Tag: Blue Origin

  • ស្ថានីយ​អវកាស​ពាណិជ្ជកម្ម ជិតបាន​ឡើង​ទៅ​​​ជំនួស ISS

    ស្ថានីយ​អវកាស​ពាណិជ្ជកម្ម ជិតបាន​ឡើង​ទៅ​​​ជំនួស ISS

    Airbus និង​ក្រុមហ៊ុន​អាម៉េរិក Voyager Space កាលពី​ថ្ងៃទី 02 សីហា បានប្រកាស​បង្កើត​ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​ដើម្បី​អភិវឌ្ឍ Starlab ដែលជា​កំណែ​ស្ថានីយ​អវកាស​ពាណិជ្ជកម្ម ដែល​អាច​ជំនួស​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

    ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​ដែល​​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អាល្លឺម៉ង់នេះ គ្រោង​នឹង​អាចឆ្លើយតប​នឹង​តម្រូវ​ការ​ពី​បណ្ដា​ទីភ្នាក់ងារ​អវកាស​នៅលើ​ពិភពលោក ទន្ទឹមនឹងការ​​បើកផ្លូវ​ឱ្យមាន​ឱកាស​ថ្មី​សម្រាប់​វិស័យ​ពាណិជ្ជ​កម្ម​។ នេះ​បើតាម Matthew Kuta ប្រធាន​ក្រុមហ៊ុន Voyager Space។

    ដើម្បី​ជំនួស ISS ណា​សា​មាន​គម្រោង​ទិញ​សេវាកម្ម​ពី​ដៃគូ​សហការ​ជំនួស​ឱ្យ​ការចាត់ចែង​កម្មវិធី​ដោយផ្ទាល់ ដូច​ទៅនឹង​អ្វីដែល​បាន​អនុវត្ត​នៅក្នុង​ការនាំ​អវកាសចរ​​ឡើងទៅ​កាន់​ទី​អវកាស។ Voyager Space ទទួលបាន​កិច្ចព្រមព្រៀង​តម្លៃ 160 លាន​ដុល្លារ​ពី​ណា​សា​កាលពី​ចុងឆ្នាំ 2021 ដើម្បី​អភិវឌ្ឍ Starlab។

    ទន្ទឹមនឹង Voyager Space ណា​សា​ក៏បាន​ប្រគល់ប្រាក់​ 130 លាន​ដុល្លារ​ឱ្យ Blue Origin និង 126 លាន​ដុល្លារ​ឱ្យ Northrop Grumman ដើម្បី​អភិវឌ្ឍ​បណ្ដា​គម្រោង​អវកាស​ដោយឡែក។ ក្រុមហ៊ុន​អាម៉េរិក Axiom Space ក៏​កំពុង​អភិវឌ្ឍ​ស្ថានីយ​អវកាស​មួយ​ក្រោម​ការជួយ​គាំទ្រ​ពី​ណា​សា និង​ក្រុមហ៊ុន Thales Alenia Space ផងដែរ​។

    AFP ឱ្យដឹងថា តាម​ផែនការ Starlab នឹងត្រូវ​បាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​គន្លង​តារាវិថី​នៅ​ឆ្នាំ 2028។ ស្ថានីយ​អវកាស​ថ្មី​នេះ​នឹងមាន​អង្កត់ផ្ចិត​ប្រវែង 8 ម៉ែត្រ វែង​ជាង​ជិត​ពីរដង​ធៀប​នឹង ISS ប៉ុន្តែ​ផ្ទៃក្រឡា​ខាងក្នុង​ស្មើនឹង​ពាក់កណ្ដាល ព្រោះថា ISS មាន​ម៉ូឌុល​ច្រើនជាង។

  • រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​មេតាន​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ

    រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​មេតាន​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ

    រ៉ុក្កែត Zhuque-2 របស់​ក្រុមហ៊ុន​ចិន Landspace បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​សមុទ្រ​ខ្សាច់ Gobi កាលពី​ព្រឹក​ថ្ងៃទី 12 កក្កដា 2023។

    អង្គភាព​អវកាស​អាម៉េរិក​បានបញ្ជាក់​អំពី​សេចក្ដីប្រកាស​របស់​ចិន ស្ដីពី​ការបាញ់​បង្ហោះ​រ៉ុក្កែត​ឥន្ធនៈ​មេតាន Zhuque-2 ឡើងដល់​គន្លង​គោចរ។ នេះ​គឺជា​ជោគជ័យ​របស់ Zhuque-2 ដោយសារ​កាលពី​ថ្ងៃទី 14 ធ្នូ 2022 រ៉ុក្កែត​នេះ​បានទទួល​បរាជ័យ និង​ធ្វើឱ្យ​បាត់បង់​ផ្កាយរណប 14 គ្រឿង។

    មេតាន​ត្រូវបាន​គេ​សរសើរ​ថា​ជា​ឥន្ធនៈ​ដែល​បំ​ភាយ​ឧស្ម័ន​ពុល​កម្រិត​ទាប បើ​ធៀប​នឹង​ឥន្ធនៈ​ដែល​រ៉ុក្កែតផ្សេងៗកំពុង​ប្រើប្រាស់។

    ក្រុមហ៊ុន​អាម៉េរិក​ជាច្រើន​ក៏​កំពុងតែ​អភិវឌ្ឍ​រ៉ុក្កែត​មេតាន ក្នុងនោះ​ក៏មាន SpaceX, Blue Origin, Rocket Lab, United Launch និង Relativity Space ជាដើម។

    ប្រទេស​ចិន និង​ក្រុមហ៊ុន​អវកាស​ឯកជន​របស់​ប្រទេស​នេះ កំពុង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅក្នុង​ការបាញ់​បង្ហោះ​នានា និង​បាន​បំពេញបេសកកម្ម​ឡើងទៅ​កាន់​គន្លង​គោចរ​ចំនួន 54 លើក នៅក្នុង​ឆ្នាំ 2022 ហើយ​ឆ្នាំនេះ ពួកគេ​គ្រោង​នឹង​សម្រេច​ឱ្យបាន​ជាង 60 លើក។

    ដោយឡែក ក្រុមហ៊ុន​អាម៉េរិក SpaceX គឺជា​ទីភ្នាក់ងារ​អវកាស​ដែល​មមាញឹក​នឹង​ការងារ​ជាងគេ​របស់​សហរដ្ឋ​អាម៉េរិក ដោយបាន​បាញ់​បង្ហោះ​រ៉ុក្កែត​ទៅកាន់​អវកាស​ចំនួន 61 លើក កាលពី​ឆ្នាំ 2022៕

  • យន្តហោះ​អវកាស VSS Unity ដឹក​អតិថិជនទៅ​កាន់​អវកាស​​ជា​លើកដំបូង

    យន្តហោះ​អវកាស VSS Unity ដឹក​អតិថិជនទៅ​កាន់​អវកាស​​ជា​លើកដំបូង

    ក្រុមហ៊ុន Virgin Galactic កាលពី​ថ្ងៃទី 26 មិថុនា បានប្រកាសថា ជើងហោះហើរ​ទៅកាន់​ទី​អវកាស​បែប​ពាណិជ្ជកម្ម​ដំបូង​ដែល​ដឹក​ភ្ញៀវ 4 នាក់ នឹងត្រូវ​បានធ្វើ​ឡើង​យ៉ាង​ឆាប់​ត្រឹម​ថ្ងៃទី 29 មិថុនា​ខាងមុខ។

    ជើងហោះហើរ​ខាងលើនេះ​នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង 22 (ម៉ោង​នៅ​កម្ពុជា) ថ្ងៃទី 29 មិថុនា នៅឯ​មជ្ឈមណ្ឌល​អវកាស​ក្នុង​រដ្ឋ New Mexico សហរដ្ឋ​អាម៉េរិក។ យន្តហោះ​ដឹកជញ្ជូន VMS Eve នឹង​នាំយក​យន្តហោះ​អវកាស VSS Unity ឡើងទៅ​កាន់​កម្ពស់​ប្រហែល 15,000 ម៉ែត្រ។

    បន្ទាប់មក VMS Eve នឹង​ទម្លាក់ VSS Unity ដើម្បីឱ្យ​យន្តហោះ​អវកាស​នេះ​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត បន្ត​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី។ ភ្ញៀវ 4 នាក់​ក្នុង​យន្តហោះ​អវកាស VSS Unity នឹងមាន​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដើម្បី​បណ្ដែត​ខ្លួន​ក្នុងស្ថានភាព​គ្មាន​ទម្ងន់ គយគន់​ខ្សែកោង​របស់​ផែនដី មុនពេល​ត្រលប់​មកវិញ។

    ភ្ញៀវ​ដែល​នឹងធ្វើ​ដំណើរ​លើ VSS Unity រួមមាន Pantaleone Carlucci ជា​វិស្វករ​របស់​ប្រទេស​អ៊ីតាលី, Colin Bennett អ្នកដឹកនាំ​ភ្ញៀវ​នៅ Virgin Galactic, Valter Villadei មន្ត្រី​ទ័ពអាកាស​អ៊ីតាលី និង Angelo Landolfi អ្នកវិទ្យាសាស្ត្ររ​បស់ទ័ព​អាកាស​អ៊ីតាលី។

    ជើងហោះហើរ​នេះ​នឹង​អូស​បន្លាយពេល 90 នាទី ក្នុងនោះ VSS Unity នឹង​ក្លាយជា​បន្ទប់ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ​នៅក្បែរ​គន្លង​តារាវិថី។

    យន្តហោះ​ដឹកជញ្ជូន VMS Eve នាំយក​យន្តហោះ​អវកាស VSS Unity ទៅ​កាន់​កម្ពស់ 15,000 ម៉ែត្រ

    VSS Unity អាច​ដឹក​មនុ​ស្សបាន 6 នាក់។ វា​បាន​ហោះហើរ​ទៅកាន់​តំបន់​អវកាស​ក្បែរ​គន្លង​តារាវិថី​ចំនួន 5 លើក​មកហើយ ក្នុងនោះ​ជើងចុង​ក្រោយបង្អស់​ត្រូវ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី 25 ឧសភា 2023។

    ​សំបុត្រ​សម្រាប់​ជិះ​ក្នុង​យន្ត​ហោះ​អវកាស VSS Unity មានតម្លៃ​រហូតដល់ 450,000 ដុល្លារ​អាម៉េរិក/ម្នាក់។ VSS Unity របស់ Virgin Galactic កំពុង​ប្រកួតប្រជែង​ជាមួយនឹង New Shepard របស់ Blue Origin។

  • យន្តហោះ​អវកាស​របស់ Sierra Space ត្រៀម​ជិត​រួចរាល់​សម្រាប់​បេសកកម្ម​ដំបូង

    យន្តហោះ​អវកាស​របស់ Sierra Space ត្រៀម​ជិត​រួចរាល់​សម្រាប់​បេសកកម្ម​ដំបូង

    (សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Sierra Space បាន​បញ្ឆេះ​ម៉ាស៊ីន​យន្តហោះ​អវកាស Dream Chaser នៅ​​ក្នុង​រោងចក្រ​ដំឡើង បញ្ជាក់ថា យាន​ដែលមាន​រូបរាង​ដូច​ទៅនឹង Space Shuttle បាន​ត្រៀមខ្លួន​ជិត​រួចរាល់​ហើយ​​សម្រាប់​ការបំពេញភារកិច្ច​ដំបូង​នៅក្នុង​គន្លង​គោចរ​ផែនដី។

    យោងតាម Yahoo ក្រុមហ៊ុន Sierra Space នៅ Colorado កាលពី​ថ្ងៃទី 31 ឧសភា 2023 ប្រកាសថា បានទទួល​ជោគជ័យ​ក្នុងការ​បញ្ឆេះ​ដំណើរការ​គ្រឿង​ម៉ាស៊ីន និង​ប្រព័ន្ធ​នានា​របស់​យន្តហោះ​អវកាស Dream Chaser។

    Dream Chaser គឺជា​យន្តហោះ​អវកាស​ដែល​រចនា​ឡើង​ដើម្បី​ហោះហើរ​ក្នុង​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី នៅក្នុង​បេសកកម្ម​​​ដឹក​អ្នក​អវកាស និង​ទំនិញ​ឡើងទៅ​កាន់​គោលដៅ​នានា មានដូចជា​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ជាដើម។ យាន​នេះ​អាច​ដឹកទំនិញ​បាន 5,443 គីឡូក្រាម។

    ដោយសារតែ​មិនអាច​ហោះ​ឡើង​ដល់ទី​អវកាស​ដោយ​ខ្លួនឯង Dream Chaser ត្រូវការ​រ៉ុក្កែត​ធំ​ដូច Vulcan Centaur របស់ ULA រុញច្រាន​ឡើងទៅ​ដល់​គន្លង​តារាវិថី​កម្រិត​ទាប។ ក៏ប៉ុន្តែ ដូច​ទៅនឹង​យាន Space Shuttle របស់​ណា​សា Dream Chaser អាច​ទម្លាក់ខ្លួន​ចូល​បរិយាកាស​ផែនដី និង​ហោះ​ចុះចត​លើ​ព្រលានយន្តហោះ​នៅលើ​ដី។

    Dream Chaser មាន​បណ្ដោយ​សរុប​ជាង 9 ម៉ែត្រ ខ្លី​ជាង​បួន​ដង​ធៀប​នឹង Space Shuttle។ ក្រុមហ៊ុន Sierra Space កំពុង​ឆ្ពោះទៅកាន់​ការហោះហើរ​ដំបូង​របស់ Dream Chaser នៅ​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​ឆ្នាំ 2023 នេះ។ ជើងហោះហើរ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ណា​សា ដើម្បី​ដឹកទំនិញ​ឡើងទៅ​កាន់ ISS។

    សកម្មភាព​ដំឡើង​យន្តហោះ​អវកាស Dream Chaser របស់ Sierra Space

    ក្រៅពីនេះ Sierra Space ក៏មាន​គម្រោង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​ទៅកាន់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា Orbital Reef នៅក្នុង​គម្រោង​ដែល​សហការ​ជាមួយ Blue Origin របស់​មហាសេដ្ឋី Jeff Bezos ផងដែរ។

    បច្ចុប្បន្ន Sierra Space កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​​នាំ​យាន Dream Chaser ដំបូង​ដែលមាន​ឈ្មោះថា Tenacity ទៅកាន់​មូលដ្ឋាន​ធ្វើតេស្ត Neil Armstrong របស់​ណា​សា នៅ Ohio ដើម្បី​ត្រួតពិនិត្យ មុនពេល​ចាប់ផ្ដើម​ការហោះហើរ​លើក​ទី​មួយ​៕

  • មនុស្ស​ទី 600 ដែល​​ហោះ​ហើរ​ក្នុង​គន្លង​តារាវិថី​ជុំ​វិញ​ផែនដី​

    មនុស្ស​ទី 600 ដែល​​ហោះ​ហើរ​ក្នុង​គន្លង​តារាវិថី​ជុំ​វិញ​ផែនដី​

    (សហរដ្ឋ​អាម៉េរិក) – ស្ត្រី​អវកាសចរ​ដំបូង​របស់​គណៈ​កម្មការ​អវកាស​អារ៉ាប៊ីសាអូឌីត​ បាន​ក្លាយ​ជា​មនុស្ស​ទី 600 ដែល​ហោះ​ជុំវិញ​ផែនដី​នៅ​ក្នុង​យាន​អវកាស​ Dragon របស់ SpaceX នៅ​ម៉ោង​ 4:37 ថ្ងៃ​ទី 22 ឧសភា ឆ្នាំ 2023 (ពេល​វេលា​នៅ​កម្ពុជា)​។

    ការ​បាញ់​បង្ហោះ​យាន​អវកាស​កាល​ពីថ្ងៃទី 22 ឧសភា គឺជា​ការ​ចាប់​ផ្ដើម​សម្រាប់​ Ax-2 (Axiom-2) ដែល​ជា​​បេសក​កម្ម​ហោះ​ហើរ​ឯកជន​លើក​ទីពីរ​របស់​ក្រុម​ហ៊ុន​ Axiom Space ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ (ISS)។ បេសកកម្ម​ដំបូង គឺ Ax-1 ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​ ឆ្នាំ 2022​។

    Ax-2 រួម​មាន​អ្នក​អវកាស​បួន​នាក់ ក្នុង​នោះ​ក៏​មាន​​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ លោក​ស្រី​ Rayyanah Barnawi ផងដែរ​​។ Barnawi ដែល​​ជា​អ្នក​អវកាស​ដំបូង​របស់​គណៈកម្មការ​អវកាស​​​អារ៉ាប៊ីសាអូឌីត​ បាន​ក្លាយ​ជា​មនុស្ស​ទី 600 ដែល​ហោះ​ក្នុង​​គន្លង​គោចរ​ជុំ​វិញ​​ផែនដី​។

    លោក​ស្រី​ Rayyanah Barnawi

    ប៉ុន្តែ បើ​សិន​គិត​ទាំង​មនុស្ស​ដែល​បាន​ឡើង​ផុត​ខ្សែ​បន្ទាត់​ Karman ដែល​ជា​ព្រំដែន​អវកាសកម្ពស់​ 100 គីឡូម៉ែត្រ​ពី​ផែនដី​ ​ទៅ​តាម​អនុសញ្ញា​របស់​​ក្រុម​អ្នក​ជំនាញ​អន្តរ​ជាតិ​ច្រើន​រូប​ គេ​ត្រូវ​តែ​រាប់​មនុស្ស​ 32 នាក់​ទៀត​ដែល​បាន​ហោះ​ហើរ​លើ​យាន​អវកាស​ New Shepard របស់ Blue Origin​។ ជើង​ហោះ​ហើរ​ទាំង​នេះ​បាន​ឡើង​ជិត​ដល់​គន្លង​តារា​វិថី​ផែនដី​ និង​ត្រលប់​វិញ ដោយ​មិន​បាន​ហោះ​ជុំ​វិញ​ផែនដី​។

    តាម​ផែនការ​ Axiom-2 នឹង​ត្រលប់​មក​កាន់​ផែនដី​នៅ​ដើម​ខែ​មិថុនា​ 2023 ដោយ​ចុះ​ចត​លើ​មហា​សមុទ្រ​អាត្លង់ទិក​។

    ក្រុមអ្នកអវកាសនៅក្នុងបេសកកម្ម Ax-2

    ថ្វីបើ​ការ​ហោះ​ហើរ​​មាន​រយៈ​ពេល​តែ​​12 ថ្ងៃ ប៉ុន្តែ​ Axiom-2 មាន​គម្រោង​ស្រាវ​ជ្រាវ​ជា​ច្រើន​ ក្នុង​នោះ​មាន​ដូច​ជា បាតុភូត​បរិយាកាស​កម្រ​ជួប ការ​ពិសោធ​ឈុត​សម្លៀក​បំពាក់​អវកាស ក៏ដូច​ជា​ការ​ពិសោធ​ពាក់​ព័ន្ធ​នឹង​សុខភាព​។ល។

  • រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    (សហរដ្ឋ​អាម៉េរិក) – ស្ថានីយ​អវកាស​ឯកជន​ដែលមាន​បណ្ដោយ​ប្រហែល 100 ម៉ែត្រ រួមមាន​ម៉ូឌុល​ជាច្រើន និង​ទំនាញផែនដី​សិប្បនិម្មិត នឹងធ្វើ​សកម្មភាព​នៅលើ​គន្លង​គោចរ​ផែនដី នៅ​ពីរ​ឆ្នាំ​ខាងមុខ។

    ក្រុមហ៊ុន Vast Space នៅ California កាលពី​ថ្ងៃទី 10 ឧសភា បានប្រកាស​អំពី​គម្រោង​បាញ់​បង្ហោះ​ស្ថានីយ​អវកាស Haven-1 តាមរយៈ​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX យ៉ាងយូរ​ត្រឹម​ខែសីហា 2025។ បន្ទាប់មក បេសកកម្ម Vast-1 នឹង​ដឹក​អ្នក​អវកាស​ឡើងទៅ​ស្ថានីយ Haven-1 និង​នៅ​ទីនោះ​រយៈពេល 30 ថ្ងៃ។ បេសកកម្ម Vast-1 ក៏​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត Falcon 9 ហើយ​ក្រុម​អវកាស​ចរ​នឹង​ជិះ​ក្នុង​យាន Dragon របស់ SpaceX។

    «ការសហការ​ជាមួយ SpaceX គឺជា​ជំហាន​ដំបូង​នៅក្នុង​គោលដៅ​យូរអង្វែង សំដៅ​រក​ការបាញ់​បង្ហោះ​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ធំ​ជាង​មុន​ ទៅ​កាន់​​គន្លង​គោចរ​របស់​ផែនដី និង​ឆ្ងាយ​ជាង​នេះ» Jed McCaleb អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vast Space បញ្ជាក់​ដូច្នេះ។

    Vast គឺជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ពីរ​ឆ្នាំមុន។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​គ្រប់គ្រង​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ដែលមាន​ម៉ូឌុល​ច្រើន និង​ប្រវែង 100 ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត​របស់ SpaceX។

    បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន Haven-1 នឹង​ក្លាយជា​ស្ថានីយ​អវកាស​ឯកជន​មួយ​​ក្នុង​ចំណោម​គម្រោង​នានា​ដែល​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ។ កន្លងមក មាន​ក្រុមហ៊ុន​ជាច្រើន​ក៏បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ប្រហាក់ប្រហែល​នឹង Haven-1 ក្នុងនោះ​ក៏មាន Axiom Space, Blue Origin, Nanoracks និង Northrop Grumman ផងដែរ៕

  • ទស្សនា​ស្ថាបនិក Amazon ហោះ​ទៅកាន់​ជាយ​អវកាស​ដោយ​ជោគជ័យ

    ទស្សនា​ស្ថាបនិក Amazon ហោះ​ទៅកាន់​ជាយ​អវកាស​ដោយ​ជោគជ័យ

    យាន New Shepard ដែល​រួមផ្សំ​រវាង​រ៉ុក្កែត​រុញច្រាន និង​បន្ទប់​ដឹក​ភ្ញៀវ​របស់​ក្រុមហ៊ុន Blue Origin បាន​ហោះ​ឡើង​នៅវេលា​ម៉ោង 20 និង 11នាទី នៃ​ថ្ងៃទី 20 កក្កដា ម៉ោង​នៅ​ភ្នំពេញ (ម៉ោង 8 និង 11នាទី នៅ​អាមេរិក)។

    ក្រុមហ៊ុន Blue Origin បានធ្វើការ​ហោះហើរ​ដឹក​មនុស្ស​លើកដំបូង​របស់ខ្លួន ចេញពី​មូលដ្ឋាន Launch Site One នៅ​តំបន់ Van Horn ក្នុង​រដ្ឋ Texas  ឡើងទៅ​កាន់​កំពស់ 107 គីឡូម៉ែត្រ ដោយ​ជោគជ័យ។ អវកាស​ចរ​ចំនួន 4 នាក់​ដែល​បាន​ហោះហើរ​លើកដំបូង​នេះ រួមមាន​ស្ថាបនិក​ក្រុមហ៊ុន Blue Origin គឺ មហាសេដ្ឋី Jeff Bezos និង​មនុស្ស​ចំនួន 3 នាក់​ទៀត ក្នុងនោះ​មាន​ប្អូន​ស្រុស​របស់លោក Jeff Bezos គឺ​លោក Mark Bezos, លោកយាយ​វ័យ 82 ឆ្នាំ Wally Funk និង​កំលោះ​ជនជាតិ​ហូ​ឡង់ វ័យ 18 ឆ្នាំ លោក Oliver Daemen។ ការហោះហើរ​នេះ បានអូសបន្លាយ​ពេល​ជិត 11 នាទី។

    រ៉ុក្កែត​ស្វ័យប្រវត្តិ បាន​នាំ​បន្ទប់​អវកាស​ចរ ឡើងទៅ​ក្បែរ​ជាយ​អវកាស មុនពេល​ត្រូវបាន​បំបែក​ពីគ្នា និង​ហោះ​ត្រលប់មក​ចុះចត​ដោយ​ត្រង់​នៅលើ​ផែនដី។ ប៉ុន្មាន​នាទី​បន្ទាប់ពី​បាន​ស្ថិតនៅ​ផ្នែក​ខាងលើ​នៃ​បន្ទាត់​ព្រំដែន Karman ដែល​ខណ្ឌ​ចែក​បរិយាកាស​ផែនដី និង​អវកាស បន្ទប់​ដឹក​អវកាស​ចរ ក៏បាន​ត្រលប់​មកកាន់​ផែនដី ដោយ​ប្រើប្រាស់​ឆត្រយោង ចុះចត​លើ​សមុទ្រ​ខ្សាច់ Texas។

    ក្រោយ​ការហោះហើរ​នេះ លោក Jeff Bezos បាន​ក្លាយជា​មហាសេដ្ឋី​ទី​ពីរ​ដែល​បាន​ហោះ​ទៅកាន់​ទី​អវកាស។ កាលពី​ថ្ងៃទី 11 កក្កដា ស្ថាបនិក​ក្រុមហ៊ុន Virgin Group គឺ​មហាសេដ្ឋី Richard Branson បាន​ចូលរួម​ហោះហើរ​មាន​មនុស្ស​លើកដំបូង​របស់​យន្តហោះ​អវកាស VSS Unity ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Virgin Galactic។

    ក្រុមហ៊ុន Virgin Galactic គឺជា​គូប្រជែង​សំខាន់​របស់ Blue Origin។ តម្លៃ​សំបុត្រ​សម្រាប់​កៅអី​មួយកន្លែង​របស់ ក្រុមហ៊ុន Virgin Galactic គឺ 250,000 ដុល្លារ ខណៈ Blue Origin ថ្វីបើ​មិនទាន់​បានប្រកាស​អំពី​តម្លៃ​សំបុត្រ ប៉ុន្តែ ត្រូវបាន​គេ​សន្និដ្ឋានថា ក៏​ស្ថិតក្នុង​តួលេខ 6 ខ្ទង់​ដូចគ្នា។

    ក្រុមហ៊ុន​ទាំងពីរ​ខាងលើ សុទ្ធតែ​ផ្ដល់ឱ្យ​អតិថិជន នូវ បទពិសោធន៍​ស្ថិតក្នុង​បរិស្ថាន​គ្មាន​ទម្ងន់ ចាប់ពី 3 ដល់ 4 នាទី និង​គយគន់​ផែនដី​ពី​ចម្ងាយ។ យាន New Shepard គឺជា​បន្ទប់​ស្វ័យប្រវត្តិ​ដែល​ត្រូវបាន​បាញ់​បង្ហោះ​ត្រង់​ដោយ​រ៉ុក្កែត និង​ចុះចត​ដោយ​ឆត្រយោង ចំណែក VSS Unity គឺជា​យន្តហោះ​អវកាស បើកបរ​ដោយ​បុគ្គលិក​ចំនួន 2 នាក់ និង​ហោះ​ឡើង​ដោយ​ពឹង​លើ​យន្តហោះ​ដឹកជញ្ជូន ហើយ​ចុះចត​ដូច​យន្តហោះ​ដឹក​អ្នកដំណើរ​ធម្មតា។

    Blue Origin កំពុងមាន​គម្រោង​ដឹក​មនុស្ស​ទៅកាន់​ទី​អវកាស​ចំនួន 2 លើក​ទៀត​នៅក្នុង​ឆ្នាំនេះ។ ដោយឡែក Virgin Galactic វិញ ក៏មាន​ផែនការ​ហោះហើរ​សាកល្បង​ច្រើនលើក​ទៀត​នៅក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំនេះ បន្ទាប់មក នឹងធ្វើ​សកម្មភាព​ពាណិជ្ជកម្ម ចាប់ពី​ដើមឆ្នាំ 2022។ ក្រុមហ៊ុន​ទាំងនេះ ក៏​សុទ្ធ​តែមាន​គម្រោង​បង្កើន​ការហោះហើរ​ទៅតាម​ពេលវេលា ដើម្បី​កាត់បន្ថយ​ការចំណាយ និង​ពង្រីក​ប្រភេទ​អតិថិជន​គោលដៅ៕

    ប្រភព៖ Space
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុមហ៊ុន Blue Origin របស់ Jeff Bezos ត្រៀម​បញ្ជូន​អតិថិជន​វ័យក្មេង​បំផុត ឡើងទៅ​ទី​អវកាស

    ក្រុមហ៊ុន Blue Origin របស់ Jeff Bezos ត្រៀម​បញ្ជូន​អតិថិជន​វ័យក្មេង​បំផុត ឡើងទៅ​ទី​អវកាស

    កាលពី​ថ្ងៃទី 15 កក្កដា នៅក្នុង​ប្រកាស​មួយ​របស់​ក្រុមហ៊ុន​អវកាស​ចរណ៍ Blue Origin ដែល​បង្កើតឡើង​កាលពី​ឆ្នាំ 2000 ដោយ​កំពូល​មហាសេដ្ឋី​ពិភពលោក ជនជាតិ អាមេរិក Jeff Bezos បានឱ្យដឹងថា អតិថិជន​ម្នាក់​ដែលមាន​វ័យ​ទើបតែ 18 ឆ្នាំ នឹងចូលរួម​ដំណើរ​នៅលើ​យានអវកាស New Shepard ហោះហើរ​ទៅកាន់​ទី​អវកាស នៅ​ថ្ងៃទី 20 កក្កដា ខាងមុខ។

    ប្រកាស​ខាងលើ​បានឱ្យដឹងថា អតិថិជន​ឈ្មោះ Oliver Daemon បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ កាលពី​ឆ្នាំ 2020 នឹង​ក្លាយជា​អ្នក​អវកាស​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក។ ការដែល​បាន​ហោះ​ទៅកាន់​ទី​អវកាស គឺជា ក្ដី​ស្រមៃ​ពេញ​មួយជីវិត​របស់ Daemon ចាប់តាំងពី​គាត់​មាន​អាយុ 4 ឆ្នាំ។ បច្ចុប្បន្ន គាត់​មាន​វិញ្ញ​បន​ប​ត្រ​បើកបរ​យន្តហោះ ដែល​ផ្ដល់ឱ្យ​ដោយ​ក្រុមហ៊ុន​ឯកជន។

    លោក Oliver Daemon

    ប្រធាន​ប្រតិបត្តិ​របស់ Blue Origin លោក Bob Smith និយាយថា «ព្រឹត្តិការណ៍​នេះ គឺជា ការចាប់ផ្ដើម​នៃ​ដំណើរ​ហោះហើរ​បែប​ពាណិជ្ជកម្ម​របស់ New Shepard ហើយ Oliver Daemon គឺជា​អ្នក​តំណាងឱ្យ​មនុស្ស​ជំនាន់​ថ្មី ជា​ក្រុមមនុស្ស​ដែល​នឹង​ជួយ​បើកផ្លូវ​ទៅកាន់​ទី​អវកាស»។

    ការ​ហោះ​ហើរ​នា​ពេល​កន្លង​ របស់ Blue Origin

    រួម​ដំណើរ​ជាមួយ Daemon នៅក្នុង​ការហោះហើរ​ទៅកាន់​ទី​អវកាស​នៅ​ថ្ងៃទី 20 កក្កដា ខាងមុខ ក៏​នឹងមាន​វត្តមាន​របស់​ម​ហា​សេដ្ឋី Jeff Bezos និង​ប្អូនប្រុស Mark Bezos រួម​នឹង​អ្នកត្រួសត្រាយ​ផ្លូវអាកាស Wally Funk វ័យ 82 ឆ្នាំ​ផងដែរ។ ដូច្នេះ ជើងហោះហើរ​ទៅកាន់​ទី​អវកាស​នេះ មាន​ទាំង​មនុស្ស​មាន​វ័យ​នៅ​ក្មេង​បំផុត និង​ចាស់​បំផុត ដែល​មិន​ធ្លាប់មាន​ពីមុនមក។

    លម្ហអាកាស​របស់​ផែន​ដី

    តាម​ផែនការ ដំណើរ​ទេសចរណ៍​ទី​អវកាស​នេះ នឹង​ប្រើពេល 10 នាទី ក្នុងនោះ អតិថិជន មាន 4 នាទី ដើម្បី «គយគន់​ទេសភាព​អវកាស» នៅតាម «ដងផ្លូវ» Karman ជា​លំហ​អាកាស​ដែល​ខណ្ឌ​ចែក​រវាង​បរិយាកាស​ផែនដី និង​ទី​អវកាស៕

    ប្រភព៖ Space
    ប្រែសម្រួល​៖ បុត្រា​