ប្រធានាធិបតី​អ៊ុយក្រែន អំពាវនាវ​ដល់ ណាតូ ឱ្យ​វាយប្រហារ​ទប់​ស្កាត់​លើ​ រុស្ស៊ី

លោក​ ហ្សេឡែនស្គី បាន​ស្នើ​ឱ្យ​ អង្គការ​ណាតូ វាយ​ប្រហារ​ទប់​ស្កាត់​ ទីក្រុង​មូស្គូ ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​ ដែល​ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ វិមាន​ក្រឹម​ឡាំង​ ចោទ​ថា ជា​ការ​ព្យាយាម​បញ្ឆេះ​​សង្គ្រាម​លោក​។

កាលពីថ្ងៃទី ០៦ តុលា នៅ​ក្នុង​សន្និសីទ​​មួយ​ដែល​ត្រូវ​បានប្រារព្ធ​ឡើង​ដោយ​​វិទ្យាស្ថាន Lowy ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​លំដាប់​កំពូល​របស់ អូស្ត្រាលី​ នាយក​ប្រតិបត្តិ​ Michael Fullilove បាន​សួរ​ទៅ​កាន់​ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី​ ថា តើលោក​ជឿថា​ រុស្ស៊ី នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអែរ ដើម្បី​ប្រឆាំង​នឹង អ៊ុយក្រែន ហើយ​លោក​ចង់​ឱ្យ​ ណាតូ ធ្វើ​អ្វី​ទៀត​ ដើម្បី​ទប់ស្កាត់​ ទីក្រុង​ម៉ូស្គូ ប្រើប្រាស់​អាវុធ​នេះ​​។

«ណាតូ គួរ​តែ​ធ្វើ​អ្វី? នោះ​គឺជា​ការ​លុបបំបាត់​លទ្ធភាព​ រុស្ស៊ី ប្រើប្រាស់​អាវុធ​នុយក្លេអែរ» ប្រធានាធិបតី​អ៊ុយក្រែន​ ឆ្លើយ​ដូច្នេះ​តាម​រយៈ​វីដេអូ។ «ជា​ថ្មី​ម្ដងទៀត ខ្ញុំ​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ដូច​ដែល​បាន​ធ្វើ​នៅ​មុន​ថ្ងៃទី ២៤ កុម្ភៈ យើង​ត្រូវ​តែ​វាយប្រហារ​ទប់​ស្កាត់​ដើម្បី​ឱ្យ​ពួក​គេ​ដឹង​ថា ប្រការ​អ្វី​ខ្លះ​នឹង​កើត​ឡើង​បើ​សិន​ប្រើប្រាស់​អាវុធ​នុយក្លេអែរ»។

«កុំរង់​ចាំ​ការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអែរ របស់ រុស្ស៊ី​។ ចូរ​ពិនិត្យ​ឡើង​វិញ​អំពី​វិធី​ដាក់​សម្ពាធ​» លោក​ ហ្សេឡែស្គី ថ្លែងដូច្នេះ​។

អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov យល់ថា មតិ​របស់ ប្រធានាធិបតី​អ៊ុយក្រែន «មិន​ខុស​អ្វី​ទៅ​នឹង​ការ​ព្យាយាម​បញ្ឆេះ​សង្គ្រាម​លោក​ ដែល​នាំ​ឱ្យ​មាន​ផលវិបាក​មិន​អាច​ស្មាន​ដល់»។ វិមានក្រឹម​ឡាំង បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ ពិសេស​គឺ​ សហរដ្ឋ​អាម៉េរិក និង​ អង់គ្លេស​ ឱ្យ​យក​ចិត្ត​ទុកដាក់​លើ​ប្រកាស​របស់​លោក ហ្សេឡែនស្គី និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សម្ដី​របស់​ ប្រធានាធិបតី​អ៊ុយក្រែន​។

ក្រសួង​ការ​បរទស​រុស្ស៊ី ក៏​បាន​ចោទ​លោក ហ្សេឡែនស្គី ថា ព្យាយាម​បញ្ឆេះ​សង្គ្រាម​នុយក្លេអែរ ដោយ​យល់​ថា ប្រធានាធិបតី​អ៊ុយក្រែន ត្រូវ​បាន​ «បូម​ពេញ​ដោយ​អាវុធ» និង «អាច​កម្ទេច​ពិភពលោក»។

ការិយាល័យ​របស់​លោក ហ្សេឡែនស្គី ក្រោយ​មក​បាន​បក​ស្រាយ​ថា ប្រធានាធិបតី​អ៊ុយក្រែន មិន​បាន​អំពាវនាវ​ឱ្យ​វាយ​ប្រហារ​ទប់​ស្កាត់​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអែរ ប្រឆាំង​នឹង​ រុស្ស៊ី ឡើយ​។ «ប្រធានាធិបតី​គ្រាន់​តែ​និយាយ​អំពី​អំឡុង​ពេល​មុន​ថ្ងៃ​ ២៤ កុម្ភៈ។ ដែល​ពេល​នោះ ត្រូវ​ការ​ការ​ចាត់វិធានការ​ទប់ស្កាត់​ដើម្បី​រារាំង​ រុស្ស៊ី ធ្វើ​យុទ្ធនាការ​សង្គ្រាម​។ ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ថា ​វិធានការ​តែ​មួយ​គត់​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ពេល​នោះ គឺ​វិធានការ​ដាក់​ទណ្ឌកម្ម​ទប់​ស្កាត់» ជំនួយ​ការ​ផ្នែក​សារព័ត៌មាន​ Serhiy Nikiforov បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Facebook ដូច្នេះ។

បណ្ដា​ប្រទេស​លោក​ខាង​លិច​យល់​ថា ការ​គំរាម​កំហែង​ផ្នែក​នុយក្លេអែរ បាន​កើន​ឡើង​ចាប់​តាំង​ពី​ថ្ងៃទី ៣០ កញ្ញា នៅ​ពេល ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​រឹប​អូស​ទឹកដី​ ៤ ខេត្តរបស់ អ៊ុយក្រែន​៕

Advertisement