យន្តហោះ​ចម្បាំង​កូរ៉េខាងជើង​ ១២ គ្រឿង ចូល​មក​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង

MIG-29 របស់ កូរ៉េខាងជើង

កងទ័ពកូរ៉េខាងត្បូង ប្រកាស​ថា យន្តហោះ​ចម្បាំង​ ១២ គ្រឿង​របស់ កូរ៉េខាងជើង ធ្វើ​សមយុទ្ធ​នៅក្បែរ​ព្រំដែន​ប្រទេស​នេះ ធ្វើ​ឱ្យ​ ទីក្រុង​សេអ៊ូល បញ្ជូន​យន្តហោះ​ចម្បាំង​ ៣០ គ្រឿង​ទៅ​ទប់​ទល់​។

ក្រុមប្រឹក្សានៃ​សេនាធិការដ្ឋាន​ចម្រុះ​កូរ៉េខាងត្បូង ថ្ងៃ​នេះបាន​ឱ្យដឹង​ថា យន្តហោះចម្បាំង ៨ គ្រឿង និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក ៤ គ្រឿង​របស់ កូរ៉េខាងជើង ហោះ​ហើរ​ឆ្ពោះទៅកាន់​ព្រំដែន​ភាគ​ខាង​ជើង​ និង​ត្រូវ​បាន​គេ​ជឿ​ថា ធ្វើ​សមយុទ្ធ​អាកាស​ប្រឆាំង​ដី។

កូរ៉េខាងត្បូង​ បាន​បញ្ជូន​យន្តហោះ​ចម្បាំង ៣០​ គ្រឿង​ចេញទៅ​ទប់​ទល់សកម្មភាព​របស់ កូរ៉េខាងជើង​។ បច្ចុប្បន្ន ទីក្រុង​ព្យុងយ៉ាង​ មិន​ទាន់​មាន​ប្រតិកម្ម​អ្វីនៅឡើយ ទាក់​ទិន​នឹង​ព័ត៌មាន​នេះ​។

កូរ៉េខាងជើង ថ្មីៗ​នេះ បាន​ធ្វើ​ការ​បាញ់​ប្លោង​មីស៊ីល​ជា​បន្តបន្ទាប់​។ ប្រទេស​នេះកាលពី​ព្រឹកមិញ​ក៏​បាន​បាញ់​មីស៊ីល​ប្លោង​ ២ គ្រាប់​ទៅ​កាន់​សមុទ្រ​ខាង​កើត​ ដែល​នេះ​ក៏ជា​ការ​បាញ់​មីស៊ីល​លើក​ទី ៦ របស់​​ទីក្រុង​ព្យុងយ៉ាង​ ក្នុង​រង្វង់ ១២ ថ្ងៃ​កន្លង​មក​។

សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង ប៉ុន្មាន​សប្ដាហ៍កន្លង​ទៅ​នេះ បាន​បង្កើន​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា ដើម្បី​កំញើញ​ កូរ៉េខាងជើង​។ ទីក្រុងព្យុងយ៉ាង បាន​ថ្កោលទោស​ថា នេះ​គឺជា​ «ការ​បង្ក​ភាព​តាន​តឹង​នៅ​ ឧបទ្វីប​កូរ៉េ៕

Advertisement