BioNTech ប្រកាសថា អាច​កែតម្រូវ​​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ ក្នុង​រយៈពេល ៦ សប្ដាហ៍​ ក្នុង​គ្រា​ដែល​​វ៉ារ្យ៉ង់ Omicron កំពុង​បង្ក​ការ​ព្រួយ​បារម្ភ​

ក្រុមហ៊ុន BioNTech ដែលជា​ដៃគូ​សហការ​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជាមួយនឹង Pfizer ឱ្យដឹងថា ពួកគេ​អាចធ្វើ​បច្ចុប្បន្នភាព​វ៉ាក់សាំង​ដោយ​ប្រើពេល​តែ ៦ សប្ដាហ៍ បើសិនជា​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron អាច​គេ​ផុតពី​អង្គ​ប​ដិ​ប្រាណ។

«Pfizer និង BioNTech បានធ្វើ​សកម្មភាព​តាំងពី​ច្រើន​ខែ​មុន​ដើម្បី​អាច​កែសម្រួល​វ៉ាក់សាំង​ប្រភេទ mRNA ក្នុង​រយៈពេល ៦ ខែ និង​ដឹកជញ្ជូន​ឡូត៍​ទំនិញ​ដំបូង​ក្នុង​រយៈពេល ១០០ ថ្ងៃ បើសិន​មាន​វត្តមាន​វ៉ា​រ្យ៉​ង់​ដែលមាន​សមត្ថភាព​គេច​ផុតពី​ប្រព័ន្ធ​ការពារ​រាងកាយ» ក្រុមហ៊ុន​របស់ អាល្លឺម៉ង់ BioNTech បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី 26 វិច្ឆិកា។

BioNTech បន្ថែមថា ពួកគេ​កំពុង​ពិសោធ​មើលថា តើ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែល​ក្រុមហ៊ុន​នេះ​សហការ​អភិវឌ្ឍ​ជាមួយ​ក្រុមហ៊ុន អាម៉េរិក Pfizer មាន​ប្រសិទ្ធភាព​ចំពោះ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Omicron ឬទេ។ លទ្ធផល​ចុងក្រោយ​នៃ​ការស្រាវជ្រាវ តាម​គម្រោង​នឹងត្រូវ​បានប្រកាស​ឱ្យដឹង​ក្នុង​រង្វង់ ២ សប្ដាហ៍​ទៀត។

វ៉ា​រ្យ៉​ង់ B.1.1.529 ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​ប្រទេស Botswana កាលពី​ថ្ងៃទី 11 វិច្ឆិកា ហើយ​ក្រោយមក​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) ដាក់ឈ្មោះ​ឱ្យ​ថា Omicron និង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​នៃ​វីរុស​ដែល​គួរឱ្យ​ព្រួយបារម្ភ កម្រិត​ធ្ងន់ធ្ងរ​បំផុត។

ពលរដ្ឋ​​នៅ​តំបន់ពាណិជ្ជកម្ម​ Johannesburg ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាលពីថ្ងៃទី 26 វិច្ចិកា

ក្រុមហ៊ុន Moderna របស់ អាម៉េរិក ក៏បាន​ឱ្យដឹងថា ពួកគេ​កំពុង​ពិសោធ​បេក្ខភាព​វ៉ាក់សាំង​ជំរុញ​ចំនួន ៣ ក្នុង​គោលដៅ​អភិវឌ្ឍ​វ៉ាក់សាំង​ទុក​ចាក់​ដូ​ស​បន្ថែម​សម្រាប់តែ​វ៉ា​រ្យ៉​ង់ Omicron។

ចំណែក​ក្រុមហ៊ុន​របស់ អាម៉េរិក មួយទៀត​គឺ Johnson & Johnson ក៏បាន​បញ្ជាក់ថា កំពុង​ពិសោធ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​របស់​ពួកគេ ចំពោះ​វ៉ា​រ្យ៉​ង់​ថ្មី ដើម្បី​វាយតម្លៃថា ត្រូវ​ការធ្វើ​បច្ចុប្បន្នភាព​វ៉ាក់សាំង​ដែរ ឬ​យ៉ាងណា។

AstraZeneca ដែលជា​ក្រុមហ៊ុន​របស់ អង់គ្លេស ឯណោះ​វិញ ក៏​កំពុងធ្វើការ​ស្រាវជ្រាវ​នៅ Botswana និង Eswatini ជា​ប្រទេស​នៅ​តំបន់​ភាគខាងត្បូង​នៃ ទ្វីបអាហ្វ្រិក ដែល​បាន​រកឃើញ Omicron ក្នុង​បំណង​ប្រមូល​ទិន្នន័យ​ជាក់ស្ដែង​ស្ដីពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង AstraZeneca ចំពោះ​វីរុស​កូ​វីដ-១៩ ប្រភេទ​ថ្មី៕

Advertisement