លោក​ ចូ បៃដិន ថា «ពិភពលោក​ប្រឈម​នឹង​ហានិភ័យ​នៃថ្ងៃ​ផែនដី​វិនាស​ដោយ​សារ​នុយក្លេអែរ»

ប្រធានាធិបតីអាម៉េរិក ចូរ បៃដិន

ប្រធានាធិបតីអាម៉េរិក លោក បៃដិន យល់​ថា ដោយ​សារ​តែ​សង្គ្រាម​នៅ អ៊ុយក្រែន ពិភពលោក​ជា​លើក​ដំបូង​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ​ «ថ្ងៃ​វិនាស​របស់​ផែនដី​ដោយ​សារ​នុយក្លេអែរ» រាប់​ចាប់​ពី​សង្គ្រាម​ត្រជាក់​។

«យើង​មិន​ធ្លាប់​បាន​ប្រឈម​នឹង​ហានិភ័យ​កើត​មាន​ថ្ងៃ​វិនាស​​រាប់​ចាប់​តាំង​ពី​សម័យ​​រដ្ឋាភិបាល​ Kennedy រួម​នឹង​វិបត្តិ​មីស៊ីល​គុយបា ឆ្នាំ​ ១៩៦២។ នេះ​គឺជា​លើក​ដំបូង​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​ ដែល​ពិភពលោក​បាន​ឃើញ​ការ​គំរាម​កំហែង​ផ្ទាល់​ពី​អាវុធ​នុយក្លេអែរ បើ​សិន​ជា​គ្រប់​យ៉ាង​បន្ត​ទៅ​តាម​ទិស​ដៅ​ដូច​បច្ចុប្បន្ន» ប្រធានាធិបតី​អាម៉េរិក ចូ បៃដិន ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​រៃអង្គាស​ប្រាក់​របស់​ បក្ស​ប្រជាធិបតេយ្យ​ នៅ New York កាល​ពី​ម្សិល​មិញ​។

លោក​ បៃដិន យល់ថា ប្រធានាធិបតី​រុស្ស៊ី លោក​ វ្ល៉ាឌីមៀ ពូទីន «មិន​និយាយ​លេង​សើច» នៅ​ពេល​ព្រមាន​ថា ត្រៀម​រួច​រាល់​សម្រាប់​ការ​ដាក់​ពង្រាយ​​អាវុធ​នុយក្លេអែរ​នៅ សមរភូមិ​អ៊ុយក្រែន​។

ពាក្យ​ចចាម​អារ៉ាម​ស្ដីអំពី​សកម្មភាព​នុយក្លេអែរ​របស់ រុស្ស៊ី ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​លោក ពូទីន កាលពី​ថ្ងៃទី ២១ កញ្ញា បាន​ចេញ​បទបញ្ជា​កែន​ទ័ព​មួយ​ផ្នែកជា​លើក​ដំបូង​រាប់​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​ សម្រាប់​ចូល​សមរភូមិ​នៅ អ៊ុយក្រែន​។ លោក​ ពូទីន​ ក៏​បាន​ព្រមាន​លោក​ខាងលិច​ថា រុស្ស៊ី​ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអែរ​ដើម្បី​ការ​ពារ​បូរណភាព​ទឹក​ដី​ ក្នុង​នោះ​មាន​ទាំង​ ៤ ខេត្ត​របស់ អ៊ុយក្រែន ដែល​ រុស្ស៊ី ​ទើប​តែ​បាន​រឹប​អូស​ផងដែរ​៕

Advertisement