ជនជាតិ​រុស្ស៊ី ២ នាក់ ចែវ​ទូក​​ចូល​ទឹក​ដី​អាម៉េរិក សុំ​សិទ្ធិ​ជ្រកកោន

ភូមិ​មួយ​នៅ​លើ​កោះ St. Lawrence

ជនជាតិ​រុស្ស៊ី ២ នាក់ ចែវ​ទូក​​ចូល​កាន់​កោះ​មួយ​របស់​ រដ្ឋ​ Alaska សហរដ្ឋ​អាម៉េរិក ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេ​សនេះ​។

«ពលរដ្ឋ​រុស្ស៊ី ២ នាក់ ចូលចត​នៅ​ឆ្នេរសមុទ្រ​មួយ​ ក្បែរតំបន់​ Gambell ភាគ​ខាង​លិច​នៃ​កោះ St. Lawrence របស់​រដ្ឋ Alaska និងស្នើ​​សុំ​សិទ្ធិ​ជ្រកកោន​នៅ សហរដ្ឋ​អាម៉េរិក» តំណាង​រាស្ត្រ​ ២ រូប​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក គឺ​ Lisa Murkowski និង Dan Sullivan ឱ្យ​ដឹង​នៅ​ក្នុង​ប្រកាស​រួម​មួយ​កាល​ពី​ថ្ងៃទី ០៦ តុលា។ ទីតាំង​ដែល​ពលរដ្ឋ​រុស្ស៊ី ចូល​ចត មាន​ចម្ងាយ​ពី​តំបន់​ចុង​បូព៌ា​របស់ រុស្ស៊ី តែប៉ុន្មាន​សិប​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

អ្នកនាំពាក្យ​មួយ​រូប​របស់ ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង​អាម៉េរិក បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​រុស្ស៊ី ២ នាក់​នេះ​ ចែវ​ទូក​មួយ​គ្រឿង​ មក​កាន់​ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ អត្តសញ្ញាណ​របស់​ពលរដ្ឋ​ទាំង​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​។ «ករណី​របស់​ពួកគេ​កំពុង​ត្រូវ​បាន​ពិនិត្យ​ទៅតាម​ច្បាប់​របស់ សហរដ្ឋ​អាម៉េរិក​» អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ដូច្នេះ។

តំណាង​រាស្ត្រ​ Sullivan យល់​ថា ករណី​ខាងលើ​បង្ហាញ​ថា «ជនជាតិ​រុស្ស៊ី មិន​ចង់​ចូល​រួម​យុទ្ធនាការ​ធ្វើ​សង្គ្រាម​នៅ អ៊ុយក្រែន​ របស់លោក ពូទីន»។ រុស្ស៊ី មិន​ទាន់​មាន​​ប្រតិកម្មអ្វី​​ទៅ​នឹង​ព័ត៌មាន​នេះ​នៅឡើយ​។

Advertisement