សហភាព​អឺរ៉ុប បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ទី ៨ ដើម្បី​ប្រឆាំង​នឹង​ រុស្ស៊ី ព្រោះ​តែ​បាន​រឹប​អូស​ទឹកដី​អ៊ុយក្រែន​

មេដឹកនាំ​ផ្នែក​គោលនយោបាយ​របស់ EU លោក Jossep Borrell

កាលពី​ថ្ងៃទី ០៦ តុលា សហភាព​អឺរ៉ុប (EU) បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​បំផុត​សម្រាប់​ រុស្ស៊ី ក្នុង​គ្រាដែល​ មូស្គូ ទើប​តែ​បាន​បង្ហើយ​កិច្ច​ការ​​រឹបអូស​ទឹកដី​ ៤ ខេត្ត​របស់ អ៊ុយក្រែន ដែល​រួម​មាន Donetsk, Kherson, Lugansk និង Zaporizhzhia។

យោង​តាម​ Reuters នៅ​ក្នុង​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ EU ប្រកាស​រឹត​បន្តឹង​វិធាន​ការ​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ខែ​មេសា ចំពោះ​សេវាកម្ម​ប្រាក់​ឌីជីថល​នៅ រុស្ស៊ី​។ EU នឹង​ហាម​រាល់​កាបូប​លុយអេឡិចត្រូនិច គណនី ឬ​សេវា​កម្ម​ដែល​ទាក់ទង​នឹង​ទ្រព្យ​ជា​ប្រាក់​ឌីជីថល ដោយ​មិន​កំណត់​បរិមាណ​កាបូបលុយ​របស់ រុស្ស៊ី​។

ក្រោយ​ពី​បណ្ដា​សេវាកម្ម​ទូទាត់​ប្រាក់ ដូចជា Visa និង Mastercard ជា​ដើម បាន​ចាក​ចេញពី រុស្ស៊ី កាល​ពី​ដើម​ឆ្នាំ​នេះ ក៏ដូចជា​ធនាគារ​មួយចំនួន​របស់​ប្រទេស​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល SWIFT គេ​ឃើញថា ប្រភេទ​ប្រាក់​ឌីជីថល​ដូចជា Stablecoin (USDT) ជា​ដើម បាន​ក្លាយ​ជា​វិធី​សាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ជួយ​ឱ្យ​ ជនជាតិ​រុស្ស៊ី ផ្ទេរ​ប្រាក់​ចេញ​ទៅ​បរទេស​។

បុគ្គល​ជា​ច្រើន​រូប​ និង​ស្ថាប័ន​មួយចំនួន​របស់ រុស្ស៊ី​ ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់ EU

EU ក៏​បានដាក់​​ការ​កំណត់​លើ​តម្លៃ​ពិតាន​ចំពោះ​ផលិត​ផល​ប្រេង​ឆៅ​របស់ រុស្ស៊ី ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​​ទៅ​កាន់​ប្រទេស​ទីបី​តាម​ផ្លូវ​ទឹក​។ សហភាព​អឺរ៉ុប ក៏​ពង្រីក​ការ​ហាម​នាំចូល​ទំនិញ​របស់​ រុស្ស៊ី មួយ​ចំនួន​ រួម​មាន ទាំង​ផលិត​ផល​ដែក​ថែប​ និង​ផ្អាក​ការ​នាំ​ចេញ​សេវាកម្ម​​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ រួម​នឹង​សេវា​កម្ម​ផ្នែក​ច្បាប់​ទៅ​ឱ្យ​ស្ថាប័ន​ទាំង​ឡាយ​របស់ រុស្ស៊ី​។

ទន្ទឹមនឹង​នេះ កញ្ចប់​ទណ្ឌកម្ម​ថ្មី​ក៏​សំដៅ​លើ​បុគ្គល​ជា​ច្រើន​រូប​ និង​ស្ថាប័ន​មួយចំនួន​របស់ រុស្ស៊ី​។ ពលរដ្ឋ​ និង​ស្ថាប័ន​រដ្ឋចំនួន ៣៧ របស់ រុស្ស៊ី ក្នុង​នោះ​មាន​ទាំង​ ក្រសួង​ការ​ពារ​ជាតិ​ ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​ខ្មៅ​។ EU ថែម​ទាំង​បាន​ហាម​ពលរដ្ឋ​របស់​ខ្លួន​ដែល​កាន់​តំណែង​នៅ​ក្នុង​ក្រុម​ប្រឹក្សាភិបាល​របស់​អង្គការ​ ស្ថាប័នរដ្ឋ​​មួយចំនួន​របស់​ រុស្ស៊ី​។ ពិសេស​ជាង​នេះ EU ក៏​ប្រកាស​ថា​នឹង​ដាក់ទណ្ឌកម្ម​លើ​តំបន់​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ រុស្ស៊ី រឹប​អូស​ផងដែរ​៕

Advertisement