រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​មេតាន​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ

រ៉ុក្កែត Zhuque-2 របស់​ក្រុមហ៊ុន​ចិន Landspace បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​សមុទ្រ​ខ្សាច់ Gobi កាលពី​ព្រឹក​ថ្ងៃទី 12 កក្កដា 2023។

អង្គភាព​អវកាស​អាម៉េរិក​បានបញ្ជាក់​អំពី​សេចក្ដីប្រកាស​របស់​ចិន ស្ដីពី​ការបាញ់​បង្ហោះ​រ៉ុក្កែត​ឥន្ធនៈ​មេតាន Zhuque-2 ឡើងដល់​គន្លង​គោចរ។ នេះ​គឺជា​ជោគជ័យ​របស់ Zhuque-2 ដោយសារ​កាលពី​ថ្ងៃទី 14 ធ្នូ 2022 រ៉ុក្កែត​នេះ​បានទទួល​បរាជ័យ និង​ធ្វើឱ្យ​បាត់បង់​ផ្កាយរណប 14 គ្រឿង។

មេតាន​ត្រូវបាន​គេ​សរសើរ​ថា​ជា​ឥន្ធនៈ​ដែល​បំ​ភាយ​ឧស្ម័ន​ពុល​កម្រិត​ទាប បើ​ធៀប​នឹង​ឥន្ធនៈ​ដែល​រ៉ុក្កែតផ្សេងៗកំពុង​ប្រើប្រាស់។

ក្រុមហ៊ុន​អាម៉េរិក​ជាច្រើន​ក៏​កំពុងតែ​អភិវឌ្ឍ​រ៉ុក្កែត​មេតាន ក្នុងនោះ​ក៏មាន SpaceX, Blue Origin, Rocket Lab, United Launch និង Relativity Space ជាដើម។

ប្រទេស​ចិន និង​ក្រុមហ៊ុន​អវកាស​ឯកជន​របស់​ប្រទេស​នេះ កំពុង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅក្នុង​ការបាញ់​បង្ហោះ​នានា និង​បាន​បំពេញបេសកកម្ម​ឡើងទៅ​កាន់​គន្លង​គោចរ​ចំនួន 54 លើក នៅក្នុង​ឆ្នាំ 2022 ហើយ​ឆ្នាំនេះ ពួកគេ​គ្រោង​នឹង​សម្រេច​ឱ្យបាន​ជាង 60 លើក។

ដោយឡែក ក្រុមហ៊ុន​អាម៉េរិក SpaceX គឺជា​ទីភ្នាក់ងារ​អវកាស​ដែល​មមាញឹក​នឹង​ការងារ​ជាងគេ​របស់​សហរដ្ឋ​អាម៉េរិក ដោយបាន​បាញ់​បង្ហោះ​រ៉ុក្កែត​ទៅកាន់​អវកាស​ចំនួន 61 លើក កាលពី​ឆ្នាំ 2022៕

Advertisement