នាវាផ្ទុក​យន្តហោះចម្បាំង​អាម៉េរិក ធ្វើ​សមយុទ្ធ​ជាមួយ​ កូរ៉េខាងត្បូង នៅ​ក្បែរ​ កូរ៉េខាងជើង

សហរដ្ឋ​អាម៉េរិក​-កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​ដោយ​មានការ​ចូលរួម​របស់​នាវា​ផ្ទុក​យន្តហោះចម្បាំង​ Ronald Reagan នៅ​សមុទ្រ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​ការ​បាញ់សាកល្បង​មីស៊ី​ជា​ច្រើន​លើក​របស់ ទីក្រុង​ព្យុងយ៉ាង​ នាពេល​ថ្មី​ៗ​នេះ​។

ក្រុម​ប្រឹក្សានៃ​សេនាធិការដ្ឋាន​ចម្រុះ​កូរ៉េខាងត្បូង​ (JCS) ថ្ងៃ​នេះ​បាន​ប្រកាស​បើកសមយុទ្ធ​ជើង​ទឹក​រួម​ជាមួយ​ សហរដ្ឋ​អាម៉េរិក​ នៅ​លើ​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​នេះ​។ នាវា​ចម្បាំង​កូរ៉េខាងត្បូង នឹង​អនុវត្ត​ខ្លឹម​សារ​សមយុទ្ធ​ជាមួយ​ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ USS Ronald Reagan របស់ សហរដ្ឋ​អាម៉េរិក​។

«យើង​នឹង​បន្ត​លើក​កម្ពស់​សមត្ថភាព​ប្រយុទ្ធ​​ និង​ត្រៀម​ជា​ស្រេច​សម្រាប់​​ការ​ប្រយុទ្ធ​ តាម​រយៈ​សមយុទ្ធ​រួម​ជាមួយ​នឹង​ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ USS Ronald Reagan ដើម្បី​ប្រតិកម្ម​នឹង​សកម្មភាព​បង្ក​​ហេតុ​របស់ កូរ៉េខាងជើង​» JCS បាន​ឱ្យដឹង​ដូច្នេះ​។

ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក និង​ក្រុម​មន្ត្រី​របស់ កូរ៉េខាង​ជើង មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ចំពោះ​ព័ត៌មាន​ខាងលើ។

ផែនទីបង្ហាញ​អំពី​តំបន់​សមុទ្រ​ជប៉ុន និង​ទឹកដី​ឧបទ្វីប​កូរ៉េ

កូរ៉េខាងជើង ថ្មីៗ​នេះ បាន​ធ្វើ​ការ​បាញ់​ប្លោង​មីស៊ីល​ជា​បន្តបន្ទាប់​។ ប្រទេស​នេះកាលពី​ព្រឹកម្សិល​មិញ​​​បាន​បាញ់​មីស៊ីល​ប្លោង​ ២ គ្រាប់​ទៅ​កាន់​សមុទ្រ​ខាង​កើត​ ដែល​នេះ​ក៏ជា​ការ​បាញ់​មីស៊ីល​លើក​ទី ៦ របស់​​ទីក្រុង​ព្យុងយ៉ាង​ ក្នុង​រង្វង់ជាង​ ១០ ថ្ងៃ​កន្លង​មក​។ កាលពី​ម្សិលមិញ​ កូរ៉េខាងជើង​ ក៏​បាន​បញ្ជូន​យន្តហោះ​ចម្បាំងជាង ១០ ចូល​ទៅ​ធ្វើ​សមយុទ្ធ​​ក្នុង​​តំបន់​ក្បែរ​ព្រំដែន​ជាមួយ​ កូរ៉េខាង​ត្បូង ផងដែរ​។

សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង ប៉ុន្មាន​សប្ដាហ៍កន្លង​ទៅ​នេះ បាន​បង្កើន​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា ដើម្បី​កំញើញ​ កូរ៉េខាងជើង​។ ទីក្រុងព្យុងយ៉ាង បាន​ថ្កោលទោស​ថា នេះ​គឺជា​ «ការ​បង្ក​ភាព​តាន​តឹង​នៅ​ ឧបទ្វីប​កូរ៉េ៕

Advertisement