លោក​ ពូទីន​៖ អាវុធ​ប្រល័យ​លោក​ត្រូវ​បាន​ពង្រាយ​នៅ​បេឡារូស

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន​ បាន​បញ្ជាក់​ថា អាវុធ​នុយក្លេអែរ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​បេឡារូស​ និង​បាន​បង្ហើប​អំពី​ពេល​វេលា​សម្រេច​បាន​គម្រោង​ដាក់​ពង្រាយ​នេះ​។

«ក្បាល​គ្រាប់​នុយក្លេអែរ​ដំបូងៗ​ត្រូវ​បាន​ដឹក​ចូល​ទៅ​ក្នុង​ទឹក​ដី​បេឡារូស​។ នេះ​ទើប​តែ​ជា​ដំណាក់​កាល​ដំបូង​របស់​ផែនការ​។ យើង​នឹង​សម្រេច​ជា​ស្ថាពរ​នៅ​មុន​រដូវ​ស្លឹក​ឈើ​ជ្រុះ​ ឬ​ចុង​ឆ្នាំ​នេះ​» ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ថ្លែង​ដូច្នេះ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ St. Petersburg កាល​ពី​ថ្ងៃទី 16 មិថុនា​។

នេះ​គឺជាលើក​ដំបូង​ហើយ​ដែល​លោក​ ពូទីន បញ្ជាក់​អំពី​រឿង​ខាងលើ​ដោយ​ផ្ទាល់​។ យោង​តាម​លោក ពូទីន ការ​ពង្រាយ​អាវុធ​ប្រល័យ​លោក​ទាំង​នេះនៅ​បេឡារូស​ គឺ​ដើម្បី​ធានា​សន្តិសុខ​ជាតិ និង​វត្តមាន​របស់​រដ្ឋ​រុស្ស៊ី។ ប៉ុន្តែ​លោក​ថា «ពិត​ណាស់ យើង​មិន​ចាំបាច់​ត្រូវ​ប្រើ​ប្រាស់យុទ្ធ​សាស្ត្រ​នេះ​ឡើយ»​។

ផែនការ​ដាក់​ពង្រាយ​អាវុធ​ប្រល័យ​លោក​នៅបេឡារូស ត្រូវ​បាន​លោក ពូទីន ប្រកាស​តាំង​ពីខែ​មីនា 2023​ បន្ទាប់ពី​មាន​ការ​យល់​ព្រម​ពី​មេដឹក​នាំ​បេឡារូស​។ រុស្ស៊ី​អះអាង​ថា កិច្ច​ព្រមព្រៀង​រវាង​​រុស្ស៊ី និង​បេឡារូស គឺ​ជា​សកម្មភាព​សម​​ស្រប ព្រោះ​ថា សហរដ្ឋ​អាម៉េរិក បាន​ពង្រាយ​អាវុធ​ប្រល័យ​លោក​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​៕

Advertisement