រកឃើញ​ពិភពគ្រប​ដណ្ដប់​ដោយ​ទឹក​ថ្មី​មួយ​ ​ស្ថិត​នៅ​​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​

រូបគំនូរបង្ហាញអំពីភព TOI-1452 b

ក្រុម​អ្នក​តារាសាស្ត្រ​បាន​រកឃើញ​ពិភព​មួយ​ដែល​ទំនង​ជា​មាន​ទឹក​គ្រប​ដណ្ដប់​ទាំង​ស្រុង​ ចម្ងាយ​ពី​ពិភពផែនដី​ប្រមាណ ១០០ ឆ្នាំ​ពន្លឺ​។

ពិភព TOI-1452 b គោចរ​ជុំវិញ​ព្រះអាទិត្យ​របស់​វា​នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ស្ថិត​ក្នុង​កញ្ចុំ​ផ្កាយ Draco។ ក្នុង​ការ​ស្រាវជ្រាវ​ដែល​បាន​ប្រកាស​លើ​ទស្សនាវដ្ដី​តារាសាស្ត្រ​កាលពី​ថ្ងៃទី ១២ សីហា អ្នក​ស្រាវ​ជ្រាវ​រាប់សិប​នាក់​មក​ពីវិទ្យាស្ថាន​នានា​នៅ​ទូទាំង​ពិភពលោក​ បាន​បញ្ជាក់​អំពី​វត្តមាន​របស់ TOI-1452 b តាម​រយៈ​ការ​ប្រើប្រាស់​ផ្កាយ​រណប​សង្កេត​ភពដែល​នៅ​ខាង​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ TESS ក៏ដូចជា​ស្ថានីយសង្កេត​ Mont-Megantic នៅ ប្រទេស​កាណាដា និង​តេឡេស្កុប MuSCAT3 នៅ Hawaii។

ភព​ថ្មី​ដែល​ទើប​តែ​បាន​រក​ឃើញ​នេះ​ ត្រូវ​គេ​អះអាង​ថា ធំជាង​ប្រហែល​ ៧០% និង​ធ្ងន់​ជាង​ជិត ៥ ដង​ បើ​ធៀប​នឹង​ផែនដី​របស់​មនុស្ស​។ TOI-1452 b វិល​ជុំវិញ​ផ្កាយ​មេ ១១ ថ្ងៃ​ក្នុង​ ១ ជុំ និង​ត្រូវ​បាន​គេ​ជឿ​ថា មាន​សីតុណ្ហ​ភាព​ល្មម​។ ផ្កាយ​មេ និង​ផ្កាយ​ ១ ដួង​ផ្សេង​ទៀត​ វិលជុំវិញ​គ្នា​ក្នុង​គម្លាត​ឆ្លាយ​ជាង​ ២.៥ ដង ធៀប​នឹង​រយៈ​ចម្ងាយ​ពី​ផែនដី​ទៅ​កាន់​ភព​​ភ្លុយតូ (Pluto)។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញ​ភ័ស្ដុតាង​បង្ហាញថា TOI-1452 b គឺជា​ភព​ដែល​មាន​ទឹក​គ្រប​ដណ្ដប់​ នេះ​បើ​តាម Charles  Cadieux ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​លើ TOI-1452 b។

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ទឹក​មាន​ចំណែក​ប្រមាណ ៣០% នៃ​ទម្ងន់​សរុប​របស់​ TOI-1452 b ដែល​នេះ​ស្រដៀង​ទៅ​នឹង​ព្រះចន្ទ​មួយចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់មនុស្ស​ ដូចជា Titan និង Ganymede ជា​ដើម​។ ​

ទោះជា​យ៉ាង​ណា​ក៏ដោយ ដើម្បី​បញ្ជាក់​ឱ្យ​បាន​ប្រាកដ​ថា TOI-1452 b ពិត​ជា​មាន​ទឹក​ ឬ​អត់ ក្រុម​អ្នកវិទ្យា​សាស្ត្រ​ត្រូវ​ការ​សង្កេត​បន្ថែម​ដោយប្រើប្រាស់​កែវយឹត​អវកាស​ James Webb។ ក្រុម​អ្នក​ស្រាវជ្រាវ​កំពុងព្យាយាម​ដាក់​​កក់​កាល​បរិច្ឆេទ​​ប្រើប្រាស់​ James Webb ដើម្បី​សង្កេត​មើល​ភព​នេះ​ឱ្យ​បាន​ច្បាស់ នៅ​ពេល​ឆាប់ៗ​ខាងមុខ៕

Advertisement