មនុស្ស​ទី 600 ដែល​​ហោះ​ហើរ​ក្នុង​គន្លង​តារាវិថី​ជុំ​វិញ​ផែនដី​

(សហរដ្ឋ​អាម៉េរិក) – ស្ត្រី​អវកាសចរ​ដំបូង​របស់​គណៈ​កម្មការ​អវកាស​អារ៉ាប៊ីសាអូឌីត​ បាន​ក្លាយ​ជា​មនុស្ស​ទី 600 ដែល​ហោះ​ជុំវិញ​ផែនដី​នៅ​ក្នុង​យាន​អវកាស​ Dragon របស់ SpaceX នៅ​ម៉ោង​ 4:37 ថ្ងៃ​ទី 22 ឧសភា ឆ្នាំ 2023 (ពេល​វេលា​នៅ​កម្ពុជា)​។

ការ​បាញ់​បង្ហោះ​យាន​អវកាស​កាល​ពីថ្ងៃទី 22 ឧសភា គឺជា​ការ​ចាប់​ផ្ដើម​សម្រាប់​ Ax-2 (Axiom-2) ដែល​ជា​​បេសក​កម្ម​ហោះ​ហើរ​ឯកជន​លើក​ទីពីរ​របស់​ក្រុម​ហ៊ុន​ Axiom Space ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ (ISS)។ បេសកកម្ម​ដំបូង គឺ Ax-1 ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​ ឆ្នាំ 2022​។

Ax-2 រួម​មាន​អ្នក​អវកាស​បួន​នាក់ ក្នុង​នោះ​ក៏​មាន​​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ លោក​ស្រី​ Rayyanah Barnawi ផងដែរ​​។ Barnawi ដែល​​ជា​អ្នក​អវកាស​ដំបូង​របស់​គណៈកម្មការ​អវកាស​​​អារ៉ាប៊ីសាអូឌីត​ បាន​ក្លាយ​ជា​មនុស្ស​ទី 600 ដែល​ហោះ​ក្នុង​​គន្លង​គោចរ​ជុំ​វិញ​​ផែនដី​។

លោក​ស្រី​ Rayyanah Barnawi

ប៉ុន្តែ បើ​សិន​គិត​ទាំង​មនុស្ស​ដែល​បាន​ឡើង​ផុត​ខ្សែ​បន្ទាត់​ Karman ដែល​ជា​ព្រំដែន​អវកាសកម្ពស់​ 100 គីឡូម៉ែត្រ​ពី​ផែនដី​ ​ទៅ​តាម​អនុសញ្ញា​របស់​​ក្រុម​អ្នក​ជំនាញ​អន្តរ​ជាតិ​ច្រើន​រូប​ គេ​ត្រូវ​តែ​រាប់​មនុស្ស​ 32 នាក់​ទៀត​ដែល​បាន​ហោះ​ហើរ​លើ​យាន​អវកាស​ New Shepard របស់ Blue Origin​។ ជើង​ហោះ​ហើរ​ទាំង​នេះ​បាន​ឡើង​ជិត​ដល់​គន្លង​តារា​វិថី​ផែនដី​ និង​ត្រលប់​វិញ ដោយ​មិន​បាន​ហោះ​ជុំ​វិញ​ផែនដី​។

តាម​ផែនការ​ Axiom-2 នឹង​ត្រលប់​មក​កាន់​ផែនដី​នៅ​ដើម​ខែ​មិថុនា​ 2023 ដោយ​ចុះ​ចត​លើ​មហា​សមុទ្រ​អាត្លង់ទិក​។

ក្រុមអ្នកអវកាសនៅក្នុងបេសកកម្ម Ax-2

ថ្វីបើ​ការ​ហោះ​ហើរ​​មាន​រយៈ​ពេល​តែ​​12 ថ្ងៃ ប៉ុន្តែ​ Axiom-2 មាន​គម្រោង​ស្រាវ​ជ្រាវ​ជា​ច្រើន​ ក្នុង​នោះ​មាន​ដូច​ជា បាតុភូត​បរិយាកាស​កម្រ​ជួប ការ​ពិសោធ​ឈុត​សម្លៀក​បំពាក់​អវកាស ក៏ដូច​ជា​ការ​ពិសោធ​ពាក់​ព័ន្ធ​នឹង​សុខភាព​។ល។

Advertisement