉េខាងជើង​ ១២ គ្រឿង ចូល​មក​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង

    យន្តហោះ​ចម្បាំង​កូរ៉េខាងជើង​ ១២ គ្រឿង ចូល​មក​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង

    កងទ័ពកូរ៉េខាងត្បូង ប្រកាស​ថា យន្តហោះ​ចម្បាំង​ ១២ គ្រឿង​របស់ កូរ៉េខាងជើង ធ្វើ​សមយុទ្ធ​នៅក្បែរ​ព្រំដែន​ប្រទេស​នេះ ធ្វើ​ឱ្យ​ ទីក្រុង​សេអ៊ូល បញ្ជូន​យន្តហោះ​ចម្បាំង​ ៣០ គ្រឿង​ទៅ​ទប់​ទល់​។

    ក្រុមប្រឹក្សានៃ​សេនាធិការដ្ឋាន​ចម្រុះ​កូរ៉េខាងត្បូង ថ្ងៃ​នេះបាន​ឱ្យដឹង​ថា យន្តហោះចម្បាំង ៨ គ្រឿង និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក ៤ គ្រឿង​របស់ កូរ៉េខាងជើង ហោះ​ហើរ​ឆ្ពោះទៅកាន់​ព្រំដែន​ភាគ​ខាង​ជើង​ និង​ត្រូវ​បាន​គេ​ជឿ​ថា ធ្វើ​សមយុទ្ធ​អាកាស​ប្រឆាំង​ដី។

    កូរ៉េខាងត្បូង​ បាន​បញ្ជូន​យន្តហោះ​ចម្បាំង ៣០​ គ្រឿង​ចេញទៅ​ទប់​ទល់សកម្មភាព​របស់ កូរ៉េខាងជើង​។ បច្ចុប្បន្ន ទីក្រុង​ព្យុងយ៉ាង​ មិន​ទាន់​មាន​ប្រតិកម្ម​អ្វីនៅឡើយ ទាក់​ទិន​នឹង​ព័ត៌មាន​នេះ​។

    កូរ៉េខាងជើង ថ្មីៗ​នេះ បាន​ធ្វើ​ការ​បាញ់​ប្លោង​មីស៊ីល​ជា​បន្តបន្ទាប់​។ ប្រទេស​នេះកាលពី​ព្រឹកមិញ​ក៏​បាន​បាញ់​មីស៊ីល​ប្លោង​ ២ គ្រាប់​ទៅ​កាន់​សមុទ្រ​ខាង​កើត​ ដែល​នេះ​ក៏ជា​ការ​បាញ់​មីស៊ីល​លើក​ទី ៦ របស់​​ទីក្រុង​ព្យុងយ៉ាង​ ក្នុង​រង្វង់ ១២ ថ្ងៃ​កន្លង​មក​។

    សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង ប៉ុន្មាន​សប្ដាហ៍កន្លង​ទៅ​នេះ បាន​បង្កើន​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា ដើម្បី​កំញើញ​ កូរ៉េខាងជើង​។ ទីក្រុងព្យុងយ៉ាង បាន​ថ្កោលទោស​ថា នេះ​គឺជា​ «ការ​បង្ក​ភាព​តាន​តឹង​នៅ​ ឧបទ្វីប​កូរ៉េ៕